ក្រសួងសុខាភិបាលកាលពីថ្ងៃទី២១ ខែកុម្ភៈ បានអំពាវនាវជាថ្មីទៀតឱ្យពលរដ្ឋនាំកុមារអាយុចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ ទៅចាក់ថ្នាំបង្កាជំងឺកូវីដ-១៩ ដែលយុទ្ធនាការនេះនឹងចាប់ផ្ដើមនៅថ្ងៃទី២៣ កុម្ភៈនេះតទៅ។ ក្រសួងសុខាភិបាលជូនដំណឹងដែរថា សម្រាប់ដូសជំរុញ ឬដូសទី២កុមារ និងទី៣ សម្រាប់កុមារអាយុពី៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក៏បានចាប់ផ្ដើមចាក់ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ នៅគ្រប់រាជធានីខេត្ត។
ជាមួយគ្នានេះ ក្រសួងណែនាំទៅអាជ្ញាធរមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ផ្ដល់ថ្នាំបង្ការដល់ពលរដ្ឋឱ្យបានឆាប់រហ័ស និងជារៀងរាល់ថ្ងៃរាប់ទាំងថ្ងៃឈប់សម្រាកផង។ លើសពីនេះក្រសួងណែនាំដល់ពលរដ្ឋកុំឱ្យធ្វេសប្រហែស អនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន គឺត្រូវពាក់ម៉ាស់ រក្សាគម្លាត លាងសម្អាតដៃ និងចាក់វ៉ាក់សាំងការពារជំងឺឱ្យបានគ្រប់ចំនួនរួមទាំងដួសជំរុញទាំងឡាយផង។
ដោយឡែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ក្រុមអ្នកប្រើប្រាស់បណ្ដាញនេះសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចបន្ថែមទីតាំងលក់ថ្នាំព្យាបាលជំងឺកូវីដ-១៩ បន្ថែមទៀត ដើម្បីកាត់បន្ថយមនុស្សកកកុញទៅរកទិញថ្នាំនេះនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សំណើនេះធ្វើឡើងក្រោយពេល ដែលពលរដ្ឋបានសម្រុកទៅទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ម៉ូនូពីរ៉ាវា (Molnupiravir) ដែលដាក់លក់នៅក្រសួងប្រៃសណីយ៍ ដែលមានតម្លៃទាបជាងតម្លៃនៅទីផ្សារឯកជន។
ក្រុមការងារចំពោះកិច្ចគ្រប់គ្រង និងផ្គត់ផ្គង់ឱសថប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមករា បានជូនដំណឹងពីការលក់ឱសថព្យាបាលជំងឺកូវីដ-១៩ ម៉ូលណាទ្រីស (MOLNATRIS) ប្រភេទ ថ្នាំគ្រាប់ ម៉ូលនូពីរ៉ាវា កម្រិត ២០០មីលីក្រាម (Molnupiravir Capsules 200mg) នៅក្រសួង និងមន្ទីរប្រៃសណីយ៍។ ថ្នាំដែលរដ្ឋដាក់លក់នេះមានតម្លៃ ៥៥ ដុល្លារក្នុងមួយដូស (១ដូស ស្មើមួយកំប៉ុង មាន៤០គ្រាប់)។
បើតាមការណែនាំរបស់ក្រសួងសុខាភិបាល មនុស្សពេញវ័យមានរោគសញ្ញាតិចតួច អាចព្យាបាលដោយខ្លួនឯងនៅផ្ទះដោយប្រើថ្នាំព្យាបាល ម៉ូលនូពីរ៉ាវា នេះ។ ប៉ុន្តែក្រសួងក៏បានណែនាំទៀតថា ពលរដ្ឋពុំចាំបាច់ថា ត្រូវតែប្រើថ្នាំប្រភេទនេះទេ គឺគេអាចព្យាបាលជំងឺកូវីដ-១៩ ដោយប្រើថ្នាំព្យាបាលតាមរោគសញ្ញាផ្សេងទៀតបាន ដូចជាថ្នាំក្ដៅខ្លួន ថ្នាំក្អកជាដើម។
បើទោះជាយ៉ាងណាក្រសួងក៏បានចេញសេចក្ដីណែនាំលម្អិតពីការប្រើថ្នាំ ម៉ូលនូពីរ៉ាវា និងស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះរាល់ការប្រើប្រាស់ថ្នាំព្រោះថ្នាំ គឺជាអាវុធមុខ២។
ក្រោយផ្ទុះករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ចូលក្នុងសហគមន៍កាន់តែខ្លាំងក្នុងមួយរយៈចុងក្រោយនេះ ជាពិសេសក្នុងចំណោមកុមារនៅតាមសាលារៀន ពលរដ្ឋមួយចំនួន ហាក់មិនដឹងថា តើពួកគេត្រូវជ្រើសរើសវិធីព្យាបាលកូនដោយរបៀបណា ស្របពេលក្រសួងសុខាភិបាលរងការរិះគន់ថា ពុំបានបង្ហាញវិធានការច្បាស់លាស់។ ពួកគេថា ចំនួនអ្នកកើតជំងឺកូវីដ-១៩ពិតប្រាកដអាចមានច្រើនរហូតដល់ទៅរាប់ពាន់ករណីក្នុងមួយថ្ងៃ ប្រសិនបើគិតពីចំនួនអ្នកកើតដែលបានធ្វើតេស្តរហ័សរកឃើញមេរោគនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។