ជំងឺ​ផ្ដាសាយ​បក្សី​H5N1

ជំងឺ​ផ្ដាសាយ​បក្សី (H5N1) ត្រូវ​បាន​គេ​រាយការណ៍​ថា កើត​មាន​ជា​រឿយៗ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី។ នៅ​ប្រទេស​ចិន កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ក៏​កើត​មាន​ករណី​ជំងឺ​នេះ​ដែរ។ ចំណែក​ឯ​ប្រទេស​កម្ពុជា វិញ គ្រាន់​តែ​ត្រឹម ២​ខែ​ដើម​ឆ្នាំ​២០១៣ មាន​មនុស្ស​៩​នាក់​ហើយ​ដែល​ឆ្លង​ជំងឺ​នេះ ហើយ​ភាគ​ច្រើន​បាន​ស្លាប់។
ដោយ ឡេង ម៉ាលី
2013.02.28

ជំងឺ​ផ្ដាសាយ​បក្សី ជា​ប្រភេទ​ជំងឺ​គ្រោះ​ថ្នាក់​បំផុត​មួយ​ដែល​ពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​ក្នុង​ប្រទេស​តំបន់​អាស៊ាន នៅ​តែ​ប្រឈម​មុខ​ជា​រៀង​រាល់​ថ្ងៃ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

នៅ​ប្រទេស​កម្ពុជា មាន​ករណី​ថ្មី​មួយ​ទៀត​ដែល​បុរស​អាយុ ៣៥​ឆ្នាំ​ម្នាក់ រស់​នៅ​ឃុំ​មេសរជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម បាន​ស្លាប់​ដោយ​សារ​ជំងឺ​ផ្ដាសាយ​បក្សី​នេះ នៅ​យប់​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ។ បុរស​រូប​នេះ ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា និង​ក្រសួង​សុខាភិបាល​កម្ពុជា កំណត់​ថា ជា​ជន​រងគ្រោះ​ទី៨​ហើយ​ដែល​ស្លាប់​ដោយ​សារ​ជំងឺ​ផ្ដាសាយ​បក្សី ក្នុង​ចំណោម​អ្នក​ឆ្លង​ចំនួន ៩​នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ដើម​ឆ្នាំ​២០១៣ នេះ។

មូលហេតុ៖

ឯកសារ​នៅ​លើ​គេហទំព័រ​របស់​អង្គការ​សុខភាព​ពិភព​លោក សរសេរ​ថា មាន​មេរោគ​វីរុស​ជាច្រើន​ប្រភេទ​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​ផ្ដាសាយ​បក្សី ហើយ​ជា​ធម្មតា ចម្លង​រវាង​សត្វ​បក្សី​ឈឺ​ទៅ​បក្សី​ផ្សេង​ទៀត។ មេរោគ​វីរុស​ប្រភេទ​H5N1 គឺ​ជា​ប្រភេទ​មេរោគ​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​ផ្ដាសាយ​បក្សី​​ធ្ងន់ធ្ងរ។ ជំងឺ​ផ្ដាសាយ​បក្សី​ភាគ​ច្រើន​បំផុត មិន​ងាយ​ឆ្លង​មក​មនុស្ស​ទេ។ ក៏​ប៉ុន្តែ ជួន​កាល​វា​អាច​ចម្លង​ពី​បក្សី​ទៅ​មនុស្ស ជា​ពិសេស​មេរោគ​វីរុស​ផ្ដាសាយ​បក្សី​ប្រភេទ​H5N1។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោក ភីតធើ វ៉ាន់ ម៉ារ៉េន (Pieter Van Maaren) បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា មេរោគ​វីរុស​ប្រភេទ​H5N1 ដែល​បង្ក​ជំងឺ​ផ្ដាសាយ​បក្សី​ឆ្លង​មក​មនុស្ស​បែប​នេះ គឺ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «មេរោគ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​នេះ ពិត​ជា​មាន​នៅ​ប្រទេស​កម្ពុជា ជាពិសេស គឺ​នៅ​នឹង​សត្វ ដូច​ជា​មាន់ និង​ទា។ នៅ​ពេល​ដែល​មាន់ និង​ទា​ឈឺ​ដោយ​សារ​មេរោគ​នេះ គឺ​មនុស្ស​ក៏​អាច​ឈឺ​ដែរ។ រឿង​កើត​ចំពោះ​មនុស្ស​ហ្នឹង វា​កើត​មាន ៩​ករណី​ហើយ​នៅ​កម្ពុជា ឆ្នាំ​នេះ»

ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ​H5N1 ត្រូវ​បាន​អ្នក​ជំនាញ​ខាង​សុខាភិបាល ដូច​ជា​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​នៅ​ពេល​ណា​តំបន់​ណា​មួយ​មាន​សត្វ​ស្លាប ឬ​មាន់​ទា កើត​មាន​ជំងឺ​នេះ​ច្រើន ដោយ​ហេតុ​តែ​វា​អាច​ឆ្លង​ដល់​មនុស្ស និង​អាច​ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​បាន។

វិធី​ឆ្លង៖

ឯកសារ​របស់​អង្គការ​សុខភាព​ពិភពលោក សរសេរ​ថា ជំងឺ​នេះ​ឆ្លង​តាម​ការ​ប៉ះពាល់​ទឹក​សំបោរ ទឹក​មាត់ និង​លាមក​សត្វ​ឈឺ ឬ​ងាប់ ដែល​បណ្ដាល​មក​ពី​មេរោគ​H5N1នេះ។ ដូច​ករណី​បុរស​អាយុ ៣៥​ឆ្នាំ ដែល​ស្លាប់​នៅ​ខេត្ត​កំពង់ចាម ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ អ្នក​ជំនាញ​បាន​រក​ឃើញ​ថា គាត់​បាន​ប៉ះពាល់​សត្វ​ទា​ងាប់​នៅ​មុន​ថ្ងៃ​ដែល​គាត់​ចាប់​ផ្ដើម​ឈឺ។

ទោះ​ជា​មាន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​ផ្ដាសាយ​បក្សី​H5N1 ដូច្នេះ​ក្ដី ក៏​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោក ភីតធើ វ៉ាន់ ម៉ារ៉េន មាន​ប្រសាសន៍​ថា ស្ថានភាព​នៅ​កម្ពុជា មិន​ទាន់​អាច​និយាយ​បាន​ថា​មាន​ស្ថានភាព​ឆ្លង​រាលដាល​ខ្លាំង​នៅ​ឡើយ​ទេ គឺ​គ្រាន់​តែ​មាន​មេរោគ​នេះ​ដូច​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​អាស៊ាន​ដែរ។

លោក ភីតធើ វ៉ាន់ ម៉ារ៉េន បញ្ជាក់​ទៀត​ថា ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ប្រទេស​កម្ពុជា នឹង​មិន​រាល​ដាល​ទូទៅ​ទេ៖ «គ្រប់​ករណី​ជំងឺ​ទាំង​អស់​ដែល​យើង​រក​ឃើញ យើង​បាន​តាម​ដាន​យ៉ាង​ត្រឹមត្រូវ ហើយ​បាន​ពិនិត្យ​តាម​ដាន​យ៉ាង​ពេញលេញ​ហើយ ដោយ​រក​ឃើញ​ថា មិន​មាន​ករណី​ណា​មួយ​បង្ហាញ​ភស្តុតាង​ថា​នឹង​មាន​ការ​ផ្ទុះ​រាលដាល​ទ្រង់ទ្រាយ​ធំ​ទេ។ ដូច្នេះ យើង​មិន​បារម្ភ​ពី​ថា​នឹង​មាន​ករណី​ជំងឺ​នេះ​កើន​ឡើង​លឿន​នោះ​ទេ។ ក៏​ប៉ុន្តែ ជា​ការ​ពិត យើង​នៅ​តែ​បារម្ភ​ថា ករណី​ជំងឺ​ផ្ដាសាយ​បក្សី​H5N1 នឹង​នៅ​តែ​បន្ត​មាន​ក្នុង​ប្រទេស​កម្ពុជា»

ឯកសារ​របស់​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​កម្ពុជា សរសេរ​ថា ទោះ​បី​ជា​ជំងឺ​ផ្ដាសាយ​បក្សី​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ក្ដី ក៏​វា​អាច​ឆ្លង​រាលដាល​ដូច​គ្នា​នឹង​ជំងឺ​ផ្ដាសាយ​តាម​រដូវ​កាល​ដែរ ប្រសិន​បើ​វា​វិវត្តន៍​ផ្លាស់​ប្ដូរ។

ការ​ព្យាបាល៖

ដោយ​សារ​តែ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​លើ​មនុស្ស ជា​ជំងឺ​ធ្ងន់ធ្ងរ ទើប​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភព​លោក តម្រូវ​ឱ្យ​អ្នក​ជំងឺ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​មន្ទីរ​ពេទ្យ បើ​ពុំ​ដូច្នេះ​ទេ អ្នក​ជំងឺ​នឹង​ស្លាប់​បាន។

ត្រូវ​ប្រញាប់​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ នៅ​ពេល​ណា​អ្នក​ជំងឺ​មាន​រោគ​សញ្ញា ដូច​ជា គ្រុន​ក្ដៅ ក្អក​ញឹកញាប់ និង​ហត់។

វិធី​បង្ការ៖

អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​កម្ពុជា ណែនាំ​ថា ពលរដ្ឋ​គ្រប់​រូប​ត្រូវ​លាង​ដៃ​ឱ្យ​បាន​ញឹកញាប់ ដាក់​កុមារ​ឱ្យ​នៅ​ឆ្ងាយ​ពី​សត្វ​បក្សី ដាក់​សត្វ​បក្សី​ឱ្យ​នៅ​ឆ្ងាយ​ពី​កន្លែង​រស់​នៅ កុំ​ទទួល​ទាន​សត្វ​បក្សី ឬ​មាន់​ទា ដែល​ឈឺ ឬ​ងាប់។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោក ភីតធើ វ៉ាន់ ម៉ារ៉េន ណែនាំ​ថា មនុស្ស​គ្រប់​រូប​ត្រូវ​រក្សា​អនាម័យ​ឱ្យ​ខ្ជាប់ខ្ជួន៖ «ការ​រក្សា​អនាម័យ​ល្អ គឺ​សំខាន់ ដូច​ជា​លាង​ដៃ​ឱ្យ​បាន​ស្អាត​ជានិច្ច ហើយ​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា អ្នក​ដែល​ធ្វើ​ម្ហូប​សម្រាប់​ទទួល​ទាន ត្រូវ​មាន​អនាម័យ ជា​ពិសេស ម្ហូប​ដែល​ធ្វើ​ពី​សាច់​មាន់ និង​ទា ត្រូវ​តែ​ចម្អិន​ឱ្យ​ឆ្អិន​ល្អ»

លោក​បន្ត​ថា ជំងឺ​ផ្ដាសាយ​បក្សី​នៅ​កម្ពុជា តែ​ជា​ករណី​ដាច់​ដោយ​ឡែក​មួយៗ​នៅ​ឡើយ​ទេ ហើយ​ពលរដ្ឋ​កម្ពុជា មិន​គួរ​មាន​ហេតុផល​ណា​មួយ​ព្រួយ​បារម្ភ​អំពី​ការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​នេះ​ឡើយ។ ក្រៅ​ពី​នេះ លោក​រំពឹង​ថា នៅ​ក្នុង​រយៈពេល​ពី ២ ទៅ ៣​ខែ​ខាង​មុខ​នេះ នឹង​មិន​មាន​ករណី​ជំងឺ​នេះ​ទៀត​ទេ។

នៅ​ដើម​ឆ្នាំ​២០១៣ នេះ ជំងឺ​ផ្ដាសាយ​បក្សី​កើន​ដល់ ៩​ករណី​ហើយ ដែល​ក្នុង​នោះ​មាន​កុមារ​អាយុ​ក្រោម ១៥​ឆ្នាំ​ចំនួន ៧​ករណី និង​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​បាន​ស្លាប់​មាន ៨​ករណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។