ក្រុមវេជ្ជបណ្ឌិតជំនាញ និងគេហទំព័រសុខភាពជាច្រើន បានលើកឡើងពីផលវិបាកនានា នៃការទទួលទានភេសជ្ជៈផ្អែមរាល់ថ្ងៃ រួមមាន ទឹកក្រូចកំប៉ុង គ្រប់ប្រភេទ។ ការស្រាវជ្រាវបង្ហាញថា ការទទួលទានភេសជ្ជៈមានជាតិផ្អែមទាំងនោះ មិនត្រឹមតែធ្វើឲ្យឡើងទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាបង្កផលប៉ះពាល់ជាច្រើន ដល់សុខភាពថែមទៀតផង។
តើត្រូវធ្វើដូចម្តេចដើម្បីកាត់បន្ថយ ឬទប់ស្កាត់ បញ្ហាប៉ះពាល់ដល់សុខភាពនេះ?
អនុបណ្ឌិតវេជ្ជសាស្ត្រផ្នែកជំងឺទូទៅ នៅក្រុងឡូវ៉ែល (Lowell) រដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក លោក ឆាន់ ទូច មានប្រសាសន៍ថា ពលរដ្ឋខ្មែរ គួរបញ្ឈប់ការទទួលទានភេសជ្ជៈផ្អែមរាល់ថ្ងៃ ដែលបណ្តាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ដូចជា ជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺបេះដូង ជាដើម។ លោកថា ជាការប្រសើរ ពលរដ្ឋគួរទទួលទានទឹកតែ ឬទឹកធម្មតាវិញ ពីព្រោះភេសជ្ជៈផ្អែមទាំងនោះ រួមមាន ទឹកក្រូចកំប៉ុង ប៉ឹបស៊ី (Pepsi) និង ស្ព្រៃ (Sprite) ជាដើមនោះ បានដាក់បញ្ចូលជាតិស្ករជាច្រើនខ្លាំងហួសពីកម្រិត ដែលយើងត្រូវការរាល់ថ្ងៃ៖ « សូដាមួយកំប៉ុង មានកាឡូរី ១៤០ ហើយមានជាតិកាបូហាយដ្រេត (Carbohydrate) ៣៩ក្រាម ដែលស្មើ ១៤ % នៃកាឡូរីត្រូវការមួយថ្ងៃ។ ក្នុងហ្នឹងបន្ថែមជាតិស្ករ ៣៩ក្រាម លើសហ្នឹងទៀត។ ដូច្នេះនិយាយឲ្យចំទៅទឹក ១កំប៉ុង ៩ ទៅ ១០ស្លាបព្រាកាហ្វេក្នុងមួយកំប៉ុង។ អាហ្នឹងគិតតែជាតិស្ករ ចុះបើគិតពីជាតិកាបូហាយដ្រេត ដូច្នេះមួយកំប៉ុង យ៉ាងតិចណាស់មានជាតិស្ករពី ១៣ ទៅ១៩ ស្លាបព្រាកាហ្វេនៃជាតិស្ករ »។
អនុបណ្ឌិត ឆាន់ ទូច មានប្រសាសន៍ថា មិនតែនៅប្រទេសកម្ពុជាទេ នៅសហរដ្ឋអាមេរិកនេះវិញ ក៏ភាគច្រើនយុវវ័យ ឬក្មេងៗ និយមចូលចិត្តទទួលទានទឹកក្រូចកំប៉ុង ណាស់។ លោកថា អ្នកដែលចូលចិត្តញ៉ាំភេសជ្ជៈផ្អែមកំប៉ុងនេះ គឺពិបាកនឹងកាត់បន្ថយ ឬឈប់ណាស់ ដោយសារក្នុងទឹកសូដានោះ វាមានលាយជាតិកាហ្វេអ៊ីន ដែលធ្វើឲ្យញៀន និងជាតិស្ករ។ លោកបន្តថា អ្នកទទួលទានជាតិស្ករច្រើនក្នុងទឹកក្រូចកំប៉ុងនេះ ក្រៅតែពីប៉ះពាល់ដល់សុខភាព គឺនាំឲ្យឡើងទម្ងន់ខ្លាំងថែមទៀតផង៖ « យើងសួរថា ហេតុអ្វីបានជាយើងឡើងគីឡូខ្លាំងម្ល៉េះ ព្រោះជាតិស្ករដែលយើងញ៉ាំវាច្រើនមែនទែន។ យើងគិតអ៊ីចេះ ជាតិកាបូហាយដ្រេត (Carbohydrate) ៣៩ក្រាមហ្នឹង វាច្រើន។ កាលណាញ៉ាំទៅ វាបំបែកបម្លែងជាជាតិស្ករ ទី១ ហើយទី២ ចំនួនកាឡូរី ១៤០ យើងត្រូវហាត់ប្រាណ ឬរត់ ដើម្បីឲ្យរំលាយជាតិស្ករចេញពីខ្លួន។ ខ្មែរយើងញ៉ាំច្រើនខ្លះរហូតដល់ដបធំ ២លីត្រ ស្មើនឹង ៦កំប៉ុង »។
គេហទំព័រវិទ្យាសាស្ត្រនៃការបរិភោគ (The Science of Eating) បានបង្ហាញថា ការទទួលទានភេសជ្ជៈផ្អែមមួយកំប៉ុង ចំណុះ ១២ អោន ឬស្មើ ៣៥៤មីល្លីលីត្រ គឺស្មើនឹងការបរិភោគស្ករចំនួន ១០ស្លាបព្រាកាហ្វេ។ មានន័យថា ក្នុងទឹកក្រូចមួយកំប៉ុងនេះ គឺមានលាយជាតិស្ករច្រើនហួសប្រមាណ ដែលចំនួននេះ គឺលើសជាង ២ដង នៃកម្រិត ដែលជាតម្រូវការរបស់មនុស្សម្នាក់ៗ ក្នុងមួយថ្ងៃ។ ការស្រាវជ្រាវបញ្ជាក់ថា ក្រោយបរិភោគភេសជ្ជៈផ្អែមកំប៉ុងនេះរួចហើយ ២០នាទីក្រោយមកជាតិស្ករក្នុងឈាមឡើងខ្ពស់ ហើយថ្លើមមិនអាចរំលាយជាតិស្ករបាន ក៏បំប្លែងជាជាតិខ្លាញ់ទៅវិញ។ បន្ថែមពីនេះ ជាតិស្ករច្រើនក្នុងឈាម ជាហេតុមិនត្រឹមតែធ្វើឲ្យឡើងទម្ងន់ទេ តែវាបង្កឲ្យសម្ពាធឈាមឡើងខ្ពស់ កម្រិតជាតិខ្លាញ់ច្រើន មានជំងឺបេះដូង ជំងឺទឹកនោមផ្អែម មានវ័យចាស់ជាងអាយុ និងបង្កផលប៉ះពាល់ដល់សុខភាពជាច្រើនទៀតផង។
លោកអនុបណ្ឌិតវេជ្ជសាស្ត្រផ្នែកជំងឺទូទៅ ឆាន់ ទូច ក៏បានបញ្ជាក់ផងដែរថា នេះគ្រាន់តែលើកឡើងពីផលវិបាកនៃការទទួលទានភេសជ្ជៈផ្អែមកំប៉ុងមួយមុខប៉ុណ្ណោះ។ លោកថា ផលវិបាករយៈពេលយូរ នឹងប៉ះពាល់ខ្លាំង ដល់សុខភាពជាទូទៅ និងដល់ប្រព័ន្ធការពារខ្លួន អាស្រ័យហេតុនេះ យើងម្នាក់ៗ ត្រូវថែរក្សាខ្លួន បញ្ឈប់ការទទួលទានទឹកក្រូចកំប៉ុង កាត់បន្ថយការសេពសុរាច្រើនហួសហេតុ កុំពិសាបារី បរិភោគអាហារសម្រាប់ទ្រទ្រង់សុខភាព ហាត់ប្រាណឲ្យបានទៀងទាត់ និងសម្រាន្តឲ្យបានគ្រប់គ្រាន់៖ « យើងគួរកាត់បន្ថយទម្លាប់មួយកុំញ៉ាំតែម្ដង បើអាចធ្វើបាន ព្រោះសូដាហ្នឹងវាប៉ះពាល់តាំងពីតូចដល់ធំ។ ជួនកាល វាអាចប៉ះពាល់ជំងឺទឹកនោមផ្អែម ប្រភេទទី១ Diabetes Type 1 សម្រាប់កូនក្មេងក្រោម ១៨ឆ្នាំ បើក្មេងនោះធាត់ខ្លាំងពេក។ ចំណែកមនុស្សចាស់វិញ គឺកើតជំងឺទឹកនោមផ្អែម តែជាប្រភេទ Diabetes Type 2 ហើយជាតិស្ករច្រើននេះ នាំឲ្យប៉ះពាល់ដល់បេះដូង ការដកដង្ហើម និងធ្វើឲ្យប្រព័ន្ធការពារខ្លួនចុះខ្សោយ »។
បញ្ហាឡើងទម្ងន់ និងការបង្ករបញ្ហាដល់សុខភាព ដោយសារការនិយមចូលចិត្តទទួលទានភេសជ្ជៈផ្អែមកំប៉ុងនេះហើយ គឺជាក្តីព្រួយបារម្ភរបស់ក្រុមវេជ្ជបណ្ឌិតជំនាញសុខភាព ក្នុងពិភពលោក។
ថ្លែងក្នុងសិក្ខាសាលាស្ដីពីការបញ្ជ្រាបចំណេះដឹង ក្នុងការកាត់បន្ថយភេសជ្ជៈផ្អែម កាលពីដើម ឆ្នាំ២០១៩ នេះនៅទីក្រុងភ្នំពេញ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ វេជ្ជបណ្ឌិត ងី មានហេង មានប្រសាសន៍ថា ពលរដ្ឋខ្មែរភាគច្រើន តែងតែចាប់អារម្មណ៍តែរឿងស្រា គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាផ្សេងៗ។ ក៏ប៉ុន្តែ លោកថា ពលរដ្ឋមិនបានដឹងអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព បណ្តាលមកពីការទទួលទានភេសជ្ជៈផ្អែមរាល់ថ្ងៃនោះទេ។
លោក វេជ្ជបណ្ឌិត ងី មានហេង បន្តថា ការស្រាវជ្រាវនៅកម្ពុជា កាលពីឆ្នាំ២០១៦ បង្ហាញថា ពលរដ្ឋខ្មែរ អាយុ ចន្លោះពី ២៥ ទៅ ៦៤ឆ្នាំ គឺធាត់ ឬលើសទម្ងន់ និងមានជំងឺជាច្រើន ដោយសារទទួលទានភេសជ្ជៈផ្អែមរាល់ថ្ងៃ។ ភេសជ្ជៈផ្អែមទាំងនោះ រួមមាន ទឹកក្រូចកំប៉ុង ឬទឹកសូដាកំប៉ុង កូកាកូឡា ប៉ឹបស៊ី និងSprite ជាដើម។ អត្រាពលរដ្ឋអាយុ២៥ឆ្នាំទៅ៦៤ឆ្នាំ ដែលលើសទម្ងន់ ឬធាត់ បានកើនយ៉ាងខ្លាំងពី ១៥,៤% នៅឆ្នាំ២០១០ ឡើងដល់ជិត ២២% នៅឆ្នាំ២០១៦។ បន្ថែមពីនេះអត្រាអ្នកមានជាតិស្ករលើសក្នុងឈាម ក៏បានកើនឡើងខ្លាំងផងដែរ គឺពីចំនួន ១,៤% ដល់៩,៦% នៅក្នុងអំឡុងពេលដូចគ្នានេះ។
ចំណែកការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិកនេះវិញ បង្ហាញយ៉ាងច្បាស់ថា ការទទួលទានភេសជ្ជៈផ្អែមកំប៉ុង ឬទឹកក្រូចកំប៉ុង រួមមាន កូកា (Coke), ស្ព្រៃ (Sprite) ទាំងនេះ មិនបានផ្ដល់នូវជីវជាតិបំប៉នសម្រាប់រាងកាយនោះឡើយ ក្រៅតែពីរសជាតិឆ្ងាញ់របស់វា គឺបណ្ដាលឲ្យឡើងទម្ងន់។ អ្នកដែលទទួលទានទឹកសូដាជាច្រើន ច្រើនតែខ្វះវីតាមីនA កាល់ស្យូម និងម៉ាញេស្យូម។ បន្ថែមពីនេះ ក្នុងទឹកក្រូចកំប៉ុង មានលាយជាតិ អាស៊ីដផូស្វ័រិច (phosphoric) ដែលទៅបំផ្លាញជាតិកាល់ស្យូម និងម៉ាញេស្យូ បណ្ដាលឲ្យប្រព័ន្ធការពារខ្លួនចុះខ្សោយ និងបណ្ដាលឲ្យឆ្អឹងពុកផុយជាងមុន ឬកើតជំងឺពុកឆ្អឹង និងពុកធ្មេញ។ បន្ថែមពីនេះ អ្នកវិទ្យាសាស្ត្រផ្នែកវេជ្ជសាស្ត្រ ក៏បានរកឃើញផងដែរថា ការទទួលទានជាតិស្ករច្រើន នាំឲ្យឡើងទម្ងន់ខ្លាំង ដែលអាចនឹងប្រថុយប្រថាននាំឲ្យកើត ជំងឺមហារីក ហើយចំនួន២ភាគ៣ នៃអ្នកកើតជំងឺមហារីក ដោយសារជម្រើសនៃរបៀបរស់នៅរបស់ពួកគេ គឺចូលចិត្តជក់បារី ឬប្រើថ្នាំជក់ ការបរិភោគអាហារខ្វះជីវជាតិ និងកង្វះការហាត់ប្រាណ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។