រដ្ឋបាល​​ក្រុង​​ភ្នំពេញ ផ្អាក​​ការ​​ជួប​ជុំ និង​​មុខ​របរ​​មួយ​​ចំនួន​​សម្រាប់​​រយៈពេល ៧ ថ្ងៃ

ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺកូវីដ-១៩ អាជ្ញាធរ​ក្រុង​ភ្នំពេញ បានប្រកាស​ផ្អាក​បណ្តោះ​អាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ​ ឬអាជីវកម្ម​ដែលមានហានិភ័យខ្ពស់​នៃ​ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩ និង​ការ​ជួបជុំឬ​ប្រមូលផ្តុំ​ជា​លក្ខណៈឯកជននៅ​ក្រុង​ភ្នំពេញសម្រាប់​រយៈពេល​មួយ​សប្តាហ៍ (ប្រាំពីរថ្ងៃ) គិត​ចាប់​ពី​ថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៥ ខែធ្នូ។ អាជ្ញាធរក្រុងភ្នំពេញ អះអាងថា ការផ្អាក​មួយ​រយៈ​នេះគឺដើម្បី​ប្រយុទ្ធនិង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃជំងឺ​កូវីដ-១៩។

មុខរបរ​ដែល​ត្រូវ​ផ្អាក​បណ្តោះអាសន្ន រួមមាន​ ខារ៉ាអូខេ រង្គសាល និង​ឌីស្កូតែក។ អាជ្ញាធរ​ក៏​ហាម​ការ​ជួបជុំ​ជា​លក្ខណៈឯកជនដែល​មាន​គ្នា​លើស​ពី ៥០ នាក់។ ប៉ុន្តែ មិន​ហាម​ការ​ជួបជុំ​គ្នា​ច្រើន​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍ បុណ្យប្រពៃណី ពិធីសាសនា ការជួបជុំ និង​កម្មវិធីផ្សេងៗបែប​សាសនា​នោះ​ឡើយ។

បម្រាម​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញធ្វើឡើង​ក្នុងពេល​ដែល​ពិភពលោកកំពុង​តែ​ព្រួយ​បារម្ភ និង​ចាត់​វិធានការ​ជាក់​ស្តែ​ងតាមប្រទេសរៀងខ្លួនដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​មេរោគកូវីដ-១៩ បំប្លែង​ថ្មី​ឈ្មោះ អូមីក្រុង (Omicron) ដែលឆ្លង​លឿន និង​មិន​ច្បាស់​ថា​វ៉ាក់សាំង​ដែល​បាន​ចាក់​ហើយ​អាច​បង្ការ​បាននៅឡើយ។ មេរោគបំប្លែងថ្មីនេះ ត្រូវគេរក​ឃើញដំបូង​នៅ​ប្រទេស​ជា​ច្រើន​នៅទ្វីប​អាហ្រ្វិក​ខាងត្បូង។ ប៉ុន្តែ​ពេល​នេះមេរោគ​នេះបាន​ឆ្លងរាល​ដាល​ខ្លាំង​ទៅ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក។

ដោយឡែក​នៅកម្ពុជាកាលពីថ្ងៃទី២៨ ខែវិច្ឆិកា រដ្ឋាភិបាល​កម្ពុជាទើបទទួល​បាន​វ៉ាក់សាំង​អាមេរិក​មួយ​ប្រភេទ​ទៀត​ឈ្មោះ ម៉ូឌើនណា (Moderna) ចំនួនជិត ២សែនដូស (១៨៨,១៦០) ដែលជាជំនួយ​តាមយន្តកា​រកូវ៉ាក់ (Covax) របស់អង្គការ​ពិភពលោក (WHO)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។