មន្ត្រីសុខាភិបាល អំពាវនាវឲ្យពលរដ្ឋពាក់ព័ន្ធនាំគ្នាធ្វើតេស្ត និងធ្វើចត្តាឡឺស័ក ប៉ុន្តែមិនបញ្ជាក់ថាពួកគាត់ពាក់ព័ន្ធដោយរបៀបណា។ ឯមន្ត្រីអង្គការសង្គមស៊ីវិល ថា ការឆ្លងកូវិដ១៩នេះ ជាហានិភ័យធំមួយរបស់កម្ពុជា ដែលអាចនឹងរាលដាលទ្រង់ទ្រាយធំ ប្រសិនបើប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ មិនបានការពារខ្លួន ឱ្យមានត្រឹមត្រូវទាំងអស់គ្នានោះ ពីព្រោះរដ្ឋាភិបាលមិនទាន់កំណត់អត្តសញ្ញាណការឆ្លងជំងឺនេះ បណ្ដាលមកពីអ្វីនៅឡើយ។
ក្រោយពីប្រកាសថា កម្ពុជា បានដើរឆ្លងចូលបន្ទាត់ក្រហម នៃគ្រោះថ្នាក់ធំ ព្រោះជំងឺកូវីដ-១៩ បានឆ្លងរាលដាលចូលក្នុងសហគមន៍ និងចម្លងដល់មនុស្ស ១៤ នាក់ត្រឹមតែរយៈពេលពីរថ្ងៃចុងក្រោយនេះ អ្នកពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន អំពាវនាវឲ្យពលរដ្ឋទាំងអស់រួមគ្នា អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នឲ្យមែនទែន ក្នុងការបង្ការ និងទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ រាលដាលកាន់តែខ្លាំងឡើង៖ «សម្រាប់បងប្អូនទូទៅ សូមលោកអ្នកបន្តអនុវត្តនូវវិធានការការពារខ្លួន ដោយពាក់ម៉ាស់ នៅពេលធ្វើដំណើរចេញក្រៅ។ ប៉ុន្តែ ក្នុងដំណាក់កាលនេះ ប្រសិនបើមិនមានករណីចាំបាច់អ្វីទេ គឺសូមនៅផ្ទះសម្បែង ហើយមើលការខុសត្រូវលើក្រុមគ្រួសារ លើកូនចៅឲ្យបានត្រឹមត្រូវជាទីបំផុត។ ប្រសិនបើចាំបាច់ ដែលត្រូវចេញទៅក្រៅផ្ទះនោះ សូមប្រើប្រាស់ម៉ាស់ ឲ្យបានជាប់ជានិច្ច។ ទីពីរគឺត្រូវលាងសម្អាតដៃឲ្យបានញឹកញាប់ ហើយចៀសវាងយកដៃប៉ះពាល់លើផ្ទៃមុខរបស់ខ្លួន នៅពេលដែលដៃហ្នឹងមិនបានលាងសម្អាត និងទីបីត្រូវរក្សានូវគម្លាតសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ឲ្យលើសពីមួយម៉ែត្រកន្លះ ឡើងទៅ»។
អ្នកស្រី ឱ វណ្ណឌីន បន្ថែមថា មានតែការចូលរួមទាំងអស់គ្នាប៉ុណ្ណោះ ទើបកម្ពុជាអាចជំនះគ្រោះមហន្តរាយនេះបាន៖ «យើងជំនះនូវឧបសគ្គ នៅពេលនេះ ដើម្បីធ្វើយ៉ាងណាកាត់ឲ្យបាននូវ ខ្សែចម្លង វីរុសកូវីដ - ១៩នេះ»។
ការចម្លងបន្តក្នុងសហគមន៍នៅពេលនេះ កំពុងក្លាយជាកង្វល់ថ្នាក់ជាតិ ព្រោះរហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល នៅតែមិនទាន់អាចប្រភពដើមនៃការចម្លងនេះនៅឡើយ ស្របពេលដែលចំនួនអ្នកឆ្លងជំងឺ ដែលពាក់ព័ន្ធនឹងការចម្លងក្នុងសហគមន៍លើកដំបូង គិតពីថ្ងៃទី ២៨ ខែ វិច្ឆិកានោះ បានកើនឡើងដល់ ១៤នាក់ គិតមកត្រឹមថ្ងៃទី ៣០ ខែ វិច្ឆិកា។
ក្រសួងសុខាភិបាល បានអំពាវនាវឲ្យពលរដ្ឋដែលពាក់ព័ន្ធនៅខេត្តចំនួន ៧ និងនៅភ្នំពេញផង ប្រញាប់មកធ្វើតេស្ត និងធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ប៉ុន្តែក្រសួងមិនបានផ្តល់ព័ត៌មានជាក់លាក់ ថាតើអ្នកទាំងនោះ ប៉ះពាល់ដោយរបៀបណានោះទេ។
អាស៊ីសេរី បានព្យាយាមសុំការបំភ្លឺ ពីអ្នកនាំពាក្យក្រសួងសុខាភិបាល អំពីថា តើឲ្យប្រជាពលរដ្ឋ សហការ និងសាមគ្គីគ្នាមកធ្វើតេស្ត និងធ្វើចត្តាឡឺស័កយ៉ាងដូចម្តេច បើក្រសួងមិនបានប្រកាសជាសាធារណៈ ថាពលរដ្ឋនៅខេត្តទាំង ៧ ដូចជាខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ ស្ទឹងត្រែង និងមណ្ឌលគិរីជាដើមនោះ ថាតើពួកគាត់ប៉ះពាល់ជាមួយក្រុមគ្រួសារអ្នកផ្ទុកជំងឺកូវីដ-១៩ នោះ ដោយរបៀបណា និងនៅតំបន់ជាក់លាក់ណាខ្លះ នៅក្នុងខេត្តទាំងនោះ ឬប៉ះពាល់នៅទូទាំងខេត្ត។
ការមិនប្រកាសឲ្យបានជាក់លាក់អំពីព័ត៌មាននេះ ហាក់ធ្វើឲ្យពលរដ្ឋកើនការព្រួយបារម្ភ និងភ័យខ្លាច។ បើទោះជាយ៉ាងណា អ្នកស្រី ឱ វណ្ណឌីន បានប្រកាសលេខទូរស័ព្ទ hotline បីខ្សែ ឲ្យទាក់ទង រឿងជំងឺកូវីដ-១៩ នេះ ប៉ុន្តែពេលអាស៊ីសេរី តេចូលច្រើនលើកកាលពី ថ្ងៃទី ៣០ វិច្ឆិកា គ្មានអ្នកទទួល។
ទោះជាបញ្ហាជំងឺកូវីដ-១៩ នេះកើតមាននៅកម្ពុជាតាំងពីដើមឆ្នាំ និងពលរដ្ឋមានការព្រួយបារម្ភ និងភ័យខ្លាចក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរទូទៅ នៅតែមានភាពឆកល្វែងក្នុងការការពារ និងបង្ការជំងឺនេះ ព្រោះមានពលរដ្ឋតិចតួចណាស់ ដែលពាក់ម៉ាស់ ពេលចេញទៅខាងក្រៅ។
អ្នកឃ្លាំមើលសង្គម និងជាអ្នកវិភាគលោកបណ្ឌិត មាស នី យល់ឃើញថា ទម្លាប់មិនសូវប្រយ័ត្នប្រយែងខ្ពស់ ទុកចាំទាល់តែទឹកដល់ច្រមុះ ទើបប្រឹងប្រវេប្រវានេះ គឺដោយសារការយល់ដឹង និងការអប់រំនៅមានកម្រិត និងការមិនខ្លាចការបំពានច្បាប់ទម្លាប់។ លោកបណ្ឌិត មាស នី បន្ថែមថា កុំថាឡើយពលរដ្ឋទូទៅ សូម្បីតែមន្ត្រីរដ្ឋាភិបាល ហាក់ដូចជាមិនសូវមានវិន័យក្នុងការគោរពការណែនាំប៉ុន្មាននោះទេ៖ «ថ្ងៃទី៣ វិច្ឆិកា ក៏យើងឃើញដូចគ្នាដែរ ថាសូម្បីតែមន្ត្រីរដ្ឋាភិបាលថ្នាក់ខ្ពស់ៗហ្នឹង ក៏គាត់មិនសូវជាផ្តល់ភាពជាគំរូ ក្នុងការអនុវត្តច្បាប់ ដើម្បីឲ្យពលរដ្ឋធ្វើតាមដែរ បានន័យថា អ្នកណាធ្វើក៏ធ្វើទៅ យើងដឹងហើយដូចមានករណីខ្លះ សូម្បីតែដឹងថាខ្លួនគាត់បានប៉ះពាល់ដោយផ្ទាល់ជាមួយនឹងជំងឺអ្នកកើតកូវីដ - ១៩ ហើយក៏ដោយ ក៏គាត់អត់បានគិតថាតើគាត់ ត្រូវបំពេញ តួនាទីគំរូអ្វីខ្លះ ដើម្បីឲ្យពលរដ្ឋ មើលឃើញ»។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងបានធ្វេសប្រហែស និងបំពានគោលការណ៍របស់ក្រសួងសុខាភិបាល ក្នុងការបង្ការជំងឺកូវីដ-១៩។ ការបំពាននេះ បានប្រព្រឹត្តទៅជាហូរហែ និងចុងក្រោយគេ គឺក្នុងព្រឹត្តិការណ៍ ថ្ងៃទី៣ ខែ វិច្ឆិកា ពេលទទួលគណៈប្រតិភូប្រទេសហុងគ្រី (Hungary) ដោយមិនពាក់ម៉ាស់ មិនរក្សាគម្លាត និងចាប់ដៃគ្នាជាដើម។
ជាបន្តបន្ទាប់មកទៀត មន្ត្រីរដ្ឋាភិបាល ក្នុងនោះមានរដ្ឋមន្ត្រីផង បានបំពានគោលការណ៍ធ្វើចត្តាឡឺស័កនៅតាមផ្ទះ ដោយអ្នកខ្លះចេញពីផ្ទះ ទៅដើរហាត់ប្រាណតាមផ្លូវ និងខ្លះទៀតចុះទៅមូលដ្ឋាន ចុះជួបប្រជាពលរដ្ឋ ទាំងខ្លួនស្ថិតក្នុងស្ថានភាពមានហានិភ័យឆ្លង និងចម្លងជំងឺនេះ ទៅដល់អ្នកដទៃថែមទៀតផង។
ការធ្វើចត្តាឡឺស័កនៃព្រឹត្តិការណ៍ថ្ងៃទី ០៣ ខែ វិច្ឆិកានោះ ទើបតែបិទបញ្ចប់កាលពីថ្ងៃទី២៥ ខែ វិច្ឆិកា។ ប៉ុន្តែ បើគិតទាំងការល្មើសគោលការណ៍ចត្តាឡឺស័កនេះ រយៈពេលធ្វើចត្តាឡឺស័កពេលនោះ អាចវែងជាងនេះ។ គេនៅមិនទាន់ដឹងថា តើព្រឹត្តិការណ៍ ០៣ វិច្ឆិកានោះ អាចជាដើមចមដែលនាំឲ្យមានព្រឹត្តិការណ៍ ២៨វិច្ឆិកានោះដែរ ឬយ៉ាងណានៅឡើយនោះទេ។
បើការឆ្លងរាលដាលក្នុងសហគមន៍នេះ មានទ្រង់ទ្រាយធំ អ្នកវិភាគថាកម្ពុជា អាចរងសម្ពាធធ្ងន់ផ្នែកសុខាភិបាល ដោយសារតែភាពអត្តខាត់ ឬខ្វះខាតផ្នែកបរិក្ខារពេទ្យ។ លោកបណ្ឌិត មាស នី លើកយកករណីនៅខេត្តបាត់ដំបង ធ្វើជាឧទាហរណ៍អំពីភាពខ្វះខាតនេះ៖ «បើសិនជាមានជំងឺរហូតដល់មានជំងឺធ្ងន់ដូចនៅស្រុកគេ រហូតដល់មានការធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើមធ្ងន់ធ្ងរទៀតផងនោះ ខ្ញុំគិតថានៅខេត្តបាត់ដំបង បើមានតែមនុស្សហាសិបនាក់អី ចាប់ផ្តើមមានជំងឺធ្ងន់មក ប្រហែលជាសូម្បីតែម៉ាស៊ីនដកដង្ហើមហ្នឹង មិនដឹងថា យើងមានគ្រប់ ឬមិនគ្រប់ផង»។
រហូតមកដល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយ ថា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ម្នាក់នៅឡើយទេ។ ឯអ្នកឆ្លងជំងឺនេះ ក៏នៅមានចំនួនតិចនៅឡើយ បើប្រៀបធៀបនឹងប្រទេសជិតខាង។ ប៉ុន្តែលោកបណ្ឌិត មាស នី ថា បើមានស្លាប់តែម្នាក់ដោយសារតែជំងឺនេះ ប្រជាពលរដ្ឋខ្មែរនឹងនាំគ្នាព្រួយបារម្ភ និងប្រុងប្រយ័ត្នខ្ពស់ជាងនេះ ជាក់ជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
