ក្រុមហ៊ុនផលិតទឹកដោះគោដ៏ធំមួយរបស់ប្រទេស ណូវែលហ្សេឡង់ដ៏ (New Zealand) ឈ្មោះ ហ្វុនតេរ៉ា (Fonterra Cooperative Group Ltd.) បានប្រកាសជាសាធារណៈថា គ្រឿងផ្សំសម្រាប់ផលិតទឹកដោះគោដែលផលិតដោយក្រុមហ៊ុននេះ មានបញ្ហា ដែលអាចអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ភ្លាមៗនេះ មានក្រុមហ៊ុននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ី រួមនឹងកម្ពុជា ផង ដែលមានផលិតផលទឹកដោះគោប្រើប្រាស់គ្រឿងផ្សំរបស់ក្រុមហ៊ុន ហ្វុនតេរ៉ា បានប្រកាសប្រមូលផលិតផលរបស់ខ្លួនអោយត្រឡប់ចូលក្រុមហ៊ុនវិញ។
ក្រុមហ៊ុន ឌី.ខេ.អេស.អេច (DKSH Cambodia Ltd) ប្រចាំនៅកម្ពុជា ប្រកាសប្រមូលផលិតផលទឹកដោះគោសម្រាប់ទារក ម៉ាក ឌុយម៉ិច (Dumex) ចំនួន ៣ប្រភេទធំៗ ដែលកំពុងចរាចរនៅលើទីផ្សារនៅកម្ពុជា អោយប្រគល់ត្រឡប់ចូលក្រុមហ៊ុនវិញ ដើម្បីចៀសវាងបញ្ហាដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាព។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ឌី.ខេ.អេស.អេច ដែលផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី៥ ខែសីហា បានអោយដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីក្រុមហ៊ុនហ្វុនតេរ៉ា ដែលថា គ្រឿងផ្សំដែលផ្គត់ផ្គង់ដោយក្រុមហ៊ុននេះអាចនឹងបង្កលទ្ធភាពឆ្លងរោគ។ លើសពីនេះ គ្រឿងផ្សំ សារធាតុផ្សំមួយចំនួន ដែលផ្គត់ផ្គង់ដល់ក្រុមហ៊ុន ឌី.ខេ.អេស.អេច ការិយាល័យ ឌុយម៉ិច អាចមានលទ្ធភាពចម្លងរោគផងដែរ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ទៀតថា មកដល់ពេលនេះ ការពិសោធផលិតផល ឌុយម៉ិច ដែលកំពុងចរាចរនៅលើទីផ្សាររបស់ក្រុមហ៊ុននេះ គឺពុំមានចំណុចសង្ស័យនៃលទ្ធភាពដែលអាចចម្លងរោគណាមួយឡើយ។ ប៉ុន្តែ ដោយគិតដល់សុខភាពអ្នកប្រើប្រាស់ជាចម្បង ទើបក្រុមហ៊ុនសម្រេចប្រមូលផលិតផលរបស់ខ្លួនចេញពីទីផ្សារ។
ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ឌី.ខេ.អេស.អេច លោក ចាន់ បញ្ញារិទ្ធ បានអោយដឹងថា លទ្ធភាពនៃការឆ្លងរោគនៃគ្រឿងផ្សំផលិតផលទឹកដោះគោ នឹងអាចអោយកុមារមានជំងឺរាករូស ក្អួត ឬទល់លាមក។ យ៉ាងណា លោកនៅតែបញ្ជាក់ថា មកដល់ពេលនេះនៅមិនទាន់មានករណីនៃរោគសញ្ញាជំងឺទាំងនេះកើតឡើងចំពោះកុមារ ដែលប្រើប្រាស់ទឹកដោះគោម៉ាក ឌុយម៉ិច នៅឡើយ។
ក្រុមហ៊ុន ឌី.ខេ.អេស.អេច អះអាងថា ផលិតផលទឹកដោះគោម៉ាក ឌុយម៉ិច ជាផលិតផលលក់ដាច់គួរសម គឺស្មើ ៤៥% នៃផលិតផលលើទីផ្សារនៅកម្ពុជា។
ផលិតផលទឹកដោះគោ ឌុយម៉ិច ទាំង ៣ប្រភេទ ដែលត្រូវប្រមូលចេញពីទីផ្សារទៅវិញនោះ រួមមាន ឌុយម៉ិចឌុយប្រូ ពណ៌បៃតងជំហានទី២ (DumexDupro-Step 2-Green) សម្រាប់ទារកអាយុពី ៦ ដល់ ២៤ខែ ដោយមានកាលបរិច្ឆេទផលិតចំនួនប្រាំខុសៗគ្នា គឺចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣០ ខែឧសភា ឌុយម៉ិចឌុយឡាក់ ពណ៌មាសជំហានទី១ (DumexDulac-Step 1-Gold) និង ឌុយម៉ិចឌុយប្រូ ពណ៌មាសជំហានទី១ (DumexDupro-Step 1-Gold) សម្រាប់ទារកចាប់ពីពេលកើតដល់ ១២ខែ ដោយមានកាលបរិច្ឆេទផលិតចំនួន ៣ខុសៗគ្នា គឺចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៩ ខែមិថុនា។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការអធិប្បាយពីមន្ត្រីសុខាភិបាលទទួលបន្ទុកសុខុមាលភាពទារក និងកុមារតូច បាននៅឡើយទេនៅរសៀលថ្ងៃទី៦ ខែសីហា។
យ៉ាងណាជាគោលការណ៍ កម្ពុជា គាំទ្រអោយម្ដាយគ្រប់រូបបំបៅដោះកូនដោយទឹកដោះម្ដាយតែមួយមុខ ចំពោះទារកអាយុតិចជាង ៦ខែ។
មន្ត្រីផ្នែកសុខភាពរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោកវេជ្ជបណ្ឌិត ម៉ាន់ សុធារ៉ា មានប្រសាសន៍ថា នេះជាលើកទីមួយហើយដែលមានក្រុមហ៊ុនហ៊ានចេញមុខប្រមូលផលិតផលរបស់ខ្លួន។
នៅក្នុងគេហទំព័ររបស់ក្រុមហ៊ុន ហ្វុនតេរ៉ា បានអោយដឹងថា ក្រុមហ៊ុននេះបានថ្លែងការណ៍សុំទោសចំពោះបញ្ហាដែលមាននៅក្នុងធាតុផ្សំរបស់ក្រុមហ៊ុននេះ។ កាលពីខែមិថុនា ឆ្នាំ២០១២ ហ្វុនតេរ៉ា បានរកឃើញលទ្ធភាពបង្កបាក់តេរីនៅក្នុងគ្រឿងផ្សំរបស់ខ្លួន តែគេនៅតែមិនអាចដោះស្រាយបាន។ ការប្រមូលផលិតផលទឹកដោះគោដែលប្រើគ្រឿងផ្សំរបស់ហ្វុនតេរ៉ា បានធ្វើឡើងនៅក្នុងប្រទេសមួយចំនួនទៀត ដោយចាប់ផ្ដើមពីប្រទេសចិន និងនៅប្រទេសម៉ាឡេស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។