អ្នក​ជំងឺ​កូវីដ១៩ ចំនួន ១៩នាក់​ទៀត​ស្លាប់ និង​ឆ្លង​ថ្មី​ជិត ៧០០នាក់

0:00 / 0:00

អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ដល់ ១.៣២៤នាក់ ហើយ​គិត​ត្រឹម​ថ្ងៃ​ទី២៧ ខែកក្កដា បន្ទាប់​ពី​អ្នក​ជំងឺ១៩នាក់​ទៀត​បាន​ស្លាប់។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ ក្រសួង​អះអាង​ថា មាន​ចំនួន ៦៨៥នាក់ នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ភាគ​ច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​មាន ២៦២នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៧ កក្កដា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ សរុប​ជាង ៧ម៉ឺន ៤ពាន់​នាក់ (៧៤.៣៨៦) ក្នុង​នោះ​អ្នក​ជា​សះ​ស្បើយ​មាន​ជាង ៦ម៉ឺន​នាក់ ៦ពាន់ (៦៦.៧២៥)។ ជា​មួយ​គ្នា​នេះ​ ខេត្ត​​បន្ទាយមានជ័យ​និង​ខេត្ត​បាត់ដំបង ដែល​ជា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ មាន​អ្នក​ឆ្លង​ថ្មី​ជិត ១០០នាក់​ក្នុង​មួយ​ថ្ងៃ។

ចំណែក​ការ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា រដ្ឋាភិបាល​ចាក់​ជូន​​ពលរដ្ឋ​បាន​ជិត ៧លាន​នាក់​ហើយ ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០លាន​នាក់ គិត​ត្រឹម​ថ្ងៃ​ទី២៦ កក្កដា។

ទោះ​បី​ជា​ក្រសួង​សម្រុក​ចាក់​វ៉ាក់សាំង ដល់​ប្រជាពលរដ្ឋ​បាន​ជិត ៧០ភាគ​រយ​យ៉ាង​នេះ​ក្ដី ក៏​អ្នក​ឆ្លង​ថ្មី និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​តែ​កើន​ឡើង​ខ្ពស់​ដដែល។ រយៈ​ពេល​មួយ​សប្ដាហ៍​ចុង​ក្រោយ​នេះ​អ្នក​ស្លាប់​​ដោយសារ​ជំងឺ​កាច​សាហាវ​នេះ​មាន​ចន្លោះ​ពី ១៩នាក់ ទៅ​ជិត ៤០នាក់ និង​អ្នក​ឆ្លង​ថ្មី​មាន​ប្រមាណ​ពី​ជិត ៧០០នាក់​ទៅ​ជាង ៩០០នាក់​ក្នុង​មួយ​ថ្ងៃ។

នៅ​ថ្ងៃ​ទី២៧ កក្កដា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្ដី​ប្រកាស​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នាំចូល​ថ្នាំពេទ្យ​ទាំង​ឡាយ ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល​នោះ អាច​នាំចូល​វ៉ាក់សាំង​កូវីដ១៩ ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ចែក​ចាយ​ចាក់​តាម​កន្លែង​ផ្ដល់​សេវា​សុខាភិបាល​ឯកជន​ស្រប​តាម​ច្បាប់​កម្ពុជា៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។