អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ព្រមាន​ថា ដើម្បី​បញ្ចៀស​ការ​លម្អៀង​ផ្នែក​សាសនា កម្ពុជា​មិន​គួរ​មាន​ស្តង់ដារ​ពីរ​ទេ ក្នុង​រឿង​បូជា​សព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩

ហេង រស្មី
2021.03.10
អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ព្រមាន​ថា ដើម្បី​បញ្ចៀស​ការ​លម្អៀង​ផ្នែក​សាសនា កម្ពុជា​មិន​គួរ​មាន​ស្តង់ដារ​ពីរ​ទេ ក្នុង​រឿង​បូជា​សព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​ ១០​ កុម្ភៈថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មាន ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩។
រូប៖ គេហទំព័រលោក​ ហ៊ុន សែន

អ្នក​វិភាគ​សង្គម​បណ្ឌិត​ សេង សារី​ មាន​ប្រសាសន៍​ថា​ លោក​គាំទ្រ​ចំណាត់​ការ​ដំបូង​របស់​​រដ្ឋាភិបាល ​ដែល​តម្រូវ​ឱ្យ​ពលរដ្ឋ​ទូទៅ​មិន​ថា​អ្នក​នោះ​កាន់​សាសនា​អ្វី​ក៏​ដោយ​ ប្រសិន​បើ​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩​ សព​ត្រូវ​តែ​យក​ទៅ​បូជា ព្រោះ​ថា ជំងឺ​កូវីដ១៩ នេះ អាច​មាន​ផល​ប៉ះពាល់​រយៈ​ពេល​វែង។

យ៉ាងណា លោក​ថា​​នៅ​ក្នុង​កាលៈទេសៈ​ បច្ចុប្បន្ន​នេះ ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ច្បាប់​បន្ទាន់​មួយ​ទៀត​ទាក់​ទិន​ នឹង​ការ​គ្រប់​គ្រង​ការ​បូជា​សព​ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​សាសនា​ណា​មួយ។ លោក​ សេង សារី​ ព្រមាន​ថា រដ្ឋាភិបាល​មិន​គួរ​បង្កើត​ស្តង់​ដារ​ពីរ​ នៅ​ក្នុង​ការ​បូជា ឬ ត្រូវ​បញ្ចុះ​សព​ចំពោះ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ នោះ​ទេ៖​«មិន​គួរ​រដ្ឋាភិបាល​បង្កើត​ស្តង់ដារ​ ពីរ បី​នៅ​ក្នុង​រឿង​ហ្នឹង​ទេ។ កន្លង​មក​យើង​ឃើញ​ថា​ សូម្បី​តែ​វ៉ាក់សាំង​ កូវីដ១៩​ ក៏​បង្ហាញ​ស្តង់ដារ​ពីរ។ មន្ត្រី​អង្គការ​សហប្រជាជាតិ​ មន្ត្រី​ជាន់​ខ្ពស់​សុទ្ធតែ​ អាច​ចាក់​វ៉ាក់សាំង​អង់គ្លេស​ សម្រាប់​ពលរដ្ឋ​សាមញ្ញ​ហ្នឹង​គាត់​ចាក់​វាក់​សាំង​ចិន​ ស៊ីណូហ្វាម (Sinopharm) អី​ជា​ដើម. អា​នេះ ចង់​ឬ​មិន​ចង់ គឺ​បង្ហាញ​ថា បង្ហាញ​ឋានៈ​សង្គម​ថ្មី»។

លោក​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី១០ មីនា បាន​ផ្លាស់​ប្ដូរ​ជំហរ​ដោយ​លោក​និយាយ​ថា លោក​អនុញ្ញាត​ឱ្យ​សាសនា​ឥស្លាម តែ​មួយ​គត់ ប្រសិន​បើ​មាន​អ្នក​ជំងឺ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ សព​ត្រូវ​យក​បញ្ចុះ​តាម​ប្រពៃណី​ ដោយ​សារ​តែ​មាន​ការ​ស្នើ​សុំ​ពី​សមាគមន៍​​សាសនា​ឥស្លាម​នៅ​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​​ ក្នុង​រយៈ​ពេល​រំលង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​បាន​ផ្លាស់​ប្ដូរ​ជំហរ​ភ្លាមៗ​ពាក់​ព័ន្ធ​នឹង​ការណ៍​តម្រូវ​ឲ្យ​បូជា​រាល់​អ្នក​ជំងឺ​ដែល​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩៖​«ពាក់ព័ន្ធនឹងការត្រូវបញ្ចុះសពការបូជាសព គឺមានសំណើលើកឡើងពីសហគមន៍ឥស្លាមទាក់ទិននឹងការបញ្ចុះសពដែលនេះចាត់ទុកថា ជាកាតព្វកិច្ច ដែលមិនអាចចៀសវាងបានសម្រាប់សហគមន៍មូសស្លីមកម្ពុជា។ ដូច្នេះខ្ញុំបានអនុញ្ញាតឱ្យមានការលើកលែងជាករណីពិសេសសម្រាប់បងប្អូនមូស្លីមកម្ពុជា ដែលនឹងត្រូវទទួលបាន នូវការយកចិត្តទុកដាក់ ដើម្បីអនុញ្ញាតឱ្យមានការបញ្ចុះសពទៅតាមរបៀបចាត់ចែងមួយ ដែលវិធានសុខាភិបាលទៅតាមនោះផងដែរ»។

បទ​បញ្ជា​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន នេះ ផ្ទុយ​ពី​អ្វី​ដែល​ក្រសួង​ធម្មការ​ និង​សាសនា កាល​ពី​ព្រឹក​ថ្ងៃ​ទី១០ មីនា​ បាន​​កំណត់​ឱ្យ​បូជា​សព ចំពោះ​សាសនិក​គ្រប់​សាសនា​ទាំង​អស់ ដែល​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ដែល​អាជ្ញាធរ​ដែន​ដី​បាន​កំណត់​ទី​តាំង​សម្រាប់​បូជា​សព។

ជុំវិញការផ្លាស់ប្តូរជំហររបស់លោក ហ៊ុន សែន ក្នុងរឿងនេះ ពលរដ្ឋបញ្ចេញទស្សនៈផ្សេងៗ គ្នា។

ពលរដ្ឋ​ខ្មែរ​កាត់​ចិន​ម្នាក់ រស់​នៅ​រដ្ឋ​មីនីសូតា (Minnesota) សហរដ្ឋ​អាមេរិក​លោក​ស្រី​ ឆវី គឹមហេង ដែល​មាន​សាច់​ញាតិ​នៅ​កម្ពុជា ​បាន​ប្រតិកម្ម​ជំទាស់​ភ្លាមៗ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ផ្លាស់​ប្ដូរ​ជំហរអនុញ្ញាតឲ្យអ្នកកាន់សាសនាឥស្លាម អាចបញ្ចុះសព​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩។

លោកស្រី​បញ្ជាក់​ថា អ្វី​ដែល​លោក​ហ៊ុន សែន​​អញ្ញាត​ឱ្យ​សាសនា​ឥស្លាម​ តែ​មួយ​គត់​​យក​សព​ទៅ​បញ្ចុះ​តាម​ប្រពៃណី​ក្រោយ​ពី​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ។​

លោកស្រី​បន្ថែម​ថា​ ពលរដ្ឋ​ខ្មែរ​កាត់​ចិន​ក៏​មាន​ប្រពៃណី​តាំង​ពី​បុរាណ​មក ដែល​សព​ត្រូវ​យក​បញ្ចុះ​ដូច​សាសនា​ឥស្លាម​ផង​ដែរ ដើម្បី​ឱ្យ​សាច់ញាតិ និង​បង​ប្អូន​បាន​ទៅ​សែន​ព្រេន និង​ប្រក់​ផ្នូរ​ជា​រៀង​រាល់​បុណ្យ​សែន​ចិន​ម្ដងៗ ដោយសារ​តែ​ពួកគេ​មានជំនឿ​ថា​ ដូន​តា​ ឬ​សាច់​ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​នឹង​ជួយ​ដល់​អ្នក​រស់​រាន​មាន​ជីវិត​រក​ស៊ី​មាន​បាន៖« យើងទាំងអស់គ្នាដែលជាជនជាតិខ្មែរកាត់ចិនហ្នឹងយើងត្រូវតែសំដីលោកនាយករដ្ឋមន្ត្រីដែលមានអំណាចដោយបបូរមាត់​​របស់គាត់ហ្នឹងយើងត្រូវការទាមទារសិទ្ធិរបស់យើង ដែលជាកូនចៅចិនហ្នឹងយើងឱ្យនាយករដ្ឋមន្ត្រីហ្នឹងធ្វើតាមទំនៀមទម្លាប់របស់ខ្មែរដែលកាត់ចិនហ្នឹង»។​​​​​

ដោយឡែក គ្រូបង្រៀន​សាសនា​ឥស្លាម​ម្នាក់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​លោក​ សាហ្វអៈ ទុលឡោះ មាន​ប្រសាសន៍​ថា លោក​ស្វាគមន៍​ចំពោះ​ជំហរ​ផ្លាស់​ប្ដូរ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ លោក​ថា​ សម្រាប់​សាសនា​ឥស្លាម​សព​យក​ទៅ​បញ្ចុះ គឺ​មាន​អត្ថន័យ​ធំធេង​ណាស់ ដោយសារ​តែ​ជនជាតិ​ចាម​មាន​ជំនឿ​ថា សព​មនុស្ស​ដែល​បាន​ស្លាប់​ទៅ​មិន​រលាយ​សាប​សូន្យ​ទេ គឺ​នៅ​មាន​ជីវិត​នៅ​ក្នុង​ផ្នូរ​ដែល​អាច​ឱ្យ​សាច់​ញាតិ​នៅ​ចង​ចាំ​ចំពោះ​អ្នក​ដែល​បាន​ស្លាប់៖​«ពីព្រោះអាហ្នឹងមិនមែនជាប្រពៃណីទេ។ មានន័យថា ជាច្បាប់ ដែលមានចែងនៅក្នុងសាសនាឥស្លាម ដែលមហាម៉ាត់គាត់បានចែងនៅក្នុងប្រសាសន៍របស់គាត់ហ្នឹង ដូចជាច្បាប់រដ្ឋធម្មនុញ្ញ​អ៊ីចឹង។ មានន័យថា សាកសពហ្នឹងគេមិនអាចយកទៅបូជាទេគឺគេត្រូវយកគាត់ទៅបញ្ចុះឱ្យបាន»។

សម្រាប់​អ្នក​កាន់​គ្រិស្តសាសនា​វិញ សាកសព​យក​ទៅ​បញ្ចុះ ឬ​ក៏​យក​ទៅ​បូជា គឺ​ជា​រឿង​ធម្មតា​អាស្រ័យ​ទៅ​លើ​ក្រុម​គ្រួសារ​សាច់​ញាតិ​ប៉ុណ្ណោះ។

គ្រូ​គង្វាល​សាសនា​គ្រិស្ត​ និង​ជា​នាយក​អង្គការ​ជម្រើស​វប្បធម៌​អន្តរជាតិ​កម្ពុជា​ ហៅ​កាត់​ថា ស៊ីស៊ីអាយ (CCI) លោក ដួង ស៊ីថា មាន​ប្រសាសន៍​ថា សម្រាប់​គ្រិស្តសាសនា​មិន​មាន​ការ​រិះគន់​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ទេ។ ប៉ុន្តែ​គ្រាន់​តែ​ត្រូវ​មាន​របៀប ឬ​ក៏​មាន​អនាម័យ​ល្អ​ក្នុង​ការ​បញ្ចុះ​សព ប្រសិន​បើ​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង​អ្វី​មួយ​ដូច​ជា​ជំងឺ​កូវីដ១៩ ជា​ដើម៖​«ចំពោះការសម្រេចឡើងវិញរបស់សម្ដេចនាយករដ្ឋមន្ត្រីដែលអនុញ្ញាតឱ្យសាសនាមូស្លីមមានសិទ្ធិបញ្ចុះ​របស់ផងខ្លួន។ សម្រាប់ខ្ញុំជាគ្រិស្តបរិស័ទដូចជាអត់មានអ្វីដែលប៉ះពាល់ទៅដល់ជំនឿរបស់គ្រិស្តបរិស័ទនោះ​ទេពីព្រោះការបញ្ចុះមួយការបូជាសម្រាប់គ្រិស្តបរិស័ទយើងយកមួយណាក៏បានដែរ»។​​​​​​​​​​​​​

គិត​ត្រឹម​ថ្ងៃ​ទី១០ មីនា កម្ពុជា​មាន​អ្នក​កើត​ជំងឺកូវីដ១៩ សរុប ១.១២៤នាក់​ហើយ។ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ ៥៤៩នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល ៥៧៤នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។