អ្នក​ភូមិ​នៅ​បាត់ដំបង​ដែល​ធ្វើ​តេស្ដ​ឈាម​មាន​ផ្ទុក​មេរោគ​អេដស៍​បារម្ភ​ពី​អនាគត

ដោយ ហ៊ុំ ចំរើន
2014-12-19
Share
ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍ បាត់ដំបង ៦២០ ពលរដ្ឋ​ចុះ​ឈ្មោះ​ធ្វើ​តេស្ដ​ឈាម​រក​មេរោគ​អេដស៍ នៅ​មណ្ឌល​សុខភាព ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Hum Chamroeun

ក្រុម​ប្រជាពលរដ្ឋ​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជាច្រើន​គ្រួសារ ដែល​ទៅ​ធ្វើ​តេស្ដ​ឈាម ហើយ​រក​ឃើញ​មាន​មេរោគ​អេដស៍​នោះ កំពុង​មាន​ក្ដី​បារម្ភ​អំពី​អនាគត​របស់​ក្រុម​គ្រួសារ។

អ្នក​ភូមិ​បញ្ជាក់​ថា បន្ទាប់​ពី​ជោះ​ឈាម ហើយ​រក​ឃើញ​មេរោគ​អេដស៍​នេះ​ភ្លាម ធ្វើ​ឲ្យ​ពួក​គាត់​បាត់​បង់​កម្លាំង​កាយ​ចិត្ត និង​មាន​ស្មារតី​មិន​នឹងន ធ្វើ​អី​កើត​ទៀត​ឡើយ។ អ្នក​ភូមិ​ថ្លែង​បែប​នេះ គឺ​បន្ទាប់​ពី​សមាជិក​គ្រួសារ​របស់​គាត់ មាន​ផ្ទុក​មេរោគ​អេដស៍​ស្ទើរ​គ្រប់​គ្នា ដោយ​ពុំ​ដឹង​មូលហេតុ​ណា​មួយ​ពិត​ប្រាកដ​នោះ​ទេ។

ក្រុម​គ្រួសារ​ដែល​ធ្វើ​តេស្ដ​ឈាម ហើយ​រក​ឃើញ​មាន​ផ្ទុក​មេរោគ​អេដស៍​ស្ទើរ​អស់​ពី​ផ្ទះ ភាគ​ច្រើន​និយាយ​រៀបរាប់​អំពី​ប្រវត្តិ​កើត​ជំងឺ​នេះ​ថា ជា​រឿង​មួយ​គួរ​ឲ្យ​រន្ធត់​បំផុត​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​ក្នុង​ឆាក​ជីវិត​ពី​មុន​មក​នោះ​ទេ។ ពួក​គាត់​បញ្ជាក់​ថា ពី​មុន​មក​មិន​ធ្លាប់​ទៅ​ប៉ះពាល់​មនុស្ស​ដែល​មាន​មេរោគ​អេដស៍​នោះ​ទេ ហើយ​នឹក​ស្មាន​មិន​ដល់​ថា ជំងឺ​ដែល​សង្គម​ស្អប់​ខ្ពើម​នេះ​កើត​មក​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ឡើយ។

ការ​ពិនិត្យ​ឈាម​នៅ​មណ្ឌល​សុខភាព​ឃុំ​រកា មាន​សមាជិក​គ្រួសារ​ខ្លះ​មាន​ផ្ទុក​មេរោគ​អេដស៍​ស្ទើរ​អស់​ពី​ផ្ទះ។

លោក ឯម ស៊ន រស់នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ អង្គុយ​នៅ​លើ​គ្រែ​ខាង​មុខ​ផ្ទះ ថ្លែង​ទាំង​ទឹក​ភ្នែក​ថា គ្រួសារ​របស់​លោក​មាន​សមាជិក​ទាំងអស់​ចំនួន ៦​នាក់ ក្នុង​នោះ​មាន​មនុស្ស​ចំនួន ៥​នាក់​ដែល​ទៅ​ពិនិត្យ​ឈាម ហើយ​រក​ឃើញ​មាន​មេរោគ​អេដស៍ គឺ​សល់​តែ​រូប​លោក​ម្នាក់​ប៉ុណ្ណោះ​ដែល​គ្មាន​មេរោគ​នេះ។ លោក​បន្ត​ថា នៅ​ពេល​ដែល​ទទួល​ដំណឹង​ថា ក្រុម​គ្រួសារ​មាន​មេរោគ​អេដស៍​ភ្លាម ធ្វើ​ឲ្យ​លោក​បាត់​បង់​ស្មារតី​រក​គិត​អ្វី​មិន​ត្រូវ​ឡើយ៖ «ខ្ញុំ​មិន​ដឹង​និយាយ​ថា​ម៉េច​ទេ​បាន​សម បើ​គ្រួសារ​ខ្ញុំ​កើត​ជំងឺ​អេដស៍​អ៊ីចឹង​ទៅ​ហើយ​នោះ។ បាទ! ជំងឺ​នេះ​ដំបូង​ខ្ញុំ​កូន​របស់​ខ្ញុំ​កើត​ជំងឺ​គ្រុនឈាម ហើយ​ទៅ​ហៅ​ពេទ្យ​ឲ្យ​ព្យាបាល ដល់​ពេល​ជា​ពី​ជំងឺ​ហ្នឹង ស្រាប់​តែ​ផ្ទះ​រឿង​អ្នក​ភូមិ​ទៅ​ជោះ​ឈាម​រក​មេរោគ​អេដស៍ ហើយ​ខ្ញុំ​ក៏​នាំ​គ្នា​ទៅ​ជោះ​ឈាម​ដែរ ក៏​ឃើញ​ជំងឺ​នោះ​តែ​ម្ដង​ទៅ»

បុរស​វ័យ ៤០​ឆ្នាំ​សម្បុរ​ស្រអែម​រូប​នេះ​បន្ត​ទៀត​ថា លោក​ព្រួយ​បារម្ភ​ពី​អនាគត​របស់​កូនៗ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ពួក​គេ​មាន​មេរោគ​នេះ​ជាប់​ខ្លួន ហើយ​មិន​ដឹង​ថា​ទៅ​ថ្ងៃ​ខាង​មុខ​នោះ ពួក​គេ​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។ លោក​ថ្លែង​ទាំង​អួល​ដើម​ក​ទៀត​ថា ពី​ថ្ងៃ​នេះ​ត​ទៅ គឺ​ជីវិត​ក្រុម​គ្រួសារ​របស់​លោក​រស់នៅ​ដោយ​គ្មាន​ន័យ​អ្វី​ជា​ទី​ពឹង​ទៀត​នោះ​ទេ៖ «តាំង​តែ​ពី​កើត​ជំងឺ​នេះ​មក ខ្ញុំ​គ្មាន​សង្ឃឹម​អី​ទៀត បើ​ទោះ​ជា​រូប​ខ្ញុំ​មិន​កើត​ជំងឺ​នេះ​ក៏ដោយ ក៏ប៉ុន្តែ​ថ្ងៃ​ក្រោយ គឺ​ជៀស​មិន​រួច​ឡើយ។ សព្វថ្ងៃ​ហ្នឹង​ព្រួយ​បារម្ភ​អំពី​អនាគត​កូន​តូចៗ ខ្លាច​គេ​និយាយ​ថា​ជា​មនុស្ស​កើត​អេដស៍ ទៅ​ធ្វើ​ឲ្យ​ខ្មាស​គេ ហើយ​បោះ​បង់​ការ​សិក្សា​ចោល​ខូច​អនាគត​ទៅ»

ក្រុម​គ្រួសារ​មួយ​នេះ​មាន​ក្មេង​អាយុ​ក្រោម ១៦​ឆ្នាំ​ចំនួន ៤​នាក់ ដែល​ពិនិត្យ​ឈាម​ហើយ​រក​ឃើញ​មាន​មេរោគ​អេដស៍ ក្នុង​នោះ​ក៏​មាន​កូន​តូច​អាយុ​ប្រមាណ ៨​ខែ​ម្នាក់​ដែរ ដែល​ពួក​គេ​ទាំង​នោះ​រស់នៅ​ដោយ​ពុំ​ដឹង​អ្វី​ទាល់​តែ​សោះ។

ស្ត្រី​ជា​ភរិយា​របស់​គ្រួសារ​នេះ​ដែល​មាន​មេរោគ​អេដស៍​ដែរ​នោះ ដៃ​បី​កូន​បំបៅ​ដោះ​បណ្ដើរ និយាយ​រៀបរាប់​ទាំង​ទឹក​ភ្នែក​ថា ចាប់​តាំង​ពី​អ្នកស្រី​ទទួល​ដំណឹង​ថា ខ្លួន និង​កូនៗ​មាន​មេរោគ​ដែល​មើល​មិន​ជា​នេះ​ភ្លាម នៅ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ចេះ​តែ​រវើរវាយ​គេង​មិន​លក់​បក់​មិន​ល្ហើយ គឺ​គេង​យំ​ឱប​កូន​ហូរ​ទឹក​ភ្នែក​ជោគ​ខ្នើយ​ជា​រៀង​រាល់​យប់៖ «ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​អី តែ​ខ្ញុំ​អាណិត​តែ​កូនៗ​ទេ គ្នា​នៅ​ក្មេង​មិន​ដឹង​អី គេ​ដៀល​ថា​អ៊ីចេះ​ថា​អ៊ីចុះ ទៅ​ធ្វើ​ឲ្យ​គ្នា​មិន​ហ៊ាន​ទៅ​ណា។ កន្លង​មក​ខ្ញុំ​មិន​ដែល​ប៉ះពាល់​អ្នក​កើត​ជំងឺ​អេដស៍​ទេ តែ​ធ្លាប់​ចាក់​ថ្នាំ ដល់​ពេល​ខ្ញុំ​ទៅ​ជោះ​ឈាម គេ​ថា​ខ្ញុំ​មាន​ផ្ទុក​មេរោគ​អេដស៍»

មិន​ត្រឹម​តែ​គ្រួសារ​នេះ​មួយ​ប៉ុណ្ណោះ​ទេ ដែល​បារម្ភ​អំពី​អនាគត​របស់​ខ្លួន​នោះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​និយាយ​ដូចៗ​គ្នា​ថា បន្ទាប់​ពី​ដឹង​លទ្ធផល​តេស្ដ​ឈាម​ភ្លាម ពួក​គាត់​មាន​ការ​ភិតភ័យ និង​បារម្ភ​អំពី​សុខភាព​របស់​ខ្លួន និង​កូនៗ​នៅ​ថ្ងៃ​ខាង​មុខ​យ៉ាង​ខ្លាំង មិន​ដឹង​ថ្ងៃ​អនាគត​នោះ​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ៖ «ខ្ញុំ​បារម្ភ​ពី​អនាគត​របស់​កូន​ខ្ញុំ​ណាស់ ខ្ញុំ​ខ្លាច​ពេល​កូន​ខ្ញុំ​លេប​ថ្នាំ​ពន្យារ​ជំងឺ​អេដស៍​ហ្នឹង ទៅ​ធ្វើ​ឲ្យ​បាត់​បង់​ការ​ចងចាំ​របស់​ក្មេង​ខូច​អនាគត​វា​ទៅ។ ឥឡូវ​នេះ កូន​ខ្ញុំ​ពេទ្យ​ខេត្ត​បាត់ដំបង គេ​លេប​ថ្នាំ​ពន្យារ។ ចំពោះ​ខ្ញុំ​ចាស់​ហើយ ខ្ញុំ​មិន​គិត​អី​ទេ តែ​ខ្ញុំ​គិត​ខ្លាំង គឺ​កូន​របស់​ខ្ញុំ​តែ​ម្ដង គឺ​គ្នា​នៅ​ក្មេង​មិន​ដឹង​អី។ ខ្ញុំ​ឆ្លង​កាត់​ការ​ជោះ​ឈាម​ចំនួន​ពីរ​លើក​មក គឺ​ឃើញ​មាន​មេរោគ​អេដស៍​ទាំង​ពីរ​លើក​ហ្នឹង ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​រន្ធត់​ណាស់»

ទាក់ទង​នឹង​បញ្ហា​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ នៃ​ក្រសួង​សុខាភិបាល លោក តែង គន្ធី មាន​ប្រសាសន៍​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៧ ធ្នូ ថា ប្រជាពលរដ្ឋ​ដែល​ពិនិត្យ​ឈាម​មាន​មេរោគ​អេដស៍​នោះ ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​រកា ឃុំ​រកា ចំណែក​ពលរដ្ឋ​នៅ​ភូមិ​ផ្សេង​មិន​មាន​ជា​បញ្ហា​ចោទ​នោះ​ទេ។ លោក​បន្ត​ថា អ្នក​ដែល​រក​ឃើញ​មេរោគ​ទាំង​នោះ​និយាយ​ថា ពួក​គាត់​សង្ស័យ​ឆ្លង​រោគ​នេះ​ដោយសារ​ការ​ចាក់​ថ្នាំ​ពី​គ្រូពេទ្យ​ក្នុង​ភូមិ​ម្នាក់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា​នេះ​គ្រាន់​តែ​ជា​ការ​សង្ស័យ​នៅ​ឡើយ ចំពោះ​ការ​ពិត​យ៉ាង​ណា​នោះ ខាង​អាជ្ញាធរ​នឹង​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​បន្ត​ទៀត៖ «ហើយ​អ្វី​ដែល​យើង​គិត​ថា​ហ្នឹង​ទៅ តាម​ការ​យល់​ឃើញ​របស់​ប្រជាពលរដ្ឋ​ទេ។ ក៏ប៉ុន្តែ​ក្រុម​ការងារ​បច្ចេកទេស​របស់​យើង​កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង​ធ្វើ​ការងារ​ហ្នឹង មាន​ន័យ​ថា គឺ​យើង​ធ្វើ​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ គឺ​ពុំ​មែន​គ្រាន់​តែ​ជា​ការ​សួរ​ឆ្លើយៗ​ទៅ​លើ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​យ៉ាង​ណា ដើម្បី​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ លោក ឆែម ជឿន ជា​កូនប្រសា​ប្រុស​របស់​គ្រូពេទ្យ​ប្រចាំ​ភូមិ​រកា ដែល​អ្នក​ភូមិ​សង្ស័យ​ថា​ជា​អ្នក​ចម្លង​មេរោគ​នោះ ថ្លែង​ថា ឪពុក​ក្មេក​របស់​លោក​ប្រកប​របរ​ជា​គ្រូពេទ្យ​តាំង​តែ​ត្រឡប់​មក​ពី​ជំរំ​ភៀស​ខ្លួន​នៅ​ព្រំដែន​ថៃ វិញ គឺ​ប្រមាណ​ជាង ២០​ឆ្នាំ​មក​ហើយ ពុំ​ដែល​បង្ក​បញ្ហា​អ្វី​ដល់​អ្នក​ភូមិ​នោះ​ទេ។ លោក​ថា សោកស្ដាយ​ចំពោះ​មតិ​មហាជន​ដែល​សង្ស័យ​ទៅ​លើ​ឪពុក​ក្មេក​របស់​ខ្លួន​នោះ ហើយ​សុំ​ឲ្យ​ទាំងអស់​គ្នា​គួរ​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​បន្តិច​ជា​ការ​ប្រសើរ៖ «កន្លង​មក​មិន​ដែល​មាន​អ្នក​ណា​ស្អប់​គាត់​ទេ បើ​មាន​រឿង​មិន​ដែល​អ្នក​ស្រុក​នេះ​ហៅ​គាត់​ទៅ​ចាក់​ថ្នាំ​នោះ​ទេ បើ​បង​មិន​ជឿ​ខ្ញុំ​ទេ បង​ដើរ​សួរ​តែ​អ្នក​ភូមិ​ទាំងអស់​នេះ គេ​នឹង​និយាយ​ប្រាប់​បង​ហើយ​ថា គាត់​ជា​មនុស្ស​យ៉ាង​ម៉េច​នោះ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចុះ​ទៅ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​រកា ឲ្យ​ចេះ​ថែទាំ​សុខភាព​របស់​ខ្លួន​ឲ្យ​បាន​ល្អ និង​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គាត់ ជឿជាក់​លើ​ប្រព័ន្ធ​សុខាភិបាល​របស់​ខ្មែរ​ឲ្យ​បាន​ច្រើន៖ «ហើយ​នៅ​ពេល​នេះ យើង​ខ្ញុំ​មាន​ក្រុម​ពេទ្យ​ហ្នឹង​ចុះ​ស្រាវជ្រាវ​អង្កេត ទាក់ទិន​នឹង​ជំងឺ​ដែល​បងប្អូន​បាន​ជួប​ប្រទះ។ បើ​អ៊ីចឹង​ទេ សុំ​ឲ្យ​បងប្អូន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​របស់​យើង ហើយ​យើង​នឹង​បញ្ជូន​ក្រុម​គ្រូពេទ្យ​មក​បន្ថែម​ទៀត ដើម្បី​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ស្រាវជ្រាវ​លើ​ការងារ​នេះ»

ស្រប​គ្នា​នេះ​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ធ្នូ មន្ត្រី​ជំនាញ​ខាង​ស្រាវជ្រាវ​គីមី​សាស្ត្រ នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ផង បាន​ចុះ​ស្រាវជ្រាវ​នៅ​ផ្ទះ​គ្រូពេទ្យ​ដែល​អ្នក​ភូមិ​សង្ស័យ​នោះ ដើម្បី​ស្វែងរក​ហេតុផល​បញ្ជាក់​តាម​ការ​សង្ស័យ​របស់​អ្នក​ភូមិ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី រហូត​មក​ទល់​ពេល​នេះ ការ​ស្រាវជ្រាវ​មិន​ទាន់​ទទួល​លទ្ធផល​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ចំពោះ​លទ្ធផល​ធ្វើ​តេស្ត​ឈាម​គិត​ត្រឹម​ថ្ងៃ​ទី​១៧ ធ្នូ ប្រជាពលរដ្ឋ​ដែល​ធ្វើ​តេស្ដ​ឈាម​មាន​ចំនួន ៨៩៥​នាក់ ក្នុង​នោះ​រក​ឃើញ​ប្រជាពលរដ្ឋ​ផ្ទុក​មេរោគ​អេដស៍​ចំនួន ១០៦​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល