ជំងឺគ្រុនឈាមកំពុងបង្កជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់ជីវភាព និងអាយុជីវិតរបស់ពលរដ្ឋគ្រប់តំបន់ នៅខេត្តភាគឦសាន។ ជំងឺនេះបានសម្លាប់ជីវិតកុមារនៅជនបទមួយចំនួន នៅស្រុកសេសាន និងក្រុងស្ទឹងត្រែង នៅគ្រាដែលពលរដ្ឋមួយចំនួនមិនទាន់យល់ដឹង ពីវិធីបង្ការ និងបញ្ជូនកូន/ចៅទៅសង្គ្រោះឱ្យទាន់ពេល។
ពលរដ្ឋរស់ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក ម៉ៃ វាសនា ឱ្យដឹងនៅថ្ងៃទី៣ កក្កដាថា ជំងឺគ្រុនឈាមបានឆ្លងរាតត្បាតកាន់តែខ្លាំងឡើង ដល់គ្រប់ទីកន្លែងនៅខេត្តស្ទឹងត្រែង។ លោកថា ពលរដ្ឋស្ទើរតែគ្រប់ក្រុមគ្រួសារនៅជនបទ បានកើតជំងឺនេះ និងបានបញ្ជូនកូនចៅពួកគេទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ លោកបន្ថែមថា ពលរដ្ឋរស់នៅជនបទភាគច្រើន ខ្វះចំណេះដឹង ទាក់ទិនវិធានការបង្ការជំងឺគ្រុនឈាម និងការបញ្ជូនកូនចៅពួកគេឱ្យទាន់ពេលវេលាទៅមន្ទីរពេទ្យ៖ «មានការកើតឡើងច្រើនបង មួយផ្ទះយ៉ាងតិចក៏ ២នាក់ទៅ ៣នាក់ដែរក្នុងមួយគ្រួសារ។ មួយផ្ទះណាដែលកើតហើយភាគច្រើនវាកើតតគ្នា មាន ២ និង ៣ក្នុងមួយគ្រួសារ។ ខ្ញុំធ្វើការចុះតាមសហគមន៍ វាច្រើនមែនទែនអ្នកកើតហ្នឹង តាមភូមិមួយៗ ដែលខ្ញុំចុះទៅសួរ។ ខ្ញុំចុះទៅប្រជុំភាគច្រើនស្ទើរតែគ្មានអ្នកចូលរួមផង ខ្ញុំចុះទៅប្រជុំសហគមន៍គាត់ថា កូនឈឺទៅពេទ្យ អត់មានពីណាទីផ្ទះកូនឈើ ភាគច្រើនគឺគ្រុនឈាមហ្នឹង»។
សេចក្ដីរាយការណ៍ពីពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង ឱ្យដឹងថា ចាប់ពីខែមិថុនា មកទល់ពេលនេះ មានកុមារ និងយុវជន រាប់ពាន់នាក់ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តច្រើនស្អេកស្កះ រហូតខ្វះបន្ទប់សម្រាកព្យាបាល។ រីឯអាជ្ញាធរជំនាញបានបោះតង់ជាជួរ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីផ្ដល់ទីកន្លែងសម្រាកព្យាបាលដល់អ្នកជំងឺបណ្ដោះអាសន្ន។
អាស៊ីសេរីបានព្យាយាមទាក់ទងប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង លោក អ៊ុង សូវៀត និងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ដើម្បីសុំការអធិប្បាយករណីនេះ ក៏ប៉ុន្តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកលើក នៅថ្ងៃទី៣ សីហា។
តែយ៉ាងណា លោកស្រី ឱ វណ្ណឌីន ប្រាប់កាសែតក្នុងស្រុកថា ចាប់ពីខែមករា រហូតមក តួលេខអ្នកជំងឺគ្រុនឈាម មានចំនួនជាង ២ម៉ឺននាក់ (២១.១៣០នាក់) ហើយអ្នកស្លាប់មានចំនួន ២៥នាក់។ ចំនួននេះមានការកើនឡើង ៥ដង បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ដែលមានកុមារជាង ២ពាន់ ៥រយនាក់ (២,៥៣០) ឈឺ ក្នុងនោះស្លាប់៧នាក់។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា បាតុភាពនេះ ជាមេរៀនមួយសម្រាប់រដ្ឋាភិបាល និងអ្នករួមចំណែកបង្ការ ការពារជីវិតជំងឺគ្រុនឈាម គួរតែរៀនសូត្របន្ថែម ពីវិធីបង្ការ និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។ លោកថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវរកមធ្យោបាយ ឱ្យពលរដ្ឋយល់ដឹង វិធីបង្ការជំងឺគ្រុនឈាម តាមរយៈសំអាតបរិស្ថានជុំវិញផ្ទះ និងរុញឱ្យពួកគេ ត្រូវចេះរកជំនួយអន្តរាគមន៍សង្គ្រោះពីខាងក្រៅឱ្យទាន់ពេល៖ «ឈានទៅដល់មានមនុស្សស្លាប់ក្នុងនោះមានកុមារជាដើម ខ្ញុំគិតថា វាពុំមែនជារឿងមួយដែលល្អទេ។ មិនល្អដោយសារតែទី ១ ពលរដ្ឋខ្វះការយល់ដឹង។ ទី២បណ្ដាលមកពីយន្តការផ្សេងៗបានផ្អាក ឬអនុវត្តមានមួយរយៈធំហើយនៅពេលដែលផ្ទុះហើយ បាននាំគ្នាទៅចាត់វិធានការបាញ់ថ្នាំកំណាត់មូសខ្លាជាដើមហ្នឹង»។
អាស៊ីសេរីនៅមិនទាន់ទទួលបានរបាយការណ៍ និងតួលេខ បង្ហាញពីចំនួនអ្នកកើតជំងឺគ្រុនឈាម និង អ្នកស្លាប់នៅខេត្តស្ទឹងត្រែង មានចំនួនប៉ុន្មាននាក់នៅឡើយទេ ក៏ប៉ុន្តែពលរដ្ឋរស់នៅខេត្តនេះអះអាងថា ជំងឺនេះបានផ្ទុះឡើងនៅឆ្នាំនេះ ច្រើនជាងឆ្នាំមុនៗទ្វេដង។ រីឯនៅខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តព្រះវិហារ ក៏មានសេចក្ដីរាយការណ៍ថា ជំងឺគ្រុនឈាមបានឆ្លងរាតត្បាតគ្រប់ទីកន្លែងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។