ពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​បី​នៃ​ខេត្ត​សៀមរាប​រង​ផល​ប៉ះពាល់​សុខភាព​ដោយសារ​តែ​ដី​ហុយ​ខ្លាំង

ដោយ ហង្ស សាវយុត
2017-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឡាន​ដឹក​ថ្ម​ធំៗ​របស់​ក្រុមហ៊ុន​ចិន បើក​លើ​ផ្លូវ​លំ​ឆ្លង​កាត់​ភូមិ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៤។
ឡាន​ដឹក​ថ្ម​ធំៗ​របស់​ក្រុមហ៊ុន​ចិន បើក​លើ​ផ្លូវ​លំ​ឆ្លង​កាត់​ភូមិ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Hang Savyouth

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លំ​ក្រួស​ក្រហម​ប្រវែង​ជាង ៤០​គីឡូម៉ែត្រ ចេញ​ពី​ស្រុក​ជីក្រែង ឆ្ពោះ​ទៅ​ឃុំ​ខ្វាវ កំពុង​រង​ការ​ប៉ះពាល់​សុខភាព ដោយសារ​តែ​ធូលី​ដី​ហុយ​ខ្លាំង​នៅ​ក្នុង​រដូវ​ប្រាំង​នេះ។

ជា​រៀង​រាល់​ថ្ងៃ ដី​ហុយ​ខ្លាំង​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ឯកជន​ខ្លះ រួម​នឹង​ក្រុមហ៊ុន​ចិន សៀងហៃ ផង តែង​បើក​ឡាន​ធំៗ​ដឹក​ដី និង​ដឹក​ថ្ម​ឆ្លង​កាត់ ប៉ុន្តែ​មិន​ដែល​ជួយ​យក​ទឹក​ស្រោច​ផ្លូវ​នោះ​កុំ​ឲ្យ​ហុយ​ឡើយ។

ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម ចេញ​ពី​ស្រុក​ជីក្រែង ទៅ​ឃុំ​ខ្វាវ មិន​សប្បាយ​ចិត្ត​ចំពោះ​ដី​ហុយ​ជា​រៀង​រាល់​ថ្ងៃ ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​រស់នៅ ព្រម​ទាំង​ប៉ះពាល់​ដល់​សុខភាព​ផង​នោះ​ទេ។

ក្រុម​អ្នក​ភូមិ​ចង់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន យក​ចិត្ត​ទុក​ដាក់ និង​ដោះស្រាយ​យ៉ាង​ណា​ដើម្បី​កាត់​បន្ថយ​បញ្ហា​ដី​ហុយ​នៅ​ក្នុង​តំបន់​ដែល​ពួក​គេ​រស់នៅ។

បុរស​អ្នក​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ជាច្រើន​ទៀត គឺ​លោក ឡុង យាន។ លោក​មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ថ្ងៃ លោក​មាន​អារម្មណ៍​មិន​ល្អ​ទេ នៅ​ពេល​ដែល​ធូលី​ដី​ហុយ​ខ្លាំង​ចូល​ក្នុង​ផ្ទះ មិន​ថា​ពេល​សម្រាន្ត ឬ​ក៏​ពេល​ពិសា​អាហារ​ឡើយ៖ «រាល់​ថ្ងៃ​មាន​ក្រុមហ៊ុន​ចិន ដឹក​ថ្ម មាន​ឯកជន​គេ​ដឹក​ដី​លក់​តាម​ភូមិ ធ្វើ​ឲ្យ​ដី​ហុយ ហើយ​ប្រជាពលរដ្ឋ​រង​ការ​ប៉ះពាល់ ហូប​ក៏​មិន​បាន អង្គុយ​ក៏​មិន​ស្រួល​ទេ»

កាល​ពី​ឆ្នាំ​២០១៦ ស្ថានភាព​ផ្លូវ​ហុយ​ដី​ខ្លាំង​នេះ ធ្លាប់​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​នៅ​ឃុំ​ខ្វាវ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មើល​ផ្លូវ​មិន​ឃើញ ហើយ​បើក​ម៉ូតូ​បុក​គ្នា។ កាលណោះ​ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​ធ្លាប់​រួម​គ្នា​បិទ​កំណាត់​ផ្លូវ​លំ មិន​ឲ្យ​រថយន្ត​ដឹក​ដី និង​ថ្ម​បើក​ឆ្លង​កាត់ ក៏ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន បាន​បើក​ឲ្យ​រថយន្ត​ធ្វើ​ចរាចរ​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ធានា​ស្រោច​ទឹក​លើ​ផ្លូវ​កុំ​ឲ្យ​ដី​ហុយ។

បច្ចុប្បន្ន កំណាត់​ផ្លូវ​លំ​ក្រួស​ក្រហម​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ដែល​មាន​ធូលី​ដី​ហុយ​នោះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជាង ១.០០០​គ្រួសារ រស់នៅ​ក្នុង​ឃុំ​ខ្វាវ ឃុំ​ពង្រលើ និង​ឃុំ​ពង្រក្រោម របស់​ស្រុក​ជីក្រែង។

មេ​ឃុំ​ខ្វាវ លោក គញ់ ហ៊ត មាន​ប្រសាសន៍​ថា បញ្ហា​ដី​ហុយ​នេះ​លោក​មិន​មាន​ដំណោះស្រាយ​អ្វី​ឲ្យ​ប្រសើរ​ទេ។ លោក​មេ​ឃុំ​ក៏​មាន​កង្វល់​ដូច​ប្រជាពលរដ្ឋ​ដែរ ពីព្រោះ​ផ្ទះ​របស់​លោក​ក៏​កំពុង​ទទួល​រង​ការ​ប៉ះពាល់​ដោយសារ​ធូលី​ដី​ហុយ​ដូច​គ្នា៖ «ចាំ​មើល​ខ្ញុំ​ប្រជុំ​ក្រុមប្រឹក្សា​ឃុំ​ស្អែក។ យើង​នឹង​ពិភាក្សា​ថា តើ​គួរ​ដាក់​វិធានការ​ទប់ស្កាត់​យ៉ាង​ម៉េច

ចំណែក​អភិបាល​ស្រុក​ជីក្រែង លោក ពៅ ប៊ុនធឿន សុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លំ​នោះ​មាន​ការ​អត់ធ្មត់ ពីព្រោះ​តែ​គម្រោង​សាងសង់​ផ្លូវ​នោះ​ជិត​បញ្ចប់​ហើយ។ លោក​អភិបាល​ស្រុក​ជីក្រែង មាន​ប្រសាសន៍​ថា ផ្លូវ​លំ​នោះ គឺ​កង​វិស្វកម្ម​នៃ​ក្រសួង​ការពារ​ជាតិ កំពុង​ធ្វើ បំណង​ឈាន​ទៅ​ដល់​ការ​ចាក់​កៅស៊ូ ប៉ុន្តែ​ដំណាក់​កាល​នេះ គឺ​ទើប​តែ​ចាក់​ក្រួស​ក្រហម​នៅ​ឡើយ ទើប​បណ្ដាល​ឲ្យ​ហុយ។

លោក​អភិបាល​ស្រុក​ជីក្រែង បញ្ជាក់​ទៀត​ថា ជា​រៀង​រាល់​ថ្ងៃ ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ក៏​បាន​ប្រើ​ឡាន​ទឹក​បាញ់​កុំ​ឲ្យ​ហុយ​ដី​ដែរ ក៏ប៉ុន្តែ​មិន​អាច​ទប់ស្កាត់​បាន​ទេ ពីព្រោះ​វា​ជា​រដូវ​ប្រាំង ធ្វើ​ឲ្យ​ដី​ស្ងួត​លឿន៖ «យើង​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ ត្រូវ​ស្រោច​ទឹក​លើ​ផ្លូវ​ក្នុង​មួយ​ថ្ងៃ​ចំនួន ៣​ដង ក៏ប៉ុន្តែ​ខែ​នេះ​ក្ដៅ បន្ទាប់​ពី​ស្រោច​ទឹក​បាន​តែ ២-៣​ម៉ោង​ក៏​ហុយ​ទៀត»

ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​ពី​ស្រុក​ជីក្រែង ទៅ​ឃុំ​ខ្វាវ ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ ដែល​ចេញ​ថវិកា​ចាក់​កៅស៊ូ​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នោះ នឹង​ធ្វើ​ឡើង​ជា​ជំហានៗ។ គម្រោង​ចាក់​កៅស៊ូ​លើ​ផ្លូវ​លំ​មួយ​ខ្សែ​នេះ អាច​នឹង​ធ្វើ​រួច​រាល់​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល