កម្មករ និង​អ្នក​នៅ​បន្ទប់​ជួល​ច្រើន​រយ​នាក់ តវ៉ា​ទាមទារ​អំណោយ​ក្នុង​ពេល​បិទ​ខ្ទប់

ដោយ យន់ សាមៀន
2021-04-17
Share
កម្មករ និង​អ្នក​នៅ​បន្ទប់​ជួល​ច្រើន​រយ​នាក់ តវ៉ា​ទាមទារ​អំណោយ​ក្នុង​ពេល​បិទ​ខ្ទប់ សកម្មភាព​តវ៉ា​ទាមទារ​អំណោយរបស់ពលរដ្ឋ​ដែល​ជាប់​ស្ថិត​ក្នុង​តំបន់​រាំងខ្ទប់ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​២០២១។
រូប​ពី​ហ្វេសប៊ុក

កម្មករ និង​ពលរដ្ឋ ស្នាក់​នៅ​តាម​បន្ទប់​ជួល​ច្រើន​រយ​នាក់ ផ្ទុះ​ការ​តវ៉ា​ទាមទារ​អំណោយ​ពី​អាជ្ញាធរ​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ពោធិ៍សែនជ័យ ក្នុង​ពេល​ពួកគេ​រង​ការ​បិទ​ខ្ទប់​មិន​ឱ្យ​ធ្វើដំណើរ ជាង​មួយ​សប្ដាហ៍​មក​ហើយ​។ អ្នកឃ្លាំមើល​សិទ្ធិ​កម្មករ ជំរុញ​ឱ្យ​អាជ្ញាធរ​ផ្ដល់​អំណោយ​តាម​គោលការណ៍ ដែល​ប្រមុខ​រដ្ឋាភិបាល បាន​ប្រកាស​ឧបត្ថម្ភ។

អាជ្ញាធរ​ខណ្ឌ​ទាំង​២ បាន​បិទ​ខ្ទប់​កម្មករ​ច្រើន​ម៉ឺន​នាក់ ឱ្យ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ជិត​ដប់​ថ្ងៃ។ កម្មករ​និង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ខ្លះ ឱ្យ​ដឹង​ថា​អ្នកខ្លះ ចាប់ផ្ដើម​អស់​លុយ​ទិញ​ម្ហូប និង​គ្មាន​អង្ករ​ហូប​បណ្ដើរៗ​ហើយ។

កម្មការិនី​ម្នាក់​ធ្វើការ​នៅ​រោងចក្រ​ឌីនឡាក់ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​កញ្ញា នី សុគន្ធ ប្រាប់​ថា កម្មករ​ទាល់​តម្រិះ​ទើប​នាំគ្នា​តវ៉ា​។ កញ្ញា​ថា អាជ្ញាធរ​បាន​បិទ​ខ្ទប់​កម្មករ​និង​អ្នក​រស់នៅ​តាម​បន្ទប់​ជួល តាំងពី​ថ្ងៃទី៩ មេសា ហើយ​ជាង​មួយ​សប្ដាហ៍​មក​នេះ គ្មាន​នរណា បាន​ទទួល​អំណោយ​ពី​អាជ្ញាធរ​រដ្ឋ​នោះ​ទេ។

ទន្ទឹម​នឹង​នេះ អាជ្ញាធរ​បាន​បិទ​ខ្ទប់​បរិវេណ​នោះ​ទាំងស្រុង​មិន​អនុញ្ញាត​ឱ្យ​កម្មករ​ចេញ​ក្រៅ​បរិវេណ​នៃ​ម្ដុំ​បន្ទប់​ជួល​បានទេ សូម្បី​ទៅ​ផ្សារ​ទិញ​ម្ហូប​។ កញ្ញា​បន្ត​ថា កម្មករ​ទាំងអស់​អាច​ទិញ​ម្ហូបអាហារ​បានតែ​នៅ​ខាងក្នុង​បរិវេណ​នៃ​ម្ដុំ​បន្ទប់​ជួល​ទេ ហើយ​មាន​អ្នកលក់​ម្ហូប ចូល​មក​លក់​ដល់​ក្នុង​នោះ តែ​បន្លែ សាច់ ថ្លៃ​ជាង​នៅ​ផ្សារ៖ «គេ​កត់​ឈ្មោះ​មួយ​អាទិត្យ​ជាង។ បើ​ការ​ឃុំ​វិញ ឃុំ​ចាប់ពី​ថ្ងៃទី​០៩​មក ឡើង​ជិត​៩​ថ្ងៃ​ហើយ​។ នៅ​មិនទាន់​បាន​អ្វី​ទេ នៅ​ទេ​។ គេ​ឱ្យ​យើង​នៅ​រង់ចាំ​ប្រហែលជា​២​ថ្ងៃ​អ្វី​ទៀត​អ៊ីចឹង​ណា។ តាម​គេ​សិន​ទៅ​បើ​គេ​នេះ​ហើយ​។ យើង​ចាំ​មើល​សិន​ទៅ ២​ថ្ងៃ​សិន»

កម្មករ​តាម​រោងចក្រ​នានា និង​អ្នក​ស្នាក់នៅ​ក្នុង​បន្ទប់​ជួល នៅ​ចន្លោះ​ខណ្ឌមានជ័យ និង​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ជួបជុំ​នាំគ្នា​តវ៉ា​ក្នុង​បរិវេណ​បន្ទប់​ជួល នៅ​ម្ដុំ​ផ្លូវ​វេងស្រេង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មេសា ។ ក្រោយ​ការ​តវ៉ា​បាន​បន្តិច អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​មក​សម្របសម្រួល និង​សន្យា​ថា អាជ្ញាធរ​នឹង​ដោះស្រាយ​បញ្ហា​នេះ ក្នុង​ចន្លោះ​ពីរ ទៅ​បី​ថ្ងៃ​ទៀត។

អាស៊ីសេរី មិនអាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អភិបាលខណ្ឌ​ពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ អភិបាល​ខណ្ឌ​មានជ័យ លោក ពេជ្រ កែវមុនី និង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េត មាសភក្ដី បាន​ទេ នៅ​ថ្ងៃទី​១៧ មេសា​។ តែ​ទោះជា​យ៉ាងណា​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្លាប់​បង្ហោះ​សារ​ពី​ការ​ផ្ដល់​អំណោយ​ឱ្យ​កម្មករ ៦៤០​នាក់ នៅ​តាម​បណ្ដា​រោងចក្រ​មួយចំនួន ដែល​មាន​កម្មករ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ម្ដុំ​ផ្លូវ​វេងស្រេង កាលពី​ថ្ងៃទី​១២ មេសា។

ទោះជា​យ៉ាងណា អ្នក​រត់​រ៉ឺម៉កកង់​បី​ម្នាក់ ដែល​ស្នាក់នៅ​បន្ទប់​ជួល​ម្ដុំ​គ្នា​នោះ​ដែរ​លោក យ៉ាំង ផារី ឱ្យ​ដឹង​ថា ពលរដ្ឋ​នាំគ្នា​រំសាយ​ក្រោយពេល​អាជ្ញាធរ​សន្យា​ថា ដោះស្រាយ​ឱ្យ តែ​លោក​មិន​ទាន់​ជឿជាក់​ទាំងស្រុង​ទេ​។ អ្នក​រត់​រ៉ឺម៉ក​កង់​បី​រូប​នេះ បន្ត​ថា អ្នក​ជួល​បន្ទប់​នៅ​ម្ដុំ​ផ្លូវ​វេងស្រេង ដែល​កើត​ការ​តវ៉ា​នេះ មាន​រាប់​ម៉ឺន​នាក់ ភាគ​ច្រើន​ជា​កម្មករ​តាម​រោងចក្រ និង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ ហើយ​សុទ្ធតែ​មិន​ទទួល​បាន​អំណោយ​ពី​អាជ្ញាធរ​រដ្ឋ៖ «យើង​ចាំ​មើល​សិន​បង ព្រោះ​អ្វី គេ​សន្យា​ថា មួយថ្ងៃ​ពីរ​ទៀត​គេ​បើក​ឱ្យ​។ យើង​ចាំ​មើល​សិន បើ​ដល់​ថ្ងៃ​ហើយ មិន​ឃើញ​វត្តមាន​គេ​ចុះ​មក ចាំ​មើល​ទៀត»

កាលពី​ថ្ងៃទី​១០ មេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បញ្ចេញ​ថវិការដ្ឋ​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ផ្ទាល់​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩ (Covid-19) ដោយ​មិន​រើសអើង​ទេ ទាំង​គ្រួសារ​ដែល​មាន​សមាជិក​ស្លាប់​ដោយសារ​ជំងឺ​នេះ អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក និង​អ្នក​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់។

លោក ហ៊ុន សែន ប្រកាស​ថា អ្នក​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់​នឹង​ទទួល​បាន​ថវិកា​ពី​រដ្ឋ​ចំនួន ៣០​ម៉ឺន​រៀល ក្នុង​មួយ​គ្រួសារ ហើយ​រដ្ឋ​អាច​នឹង​ជួយ​បង់ថ្លៃ​ទឹក ថ្លៃ​អគ្គិសនី​ចំនួន​២​ខែ​។ អាជ្ញាធរ ក៏​នឹង​ផ្ដល់​អង្ករ​ឱ្យ​គ្រួសារ​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់​ចំនួន ២៥​គីឡូក្រាម មី​មួយ​កេស​តូច ត្រី​ខ ២០​កំប៉ុង។ លោក ប្រកាស​ថា នឹង​ជួយ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ក្នុង​តំបន់​ដែល​បិទ​ខ្ទប់ ខណៈ​នៅ​ថ្ងៃទី​១៦ មេសា លោក បាន​បញ្ជា​ឱ្យ​បិទ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្ដាល៖ «បើ​គាត់​មិនអាច​ចេញ​ទៅ​រកស៊ី​បាន វិធី​តែមួយគត់​ត្រូវ​ផ្ដល់​ឱ្យ​គាត់​មួយ​គ្រួសារ​៣០​ម៉ឺន​រៀល វា​ប្រហាក់ប្រហែល​៧៥​ដុល្លារ​ដែរ​។ អង្ករ​២៥​គីឡូ បូក​នឹង​មី​មួយ​កេស បូក​នឹង​ត្រីខ​២០​កំប៉ុង។ អាច​ទទួល​ទាន​អាហារ​ប៉ុណ្ណឹង​។ វា​គ្រាន់បើ​ជាង​សម័យ​សង្គ្រាម ដែល​គ្មានអ្វី​ស៊ី​ផង ពេល​នោះ​។ យើង​ស៊ី​បាយក្រៀម តែ​ពេលនេះ យើង​មាន​អ្វី​ទទួល​ទាន​ហើយ​ពេល​ទៅ ខាងមុខ យើង​ក៏​អាច​មាន​ផល​ចំណេញ ពី​ការ​បង់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង​ជំនួស​រយៈពេល ២​ខែ​ផង​ដែរ»

ពាក់ព័ន្ធ​ករណី​នេះ អ្នកឃ្លាំមើល​សិទ្ធិ​កម្មករ ជំរុញ​ឱ្យ​អាជ្ញាធរ ចុះ​ចែក​អំណោយ​ឱ្យ​បាន​លឿន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​។ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន់ ពៅ សង្កេត​ឃើញ​ថា តាម​តំបន់​មួយចំនួន ត្រូវ​បាន​អាជ្ញាធរ​បិទ​ខ្ទប់​ច្រើន​ថ្ងៃ​មក​ហើយ​។ លោក​ថា ពួកគាត់ កំពុង​ប្រឈម​ជីវភាព​ធ្ងន់ធ្ងរ ដូច្នេះ លោក​ទទូច​ឱ្យ​អាជ្ញាធរ​ប្រញាប់​ចែក​អំណោយ​ឱ្យ​បាន​លឿន​បំផុត។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​នេះ​ទៀត​ជា​បន្ទាន់ បើ​ពុំ​ដូចនេះ​ទេ​ពលរដ្ឋ​ក្រីក្រ កាន់តែ​ច្រើន នឹង​ប្រឈម​បញ្ហា​គ្មាន​អាហារ​ហូប ហើយ​ពួកគេ​អាច​នឹង​ជួបជុំគ្នា​តវ៉ា​បែប​នេះ​ទៀត៖ «រដ្ឋ​គួរតែ​គិត​រៀបចំ​សេណារីយ៉ូ ធ្វើ​ផែនការ​ច្បាស់​លាស់​ឡើងវិញ ដើម្បី​កុំ​ឱ្យ​មាន​ព្រឹត្តិការណ៍​តវ៉ា​បែបនេះ​ត​ទៀត​។ រឿង​នេះ វា​ជា​មេរៀន​សំខាន់ ដើម្បី​ដាស់​ស្មារតី​តាម​មូលដ្ឋាន​ទាំងអស់​ហ្នឹង​ត្រូវធ្វើ​ការ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​មុននឹង​ធ្វើ​អ្វី​រដ្ឋ​ត្រូវតែ​គិត​ពិចារណា មាន​ផែនការ​ច្បាស់លាស់ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ជាក់ស្ដែង​។ បើ​មិន​មាន​ផែនការ​ច្បាស់លាស់​ទេ វា​បណ្ដាល​ឱ្យ​គាត់​(​ពលរដ្ឋ​)​តវ៉ា​អ៊ីចឹង​។ អ៊ីចឹង ខ្ញុំ​គិតថា វា​ជា​រឿង​មួយ​ចាំបាច់​ណាស់​ហើយ​យើង​សង្ឃឹមថា រដ្ឋ​នឹង​ឆ្លើយតប ជាមួយ​ពួកគាត់​ក្នុង​ពេល​ឆាប់ៗ»

នេះ​គឺជា​លើក​ទី​១​ហើយ ដែល​កម្មករ​និង​អ្នក​ស្នាក់នៅ​តាម​បន្ទប់​ជួល តវ៉ា​ទាមទារ​អំណោយ ចាប់​តាំងពី​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ មក​។ កម្មករ និង​អ្នក​ស្នាក់​នៅ​តាម​បន្ទប់​ជួល ទទូច​ស្នើសុំ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​លឿន បើ​មិន​ដូច្នេះ​ទេ ពួកគាត់​នឹង​តវ៉ា​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល