កិច្ចប្រជុំនេះ បានចូលរួមដោយវេជ្ជបណ្ឌិតជាច្រើននាក់មកពីមន្ទីរពេទ្យរដ្ឋនៅតាមបណ្ដាខេត្តនានា ដូចជាខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ ជាដើម។
រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាអតីតប្រធានមន្ទីរពេទ្យកាល់ម៉ែត នៅក្នុងរាជធានីភ្នំពេញ លោក ហេង តៃគ្រី នៅថ្ងៃទី១៨ ខែកុម្ភៈ បានក្រើនរំលឹកឲ្យវេជ្ជបណ្ឌិតនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជននានា យកចិត្តទុកដាក់គោរពតាមក្រមសីលធម៌គ្រូពេទ្យ ដើម្បីផ្ដល់ការសង្គ្រោះបន្ទាន់ឲ្យទាន់ពេលវេលា ចំពោះស្ត្រីសម្រាលកូន អ្នករងគ្រោះថ្នាក់ចរាចរណ៍ និងអ្នកជំងឺដទៃទៀតដោយគ្មានការរើសអើងឡើយ។
លោកបានព្រមានថា វេជ្ជបណ្ឌិតនានានឹងប្រឈមមុខនឹងការចាប់ខ្លួនផ្ដន្ទាទោស និងការដកហូតតួនាទីពីការងារជាដើម បើសិនណាមានការខុសឆ្គងមែននោះ។
ការដាស់តឿននេះ គឺក្រោយពីមានសេចក្ដីរាយការណ៍កន្លងមកថា ស្ត្រីលក់លៀសហាលម្នាក់ ឈ្មោះ ជា ចែត អាយុ ២៧ឆ្នាំ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ បានឈឺពោះសម្រាលកូនស្រីនៅលើផ្លូវរថភ្លើង កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងទៅនេះ ក្រោយពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបង្អែកមួយនៅរាជធានីភ្នំពេញ បានបដិសេធមិនទទួលព្យាបាល ហើយបានសុំឲ្យនាងត្រឡប់ទៅផ្ទះសំបែងវិញ។
កាលពីឆ្នាំ២០១២ កន្លងទៅនេះ កុមារាម្នាក់នៅខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារពស់ចឹក ក្រោយពីវេជ្ជបណ្ឌិតបានបដិសេធមិនផ្ដល់ឱសថព្យាបាលចំពោះទៅកុមារនោះ ដោយសំអាងថា ឱសថនេះគឺរក្សាទុកព្យាបាលចំពោះក្រុមយុវជនស្ម័គ្រចិត្តវាស់ដីធ្លីរបស់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ហេង តៃគ្រី បានមានប្រសាសន៍ថា ការសង្គ្រោះបន្ទាន់ គឺជាការចាំបាច់ណាស់ ដោយគ្មានការរើសអើងឡើយ៖ «ក្រសួងសុខាភិបាលដាក់ទិសទៅ គឺថា មើលទាំងអស់មានឱសថត្រូវតែប្រើ ប្រយ័ត្នមាត្រាទី៧ (Article 7) ខាងបារាំង ក្នុងក្រមសីលធម៌យើងទី៩ គ្រូពេទ្យត្រូវយកចិត្តទុកដាក់មើលអ្នកជំងឺអស់ចិត្តអស់ថ្លើមតាមលទ្ធភាព ដែលយើងមាន មិនទុកចោលទេ កាលណាអត់មើលគេ គេអាចដកសញ្ញាបត្រ ហើយជាប់គុក ៣ខែ ហើយផាកពិន័យ»។
វេជ្ជបណ្ឌិតជំនាញខាងសង្គ្រោះបន្ទាន់ អ្នកស្រី រ៉េបេកា វ៉កគើរ៍ (Dr. Rebecca Walker) មកពីសកលវិទ្យាល័យ ស្ទេនហ្វដ (Stanford University) បានមានប្រសាសន៍ថា វិធានការសង្គ្រោះបន្ទាន់ចំពោះអ្នកជំងឺដែលជិតស្លាប់នោះ គឺវេជ្ជបណ្ឌិតត្រូវតែសម្រេចចិត្តឲ្យរហ័ស និងចាត់វិធានការ និងសកម្មភាពឲ្យរហ័សដែរ។
វេជ្ជបណ្ឌិតម្នាក់ ឈ្មោះ យុន រ៉ាអ៊ូល មកពីខេត្តបាត់ដំបង បានមានប្រសាសន៍ថា គ្រូពេទ្យមួយចំនួនកំពុងតែខ្វះខាតសម្ភារៈសង្គ្រោះបន្ទាន់ និងជំនាញសង្គ្រោះបន្ទាន់ដែរ៖ «បទពិសោធន៍មុនដំបូង ប្រទេសបារាំង និងប្រទេសដែលមានការអភិវឌ្ឍជឿនលឿនជាដៃគូ បន្ទាប់មកមានខាង ស្ទេនហ្វត អស់នេះឯង ដែលសហការជាមួយ URC បានមកជួយជាបណ្ដើរ។ មុននឹងមកនេះ ខាង URC បានបង្រៀនខាងខេត្តមួយចំនួនដែរ ជាពិសេសនៅមន្ទីរពេទ្យនៅខេត្តបាត់ដំបងយើងខ្ញុំ ក៏បានទទួលការបង្រៀនពីក្រុម URC នេះដែរ ចាំបាច់នៅតាមមន្ទីរពេទ្យ ត្រូវតែមានការសង្គ្រោះបន្ទាន់ហ្នឹងជាគោលដៅមួយដើរមុខសំខាន់»។
ទាក់ទងនឹងកិច្ចការសង្គ្រោះបន្ទាន់នេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅមន្ទីរពេទ្យរដ្ឋ កាល់ម៉ែត នៅរាជធានីភ្នំពេញ បានទទួលអ្នកជំងឺគ្រប់ប្រភេទរវាង ៦០នាក់ ទៅ ១០០នាក់ក្នុងមួយថ្ងៃៗ ដើម្បីសង្គ្រោះបន្ទាន់ និងសង្គ្រោះជីវិត។
កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទូចសុំឲ្យគ្រូពេទ្យនានាគោរពក្រមសីលធម៌គ្រូពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ដោយគ្មានការរើសអើងថា អ្នកជំងឺជាអ្នកមាន ឬអ្នកក្រីក្រឡើយ។ សំណើនេះ ធ្វើឡើងនៅគ្រាដែលប្រជាពលរដ្ឋនានា បានរិះគន់ថា គ្រូពេទ្យមួយចំនួនប្រកាន់អាកប្បកិរិយារើសអើង និងមើលងាយអ្នកក្រីក្រដែលពុំមានប្រាក់បង់សោហ៊ុយព្យាបាលជំងឺ ឬសម្រាលកូនជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
