មន្រ្តី​​​សង្គម​ស៊ីវិល​​និង​សហជីព​ស្នើ​ឲ្យ​បង្កើត​គណៈ​កម្ម​ការស៊ើបអង្កេត​ថ្នាក់​ជាតិ​ ​រឿងបង្ខាំង​បុគ្គលិក​និង​ផ្ទុះ​កូ​វី​ដ​-​១​៩​​នៅ​កា​ស៊ី​ណូ ​t​h​e​ ​Century​

0:00 / 0:00

មន្រ្តី​​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ​ ​មន្រ្តី​​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​និង​មន្រ្តី​​សហជីព​ ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈ​កម្ម​ការស៊ើបអង្កេត​ចម្រុះ​ថ្នាក់​ជាតិ​ ​និង​ដោយ​ឯករាជ្យ​មួយ​ ​ដើម្បី​ស៊ើប​អង្កេត​ ​និង​ស្រាវជ្រាវ​រឿង​បើក​បន​ល្បែងស៊ីសង​អនឡាញ​​ខុសច្បាប់​របស់​ថៅកែ​ចិន​ ​និង​ករណី​សង្ស័យ​បង្ខាំង​បុគ្គលិក​រាប់​ឆ្នាំ​ ​រហូត​ឆ្លង​ជំងឺ​កូវីដ-១៩ ​ពេញ​កាស៊ីណូ ឌឹសិនឆឺរី (​Th​e​ ​Century)​។​

មន្រ្តី​សិទ្ធិ​ការងារ​ ​មន្រ្តី​​ឃ្លាំមើល​សិទ្ធិមនុស្ស​ ​និង​មន្រ្តី​​សហជីព​យល់​ស្របគ្នា​ថា​ ​រឿង​បើក​បនល្បែងអនឡាញ​​ ​នៅក្បែរ​ច្រមុះ​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហនុ ​រហូត​ផ្ទុះ​កើតជំងឺ​កូវីដ-១៩​ ​និង​មាន​អ្នក​ស្លាប់​ផង​នោះ​ ​គឺជា​រឿង​ធ្ងន់ធ្ងរ​ ​និង​ពាក់ព័ន្ធ​បទល្មើស​ជាច្រើន​។​

បទល្មើស​ទីមួយ​ ​គឺ​កា​របើក​បន​ល្បែងស៊ីសង​អនឡាញ​ ​ដោយ​ខុសច្បាប់​ ​ព្រោះ​រដ្ឋាភិបាល​បាន​ចេញ​សារាចរណ៍​​ណែនាំ​ ​ឲ្យ​បិទ​បនល្បែង​ទាំងនេះ​ ​តាំងពី​ខែ​សីហា​ ​ឆ្នាំ​ ​២​០​១​៩​។​ ​រហូត​មកដល់ពេលនេះ​ ​គ្មាន​សារាចរណ៍​​ថ្មី​ណាមួយ​ ​លុប​សារាចរណ៍​ចាស់​នោះ​នៅឡើយ​ទេ​។​ បទល្មើស​ទីពីរ​ ​គឺ​បទល្មើស​ព្រហ្មទណ្ឌ​ ​ពាក់ព័ន្ធ​នឹង​ការសង្ស័យ​បង្ខាំង​មនុស្ស​ ​ព្រោះ​បុគ្គលិក​ក្រុមហ៊ុន​ ​ថា​ពួកគាត់​ត្រូវ​បង្ខាំង​ឲ្យ​នៅ​ធ្វើការ​ទីនោះ​ ​ដោយ​មិន​ឲ្យ​ចេញក្រៅ​ ​សូម្បីតែ​ទៅលេង​បងប្អូន​ឬ​ឳពុកម្ដាយ​ ​អស់​រយៈពេល​ ​២​ ​ឆ្នាំ​មក​ហើយ​ ​ដែល​ផ្ទុយ​នឹង​ច្បាប់​ការងារ​ ​រដ្ឋធម្មនុញ្ញ​ ​ច្បាប់​ស្តីពី​ការ​ជួញ​ដូរ​មនុស្ស​ ​និង​ច្បាប់អន្តរជាតិ។ បទល្មើស​ទីបី​ ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ល្មើសច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​ ​ដោយ​បនល្បែង​នេះ​ ​មិនព្រម​ផ្អាក​ដំណើរការ​ភ្លាម​ៗ​ ​ពេល​បុគ្គលិក​ទើប​ឆ្លង​ជំងឺ​កូវីដ-១៩​ ​មួយ​ចំនួន​ពី​ដំបូង​។​ ​ផ្ទុយទៅវិញ​ ​បន​ល្បែងស៊ីសង​អនឡាញ​​នេះ​ ​នៅតែ​បន្ត​បើកទ្វារ​ ​និង​ឲ្យ​បុគ្គលិក​បន្ត​ធ្វើការ​បន្ត​ជាច្រើន​ថ្ងៃ​ទៀត​ ​រហូត​បុគ្គលិក​ ​៤​៣​៧​ ​នាក់​ឆ្លង​ជំងឺ​នេះ​ ​ពេញ​កាស៊ីណូ ​និង​មាន​អ្នក​ស្លាប់​ម្នាក់​ ​ទើប​ផ្អាក​ដំណើរការ​។​

ទាំងនេះ​ ​នៅ​មិនទាន់​រាប់បញ្ចូល​ទាំង​ការ​បំពាន​សិទ្ធិ​បុគ្គលិក​ ​ដោយ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បុគ្គលិក​ ​ក្នុង​ការ​ចងក្រង​ជា​ប្រតិភូ​តំណាង​ ​ឬ​ស​ហី​ជីព​កម្មករ​នៅឡើយ​។​

ជុំវិញ​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​ ​និង​ច្រើន​ករណី​នេះ​ ​មន្រ្តី​​ឃ្លាំមើល​សិទ្ធិ​ការងារ​ ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ​ថ្នាក់​ជាតិ​មួយ​ ​ទើប​អាច​ដោះស្រាយបញ្ហា​នេះ​បាន​។​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ ​សង់ត្រាល់ ​លោក​ ​មឿន​ ​តុលា​ ​ថា​អាជ្ញាធរ​ថ្នាក់​ជាតិ​នោះ​ ​គួរ​មើលឃើញ​ចំណុច​ទាំងនោះ​ ​ដោយ​រកមើល​ថា​ តើ​មានការ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ឬទេ​ ​ទើប​រឿង​នេះ​កើតឡើង​? ​លោក​បន្ត​ថា​ ​ម​ន្រ្តី​ក្រសួងការងារ​ ​ថា​បាន​ទៅ​ពិនិត្យ​កន្លែង​ឆ្លង​ ​ដើម្បី​ធ្វើ​ចត្តាឡីស័ក​ ​និង​ថា​មានម​ន្រ្តី​​ពេទ្យ​ចេញចូល​ ​ចុះ​ហេតុអ្វីបានជា​ក្រុមហ៊ុន​ ​នៅតែ​បង្ខំឲ្យ​បុគ្គលិក​ធ្វើការ​? ​លោក​ថា​ ​គេ​មិនគួរ​លើកលែង​មន្រ្តី​ ​និង​អ្នក​ពាក់ព័ន្ធ​ទេ​ ​តែ​គួរ​មាន​វិធានការ​ច្បាស់លាស់​ ​ទាំង​រដ្ឋបាល​ ​និង​ព្រហ្មទណ្ឌ​លើ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។​ ​លោក​បន្ថែម​ថា​ ​រឿងអាស្រូវ​នៃ​ភាព​មិន​ប្រក្រតី​ ​ដែល​បង្កើត​ឡើង​ដោយ​ថៅកែ​ចិន​ ​នៅ​កម្ពុជា​នេះ​ ​រួម​ទាំង​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​នេះ​ ​កំពុង​ល្បី​ខ្ចរខ្ចាយ​លើឆាកអន្តរជាតិ​។​ ​ដូច្នេះ​លោក​ថា​ ​ការ​បង្កើត​គណកម្មការ​ថ្នាក់​ជាតិ​ ​គឺ​ត្រូវតែ​មាន​តម្លា​ភាព​ ​មាន​សមាសភាព​ចម្រុះ​ពី​ខាង​អ្នកស៊ើប​អង្កេត​ឯករាជ្យ​ ​និង​សង្គម​ស៊ីវិល​ ​ទើប​មាន​សង្ឃឹម​ថា​អាច​មាន​តម្លា​ភាព​ ​និង​អាច​ស្តារ​មុខមាត់​កម្ពុជា​បាន​។​ ​លោក​ព្រមាន​ថា​ ​បើ​ការ​ស៊ើប​ការស៊ើបអង្កេត​ណាមួយ​ ​ធ្វើឡើង​ដើម្បី​គ្រាន់តែ​បិទបាំង​រឿងអាស្រូវ​ ​នោះ​កេរ្តិ៍ឈ្មោះ​អាក្រក់​របស់​ជាតិ​ ​នឹង​មិន​បាត់​ទេ៖ «រឿង​នេះ​វា​ប៉ះពាល់​មុខមាត់​ប្រទេស​ខ្លាំង​! ​ ដូច្នេះ​ហើយ​បើសិនជា​ ​អាជ្ញាធរ​ថ្នាក់​ជាតិ​លោក​ប្រើ​យន្ត​ការ​មួយ​ស៊ើប​អង្កេត​ហើយ​ដើម្បី​លាង​ការចោទប្រកាន់​នានា​ ​ខ្ញុំ​គិតថា​វា​មិន​អាច​លាង​ឈ្មោះ​ ​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​បានទេ​ ​បញ្ហា​នេះ​អាច​ស្ថិត​ក្នុង​របាយការណ៍​សហរដ្ឋអាមេរិក​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​។​ ​ទាល់តែ​អាជ្ញាធរ​ហ្នឹង​ធ្វើ​រឿង​នេះ​ ​ដោយ​ប្រយ័ត្នប្រយែង​បំផុត»។​

ដូចគ្នា​នេះ​ដែរ​ ​មន្រ្តី​​ឃ្លាំមើល​សិទ្ធិមនុស្ស​ឯណោះ​វិញ​ ​លោក​គាំទ្រ​ឲ្យ​បង្កើត​ក្រុម​ស៊ើប​អង្កេត​ថ្នាក់​ជាតិ​ ​ដែល​ត្រូវ​ពិនិត្យ​លើ​រឿង​នេះ​ ​ដោយ​មិន​ត្រូវ​ជឿ​តែ​ទៅលើ​របាយការណ៍​មន្រ្តី​​ថ្នាក់​ខេត្ត​។​ ​អ្នកនាំពាក្យ​សមាគម​អាដហុក​ ​លោក​ ​ស៊ឹង​ ​សែន​ករុណា​ ​ថា​គណកម្មការ​ថ្នាក់​ជាតិ​នេះ​ ​ត្រូវតែ​ចុះ​ស្រាវជ្រាវ​ ​ឲ្យបាន​ច្បាស់លាស់​ ​ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​ ​និង​ចៀសវាង​ការរិះគន់​ ​ពាក់ព័ន្ធ​នឹង​ទំនាស់​ផលប្រយោជន៍​។​ ​លោក​ថា​ ​ការ​បកស្រាយ​របស់​គណៈកម្មការ​​នេះ​ទៀតសោត​ ​ត្រូវធ្វើ​ឲ្យបាន​ច្បាស់លាស់​ ​និង​មាន​តម្លា​ភាព​ ​និង​ត្រូវ​ផ្តន្ទាទោស​បុគ្គល​ដែល​ពាក់ព័ន្ធ​ទាំងអស់៖ «ការ​ចាត់វិធានការ​ហ្នឹង​ គឺ​មាន​សារសំខាន់​ណាស់​ ​ដើម្បី​ធ្វើ​យ៉ាងណា​ទប់​ស្កាត់​កុំឲ្យ​មានអំពើ​បែប​ហ្នឹង​កើតឡើង​តទៅទៀត​។​ ​នៅ​ពេល​មានអំពើ​បែប​ហ្នឹង​កើតឡើង​តទៅទៀត​ ​វា​ច្បាស់ជា​អ្នក​ទាំង​អស់ហ្នឹង​ ​មិន​ហ៊ាន​ប្រព្រឹត្ត​នៅ​អំពើ​បែប​ហ្នឹង​ទៀត​ទេ​ ​ព្រោះ​បើ​ប្រព្រឹត្ត​បែប​នេះ​ ​គាត់​នឹង​ទទួលរង​នូវ​ការ​ចាត់វិធានការ​ផ្លូវច្បាប់​ ​ទៅតាម​អ្វី​ដែល​ជា​ការប្រព្រឹត្ត​របស់​ពួកគាត់​មិន​ត្រឹមត្រូវ​ហ្នឹងឯង»។​

ជា​ធម្មតា​កា​របើក​បន​ល្បែងស៊ីសង​អ្វីមួយ​ ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខេត្ត​ ​គឺ​ត្រូវតែ​មានការ​ឯកភាព​ ​និង​ដឹងឮ​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ ​រួម​មាន​អភិបាល​ខេត្ត​ព្រះ​សីហនុ​​លោក គួច​ ​ចំរើន​ ​ស្នងការ​នគរបាល​ខេត្ត​លោក​ ​ជួន​ ​ណា​រិន​ ​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​លោក​ ​ហេង​ ​ប៊ុន​ទី​ ​មន្រ្តី​​នៃ​មន្ទីរ​ការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ព្រះ​សីហនុ ​និង​ថៅកែ​ចិន​ ​ដែល​ជា​ម្ចាស់​បន​ល្បែងស៊ីសង​នោះ​ផង​។

ក្នុង​ន័យ​នេះ​ ​មន្រ្តី​​សហជីព​ ​ថា​ការស៊ើបអង្កេត​និង​ស្រាវជ្រាវ​ដើម្បី​វែកមុខ​ជន​ដែល​ពាក់ព័ន្ធ​ ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​ ​គឺ​អាច​ធ្វើ​ទៅ​បាន​ទាល់តែ​មាន​សមាសភាព​មន្រ្តី​ខាងក្រៅ​ ​ចៀសវាង​អាជ្ញាកណ្តាល​ ​និង​អ្នក​ទាល់​បាល់​ជា​មនុស្ស​តែមួយ​។​ ​ប្រធាន​សហ​ព័ន្ធ​សហជីព​វិស័យ​​ទេសចរណ៍​ ​និង​សេវាកម្ម​កម្ពុជា​លោក​ ​ម៉ម​ ​រិទ្ធី​ ​ថា​ព័ត៌មាន​ពិត​ ​គឺ​មាននៅ​បុគ្គលិក​ដែល​រងគ្រោះ​ ​និង​ហ៊ាន​និយាយ​ការពិត​។​ ​ដូច្នេះ​លោក​ស្នើ​ថា​ ​ការស៊ើបអង្កេត​ណា​ក៏ដោយ​ ​ត្រូវ​ពិនិត្យមើល​អំពី​ការ​គម្រាម​កំហែង​បុគ្គលិក​ ​ដែល​ហ៊ាន​និយាយ​ការពិត​ ​និង​ត្រូវ​រក​វិធានការ​យ៉ាងណា​ការពារ​សុវត្ថិភាព​របស់​ពួកគាត់​ ​ទើប​ការរុករក​អង្គ​ហេតុ​ពិត​ ​មាន​លទ្ធផល​ល្អ៖ «កម្មករ​​ដូច​កន្លងមក​ ​កាលណា​ហៅ​គាត់​ទៅ​ជួប​ម្នាក់​ពីរ​នាក់​ ​ឬ​បី​បួន​ប្រាំ​នាក់​ ​ហៅ​គាត់​ទៅ​និយាយ​ ​គាត់​ភ័យ​គាត់​ខ្លាច​ ​គាត់​អត់​ហ៊ាន​ទេ​ ​ហើយ​កម្មករ​ផ្សេងៗ​ទៀត​ច្រើន​រយ​នាក់​ ​គាត់​អត់​ហ៊ាន​និយាយ​តែម្តង​។​ ​សូម្បីតែ​គាត់​ទៅ​ធ្វើការ​ហ្នឹងហើយ​ ​គាត់​មិន​ហ៊ាន​និយាយ​ទៀត​។​ ​យើង​ដឹង​ថា​គាត់​ទៅ​ធ្វើការ​។​ ​វា​សំខាន់​សា​ម៉ី​ខ្លួន​គាត់​ ​គាត់​ភ័យ​គាត់​ខ្លាច​ ​ខ្លាច​គេ​រករឿង​គាត់​។​ ​ដូច្នេះ​ក្នុង​ហ្នឹង​មិនមែន​មានកម្ម​ករ​តែម្នាក់​ពីរបី​នាក់​ទៅ​ធ្វើការ​ទេ​ ​វា​មានកម្ម​ករ​ច្រើន​នាក់​ទៅ​ធ្វើការ​ ​ចាប់ពី​ថ្ងៃ​ទី​​២​៤​ ​ខែ​កញ្ញា​ ​ដល់​ថ្ងៃ​ទី​៣​០​ ខែ​កញ្ញា​ហ្នឹង»។​

កាស៊ីណូ​អនឡាញ​​ចិន​ ឌឹ​សិន​ឆឺ​រី​ (​T​h​e​ ​Century​) ​មាន​ទីតាំងនៅ​ភូមិ​ ​៥​ ​សង្កាត់​លេខ​ ​៤​ ​ខេត្ត​ព្រះ​សីហុន​ ​មាន​ចំនួន​កម្មករ​បុគ្គលិក​បម្រើ​ការ​សរុប​ ​៤​៣​៧​នាក់​។​ ​បុគ្គលិក​ក្រុមហ៊ុន​នេះ​ ​អះអាង​ថា​ ​កម្មករ​ទាំងអស់​ឆ្លង​ជំងឺ​នេះ​។​

​ការ​ផ្ទុះ​រាលដាល​ជំងឺ​នេះ​ផ្តើម​ដំបូង​ពី​ថ្ងៃ​ទី​២​៣​ ​ខែកញ្ញា​ ​ក្រោយ​បុគ្គលិក​ម្នាក់​ទៅ​ភ្នំពេញ​ ​ធ្វើ​តេស្ត​រក​ឃើញ​ថា​ ​មាន​ផ្ទុក​ជំងឺ​នេះ​។​ ​​​​ភ្លាម​នោះ​អ្នកគ្រប់គ្រងកាស៊ីណូ​​បាន​ធ្វើ​តេស្ត​រហ័ស​លើ​បុគ្គលិក​ ​និង​រក​ឃើញ​បុគ្គលិក​ជាច្រើន​ផ្ទុក​ជំងឺ​នេះ​។​ ​ប៉ុន្តែ​កាស៊ីណូ ​នេះ​ ​នៅតែ​បន្ត​បើក​ដំណើរការ​រហូត​ ​និង​ឲ្យ​បុគ្គលិក​បន្ត​ធ្វើការ​ទាំង​ឈឺ​។​ ​រហូតដល់​ថ្ងៃ​ទី​៣​០​ ​ខែកញ្ញា​ ​ក្រោយ​បុគ្គលិក​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​នេះ​ ​ទើប​បែក​រឿង​។​ ​ពេល​នោះ​គេ​ឃើញ​អាជ្ញាធរ​ចុះ​មក​បញ្ជា​ឲ្យ​ផ្អាក​អាជីវកម្ម​នេះ​សិន​។

បុគ្គលិក​នៅ​បន​ល្បែងស៊ីសង​អនឡាញ​​ ​T​h​e​ ​Century​ ​បញ្ជាក់​ជាថ្មី​នៅ​ថ្ងៃ​ទី​​៤​ ​ខែ​​តុលា​នេះ​ ​ថា​ផ្នែក​គ្រប់គ្រង​កាស៊ីណូ ​ចិន​មួយ​នេះ​ ​ពិតជា​បានឲ្យ​បុគ្គលិក​នៅ​បន្ត​ធ្វើការ​ទាំង​ផ្ទុះ​ជំងឺ​កូវីដ​​ពេញ​កាស៊ីណូ​​មែន​។​ ​បុគ្គលិក​ដែល​ផ្តល់​ព័ត៌មាន​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​ដោយ​ខ្លាច​ការ​ធ្វើទុក្ខបុកម្នេញ​ពី​ម្ចាស់​កាស៊ីណូ ​និង​អាជ្ញាធរ​​ថា​ក្រុមហ៊ុន​ដាក់​សម្ពាធ​ដល់​បុគ្គលិក​ឲ្យ​ធ្វើការ​ ​ដោយ​សម្អាង​​ថា​ ​បើ​បុគ្គលិក​ទាំងអស់​នាំគ្នា​ធ្វើ​ចត្តាឡីស័ក​​ ​តើ​ឲ្យ​ក្រុមហ៊ុន​បាន​ប្រាក់ចំណូល​ពីណា​ ​មក​បើកប្រាក់ខែ​ឲ្យ​បុគ្គលិក​។​

ក្រោយ​ផ្ទុះ​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ​​-​១​៩​ ​នៅ​ក្នុង​កាស៊ីណូនេះ​ភ្លាម​ ​បុគ្គលិក​ជាច្រើន​បាន​បង្ហោះ​វីដេអូ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​អំពី​ការ​មិន​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ ​និង​មន្រ្តី​​សុខាភិបាល​ ​ចំពោះ​ស្ថានភាព​ជំងឺ​របស់​ពួកគាត់​។​ ​ក្រោយមក​អាជ្ញាធរ​បាន​ដាក់​សម្ពាធ​ឲ្យ​ពួកគាត់​លុប​វីដេអូ​នោះ​ចេញ​វិញ​។​ ​ប៉ុន្តែ​ ​បុគ្គលិក​ទាំងនោះ​មិនព្រម​។​ ​បុគ្គលិក​ទាំងនោះ​ ​ប្រាប់​វិទ្យុ​អាស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។