ទំនិញខូចគុណភាពជិត ១៣ តោន (១២.៤២ តោន) ត្រូវបានរកឃើញនៅតាមទីផ្សារទូទាំងប្រទេស នៅក្នុងខែ មករានេះ។
បើតាមសេចក្តីរាយការណ៍ប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ទំនិញដែលខូចគុណភាពទាំងនោះ ភាគច្រើនជាចំណីអាហារគ្រឿងសមុទ្រដែលចាក់បញ្ជូលសារធាតុគីមី និងឡេលាបស្បែក។ ទំនិញខូចគុណភាពទាំងនេះអាជ្ញាធររកឃើញភាគច្រើននៅជាប់ព្រំដែនវៀតណាម ដូចជា តាកែវ កំពត និង ស្វាយរៀង។
ក្នុងនោះអាជ្ញាធរ កបប ពីថ្ងៃទី ១៧ ដល់ ២១ ខែ មករា បានរកឃើញបង្គាស្រស់ដែលនាំចូលពីប្រទេសវៀតណាមតាមច្រកព្រំដែនព្រែកចាកខេត្តកំពត ជាងជិត ៨ តោន (៧,៧៥២ គីឡូក្រាម) មានចាក់បញ្ចូលសារធាតុគីមីដូចចាហួយ ចាក់ចូលទៅក្នុងក្បាលបង្គា ដែលអាជ្ញាធរនេះថាធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងអ្នកប្រើប្រាស់យ៉ាងខ្លាំង។
នៅខេត្តស្វាយរៀងឯណោះ កាលពីដើមខែមករា អាជ្ញាធរដដែល រកឃើញទំនិញខូចគុណភាពជាង ៣ តោន (៣,២៤៣.២៨ គីឡូក្រាម) ដែលលក់នៅតាមទីផ្សារក្នុងខេត្តនេះ។ ទំនិញខូចគុណភាព ក៏មានរកឃើញនៅក្រុងភ្នំពេញ ខេត្តកណ្តាល ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង ក្រចេះ បាត់ដំបង ឧត្តរមានជ័យ និងរតនគិរីជាដើម។
អាជ្ញាធរ កបប អះអាងថា ទំនិញដែលខូចគុណភាពទាំងនេះ ត្រូវបានរឹបអូស និងដុតកម្ទេចចោល និងម្ចាស់ទំនិញត្រូវរងការផាកពិន័យ។
ក្នុងពេលជាមួយគ្នាខាងក្រសួងសុខាភិបាលឯណោះវិញក្រសួងនេះនៅក្នុងខែមករា ដូចគ្នា បានហាមឃាត់ការលក់ដូរឬចែកចាយផលិតផលចំនួន ១៦ មុខ ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ប៉ុន្តែកំពុងដាក់លក់តាមបណ្តាញសង្គមហ្វេសប៊ុក។ផលិតផលទាំងនោះមានដូចជាគ្រឿងសម្អាង ឱសថ ផលិតផលបំប៉នសុខភាព ផលិតផលចំណីអាហារ និងថ្នាំបាញ់បំបាត់ឈឺសន្លាក់ជាដើម។
ក្រសួងសុខាភិបាលអំពាវនាវដល់ពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ឬទិញផលិតផលចំណីអាហារ ដែលផ្សព្វផ្សាយគ្មានលក្ខណៈវិទ្យាសាស្រ្តតាមបណ្តាញសង្គមហ្វេសប៊ុក និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។ ក្រសួងព្រមានថា ការប្រើប្រាស់របស់អស់ទាំងនេះ នឹងប៉ះពាល់ដល់សុខភាពផង និងខាតបង់ប្រាក់កាសផង។
កន្លងទៅពលរដ្ឋព្រួយបារម្ភអំពីអាហារដែលមានជាតិគីមី និងកំពុងដាក់លក់នៅតាមទីផ្សារ ដែលពលរដ្ឋមិនអាចដឹងបានថា អាហារណាមានជាតិគីមី ឬគ្មាន ពោលគឺទាល់តែអាជ្ញាធរមានសមត្ថកិច្ចជំនាញផ្នែកត្រួតពិនិត្យគុណភាពចំណីអាហារ ទើបដឹងបាន។ ប៉ុន្តែជាការឆ្លើយតបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្តីបន្ទោសពលរដ្ឋ ថាមិនចេះមើលខ្លួនឯង ចាំតែជេរ ឬស្តីបន្ទោសរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។