ពលរដ្ឋ ព្រួយបារម្ភចំពោះបញ្ហាកាន់តែប្រឈមនឹងការគ្មានម៉ាស់ពាក់ នៅក្នុងកាលៈទេសៈ ដែលជំងឺកូវីដ១៩ (Covid-19) កាន់តែរាតត្បាតខ្លាំងទៅៗ។ ពួកគាត់ស្នើសុំឲ្យរដ្ឋាភិបាលចាត់វិធានទប់ស្កាត់ការឡើងថ្លៃម៉ាស់ ឲ្យមានប្រសិទ្ធិភាព និងចែកម៉ាស់ ដល់ពលរដ្ឋក្រីក្រ។
អ្នកលក់ចេកចៀន នៅម្ដុំផ្សារដើមគ ម្នាក់ លោកស្រី ណឹប សឿន ឲ្យដឹងថា ម៉ាស់នៅតែមានតម្លៃថ្លៃដដែល បើទោះជាលោកស្រី ឃើញរដ្ឋាភិបាលព្រមានចាត់វិធានការលើអ្នកលក់ម៉ាស់ច្រើនដងមកហើយក្តី។ លោកស្រី ឲ្យដឹងថា អ្នកលក់ដូរតូចតាចតាមដងផ្លូវភាគច្រើនគ្មានលទ្ធភាពទិញម៉ាស់ពាក់ទេ ព្រោះតែម៉ាស់មានតម្លៃថ្លៃពេក និងពិបាករកទិញ។ លោកស្រី ឲ្យដឹងទៀតថា អ្នកលក់ខ្លះ នៅផ្សារដើមគ រួមទាំងលោកស្រីផង ទើបចាញ់បោកគេថ្មីៗ រឿងកុម្ម៉ង់ទិញម៉ាស់តាមអនឡាញ (Online) ហើយត្រូវគេបោកប្រាស់ ដោយឲ្យផ្ញើប្រាក់ទៅមុន ហើយអ្នកលក់មិនព្រមដឹកជញ្ជូនម៉ាស់មកឲ្យតាមការសន្យា។
ស្ត្រីចំណាស់លក់ចេកចៀនតាមដងផ្លូវរូបនេះ បន្តថា ក្រុមអ្នកលក់ដូរតាមដងផ្លូវ ច្រើនតែនាំគ្នាពាក់មួកដែលមានក្រណាត់រុំមុខ ឬ ប្រើក្រណាត់រុំមុខ ជំនួសម៉ាស់។ ចំណែកនៅច្រកទ្វារផ្សារដើមគ មានដាក់អាកុលសម្រាប់លាងដៃ នៅតាមច្រកចេញចូលផ្សារ និងមានសន្តិសុខផ្សារ ចាំបាញ់អាកុលដាក់លើដៃ ឲ្យលាង៖ « ម៉ាស់ នៅយើងពិបាករកណាស់អូន។ ជួនណាវាថ្លៃ អ៊ីចឹងទៅ ជួនកាលគ្នាអ្នកអត់ទៅ អត់មានលុយទិញបានពាក់ទេ ហើយបើសិនអ្នកក្រអ្វី គ្មានលុយទិញពាក់ទេណា បើម៉ាស់មួយសុទ្ធតែ ជួនណា អាម៉ាស់រៀងល្អបន្តិច ១សុទ្ធតែ ៦.០០០អ៊ីចឹងទៅ។ ដល់អ៊ីចឹងទៅ អ្នកខ្លះ មានពាក់ អ្នកខ្លះ អត់ពាក់អ៊ីចឹងទៅ អ្នកក្រអត់លុយ ស្ដាយលុយ អត់ទិញពាក់អ៊ីចឹងទៅ ដូចជាខ្ញុំអ្វីហ្នឹង។ ក៏ប៉ុន្តែខ្ញុំទិញមួកមួយ អាមួកបិទពីមុខហ្នឹង មួកក្បាំង ហើយវាមានក្រណាត់វា បិទពីមុខហ្នឹង ខ្ញុំទិញមួកហ្នឹងពាក់មួយ»។
បុរសម្នាក់ទៀត ជាកម្មករប្រមូលសំរាមឲ្យក្រុមហ៊ុនស៊ីនទ្រី (Cintri) នៅរាជធានីភ្នំពេញ លោក ឆេង វិចិត្រ ឲ្យដឹងថា ក្រុមហ៊ុនបានឲ្យស្រោមដៃ ១គូ និងសាប៊ូ ១កញ្ចប់ សម្រាប់លាងសំអាតដៃ នៅពេលដើរប្រមូលសំរាម។ តែមិនបានឲ្យម៉ាស់ និងអាកុលលាងដៃទេ។ លោកថា ម្ចាស់ផ្ទះ ដែលមានជីវភាពធូរធារ បានឲ្យម៉ាស់ ដល់លោក ព្រោះលោកគ្មានលទ្ធភាពទិញ ម៉ាស់ប្រើប្រាស់។ យ៉ាងណា លោកថា តែងបានលាងដៃជានិច្ច នៅពេលត្រលប់មកពីប្រមូលសំរាមវិញ។ ឯក្រុមគ្រួសារវិញ លោកបានបញ្ជូនកូនរបស់លោក ទៅស្រុកកំណើតអស់ហើយ ដើម្បីបង្ការខ្លាចឆ្លងជំងឺកូវីដ១៩ នេះ៖ « ជួនកាលខ្ញុំ ទៅប្រមូលសំរាមនៅតាមគោលដៅទៅ ម្ចាស់ផ្ទះគេឲ្យអាម៉ាស់ហ្នឹង រួចទិញខ្លួនឯងខ្លះទៅ អ្វីខ្លះទៅបងអើយ។ ក្រុមហ៊ុន ឃើញចែកស្រោមដៃឲ្យតែមួយគូរ ហើយនឹងសាប៊ូ។ បានតែប៉ិនហ្នឹង បើយើងមិនការពារខ្លួនឯងអត់»។
រហូតមកដល់ពេលនេះ តម្លៃម៉ាស់នៅប្រទេសកម្ពុជា នៅតែត្រូវបានពលរដ្ឋរាយការណ៍ថា មានតម្លៃថ្លៃខ្លាំង មានតម្លៃចាប់ពី ២.០០០រៀល ទៅ ៨.០០០រៀលក្នុងម៉ាស់មួយ និងតាមប្រភេទនៃម៉ាស់នោះ។ ចំណែកអាកុល សម្រាប់លាងដៃកម្ចាត់មេរោគ ក៏មានតម្លៃខ្ពស់ដែរ ចំណុះកន្លះលីត្រ ២ម៉ឺនរៀល (២០.០០០) ឬ ៥ដុល្លារអាមេរិក ឬថ្លៃជាងនេះ និងពិបាករកទិញគ្រប់កន្លែង។
យ៉ាងណា អាជ្ញាធរកាំកុងត្រូល បានព្រមានថា អាកុលដែលគ្មានម៉ាកយីហោ ទីតាំងផលិត និងគ្មានបង្ហាញពីរយៈពេលផុតកំណត់ប្រើប្រាស់ គ្មានការទទួលស្គាល់ពីប្រព័ន្ធសុខាភិបាល គឺជាអាកុលក្លែងក្លាយ ឬអាកុលមានជាតិមេតាណុល ដែលបណ្ដាលឲ្យខូចសុខភាពអ្នកប្រើប្រាស់។ សមត្ថកិច្ចធ្លាប់បានចាប់អាកុលក្លែងក្លាយនេះ ច្រើនករណីមកហើយ។
ចំណែកវិធានការទប់ស្កាត់ ម៉ាស់ មានតម្លៃថ្លៃ និងការពិបាករកទិញ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យទាំងពីរនាក់ របស់ក្រសួងសុខាភិបាលទេ។
ទោះយ៉ាងណា ទាំងនៅមិនទាន់ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នផង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានប្រើកណ្ដាប់ដៃដែកចាត់ការទៅលើអ្នកលក់ម៉ាស់ទាំងឡាយណា ដែលលក់ម៉ាស់ក្នុងតម្លៃថ្លៃ៖ « ប៉ុន្តែម៉ាស់ពិបាករកទិញហើយ។ ខ្ញុំនឹងឈានទៅដល់ការរឹបអូសម៉ាស់ ចេញពីហាងទាំងអស់។ ខ្ញុំកំពុងសិក្សាពិនិត្យមើលអំពីផ្លូវច្បាប់។ បើអ្នកឯងនៅតែបន្តឡើងថ្លៃ ដាក់បញ្ជារឹបអូសយកតែម្ដង។ ដាក់បញ្ជារឹបអូសយកតែម្ដង។ កុំឲ្យវារកស៊ីតទៅទៀត ហើយបិទអាឱសថស្ថានហ្នឹងចោលតែម្ដង។ ទម្លាក់ថ្លៃ មិនទាន់ពេលដែលរាជរដ្ឋាភិបាល ប្រើកណ្ដាប់ដៃដែក។ បិទលើកនេះ បិទមិនឲ្យអ្នកឯងរកស៊ី មិនត្រឹមតែដកម៉ាស់ទេ។ បិទមិនឲ្យរកស៊ី មួយជីវិត ដើម្បីឲ្យរាងចាល។ ឥឡូវក្រសួងសុខាភិបាលពិនិត្យមើលមានប៉ុន្មាន ប្រជាពលរដ្ឋរាយការណ៍ មានប៉ុន្មានឱសថដ្ឋាន ដើម្បីបិទហើយ បិទមួយជីវិតហ្មង កុំឲ្យរកស៊ី អាហ្នឹងទៀត។ និយាយគ្នា មិនស្ដាប់ឆ្លៀតរកចំណេញ ឆ្លៀតរកចំណេញ»។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ៊្វ្រែល លោក កន សាវាង្ស យល់ថា ការទប់ស្កាត់ទំនិញឡើងថ្លៃ មិនមែនហាមអ្នកលក់មិនឱ្យឡើងថ្លៃនោះទេ តែរដ្ឋត្រូវមានផែនការនាំចូល និងផែនការដាក់លក់ក្នុងតម្លៃទាប សម្រាប់សាធារណៈជន ទើបមានប្រសិទ្ធភាព ដល់ជនក្រីក្រ និងទប់ស្កាត់ក្រុមឱកាសនិយមបាន។
អគ្គលេខាធិការសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ លោក កៅ ពឿន សង្កេតឃើញថា វិធានការរបស់រដ្ឋាភិបាលកន្លងទៅ មិនសូវមានប្រសិទ្ធិភាពទេ ដូចជាការចាត់វិធានការឡានឈ្នួលឡើងថ្លៃជាដើម។ ដូច្នេះ លោកយល់ថា ដើម្បីឲ្យពលរដ្ឋក្រីក្រមានលទ្ធភាព ទិញម៉ាស់បានប្រើប្រាស់គ្រប់គ្នា រដ្ឋាភិបាលគួរតែបើកលក់ម៉ាស់ ក្នុងតម្លៃថោក ឬសមរម្យ នៅតាមមន្ទីរពេទ្យ និងស្ថាប័នរដ្ឋ ឲ្យបានច្រើន នោះនឹងធ្វើឲ្យអ្នកលក់ម៉ាស់ឯកជន ទម្លាក់តម្លៃហើយ៖ « គួរតែមានវិធានការ ដោយផ្ទាល់ ឃើញស្រុកគេ គេចំណាយលុយច្រើន ដើម្បីជួយពលរដ្ឋគេ។ អ៊ីចឹងទៅ រដ្ឋជៀសវាង ជាបន្ទុកមួយដែរ បើរដ្ឋចង់ជួយពលរដ្ឋពិតប្រាកដមែន ដាក់លក់ទៅ នាំចូល ហើយដាក់លក់ខ្លួនឯងទៅ។ តាមស្ថាប័នរដ្ឋមួយៗហ្នឹង តាមមន្ទីរពេទ្យ តាមអ្វីហ្នឹង ហើយដាក់លក់ទៅ ប្រជាពលរដ្ឋទៅទិញទៅ។ ដល់ពេលមានជម្រើស ឯកជននឹងធ្លាក់ថ្លៃហើយ»។មកដល់ពេលនេះ ពលរដ្ឋ និងសង្គមស៊ីវិល សង្កេតឃើញថា រដ្ឋាភិបាលបានចាត់វិធានការ និងផ្សព្វផ្សាយឲ្យពលរដ្ឋបានយល់ដឹងពីជំងឺរលាកផ្លូវដង្ហើមបណ្ដាលមកពីមេរោគវីរុសកូរ៉ូណាថ្មី ឬកូវីដ១៩ រួមទាំងវិធានការបង្កើនការផ្សព្វផ្សាយតាមភូមិ ឃុំ ជាដើម បានច្រើនគួរសម។ តែយ៉ាងណា ពលរដ្ឋ ស្នើសុំរដ្ឋាភិបាល បង្កើនវិធានការចែក ម៉ាស់ សាប៊ូលាងដៃ និង ដាក់អាល់កុលនៅទីសាធារណៈ ឲ្យបានច្រើនសម្រាប់ឲ្យពលរដ្ឋលាងសម្អាតដៃ សម្លាប់មេរោគ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។