កម្ពុជា​រក​ឃើញ​អ្នក​កើត​​ជំងឺ​កូវីដ-១៩ ២​ករណី​បន្ថែម​ទៀត នៅ​ថ្ងៃ​ទី​២៨ តុលា

ក្រសួងសុខាភិបាល​រក​ឃើញ​ជំងឺ​កូវីដ​-១៩ ពីរ​ករណី​បន្ថែម​ទៀត កើត​លើ​បុរស​ជនជាតិ​ខ្មែរ អាយុ​ចន្លោះ​ពី ២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​ពោធិ៍សាត់ និង​ម្នាក់ទៀត​អាយុ​ ៣៤​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កណ្ដាល។

ក្រសួង​ឱ្យ​ដឹង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៨ តុលា បុរស​ទាំង​២​រូប​នេះ ជា​អ្នកដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​មកដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៦ តុលា​។ អ្នក​ទាំង​២​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​ទៅ​ពិនិត្យ និង​ទទួល​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ​-១៩ នៅ​ថ្ងៃ​ទី​២៧ តុលា​។ បច្ចុប្បន្ន​អ្នក​ទាំង​២ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត។

អ្នកដំណើរ​ដែល​រួម​ដំណើរ​តាម​ជើង​យន្តហោះ​ជាមួយ​បុរស​ទាំង​២ មាន​ចំនួន​៣៧ នាក់​។ ក្រសួង​ពិនិត្យ​ឃើញ​ថា ពួកគេ​មិន​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩ នោះ​ទេ ប៉ុន្តែ​ក្រសួង​បាន​ដាក់​ពួកគេ​ឲ្យ​ធ្វើ​ចត្តាឡឺស័ក​ចំនួន ១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​បន្ត មុននឹង​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

គិត​ត្រឹម​ថ្ងៃ​ទី​២៨ តុលា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ​-១៩ សរុប​ចំនួន​២៩០​នាក់ ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​ចំនួន ២៨៣​នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​ចំនួន ៧​នាក់ ដោយ​មិន​ទាន់​មាន​ករណី​ស្លាប់​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។