ការបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនឹងមិនមានប្រសិទ្ធភាពទេ បើគ្មានច្បាប់គាំទ្រ
2024.05.01
អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិលលើកឡើងថា ការបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនឹងមិនអាចកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងបានទេ ប្រសិនបើមិនមានការអនុម័តច្បាប់ស្ដីពីផលិតផលគ្រឿងស្រវឹងដើម្បីចាប់បង្ខំអ្នកផលិត និងអ្នកចែកចាយផលិតផលគ្រឿងស្រវឹងនោះ។
អ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម បណ្ឌិត មាស នី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែមេសា ថា ការបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគឺជារឿងល្អប្រសិនបើមានការអនុវត្តឱ្យមានប្រសិទ្ធភាព។ ទោះជាយ៉ាង បណ្ឌិត មាស នី ព្រួយបារម្ភថាចំណាត់ការរបស់រដ្ឋាភិបាលនេះនឹងគ្មានប្រសិទ្ធភាពដូចការបង្កើតគណៈកម្មការនានារបស់រដ្ឋាភិបាលនាពេលកន្លងទៅដោយសារតែម្ចាស់ក្រុមហ៊ុន ឬអ្នកនាំចូលស្រាបៀរភាគច្រើនជាអ្នកមានលុយ មានអំណាច។
បណ្ឌិត មាស នី៖ «យើងដឹងហើយថាអ្នកដែលពាក់ព័ន្ធជាមួយការពិនិត្យគ្រឿងស្រវឹងពិសេសរោងចក្រផលិតស្រាបៀអីផ្សេងៗ ហ្នឹងវាសុទ្ធតែកាន់កាប់ដោយឈ្មួយ ឬដោយអ្នកដែលមានឥទ្ធិពលនៅក្នុងនោះ ជាភាគហ៊ុនអីផ្សេងៗតាមដែលយើងដឹង ដូច្នេះកាលណាយើងនិយាយអំពីការរឹតត្បិតនូវការផ្សព្វផ្សាយ ឬគ្រប់គ្រងការផ្សព្វផ្សាយបានន័យថា កាត់បន្ថយការផ្សព្វផ្សាយៗ ឈានទៅដល់ការបាត់បង់ផលប្រយោជន៍»។
ការលើកឡើងរបស់អ្នកឃ្លាំមើលនេះ ក្រោយពីនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១២ មេសា បានបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ហៅកាត់ ថា (ក.គ.ផ.ស) ដែលមានសមាសភាពដូចជារដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាដើម។ ការបង្កើតក្រុមការងារនេះ គឺដើម្បីដឹកនាំជាយុទ្ធសាស្ត្រលើការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងតម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្ត និងបទដ្ឋានបច្ចេកទេសលើការគ្រប់គ្រងការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងជាដើម។
នៅថ្ងៃតែមួយនៃការបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្រសួងពាណិជ្ជកម្មក៏បានចេញសេចក្ដីប្រកាសព័ត៌មានហាមឃាត់ការផ្សព្វផ្សាយមិនសុចរិតមួយចំនួន រួមមានការយកអនីតិជនមកប្រគល់រង្វាន់ និងការផ្សព្វផ្សាយពាក់ព័ន្ធនឹងផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង ដើម្បីជំរុញឲ្យអនីតិជនអនុវត្តសកម្មភាពផ្ទុយពីសីលធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជះឥទ្ធិពលអវិជ្ជមានដល់សុខភាព ឬការអភិវឌ្ឍរបស់អនីតិជនផងដែរ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនេះនឹងមិនអាចធ្វើការដោយមានប្រសិទ្ធភាពនោះឡើយ ប្រសិនមិនមានការអនុម័តច្បាប់ស្ដីពីផលិតផលគ្រឿងស្រវឹងនោះទេ។
លោក យង់ គិមអេង៖ «ចាំបាច់ណាស់ដែលរដ្ឋាភិបាលត្រូវជំរុញឱ្យមានការអនុម័តច្បាប់ស្ដីពីផលិតផលគ្រឿងស្រវឹងទៀតពីព្រោះថា យើងមិនអាចរង់ចាំតទៅទៀត ពីព្រោះថាផលប៉ះពាល់ហើយហានិភ័យដែលកើតឡើងពីគ្រឿងស្រវឹងនេះគឺវាមានទំហំធំធេងជាពិសេសជំងឺមិនឆ្លងនេះដែលគេបានរកឃើញថា ឈានដល់បន្ទាប់ក្រហមដែលមានការព្រួយបារម្ភ»។
របាយការណ៍របស់ វ៉ៃស៍ វ៉ូតធ័រ (Wisevoter) អំឡុងពាក់កណ្ដាលឆ្នាំ២០២៣ រកឃើញថា កម្ពុជាឈរនៅលេខរៀងទី១ ក្នុងតំបន់អាស៊ាន ដែលមានប្រជាជនទទួលទានគ្រឿងស្រវឹងច្រើនជាងគេ ខណៈរបាយការណ៍សិក្សាថ្មីមួយរបស់ក្រុមហ៊ុនភេសជ្ជៈជប៉ុនឈ្មោះ គីរិន (Kirin) ចេញផ្សាយកាលពីពេលថ្មីៗ នេះ ក៏បានឱ្យដឹងថា ពលរដ្ឋខ្មែរបានចំណាយប្រាក់ប្រមាណពីរពាន់បីរយលានដុល្លារ ទៅលើស្រាបៀរដោយម្នាក់ៗ ទទួលទានស្រាបៀរប្រមាណ ៧២លីត្រក្នុងមួយឆ្នាំ។
សេចក្ដីព្រាងច្បាប់ស្ដីពីផលិតផលគ្រឿងស្រវឹងធ្វើឡើងតាំងពីឆ្នាំ ២០១៥ មក ប៉ុន្តែសេចក្ដីព្រាងច្បាប់នេះនៅមិនទាន់អាចប្រកាសដាក់ឱ្យប្រើប្រាស់ជាសាធារណៈបើទោះជាពលរដ្ឋ និងសង្គមស៊ីវិលជំរុញទៅកាន់រដ្ឋាភិបាលជាបន្តបន្ទាប់ឱ្យពន្លឿនដំណើរតាក់តែងច្បាប់នេះក្ដី។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពី អ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ និងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានទេ នៅថ្ងៃទី៣០ ខែមេសា។
ក្រុមអង្គការសង្គមស៊ីវិលជិត ១០ស្ថាប័នកាលថ្ងៃទី១៨ ខែកុម្ភៈ បានរៀបចំពិធីបុណ្យក្រោមប្រធាន« សង្គហកម្មស្ដីពីអភិបាលលើអបាយគ្រឿងស្រវឹងនៅកម្ពុជា» ដើម្បីស្នើឱ្យរដ្ឋាភិបាលពន្លឿនច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង។ ពួកគាត់អះអាងថា គ្មានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងបាន ធ្វើឱ្យពលរដ្ឋមួយចំនួនរងគ្រោះដោយសារអ្នកបើកបរផឹកស្រវឹង បញ្ហាសីលធម៌សង្គមធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។