អាជ្ញាធរខណ្ឌទាំង៧ ដែលនៅជាប់ទន្លេបានចាប់ផ្ដើមចុះណែនាំអ្នករស់នៅតាមបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយនៅលើផ្ទៃទឹកឱ្យស្ម័គ្រចិត្តរុះរើចេញមុនថ្ងៃកំណត់នៃឱសានវាទរបស់អាជ្ញាធររាជធានីភ្នំពេញ។ ក្នុងករណីមិនព្រមរើចេញទេ អាជ្ញាធរនឹងប្រើកម្លាំងសមត្ថកិច្ចមករុះរើ និងអនុវត្តវិធានការផ្លូវច្បាប់។
អ្នករត់រ៉ឺម៉កម៉ូតូម្នាក់ នៅម្ដុំខណ្ឌឫស្សីកែវលោក ញៀវ ចាន់ និយាយថា លោកឃើញផ្ទះបណ្ដែតទឹកនៅតែច្រើនពេញទន្លេសាបដដែល និងមិនបានឃើញមានការរុះរើគួរឲ្យកត់សម្គាល់ណាមួយទេ គិតត្រឹមថ្ងៃទី០៩ ខែមិថុនា ម្សិលមិញ៖ «ឃើញអត់ទាន់រុះរើទេមើលទៅ។ ឃើញកាណូតគេជិះផ្សាយដល់ពិតប្រាកដមិនដឹងដែរ។មើលឃើញគេដាក់ទូកមេក្រូជិះផ្សាយ គ្រាន់តែមើលឲ្យតែឃើញៗទៅ»។
ទោះយ៉ាងណា គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយកាលពីថ្ងៃទី០៨ ខែមិថុនាថា អាជ្ញាធរខណ្ឌជាប់ទន្លេទាំងអស់ក្នុងភូមិរាជធានាភ្នំពេញ បានចុះផ្សព្វផ្សាយអប់រំអ្នករស់នៅ និងប្រកបរបរលើផ្ទៃទឹកទន្លេឲ្យរើចេញខ្លួនឯងឲ្យបានលឿនបំផុត។
ប្រភពដដែលបញ្ជាក់ថា ក្នុងករណីមិនមានការរុះរើចេញនោះទេ នៅថ្ងៃទី១២ ខែមិថុនាខាងមុខ សមត្ថកិច្ចរាជធានីភ្នំពេញ នឹងចុះអនុវត្តចាត់វិធានការរុះរើ ផ្ទះបណ្ដែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយទាំងនោះហើយ។

អធិការខណ្ឌឫស្សីកែវលោក ហ៊ាង ផារ៉េត ឲ្យអាស៊ីសេរីដឹងថា នគរបាលពិតជាបានចុះទៅអមជាមួយរដ្ឋបាលខណ្ឌ ដើម្បីផ្សព្វផ្សាយបទបញ្ជានេះមែន។ អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអភិបាលខណ្ឌឫស្សីកែវលោក ជា ពិសី និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដី បានទេនៅថ្ងៃទី៩ ខែមិថុនា។
ទោះជាយ៉ាងណាលោក ជា ពិសី ប្រាប់សារព័ត៌មានកម្ពុជាថ្មីថា មានអ្នកស្នាក់នៅលើផ្ទៃទឹកខ្លះ ស្ម័គ្រចិត្តរុះរើចេញហើយ តែក៏មានអ្នកស្នើសុំពន្យារពេលប្រមូលផលត្រីរួចរាល់សិន។
ជុំវិញករណីនេះ ទាំងស្ថានទូតវៀតណាម សមាគមវៀតណាមនៅកម្ពុជា និងសមាគមខ្មែរឥស្លាមបានស្នើសុំឲ្យអាជ្ញាធរពន្យារពេលដែរ តែមិនទាន់ទទួលបានការឆ្លើយតបពីអាជ្ញាធរទេ។ អ្នកប្រើប្រាស់បណ្ដាញសង្គម(facebook)មួយចំនួនមិនជឿថា អាជ្ញាធរហ៊ានបណ្ដេញជនជាតិវៀតណាម ដែលកំពុងរស់នៅលើបែ និងផ្ទះបណ្ដែតទឹកទេ។ អ្នកខ្លះរិះគន់អាជ្ញាធរថា ហ៊ានតែជាមួយជនជាតិខ្មែរគ្នាឯងទេ។
ទោះជាយ៉ាងណា សង្គមស៊ីវិល យល់ថាអាជ្ញាធររាជធានីភ្នំពេញ គួរសិក្សាបទពិសោធន៍ខ្លះៗនៃការបណ្ដេញបែចិញ្ចឹមត្រី និងផ្ទះបណ្ដែតទឹកពីខេត្តកំពង់ឆ្នាំង។
តំណាងអង្គការការពារសិទ្ធិជនជាតិដើមភាគតិចសាខាខេត្តកំពង់ឆ្នាំងលោក ទត គឹមស្រួយ គាំទ្រវិធានការឆាប់បណ្ដេញបែចិញ្ចឹមត្រី និងផ្ទះបណ្ដែតទឹកចេញពីភ្នំពេញ ព្រោះស្ថានភាពទន្លេសាបនៅភ្នំពេញតូចជាងផ្ទៃទន្លេសាបនៅខេត្តកំពង់ឆ្នាំង។ តែយ៉ាងណា លោកថា រយៈពេល ១ សប្ដាហ៍ទំនងជាអ្នកចិញ្ចឹមត្រីត្រៀមខ្លួនមិនទាន់ទេ។

បន្ថែមពីនេះ លោកក៏ជំរុញឲ្យអាជ្ញាធររកទីតាំងដែលអាចឲ្យពលរដ្ឋស្របច្បាប់មានលទ្ធភាពជួលដីដើម្បីបន្តមុខរបរចិញ្ចឹមត្រី។ ឯអ្នកស្នាក់នៅខុសច្បាប់ លោក ជំរុញឲ្យអនុវត្តច្បាប់អន្តោប្រវេសន្ត៖ « សូមសំណូមពរជាចុងក្រោយ គួរតែលោកអភិបាលក្រុងធ្វើសេចក្ដីណែនាំឲ្យច្បាស់ ឲ្យគាត់ឡើងគោកហ្នឹង គឺកំណត់រយៈពេលហ្នឹង ឃើញថា គាត់កំណត់រយៈពេលហ្នឹងវាឆាប់ពេក។ ប៉ុន្តែគួរតែមានបទបញ្ជាឲ្យច្បាស់លាស់ថា ឲ្យគាត់រកដីធ្លី ឬឲ្យដោះស្រាយដោយខ្លួនឯង។ អាហ្នឹងបានវាត្រឹមត្រូវ»។
មកដល់ពេលនេះ អាជ្ញាធរមិនទាន់បង្ហាញចំនួនតួលេខអ្នកស្នាក់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយទាំងអស់នៅឡើយទេ។តែសមាគមវៀតណាមនៅកម្ពុជា អះអាងជនជាតិវៀតណាមជាងមួយពាន់ (១.០០០) នាក់ ស្នាក់នៅលើផ្ទៃទឹកនៅក្រុងភ្នំពេញយូរឆ្នាំហើយ ខណៈមានជនជាតិវៀតណាមជាងមួយរយ (១០០) ផ្ទះ បានបណ្ដែតពីខេត្តកំពង់ឆ្នាំងចូលមក។ ក្រៅពីនេះមានមួយចំនួនទៀត គឺជាជនជាតិចាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។