លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមិនបិទពិធីរៀបការនោះទេ គ្រាន់តែអំពាវនាវឲ្យម្ចាស់កម្មវិធីកាត់បន្ថយភ្ញៀវ ដែលទៅចូលរួមពិធីនោះ។ ស្របពេលជាមួយគ្នានេះ លោកបែរជាអំពាវនាវឲ្យអ្នកតាមខេត្ត ផ្អាកការធ្វើដំណើរចូលទីក្រុងភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាលពីដំបូងៗ ធ្លាប់អួតអាងថា ចាំទាល់តែមានថ្ងៃទី៣១ ខែកុម្ភៈ ឬចាំទាល់តែសេះដុះស្នែង ទើបកម្ពុជាមានអ្នកផ្ទុកជំងឺកូវីដ-១៩ នោះ បានប្រកាសអាសន្នជាបន្តបន្ទាប់អំពីភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់នៃការរីករាលដាលនៃជំងឺនេះ។ ការប្រកាសអាសន្ននេះ លោកធ្វើកាន់តែសន្ធាប់ ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ពោលគឺ ចាប់តាំងពីលោកប្រកាសអំពីការផ្ទុះរាលដាលជំងឺក្នុងសហគមន៍ កាលពីថ្ងៃទី២០ ខែកុម្ភៈនោះ។
នៅក្នុងសារជាសំឡេងរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី២២ ខែកុម្ភៈ ដែលលោកបាន ណែនាំឲ្យប្រព័ន្ធឃោសនារបស់លោក ផ្សព្វផ្សាយឲ្យបានទូលំទូលាយនោះ លោក ហ៊ុន សែន ហៅការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍កាលពីថ្ងៃទី២០ ខែកុម្ភៈនោះថា ជាព្រឹត្តិការណ៍ធំ និងស្មុគស្មាញជាងពេលណាៗ ទាំងអស់៖ «អាចនិយាយបានថា ពេលនេះលំបាកជាងព្រឹត្តិការណ៍ ៣ វិច្ឆិកា និងលំបាកជាងព្រឹត្តិការណ៍ ២៨ វិច្ឆិកាទៅទៀត ព្រោះយើងឃើញពន្លឺខ្លះ ប៉ុន្តែនៅទីងងឹត ក៏នៅមានច្រើនដែលយើងមិនទាន់អាចរកឃើញ »។
ទាំងលើកនេះផង កម្ពុជាជួបព្រឹត្តិការណ៍ឆ្លងជំងឺក្នុងសហគមន៍ចំនួន ៣លើកទៅហើយ។ លើកទី១ កើតឡើង កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅពេលដែលលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលក្រុងភ្នំពេញ បំពានគោលការណ៍ក្រសួងសុខាភិបាល ដោយធ្វើបដិសណ្ឋារកិច្ចទទួលរដ្ឋមន្ត្រីការទេសហុងគ្រី ដោយនាំគ្នាមិនបាច់ពាក់ម៉ាស់។ លើកទីពីរ កើតឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកាដែរ នៅពេលដែលមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារ និងក្រុមគ្រួសារ បានឆ្លងជំងឺនេះ និងឆ្លងរាលដាលដល់ប្រជាពលរដ្ឋជាច្រើននាក់ទៀត។
ទោះបីជាលោក ហ៊ុន សែន ថា ព្រឹត្តិការណ៍សហគមន៍លើកមុនៗ នោះ មិនធំ និងលំបាកដូចព្រឹត្តិការណ៍សហគមន៍លើកនេះ លើកនេះក៏មិនខុសពីលើមុនៗ ដែរ លោកមិនហ៊ានឃាត់ពិធីរៀបអាពាហ៍ពិពាហ៍ ដែលជាទូទៅមានមនុស្សម្នាក់កកកុញគ្នាច្រើន ដែលពលរដ្ឋទូទៅបារម្ភថា ជាប្រភពហានិភ័យ ក្នុងការចម្លងទ្រង់ទ្រាយធំនោះទេ។ លោកផ្ញើសារបែបជាសុំចិត្តឲ្យម្ចាស់ដើមការ មានការយោគយល់ទៅវិញ៖ «ប្រសិនបើអាចពន្យារបាន គឺសុំពន្យារ។ ប្រសិនបើមិនអាចពន្យារបានទេ សុំមេត្តាកាត់បន្ថយចំនួនមនុស្ស ឲ្យនៅតិចបំផុត តាមដែលអាចធ្វើទៅបាន។ ដូច្នេះអ្នកដែលត្រូវរៀបការកូន ខ្ញុំព្រះករុណាខ្ញុំពិតជាមានការយល់នូវការលំបាកចំពោះការរើសពេលវេលា ក្នុងការរៀបអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី »។
ស្របពេលដែលលោកមិនហាមពិធីរៀបការនេះ លោក ហ៊ុន សែន បែរជាប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងភ្នំពេញទាំងអស់ កុំចេញទៅក្រៅផ្ទះ ដើម្បីចៀសវាងនូវការឆ្លងរីករាលដាលនៃជំងឺនេះ។ ម្យ៉ាងវិញទៀត បើទោះបីជាលោកមិនប្រកាសបិទការធ្វើដំណើរឆ្លងខេត្ត លោក ហ៊ុន សែន ស្នើឲ្យពលរដ្ឋផ្អាកការធ្វើដំណើរពីខេត្តចូលទីក្រុងភ្នំពេញ មួយរយៈសិន៖ «ហើយសម្រាប់ប្រជាពលរដ្ឋ ដែលនៅតាមបណ្ដាខេត្ត ប្រសិនបើអាចពន្យារបាន ក្នុងការធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ក៏សុំពន្យារសិន ដើម្បីទុកឱកាសឲ្យរាជធានីភ្នំពេញ ដោះស្រាយបញ្ហានេះ ចៀសវាងការកកកុញស្ទះចរាចរណ៍ ដែលនោះក៏ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុនៃការចម្លងពីគ្នាទៅគ្នាផងដែរ »។
កន្លងមក មិនដែលមានសេចក្ដីរាយការណ៍ណាមួយរបស់ក្រសួងសុខាភិបាល ឬស្ថាប័នពាក់ព័ន្ធថា បញ្ហាស្ទះចរាចរណ៍ ជាមូលហេតុមួយក្នុងចំណោមមូលហេតុ នៃការចម្លងជំងឺកូវីដ-១៩ នោះទេ។
អាស៊ីសេរីបានសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ដែរ ប៉ុន្តែ មិនទាន់បានទទួលការឆ្លើយតបនៅឡើយ។
ទោះជាយ៉ាងនេះក្ដី ជាទូទៅប្រជាពលរដ្ឋខ្មែរ រងការរិះគន់ថា មិនសូវយកចិត្តទុកដាក់ក្នុងការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដូចជាការមិនពាក់ម៉ាស់ ពេលចេញទៅទីសាធារណៈ និងមិនរក្សាគម្លាតសុវត្ថិភាពជាដើម។
កាលពីដំបូងៗ លោក ហ៊ុន សែន ក៏ធ្លាប់គាំទ្រការមិនពាក់ម៉ាស់នេះដែរ។ លោកធ្លាប់ព្រមានបណ្ដេញអ្នកកាសែតចេញពីសាលសន្និសីទ ប្រសិនបើហ៊ានពាក់ម៉ាស់ថែមទៀតផង។ លោកថា ខ្លាមិនខ្លាច នាំគ្នាទៅខ្លាចអាចម៍ខ្លា។ ប៉ុន្តែលោក ហ៊ុន សែន ដែលមានរហស្សនាមថា ជាបុរសសង្ហាដើរបញ្ច្រាសទិស កាលពីថ្ងៃទី២២ ខែ កុម្ភៈ ចាត់ទុកការពាក់ម៉ាស់ ថា មានសារសំខាន់ខ្លាំង ក្នុងការបង្ការជំងឺកូវីដ-១៩ នេះ៖ «ខ្ញុំសុំឲ្យអភិបាលរាជធានីភ្នំពេញ បន្តការចែកម៉ាស់ ឲ្យប្រជាពលរដ្ឋរបស់យើង អ្នកក្រីក្រ ដែលនៅតាមផ្សារលក់ដូរ នៅទីកន្លែងការងារមួយចំនួនទៀត ដែលគាត់ខ្វះខាតម៉ាស់។ ប៉ុន្តែសម្រាប់អ្នកដែលមានម៉ាស់ហើយនោះ ធ្វើដំណើរតាមផ្លូវ ចាំបាច់ត្រូវពាក់ម៉ាស់។ សូមមេត្តាគិតគូរអំពីសុវត្ថិភាព និងសុខភាពផ្ទាល់របស់បងប្អូន ដោយចាប់ផ្ដើមពីមនុស្សម្នាក់ៗ។ ម៉ាស់ គឺជាវិធីដែលងាយក្នុងការដោះស្រាយបញ្ហា »។
ស្របពេលជាមួយគ្នានេះ ក្រសួងអប់រំឯណោះ បានចេញប្រកាសឲ្យបិទសាលារដ្ឋ និងឯកជនទាំងអស់នៅភ្នំពេញ និងខេត្តកណ្ដាល រយៈពេលពីរសប្ដាហ៍ គិតចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ដើម្បីចៀសវាងការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងការរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ។
លោក ហ៊ុន សែន បានបញ្ជាក់បន្ថែម នៅក្នុងសារកាលពីថ្ងៃទី២២ ខែកុម្ភៈ ដោយមិនរង់ចាំឲ្យក្រសួងសុខាភិបាលជាអ្នកប្រកាស ថាលទ្ធផលធ្វើតេស្តលើអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍លើកបីនេះ បង្ហាញថា មានមនុស្ស ១៣នាក់បន្ថែមទៀត មានផ្ទុកជំងឺកូវីដ-១៩ នេះ។ បើដូចការអះអាងរបស់លោក ហ៊ុន សែន មែន ចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនឡើងដល់ ៩១នាក់ ដែលភាគច្រើនជាជនជាតិចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។