កម្ពុជា​មាន​អ្នក​ផឹកស្រា​ច្រើន​ក្នុង​តំបន់​អាស៊ាន ខណៈ​មិនទាន់​មាន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង

សង្គម​ស៊ីវិល​និង​យុវជន​លើកឡើង​ថា កត្តា​ដែល​នាំ​ឲ្យ​កម្ពុជា​ជាប់​ចំណាត់​ទី​៣ ដែល​មាន​ប្រជាជន​ផឹកស្រា​ច្រើន​ជាងគេ​ក្នុង​តំបន់​អាស៊ាន មកពី​កម្ពុជា​គ្មាន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង និង​មានការ​ផ្សាយ​ពាណិជ្ជកម្ម​អូសទាញ​ពី​តារា​ល្បីៗ ខណៈ​រដ្ឋាភិបាល​ក៏​មិន​ពន្យល់​ពី​ផល​ប៉ះពាល់​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង។

ការ​លើកឡើង​នេះ​បន្ទាប់ពី​របាយការណ៍​របស់ Wisevoter បាន​រក​ឃើញ​ថា កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៣​ដែល​មាន​ប្រជាជន​ផឹកស្រា​ច្រើន​ជាងគេ និង​លេខ​រៀង​ទី​៣៦ នៅក្នុង​ចំណោម​ប្រទេស​នៅ​លើ​ពិភពលោក ខណៈ​ឡាវ​វិញ​ឈរ​នៅ​លេខ​រៀង​ទី​១ ក្នុង​តំបន់​អាស៊ាន និង​លេខ​រៀង​ទី​១៨ នៅ​លើ​ពិភពលោក បន្ទាប់មក​ប្រទេស​វៀតណាម​ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​តំបន់​អាស៊ាន និង​លេខ​រៀង​ទី​២៨ នៅ​លើ​ពិភពលោក។

ចំណែក​ប្រទេស​អាស៊ាន​ដែល​មាន​ប្រជាជន​ផឹកស្រា​ទាប​ជាងគេ​គឺ​ប្រទេស​ព្រុយណេ បន្ទាប់​មក​មាន​សាំងហ្គាពួ ម៉ាឡេស៊ី និង​ប្រទេស​ឥណ្ឌូណេស៊ី។

ជុំវិញ​រឿង​នេះ យុវជន​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ លោក យ៉ិត យុតយូ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ចំណាត់​របស់​កម្ពុជា​នេះ វា​បង្ហាញ​ពី​ចំណុចខ្សោយ​នៃ​មេដឹកនាំ​បច្ចុប្បន្ន ដោយ​មិនបាន​គិត​ពី​ផល​ប៉ះពាល់​សង្គម និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្លួន។ លោក​សង្កេត​ឃើញ​ថា បច្ចុប្បន្ន ប្រជាពលរដ្ឋ​កម្ពុជា​ស្ទើរ​គ្រប់​វ័យ​ទាំងអស់​នាំគ្នា​ទទួល​ទាន​គ្រឿង​ស្រវឹង ដោយសារ រដ្ឋាភិបាល​មិន​អើពើ​ក្នុង​ការ​ធ្វើ​ច្បាប់ ដើម្បី​គ្រប់គ្រង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​ចាត់ទុក​ចំណាត់ថ្នាក់​នេះ​ថា មិន​មាន​អ្វី​ចម្លែក​ឡើយ​ដោយ​លោក​មើលឃើញ​ថា គ្រប់​កម្មវិធី​ទាំង​តូច​ទាំង​ធំ នៅ​កម្ពុជា​តែងតែ​យក​ស្រា​ជា​ត្រី​មុខ ជា​កិច្ច ចំណែក​រដ្ឋាភិបាល​វិញ ក៏​មិន​បាន​ពន្យល់​ពី​ផល​ប៉ះពាល់​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង​ទៅកាន់​ប្រជាពលរដ្ឋ​ដែរ បែរជា​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​ទាន​គ្រឿង​ស្រវឹង​ទៅវិញ។

លោក យ៉ិត យុតយូ៖ «គឺ​បង្ហាញ​អំពី​ចំណុចខ្សោយ​របស់​រដ្ឋាភិបាល​ជុំវិញ​ការគ្រប់គ្រង​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ក្នុង​ប្រទេស​ជិត​យើង​មើលឃើញ​ពីរ​ចំណុច​ទីមួយ​គឺ​មិន​មាន​ច្បាប់​គ្រប់គ្រង​ការប្រើប្រាស់​និង​ការ​ចែកចាយ​គ្រឿង​ស្រវឹង​នោះ​ទេ ចំណុច​ទី​ពីរ​មិន​មាន​ច្បាប់​កំណត់​អាយុ​ដែល​អាច​ទិញ​គ្រឿង​ស្រវឹង​មក​ប្រើប្រាស់​បាន នេះ​ជា​លទ្ធភាព​និង​ឱកាស​ដែល​អាច​ឲ្យ​យុវជន​ទូទៅ​នៅក្នុង​ប្រទេស​អាច​ទិញ​ស្រា​មក​ប្រើប្រាស់​បាន»។

លោក​បន្ថែម​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​ទៅ​បាន លុះត្រាតែ​រដ្ឋាភិបាល​បង្កើត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​និង​ដំឡើង​ពន្ធ​ឲ្យ​បាន​ខ្ពស់ ព្រមទាំង​កំណត់​អាយុ​ប្រជាពលរដ្ឋ​ដែល​អាច​ទទួលទាន​គ្រឿង​ស្រវឹង​បានជា​ដើម។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង លើកឡើង​ថា ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​មិនមែន​ប៉ះពាល់​តែ​សុខភាព​នោះ គ្រឿង​ស្រវឹង​នេះ​ក៏បាន​បង្ក​គ្រោះថ្នាក់​នៅពេល​ពួកគាត់​បើកបរ និង​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កើតឡើង​ច្រើន​ដែរ នៅ​តាម​សហគមន៍​និង​ជនបទ​បច្ចុប្បន្ន ខណៈ​យុវជន​វិញ នៅ​ពេល​សេព​គ្រឿង​ស្រវឹង បាន​ជំរុញ​ឱ្យ​ពួកគេ​បោះបង់​ចោល​ការសិក្សា​ផង​ដែរ។

លោក យង់ គិមអេង៖ «ការប្រើប្រាស់​គ្រឿង​ស្រវឹង​ជា​ច្រក​ទ្វារ​ឈាន​ទៅ​ប្រើប្រាស់​គ្រឿងញៀន នៅក្នុង​ចំណោម​យុវជន ហើយ​យើង​ឃើញ​ថ្មីៗ​ទៀតសោត​ខាងUNDPក៏​គេ​រក​ឃើញ​ដែរ​ថា កត្តា​ដែល​បង្ក​គ្រោះថ្នាក់​សំខាន់​ទាំង​៥ គឺ​មាន​គ្រឿង​ស្រវឹង និង​គ្រឿងញៀន អ៊ីចឹង​នេះ​ជា​រឿង​មួយ​ដែល​ការ​សិក្សា​ជាច្រើន​គេ​បាន​រក​ឃើញ​ដូច្នេះ អ៊ីចឹង​ជា​ផ្នែក​មួយ​សម្រាប់​ការពិចារណា​ខាង​នយោបាយ ក្នុង​គិត​គួរ​អំពី​ច្បាប់ ឬ​អំពី​វិធានការ ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿង​ស្រវឹង​នេះ អ្នក​ដែល​រងគ្រោះ គឺ​ស្ត្រី កុមារ យុវជន ក្នុង​ការ​នោះ​គ្រឿង​ស្រវឹង​គឺ​បង្ក​ឲ្យ​មាន​ជំងឺ​ជាង ២០០ មុខ»។

លោក​បន្ត​ថា យុវជន​ដែល​សេព​គ្រឿង​ស្រវឹង ភាគច្រើន​ក៏​ឈាន​ទៅ​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ក្នុង​ពេល​សព្វថ្ងៃ​នេះ ។ លោក​ថា រដ្ឋាភិបាល និង​អ្នកនយោបាយ គួរ​ពិចារណា ឬ​ជំរុញ​ឱ្យ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​ចេញ​ឲ្យ​ខាង​តែ​បាន ដើម្បី​កាត់​បន្ថែម​គ្រោះថ្នាក់ និង​ការ​ប្រើប្រាស់ ព្រមទាំង​បញ្ហា​ផ្សេងៗ​ទៀត ដែល​កើតឡើង​បណ្ដាលមកពី​គ្រឿង​ស្រវឹង។

លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល ដំឡើង​ពន្ធ​លើ​គ្រឿង​ស្រវឹង​ឱ្យ​ខ្ពស់ ដែល​លោក​ថា វា​ជា​ដំណោះស្រាយ​មួយ​ដែល​អាច​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា។

លោក យង់ គិមអេង សង្កេតឃើញ​ថា កត្តា​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើន ដោយសារ តម្លៃ​គ្រឿង​ស្រវឹង​ទាប ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដោយ​យក​ក្រុម​តារា​ល្បីៗ​ទៅ​ជួយ​ផ្សាយ និង​គំរូ​អ្នក​ផឹក ក៏​ជា​កត្តា​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​បរិភោគ​ច្រើន​ដែរ។

លោក យង់ គិមអេង៖ «បើ​នៅ​អាមេរិក​តែ​ហាន​ផឹក​គ្រឿង​ស្រវឹង​នៅ​តាម​មាត់សមុទ្រ​អី អាច​នឹង​រង​ផាកពិន័យ ៤០០ ទៅ ៥០០​ដុល្លារ​ប៉ុណ្ណោះ កម្ពុជា​កន្លែង​ណា​ក៏​ផឹក​បាន​ដែរ ទី​សាធារណៈ សួនច្បារ​ណា​ក៏​ផឹក​ចោល​កំប៉ុង នៅ​ក្នុង​ព្រលាន​យន្តហោះ​ក៏​ផឹក​បាន​ដែរ ដែល​នេះ​ជា​បញ្ហា​ដែល​បង្ហាញ​គម្រូ​ដែល​ផឹក​អាក្រក់»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី៧ ខែ​កក្កដា នេះ​ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល។

យោង​តាម​របាយការណ៍​ស្ដីពី​ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ​២០២១-២០២២ ដែល​ចេញផ្សាយ កាល​ពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៣ ឱ្យ​ដឹង​ថា បុរស​៧​នាក់​ក្នុង​ចំណោម ១០​នាក់​សេព​គ្រឿង​ស្រវឹង។

ការ​ស្ទង់មតិ​បង្ហាញ​ថា ក្នុង​មួយ​ខែ បុរស​១០% ពិសា​គ្រឿង​ស្រវឹង​ជា​រៀងរាល់​ថ្ងៃ ឬ​ស្ទើរតែ​រាល់ថ្ងៃ ខណៈ​៦០% សេព​គ្រឿង​ស្រវឹង​ពី ១​ថ្ងៃ​ទៅ ៥​ថ្ងៃ​។ ចំណែក ១៨% ពិសា​គ្រឿង​ស្រវឹង ៦​ថ្ងៃ ទៅ​១០​ថ្ងៃ និង​១២% ពិសា​គ្រឿង​ស្រវឹង​ពី ១១​ថ្ងៃ ទៅ ២៤​ថ្ងៃ។

បើ​ធៀប​នឹង​ស្ត្រី​វិញ របាយការណ៍​ស្ដីពី​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​បញ្ជាក់​ថា ស្ត្រី​ចំនួន​១៦%​ពិសា​គ្រឿង​ស្រវឹង ក្នុង​នោះ​ស្ត្រី​ភាគច្រើន ដែល​សេព​គ្រឿង​ស្រវឹង ចន្លោះ​ពី ១​ទៅ ៥​ថ្ងៃ​នៅក្នុង​មួយ​ខែ។

ការស្ទង់មតិ​ដដែល​ថា ស្ត្រី​នៅ​ទីប្រជុំជន​សេព​គ្រឿង​ស្រវឹង​ច្រើន​ភាគរយ​ជាង​ស្ត្រី​នៅ​តាម​ទី​ជនបទ រីឯ​បុរស​នៅ​តាម​ទី​ជនបទ និង​ទីក្រុង​មិន​មាន​ភាព​ខុសគ្នា​ឡើយ។

ចំណែក​ស្ត្រី​រងគ្រោះ​វិញ ក្នុង​នោះ ស្ត្រី​រហូតដល់​៥០%​ធ្លាប់​រង​អំពើ​ហិង្សា​ពី​ស្វាមី ឬ​ដៃគូ​ស្និទ្ធស្នាល​ដែល​សេព​គ្រឿង​ស្រវឹង និង​ស្រវឹង​ម្តងម្កាល។

បើ​តាម​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង ដែល​ក្រសួង​សុខាភិបាល​រៀបចំ​ឡើង កាល​ពី​ឆ្នាំ​២០១៥ គឺ​មាន ១១​ជំពូក និង ៣៩​មាត្រា។ មាត្រា​១ និង​មាត្រា​២ នៃ​សេចក្តី​ព្រាងច្បាប់​នេះ​អះអាង​ថា រៀបចំ​ឡើង​ក្នុង​គោល​បំណង និង​គោលដៅ​ដើម្បី​ការពារ​សុខភាព​សាធារណៈ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម។

សេចក្តី​ព្រាងច្បាប់​នេះ​ក៏​មាន​គោលដៅ​សហការ​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន​ជាតិ និង​អន្តរជាតិ អង្គការ​ដៃគូ​នានា ដើម្បី​ជំរុញ​ការ​អប់រំ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា។

ចំណែក​មាត្រា​១២ វិញ ក៏​បាន​ហាមឃាត់​ការ​លក់ដូរ ឬ​ចែកចាយ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ចំពោះ​ជន​ដែល​មាន​អាយុ​ក្រោម ២១​ឆ្នាំ ស្ត្រី​មានគភ៌ និង​ជន​ដែល​ស្ថិត​នៅក្នុង​ស្ថានភាព​ស្រវឹង​មិនអាច​គ្រប់គ្រង​ខ្លួន​ឯង​បាន ជាដើម។

សេចក្តី​ព្រាងច្បាប់​ដដែល​ក៏បាន​កំណត់​ពី​ទោសទណ្ឌ​អ្នក​ប្រព្រឹត្ត​ខុស ដោយ​អាច​ជាប់​ពន្ធនាគារ​ពី ៦​ថ្ងៃ​ដល់ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​រហូតដល់ ២០​លាន​រៀល ហើយ​បើ​ករណី​មិន​រាងចាល នឹង​ត្រូវ​អនុវត្ត​ទោស​ទ្វេដង​ផង​ដែរ។

ទោះជា​យ៉ាងណា បើ​តាម​ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​ប្រធាន​ប្ដូរ​វេន​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ លោក ពេជ្រ ស្រស់ បាន​និយាយ​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៩ ថា ក្រសួង​សុខាភិបាល​បានសម្រេច​លុបចោល​សេចក្ដីព្រាងច្បាប់​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង ដោយ​ថា ក្រសួង​បាន​ដាក់​បញ្ចូល​សេចក្ដីព្រាងច្បាប់​នេះ​ទៅ​ក្នុង​ច្បាប់​មួយទៀត​របស់​ក្រសួងពាណិជ្ជកម្ម​វិញ។ ដូច្នេះ លោក​ថា មិន​មាន​សេចក្តី​ព្រាងច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ទៀត​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។