ក្រសួងសុខាភិបាល ប្រកាសរកឃើញនារីអាយុ៣៦ម្នាក់បម្រើការនៅហាងខារ៉ាអូខេក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែក្រសួងមិនបានបញ្ជាក់លម្អិតនោះទេ។ រីឯមន្ត្រីសង្គមស៊ីវិល យល់ថា ការដែលក្រសួង បង្ហាញព័ត៌មានមិនបានពេញលេញបែបនេះ ធ្វើឱ្យពលរដ្ឋបាត់ទំនុកចិត្ត និងភ័យខ្លាច។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមល្ងាចថ្ងៃទី២៩ ខែមីនា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ កើនដល់ ១០៣ នាក់ហើយ បន្ទាប់ពីរកឃើញ ១ករណីថ្មីបន្ថែមទៀត ដែលកើតលើនារីបម្រើការនៅហាងខារ៉ាអូខេមួយកន្លែងឈ្មោះស្តាធីវី (Star TV) ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រសួងបញ្ជាក់ថា ក្នុងចំណោម១០៣ករណីនេះ មានចំនួន៨២ករណី កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត ខណៈចំនួន២១ ករណី បានជាសះស្បើយពីជំងឺ។
ចំពោះស្ត្រីបម្រើការនៅហាងខារ៉ាអូខេដែលវិជ្ជមានជំងឺកូវីដ-១៩នោះ ក្រសួង គ្រាន់តែបញ្ជាក់ថា នាងរស់នៅភូមិប៉ាលេឡៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយកំពុង ដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា នារីនោះឆ្លងពីអ្នកណា និងមានទំនាក់ទំនងជាមួយអ្នកណានោះទេ។
អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និងប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក កែវ សុភ័ត្ត្រា ព្រមទាំងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ផងដែរ ប៉ុន្តែទូរស័ព្ទចូល ពុំមានអ្នកទទួលនៅថ្ងៃទី២៩ ខែមីនា។
ទោះជាយ៉ាងណា អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់ប្រព័ន្ធឃោសនារដ្ឋាភិបាល (Fresh News) ថា អាជ្ញាធរ បានរកឃើញមនុស្ស២៣នាក់ ដែលធ្លាប់ប៉ះពាល់ជាមួយស្ត្រីវ័យ ៣៦ឆ្នាំនោះ ហើយកំពុងដាក់ពួកគេឱ្យស្ថិតនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពរយៈពេល ១៤ ថ្ងៃ។ លោក អ៊ុំ រាត្រី បន្តថា ស្ដ្រីវ័យ៣៦ឆ្នាំនេះ ជាអ្នកធ្លាប់មានទំនាក់ទំនងជាមួយជនជាតិថៃ ដែលធ្លាប់ចូលកម្សាន្តនៅស្តាធីវី ( Star TV) ហើយពេលត្រឡប់ទៅប្រទេសថៃវិញត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩។ លោកអភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ទៀតថា ស្ដ្រីបម្រើការខារ៉ាអូខេរូបនេះ ធ្លាប់បានធ្វើតេស្ដលើកទី១រួចហើយ ប៉ុន្ដែអវិជ្ជមាន។ បន្ទាប់មក នៅពេលដែលនាងដឹងថា ខ្លួនមិនស្រួល បានសុំគ្រូពេទ្យធ្វើតេស្ដម្ដងទៀត ក៏រកឃើញវិជ្ជមានកូវីដ-១៩ តែម្ដង។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ជំរុញឱ្យក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ បង្ហាញព័ត៌មានឱ្យបានពេញលេញ និង ខិតខំរកអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺឱ្យបានគ្រប់គ្នា ដើម្បីធានាកុំឱ្យមានការឆ្លងរីករាលដាលកាន់តែខ្លាំង។ លោកព្រួយបារម្ភថា អ្នកមានប្រវត្តិធ្លាប់ទំនាក់ទំនងជាមួយស្ត្រីបុគ្គលិកស្តាធីវីនោះ អាចមានលើសពី២៣នាក់ ហើយលោក ក៏សង្ស័យថា ហាងខារ៉ាអូខេនៅតាមបណ្ដាខេត្តខ្លះអាចនៅលួចបើករកស៊ីដដែល ទោះបីជារដ្ឋាភិបាល ប្រកាសបិទទូទាំងប្រទេសបណ្ដោះអាសន្នក្ដី៖ «ធម្មតា គាត់បម្រើការនៅក្នុងខេធីវី ក្នុងមួយយប់ គាត់បាន ៤ទៅ ៥បន្ទប់ក្នុងមួយពេល ដូច្នេះអ្នកចូលទៅក្នុងខេធីវីសប្បាយនៅពេលយប់នោះ តើមានប៉ុន្មាននាក់ ដែលស្គាល់នាង ហើយនាងចូលបន្ទប់ណាខ្លះ ហើយទី២ សូមឱ្យអ្នកដែលស្គាល់នាងទៅពិនិត្យទៅ គឺជារឿងល្អជាង ដោយមិនបាច់ចាំគេចនោះទេ ព្រោះប្រសិនបើគាត់ឆ្លងរោគ នឹងអាចធ្វើឱ្យវិវត្តកាន់តែខ្លាំងចំពោះគាត់ដដែល»។
ទន្ទឹមគ្នានេះ លោក ស៊ុំ ច័ន្ទគា អំពាវនាវឱ្យពលរដ្ឋចូលរួមស្ដាប់និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និង ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ លោកពិនិត្យឃើញ ថា ប្រជាពលរដ្ឋមួយចំនួន ជាពិសេសពលករខ្លះដែលទើបមកពីប្រទេសថៃ នៅតែជួបជុំគ្នាផឹកស៊ីច្រៀងរាំ ទោះបីជាអាជ្ញាធរ បានចុះទៅហាមឃាត់និងណែនាំក្ដី។
ដោយឡែក នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃដដែលនេះ ក៏បានអំពាវនាវប្រជាពលរដ្ឋកុំឱ្យប្រើប្រាស់នូវឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ (Rapid Test) ដោយខ្លួនឯង ព្រោះឧបករណ៍ទាំងនេះ គ្មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក និងគ្មានប្រសិទ្ធភាពនោះឡើយ។ ក្រសួងអំពាវនាវឱ្យអាជ្ញាធរ ចាត់វិធានការម៉ឺងម៉ាត់ចំពោះ បុគ្គលឬក្រុមហ៊ុនណា ដែលផ្សព្វផ្សាយ លក់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។