ពលរដ្ឋរស់នៅខេត្តកំពត រិះគន់អាជ្ញាធរខេត្តនេះថា បណ្ដោយឱ្យនាំចូលជ្រូកពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជាកាន់តែច្រើនឡើង ខណៈដែលមានភាពស្ងប់ស្ងាត់នៃការរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ឬហៅថា អាហ្វ្រិកខេន ស្វាញ ហ្វ៊ីវើ (African Swine Fever (AFS)។ ពួកគេបារម្ភថា ជំងឺនេះនឹងផ្ទុះឡើងជាថ្មីទៀត ប្រសិនបើអាជ្ញាធរនៅតែធ្វេសប្រហែស មិនទប់ស្កាត់ការនាំចូល។
ពលរដ្ឋរស់នៅស្រុកបន្ទាយមាស ខេត្តកំពត ក្បែរព្រំដែនកម្ពុជាវៀតណាម ឱ្យដឹងនៅថ្ងៃទី១៤ មករាថា អាជ្ញាធរពាក់ព័ន្ធតាមព្រំដែនមិនយកចិត្តទុកដាក់ បញ្ឈប់ការនាំចូលជ្រូកពីប្រទេសវៀតណាមនោះទេ ហើយសកម្មភាពនាំជ្រូកទាំងនោះ ក្រុមឈ្មួញដឹកជញ្ជូនតាមរថយន្តធំៗ និងរ៉ឺម៉កនៅពេលយប់ ចូលប្រទេសកម្ពុជា។
ដូចគ្នានេះដែរ ពលរដ្ឋរស់នៅស្រុកទឹកឈូ ថ្លែងសុំលាក់ឈ្មោះ ឱ្យដឹងថា ស្ទើរជារៀងរាល់យប់ មានរថយន្ត និងរ៉ឺម៉កដឹកជ្រូកក្បាលពណ៌ក្រហមរាប់សិបក្បាល ពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រករបៀងព្រែកតន់ហន់ ក្នុងស្រុកកំពង់ត្រាច ច្រករបៀងព្រែកចាក និងច្រករបៀងបន្ទាយមាស។ លោកថា កៀករដូវបុណ្យចូលឆ្នាំចិន ការនាំចូលជ្រូកពីប្រទេសវៀតណាម មានការកើនឡើងច្រើន ធ្វើឱ្យពលរដ្ឋភ័យព្រួយពីការឆ្លងរាលដាលជំងឺប៉េស្តជ្រូកជាថ្មីទៀត នឹងបង្កផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច និងសុខភាពពលរដ្ឋធ្ងន់ធ្ងរ៖ «ព្រំដែនជាប់គ្នាកម្ពុជា និងវៀតណាមនៅខេត្តកំពត។ វាដឹកជ្រូកដាក់ឡាន ជូនកាលដាក់ឡានតូច និងជូនកាលដឹកដាក់ឡានធំដូចយប់មិញអ៊ីចឹង ខ្លះដឹករ៉ឺម៉កវែងដូចឡានដែរ។ វាដឹករ៉ឺម៉កមក » ។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តកំពត លោក យន់ ផល្លី ថ្លែងថា អាជ្ញាធរខ្វះការត្រួតពិនិត្យ និងអនុវត្តច្បាប់ធូររលុងច្រើនករណីនាំជ្រូកចូលពីប្រទេសវៀតណាម ដែលអាចឆ្លងរាលដាលជំងឺប៉េស្តជ្រូកបន្ថែមទៀតមកកម្ពុជា។ លោកថា ការនាំចូលជ្រូកពីវៀតណាម ក៏បង្កផលប៉ះពាល់ដល់មុខរបបចិញ្ចឹមជ្រូករបស់កសិករកម្ពុជា ព្រោះជ្រូកវៀតណាមមានតម្លៃថោកជាង៖ «នេះវាជាកង្វះខាតរបស់អាជ្ញាធរយើងក្នុងការត្រួតពិនិត្យតាមខ្សែបណ្ដោយព្រំដែន។ អ៊ីចឹងមានការបណ្ដែតបណ្ដោយធ្វើឱ្យជ្រូកវៀតណាមនាំចូលមកកម្ពុជាយើង»។
កាលពីឆ្នាំ២០១៩ ជំងឺប៉េស្តជ្រូក បានឆ្លងរាលដាល ដល់ខេត្តចំនួន ៥ សុទ្ធសឹងជាខេត្តនៅជាប់ព្រំដែនប្រទេសវៀតណាម រួមមាន ខេត្តរតនគិរី ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តកណ្ដាល និងខេត្តស្វាយរៀង។ កាលពីចុងខែមីនា ឆ្នាំ២០១៩ ជំងឺប៉េស្តជ្រូក បានឆ្លងជាលើកដំបូង ចូលក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ហើយមានជ្រូកជាង ២ពាន់ក្បាល (២.១៤០) ត្រូវបានសម្លាប់ចោល។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ និងអ្នកនាំពាក្យសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី១៤ មករា។
ចំណែកអភិបាលខេត្តកំពត លោក ជាវ តាយ ក៏មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម លោក ងិន ឆាយ ថ្លែងក្នុងសិក្ខាសាលាមួយ កាលពីថ្ងៃទី១០ មករាថា កម្ពុជាហាក់ខ្វះចន្លោះច្រើន ពាក់ព័ន្ធនិងការពិនិត្យ និងគ្រប់គ្រងផលិតផលនាំចូល។ លោកថា ប្រទេសជិតខាង បានប្រើប្រាស់របាំងបច្ចេកទេស និងគុណភាព ដើម្បីការពារផលិតផលក្នុងស្រុករបស់គេ ក៏ប៉ុន្តែកម្ពុជាមិនទាន់បានប្រើរបាំងនេះទេ ហើយទំនិញនាំចូលពីប្រទេសជិតខាង មានតែមន្ត្រីគយ និងនគរបាលប៉ុណ្ណោះ ដែលឈរជើងតាមព្រំដែន ខ្វះមន្ត្រីបច្ចេកទេសពិនិត្យគុណភាពទំនិញ៖ «យើងមុននឹងនាំចូលទៅប្រទេសថៃ និងប្រទេសណាផ្សេងៗ ពិនិត្យអស់អាចម៍អស់នោម តែដល់គេចូលមកយើងវិញ អាណាចង់ចូលអីចូលទៅ។ បច្ចុប្បន្ននេះកាំកុងត្រូល ដូចជា ចេញពីទល់ដែនទៀតហើយ អត់មាននៅទេឈរជើងទេ។ ខាងខ្ញុំមិនអនុញ្ញាតឱ្យមានការឈរជើងនៅហ្នឹងទេ។ រាល់ថ្ងៃនេះមានតែពីរទេ ស្ថាប័នគយហើយនិង ប៉ូលិសអន្តោប្រវេសន៍។ អ៊ីចឹងការហូរចូលទំនិញមក មានតែគយលោកមើល ប៉ូលិសអន្តោប្រវេសន៍លោកមើល ប៉ុន្តែអ្នកបច្ចេកទេសអត់បានឈរជើងនៅមើលហ្នឹង។ នេះជាចំណុចមួយទៀត ដែលយើងនឹងមានរបាំងបច្ចេកទេសនេះ»។
កន្លងទៅក្រសួងកសិកម្ម សម្រេចផ្អាកជាបណ្ដោះអាសន្ន ការចិញ្ចឹម ទិញ លក់ និងដឹកជញ្ជូនសត្វជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ ចេញពីតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក។ លើសពីនេះ ក្រសួងបានបញ្ជាឱ្យបិទការនាំចូលជ្រូកពីប្រទេសវៀតណាម បន្ទាប់ពីផ្ទុះជំងឺប៉េស្តជ្រូក។
សារព័ត៌មានវៀតណាម (VN Express) បានចុះផ្សាយថា ក្រោយពីវៀតណាមផ្ទុះជំងឺប៉េស្តជ្រូកធ្ងន់ធ្ងរ មិនអាចនាំជ្រូកទៅប្រទេសក្រៅបាន វៀតណាមសម្រេចនាំចូលជ្រូកពីប្រទេសអឺរ៉ុបមួយចំនួន និងសហរដ្ឋអាមេរិក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ សង្កេតឃើញថា ថ្វីដ្បិតតែក្រសួងមានយន្តការទប់ស្កាត់មិនឱ្យនាំជ្រូកចូលពីប្រទេសវៀតណាមក្ដី ក៏អាជ្ញាធរតាមច្រកព្រំដែននីមួយៗ និងសមត្ថកិច្ចពាក់ព័ន្ធនៅតែបណ្ដោយឱ្យពាណិជ្ជករវៀតណាម នាំជ្រូកចូលមកកម្ពុជាដែរ។ លោកថា អាជ្ញាធរពាក់ព័ន្ធតាមព្រំដែន នៅតែប្រព្រឹត្តអំពើពុករលួយ ជាថ្នូរអនុញ្ញាតឱ្យវៀតណាម នាំជ្រូកចូលកម្ពុជា ដោយមិនខ្វល់ពីសុខទុក្ខពលរដ្ឋខ្មែរ៖ «ទី១ ខាតប្រយោជន៍ដល់កសិករខ្មែរ ដែលខិតខំចិញ្ចឹមជ្រូកនៅតាមស្រុកស្រែចម្ការ ទី២ ខាតប្រយោជន៍ដល់ឈ្មួញដែលរកស៊ីលក់សាច់ជ្រូកហ្នឹងទៀត។ នៅពេលដែលពលរដ្ឋក្នុងស្រុកគាត់លែងទុកចិត្តយន្តការរបស់អាជ្ញាធរដែលធូររលុង នាំចូលជ្រូក ដែលមានកើតមេរោគប៉េស្តធ្វើឱ្យអតិថិជនពលរដ្ឋទាំងអស់គាត់ខ្លាចរអា មិនដឹងថា អាណាជ្រូកខ្មែរ មិនដឹងអាណាជ្រូកវៀតណាម ? សូមឱ្យរដ្ឋាភិបាលធ្វើអ្វីក៏ដោយ គ្រប់ក្រសួងត្រូវមានយន្តការជាក់លាក់ កុំធ្វើឱ្យតែបង្ហាញតាមប្រព័ន្ធផ្សព្វផ្សាយឱ្យតែល្អមើល គ្មានយន្តការច្បាស់លាស់ អាហ្នឹងហើយធ្វើឱ្យពលរដ្ឋបាត់ទំនុកទុកចិត្តលើក្រសួងទាំងអស់ហ្នឹង » ។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលអះអាងថា មិនត្រឹមតែនៅខេត្តកំពតទេ ដែលនាំជ្រូកចូលពីប្រទេសវៀតណាម នៅខេត្តតាកែវ ក៏មានសេចក្ដីរាយការណ៍ថា អាជ្ញាធរខ្មែរ ក្នុងស្រុកបុរីជលសារ បានអនុញ្ញាតនាំជ្រូកចូលពីប្រទេសវៀតណាម មិនក្រោម ១០០ក្បាលទេ ក្នុងមួយថ្ងៃៗ។ ជ្រូកដែលនាំចូលពីវៀតណាម ភាគច្រើនពុំមានការត្រួតពិនិត្យបច្ចេកទេស ពីអាជ្ញាធរជំនាញនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។