ពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែតមួយ​ចំនួន កើត​រមាស់ និង​រាករូស បន្ទាប់ពី​ប្រើទឹក​​របស់​ក្រុមហ៊ុន​អានកូ ដែល​មាន​ក្លិន​ស្អុយ និង​កខ្វក់

ដោយ ម៉ៅ សុធានី
2024.07.16

ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ក្រុង​ប៉ោយប៉ែត ត្អូញត្អែរ​ថា ក្រុមហ៊ុន​ទឹក​ស្អាត អានកូ (ANCO) បាន​ចែកចាយ​ទឹក​មាន​ក្លិន​ស្អុយ កខ្វក់ ដុះស្លែ និង​មាន​កូន​ដង្កូវ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់។ ពួក​គាត់​អះអាង​ថា បន្ទាប់​ប្រើ​ទឹក​របស់​ក្រុមហ៊ុន អានកូ នេះ​រួច ពួក​គាត់​បាន​កើត​រមាស់ ឈឺ​បំពង់ក និង​រាករូស​ជា​ដើម។

ពលរដ្ឋ​មួយ​ចំនួន នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​នាំគ្នា​ចេញ​មក​ត្រង​ទឹកភ្លៀង ទុក​ប្រើ​ដោយសារ​បញ្ហា​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​អានកូ កខ្វក់ មាន​ក្លិន​ស្អុយ។

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត លោក ដេន ដឿត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៦ ខែកក្កដា​ថា ទឹក​ស្អាត​របស់​ក្រុមហ៊ុន​អានកូ មាន​ក្លិន​ស្អុយ និង​ល្អក់ អស់​រយៈពេល​ជាង ២ខែ​មក​ហើយ។ លោក​រៀបរាប់​ថា ជាទូទៅ​គ្រួសារ​របស់​លោក បាន​ប្រើប្រាស់​ទឹក​របស់​ក្រុមហ៊ុន​អានកូ សម្រាប់​ងូត បោក​ខោអាវ និង​យក​ទៅ​ចម្អិន​អាហារ ក៏​ប៉ុន្តែ នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ទឹក​ស្អាត​របស់​ក្រុមហ៊ុន​អានកូ កាន់​តែ​មាន​ក្លិន​ស្អុយ និង​កខ្វក់​ខ្លាំង​ជាង​មុន ដែល​ធ្វើ​ឱ្យ​គ្រួសារ​របស់​លោក កើត​កន្ទួល​រមាស់​ពេញ​ខ្លួន និង​រាករូស ស្លេកស្លាំង​អស់​កម្លាំង។

លោក ដេន ដឿត៖ «ទឹក​នៅតែ​កខ្វក់​ដដែល ប្រើ​អត់​កើត​ទេ។ ងូត​ក៏​រមាស់​ស្អុយ ហើយ​យក​ទៅ​ដាំបាយ​ធ្វើម្ហូប ក៏​មិនកើត អស់ជម្រើស​ហើយ។ ដូច​ខ្ញុំ​ប្រាប់​ខាម​ដើម​អ៊ីចឹង អ្នកខ្លះ​យក​ស្រោមជើង និង​ស្បៃ​មក​ត្រង​ក្បាល​រ៉ូប៊ីណេ (Robinet) ទឹក យ៉ាងណា​ក៏​នៅតែ​ប្រើ​មិនកើត។ ទឹក​វា​អត់​ដោយ​កាក​លំអង​មក​មែន ប៉ុន្តែ​វា​ស្អុយ ហើយ​ពណ៌ក្រហម។ ប្រើ​អត់​កើត​ទេ»

លោក ដេន ដឿត ប្រាប់​ថា លោក​បាន​យក​ស្បៃ​មក​ត្រង​ទឹក​ស្អាត និង​យក​ទៅ​ដាំ​យ៉ាងណា ក៏​មិន​បាត់​ក្លិន​ឡើយ។ ក្នុង​នោះ លោក​សង្កេតឃើញ​មាន​ដង្កូវ​តូចៗ ពណ៌ក្រហម និង​ស្លែ​ជាច្រើន ជាប់នឹង​ស្បៃ​តម្រង។

ចំពោះ​បញ្ហា​នេះ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី ពន្យល់​ថា ការ​បរិភោគ​ទឹក​មិន​ស្អាត ឬ​ទឹក​ដែល​មាន​លាយឡំ​ទឹក​កាកសំណល់​ក្នុង​លូ នឹង​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ផ្លូវ​រំលាយ​អាហារ ជាពិសេស ជំងឺ​រលាក​ថ្លើម​ប្រភេទ A និង ប្រភេទ E

លោក អ៊ួច វុឌ្ឍី៖ «វីរុស អេប៉ាទីត (hepatite) B និង​អេប៉ាទីត C វា​នៅ​ក្នុង​ទឹក​ហ្នឹង រាប់​រយ​ឆ្នាំ វា​អត់​បាត់​ទៅ​ណា​ទេ វីរុស​ហ្នឹង ពូកែ​ទំ​ណាស់។ អ៊ីចឹង​ទេ ទឹក​មិន​ស្អាត​នេះ មានផល​ប៉ះពាល់​ខ្លាំង ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង ដូចជា​ជំងឺ​ថ្លើម ជំងឺ​សើ​ស្បែក រលាក​ផ្លូវ​រំលាយ​អាហារ»

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង អភិបាល​ក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល ដើម្បី​បកស្រាយ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែ​កក្កដា។

មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្ត​បន្ទាយមានជ័យ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី១៦ ខែ​កក្កដា​ថា បញ្ហា​ទឹក​មាន​ក្លិន​ស្អុយ និង​ល្អក់​នេះ កើត​មាន​ឡើង​តិចតួច​ប៉ុណ្ណោះ។ ចំណែក​មូលហេតុ ដែល​ធ្វើ​ឱ្យ​ទឹក​កខ្វក់​នោះ គឺ​ដោយសារ​ការ​ជី​កកាយ​កប់​ប្រព័ន្ធ​លូ​បង្ហូរទឹក តាម​ដង​ផ្លូវ​ធ្វើ​អោយ​បែក​ធ្លាយ​បំពង់​បណ្ដាញ​ទឹក​ស្អាត​ជា​ញឹកញាប់ ដែល​នាំ​ឱ្យ​ជ្រាប​ភក់ ហូរ​ចូល​ក្នុង​បណ្ដាញ​ចែកចាយ។

ផ្ទុយពី​ការ​លើកឡើង​នេះ ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត អះអាង​ថា បញ្ហា​ទឹក​កខ្វក់​នេះ បាន​កើត​ឡើង​ដដែលៗ សឹង​រាល់​ឆ្នាំ និង​មានការ​ដាច់​ទឹកជា​ញឹកញាប់។ ពួក​គាត់​រិះគន់​ថា បញ្ហា​នេះ គឺ​បណ្ដាល​មកពី​អាជ្ញាធរ និង​ក្រុមហ៊ុន​ទឹក​ស្អាត ធ្វើការ​ខ្ជីខ្ជា ខ្វះ​បច្ចេកទេស និង​ខ្វះ​ការ​ទទួល​ខុស​ត្រូវ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ឌិន ពុទ្ធី លើក​ឡើង​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត គួរតែ​ចុះ​ត្រួតពិនិត្យ​មើល​កន្លែង​ប្រព្រឹត្ត​កម្ម​ទឹក​ដោយ​ផ្ទាល់ និង​កែ​លម្អ​ប្រព័ន្ធ​ទឹក​ស្អាត​ឡើង​វិញ ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់ ព្រោះ​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត មិន​មាន​ប្រភព​ទឹក​នៅ​តាម​ទន្លេ ស្ទឹង បឹងបួ សម្រាប់​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ឡើយ។
លោក ឌិន ពុទ្ធី៖ «អ្នក​ដែល​ទទួល​ខុសត្រូវ​មុន​គេ​ហ្នឹង គឺ​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ។ ទីពីរ គឺ​ក្រុមហ៊ុន​ហ្នឹង ព្រោះ​ដោយសារ​ក្រុមហ៊ុន​ហ្នឹង ជា​អ្នករក​ប្រាក់​ចំណេញ​បាន​ច្រើន​ណាស់ ពី​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ទឹក​ស្អាត ឬ​ក៏​អគ្គិសនី​ហ្នឹង។ នៅ​ប៉ោយប៉ែត មាន​តែ​ក្រុមហ៊ុន​អានកូ ហ្នឹងឯង»

ក្រុមហ៊ុន​អានកូ (ANCO GROUP) ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​ក្រុង​ប៉ោយប៉ែត គឺជា​កម្មសិទ្ធិ​របស់​ឧកញ៉ា កុក អាន ដែល​ជា​អនុ​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា។ ក្រុមហ៊ុន​នេះ បាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត អគ្គិសនី និង​រីសត នៅ​តាម​ក្រុង​ក្នុង​ខេត្ត​ជាប់​ព្រំដែន​មួយ​ចំនួន ដូចជា ក្រុង​បាវិត ខេត្ត​ស្វាយរៀង និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ តែ​យ៉ាង​ណា​ក្ដី ជា​ញឹកញាប់ ក្រុមហ៊ុន​មួយ​នេះ តែងតែ​ទទួលរង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា ផ្គត់ផ្គង់​ទឹក និង​អគ្គីស​នី​មិនបាន​ល្អ ជា​ដើម។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ស្នើ​ឱ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន ផ្គត់ផ្គង់​ទឹក​ដល់​ពួកគាត់​ឱ្យ​មាន​ស្ថិរភាព និង​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ នៅ​ពេល​ការ​ផ្គត់ផ្គង់ ឬ​គុណភាព​ទឹក​មាន​បញ្ហា ឱ្យ​សម​នឹង​តម្លៃ ដែល​ពួក​គាត់​បាន​ចំណាយ​បង់​ទៅ​ឱ្យ​ក្រុមហ៊ុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។