ពលរដ្ឋរិះគន់ការប្ដូរឈ្មោះមន្ទីរពេទ្យព្រះកុសុមៈដោយសារទទួលជំនួយពីចិន

ព្រះសង្ឃ និងពលរដ្ឋ រិះគន់របបក្រុងភ្នំពេញ ដែលបានសម្រេចផ្លាស់ប្ដូរឈ្មោះមន្ទីរពេទ្យព្រះកុសុមៈ ដែលគេស្គាល់ថាជា មន្ទីរពេទ្យលោកសង្ឃ ទៅជាឈ្មោះ មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ ក្រោយពីទទួលបានអំណោយ ជាអគារពីរដ្ឋាភិបាលចិន។
ព្រះសង្ឃ និងយុវជនយល់ថា របបក្រុងភ្នំពេញ មិនគួរប្ដូរឈ្មោះមន្ទីរពេទ្យប្រវត្តិសាស្ត្ររបស់ខ្មែរដ៏ធំមួយ ដោយគ្រាន់តែទទួលបានជំនួយជាអគារពីរដ្ឋាភិបាលចិនទេ។
ព្រះតេជព្រះគុណ សឿន សេងហុង គង់នៅវត្តពិភទ្ទរង្ស៊ី ហៅវត្តចិនដំដែកខាងជើង សង្កាត់ស្រះចក ខណ្ឌដូនពេញ មានព្រះថេរដីកាថា ការផ្លាស់ប្ដូរឈ្មោះមន្ទីរពេទ្យព្រះកុសុមៈ អាចធ្វើឲ្យក្មេងជំនាន់ក្រោយមិនស្គាល់ឈ្មោះដើមនៃមន្ទីរពេទ្យលោកសង្ឃ និងហាក់បញ្ជាក់ថា ក្រោមការដឹកនាំនៃរបប ក្រុងភ្នំពេញ ប្រទេសកម្ពុជា កំពុងស្ថិតក្រោមអាណានិគមរបស់ចិនកុម្មុយនិស្ត៖ «គេអាចប្ដូរឈ្មោះបានពីអតីតព្រះមហាក្សត្រខ្មែរហើយមកដាក់មន្ទីរពេទ្យកម្ពុជាមិត្តភាពចិនអ៊ីចឹងទៅវាអាចបញ្ជាក់បានថាយើងកំពុងស្ថិតនៅក្រោមរដ្ឋបាលចិនកុម្មុយនិស្ត»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង កាលពីថ្ងៃទី៣០ តុលា បានធ្វើជាអធិបតីក្នុងពិធីសាសនា ដើម្បីបើកការដ្ឋានសាងសង់អគារថ្មី ដែលត្រូវសង់លើផ្ទៃដី ជាង១ម៉ឺន (១៣.៧៤០) ម៉ែត្រការ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះកុសុមៈ។ អគារថ្មីនេះ ឈ្មោះ អគារមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ ហើយមានទំហំ ជាង២ម៉ឺន (២៨.៩០០) ម៉ែត្រការ៉េ នឹងត្រូវចំណាយទឹកប្រាក់អស់ចំនួន ៥៥០លានយ័ន ស្មើនឹងប្រមាណ ៨០លានដុល្លារអាមេរិក។ មន្ទីរពេទ្យព្រះកុសុមៈ ដែលគេស្គាល់ថាជាមន្ទីរពេទ្យលោកសង្ឃ ស្ថិត ក្នុងខណ្ឌទួលគោក ត្រូវបានកសាងនៅឆ្នាំ១៩៥៣ និងដាក់ឲ្យដំណើរការនៅឆ្នាំ១៩៥៦ ដោយយកតាមព្រះនាមព្រះមហាក្សត្រិយ៍ខ្មែរមួយអង្គ ព្រះនាម ស៊ីសុវត្ថិមុនីវង្ស កុសុមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលបានសោយរាជ្យ នៅចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០។
នៅថ្ងៃទី៣០ តុលា ហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាលក៏បានចេញផ្សាយវីដេអូឃ្លីប រយៈពេលជិត ៨នាទី បង្ហាញថា ក្រោយការសាងសង់អគារថ្មី មន្ទីរពេទ្យព្រះកុសុមៈ នឹងត្រូវផ្លាស់ប្ដូរឈ្មោះ ជាមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ៖ «មន្ទីរពេទ្យព្រះកុសុមៈនឹងត្រូវប្តូរឈ្មោះទៅជាមន្ទីរពេទ្យកម្ពុជាមិត្តភាពចិនព្រះកុសុមៈដែលចាប់ផ្ដើមសាងសង់ចាប់ពីដំណាច់ខែ តុលាឆ្នាំ ២០១៨មានរយៈពេល៤០ខែដែលមានគ្រោងចំណាយអស់ប្រាំរយសែសិបលានយន់ស្មើ ប្រមាណ ប៉ែតសិបមួយលានដុល្លារអាមេរិក»។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ និងអ្នកស្រី ឱ វណ្ណឌីន បានទេ នៅថ្ងៃទី៣១ តុលា ដោយសារមិនលើកទូរស័ព្ទ។
ហ្វេសប៊ុកក្រសួងសុខាភិបាល បង្ហាញថា អគារមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ នឹងត្រូវចំណាយពេលសាងសង់រយៈពេល៤០ខែ មានកម្ពស់ ៥៣ម៉ែត្រ ១១ជាន់។ អគារនេះ នឹងមានប្រព័ន្ធផ្គត់ផ្គង់ទឹក អគ្គិសនី និងប្រព័ន្ធបង្ហូរលូទឹកស្អុយ ហេដ្ឋារចនាសម្ព័ន្ធស្ដង់ដារប្រទេសចិន ហើយអាចសម្របតាមអាកាសធាតុរដូវប្រាំង និងរដូវវស្សា។
អគារថ្មីនេះ ត្រូវចែកចេញជាផ្នែក ដូចជា ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ អគារនេះ មានសមត្ថភាពអាចដាក់គ្រែទទួលឲ្យអ្នកជំងឺសម្រាកព្យាបាលចំនួនសរុប៤០០គ្រែ។
យុវជននៅរាជធានីភ្នំពេញម្នាក់ លោក ខាន់ ភូមិន្ទ សម្ដែងការមិនពេញចិត្តចំពោះការប្ដូរឈ្មោះមន្ទីរពេទ្យព្រោះជាការបាត់បង់ប្រវត្តិសាស្ត្ររបស់ខ្មែរ។ យុវជនរូបនេះ យល់ថា ប្រសិនបើភាគីចិន ចង់ផ្ដល់ជំនួយជួយសុខាភិបាលកម្ពុជាដោយស្មោះសមែនគួរទុកឈ្មោះមន្ទីរពេទ្យជាប្រវត្តិសាស្ត្រឲ្យខ្មែរទុកសិទ្ធិឲ្យភាគីខ្មែរគ្រប់គ្រងទាំងស្រុង និងមិនត្រូវមានភាគហ៊ុនរបស់ចិនទេ៖ «និយាយតាមត្រង់សូម្បីតែក្មេងដែលទើបតែរៀន ក៏គេដឹងថាជាជំនួយដែលចង់បានកេរ្តិ៍ ឈ្មោះ ជាជំនួយសម្លឹងរកផលប្រយោជន៍ ជា គំនិតខ្ញុំជំនួយចង់បានអ្វីម្យ៉ាងទៅវិញ»។
អតីតព្រះរាជលេខាផ្ទាល់របស់ ព្រះបាទ នរោត្តម សីហនុ គឺ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ រំលឹកថា មន្ទីរពេទ្យនេះ បានយកព្រះនាមរបស់ ព្រះមាតារបស់ព្រះបាទនរោត្តម សីហនុ ហើយទ្រង់បានសោយទិវង្គតនៅប្រទេសចិន កាលពីឆ្នាំ១៩៧៥។ ទោះយ៉ាងណាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ចង់ឃើញគុណភាពវិស័យសុខាភិបាល នៅមន្ទីរពេទ្យព្រះកុសុមៈ មានភាពរីកចម្រើនជាងមុន ក្រោយទទួលបានជំនួយពីចិន៖ «ហេតុដូច្នេះប្រសិនបើមានការដូរ ឈ្មោះមន្ទីរពេទ្យព្រះកុសុមៈទៅជាមន្ទីរពេទ្យកម្ពុជាមិត្តភាពចិនព្រះកុសុមៈ ក៏វាអត់មានការឆ្គាំឆ្គងអ្វីដែរ ព្រោះលោកបានជាសាក្សីមិត្តភាពកម្ពុជាចិនផងដែរ អ៊ីចឹងសូមទោសហើយណាមិនមានអ្វីខុសទេ ខ្ញុំសូមពន្យល់ដល់មហាជនវីរៈជនថា មិនមានអ្វីប៉ះព្រោះអតីតព្រះមហាក្សត្រចិនគេធ្លាប់ជាម្ចាស់ ផ្ទះទទួលកម្ពុជាយើងជាមហាមិត្តរបស់ចិន អ៊ីចឹងមិនមានអ្វីជាផលប៉ះពាល់មកដល់កម្ពុជានោះទេ»។
ពលរដ្ឋ និងព្រះសង្ឃ ចង់ឲ្យរបបក្រុងភ្នំពេញ ទទួលជំនួយផ្នែកសុខាភិបាលពីរដ្ឋាភិបាលចិន យកទៅបង្កើតមន្ទីរពេទ្យថ្មី ដាក់ឈ្មោះមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ជាជាងការប្ដូរឈ្មោះមន្ទីរពេទ្យព្រះកុសុមៈ៕