ក្រសួងការងារឲ្យដឹងថា កម្មករនិយោជិតរាប់ម៉ឺននាក់ក្នុងចំណោមកម្មករវិស័យកាត់ដេរប្រមាណជិត ២ លាននាក់ បានចុះឈ្មោះដោយស្ម័គ្រចិត្តទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩។ មន្ត្រីក្រសួងការងារមិនទាន់កំណត់ពេលវេលាច្បាស់លាស់ដើម្បីចាប់ផ្តើមការចាក់វ៉ាក់សាំងជាទ្រង់ទ្រាយធំនេះដល់កម្មករនៅឡើយទេ។
ទោះជាយ៉ាងណា ប្រធាននាយកដ្ឋានអធិការកិច្ចនៃក្រសួងការងារលោក អ៊ុក ចាន់ធូ ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ការចាក់វ៉ាក់សាំងកូវីដ១៩ នេះអាចនឹងចាប់ផ្តើមមុនចូលឆ្នាំឬក្រោយពិធីបុណ្យចូលឆ្នាំ ពីព្រោះកំពុងសហការជាមួយម្ចាស់រោងចក្រសហគ្រាស ដើម្បីផ្ញើឈ្មោះកម្មករស្ម័គ្រចិត្តបន្ថែមទៀត។
ទាក់ទងនឹងការចាក់វ៉ាក់សាំងដល់កម្មករនេះ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ មានប្រសាសន៍ប្រាប់អាស៊ីសេរីមុនការផ្សាយនេះបន្តិចថា សមាគមលោកចង់ឲ្យកម្មករច្រើនស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងរោងចក្រ និងសំរាប់ផលប្រយោជន៍ផ្ទាល់របស់កម្មករនិងក្រុមគ្រួសាររបស់ពួកគេ៖ «អត់មានទៅបង្ខំកម្មករថា ត្រូវតែចាក់ទេ។ យើងបានអប់រំណែនាំកម្មករដើម្បីឲ្យយល់ថា តើចាក់វ៉ាក់សាំងហើយមានផលប្រយោជន៍អ្វីខ្លះ។ ការពិតក្នុងនាមសមាគម យើងចង់បានកម្មករច្រើនទៅចាក់វ៉ាក់សាំង ពីព្រោះហ្នឹងអាចការពារកម្មករខ្លួនឯងផង ការពារសមាជិកយើងផង និងការពារវិស័យផង។ ប្រសិនបើមានកម្មករណាឆ្លងកូវីដ អាចប៉ះពាល់ទៅក្រុមគ្រួសារ ប៉ះពាល់រោងចក្រគាត់ធ្វើការ អ៊ីចឹងពេលមានឱកាសចាក់វ៉ាក់សាំងហ្នឹងគឺជាឱកាសល្អ»។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានផ្ញើលិខិតស្នើឱ្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជាជួយសម្របសម្រួលជាមួយម្ចាស់ឬនាយករោងចក្រសម្រាប់រៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រចាំរោងចក្រ ដើម្បីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងវីដ១៩។
ក្រសួងការងារ និងសមាគមរោងចក្រកាត់ដេរ បានសហការជាមួយក្រសួងសុខាភិបាល ដើម្បីបង្រៀននិងហ្វឹកហាត់ដល់គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតសរុបប្រមាណជាង ៥៣០នាក់ ហើយ សំរាប់ត្រៀមចាក់វ៉ាក់សាំងជូនកម្មករនិយោជិតទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។