ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩ ករណី​ថ្មី ២នាក់​ទៀត ឆ្លង​ក្នុង​សហគមន៍

ដោយ ខែ សុណង
2020-12-03
Share
ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩ ករណី​ថ្មី ២នាក់​ទៀត ឆ្លង​ក្នុង​សហគមន៍ ធនាគារ កាថេ យូណៃធីត (Cathay United Bank) នៅ​ផ្លូវ​សម្ដេចប៉ាន ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ នៅ​ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់​ពី​មាន​បុគ្គលិក​ឆ្លង​ជំងឺ​កូវីដ១៩។
រូប៖ ពលរដ្ឋ

ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ២នាក់​ទៀត នៅ​ថ្ងៃ​ទី៣ ធ្នូ​នេះ ដែល​ជា​ករណី​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍។ ប្រជា​ពលរដ្ឋ និង​សង្គម​ស៊ីវិល ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ជុំវិញ​ការ​កើន​ឡើង​ជា​លំដាប់​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ នេះ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​វិធាន​ការ​​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព។

ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ករណី​ថ្មី ២នាក់​ទៀត ដែល​ជា​ការ​ឆ្លង​រីក​រាល​ដាល​ក្នុង​សហគមន៍​ចេញ​ពី​ព្រឹត្តិ​ការណ៍ ២៨ វិច្ឆិកា។

ក្រសួង​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី៣ ធ្នូ​ថា អ្នក​ជំងឺ​ទាំង​ពីរ​នោះ ម្នាក់​ជា​បុរស​អាយុ ​២៣ឆ្នាំ បម្រើ​ការ​នៅ​ធនាគារ​ចិន ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​អាគារ​កាណាឌីយ៉ា។ ចំណែក​ម្នាក់​ទៀត​ជា​ស្ត្រី​អាយុ ២១ឆ្នាំ គឺជា​បុគ្គលិក​ធនាគារ​មួយ​កន្លែង​ទៀត ក្នុង​រាជ​ធានី​ភ្នំពេញ។ អ្នក​ជំងឺ​ទាំងពីរ គឺជា​បងប្អូន​បង្កើត​នឹង​គ្នា។

ក្រោយ​រកឃើញ​ករណី​ថ្មី​ទាំង​ពីរ​នេះ អាជ្ញាធរ​បាន​សម្រេច​បិទ​ទីតាំង​អគារ​កាណា​ឌីយ៉ា​ទាំងមូល និង​សាខា​ធនាគារ​ឯកជន​មួយ​កន្លែង​ទៀត​នៅ​ផ្លូវ​សម្តេច​ប៉ាន ក្នុង​រាជ​ធានី​ភ្នំពេញ ជា​បណ្ដោះ​អាសន្ន​សិន ដើម្បី​ពិនិត្យ​សុខ​ភាព​អ្នក​ពាក់​ព័ន្ធ​នៅ​តាម​ទីតាំង​ទាំង​នោះ និង​ដាក់​ឱ្យ​ពួកគេ​ធ្វើ​ចត្តា​ឡឺស័ក​រយៈ​ពេល ​១៤ថ្ងៃ។

ចាប់​តាំង​ពី​ថ្ងៃ​ទី២៩ វិច្ឆិកា ដល់​ថ្ងៃ​ទី២ ធ្នូ ក្រសួង​សុខា​ភិបាល​បាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិ​ការណ៍​ឆ្លង​ក្នុង​សហគមន៍​ ២៨ វិច្ឆិកា បាន​ .៧៦៦នាក់។ ក្នុង​នោះ​អ្នក​ឆ្លង​កូវីដ-១៩ មានចំនួន ១៩នាក់។

មន្ត្រី​ជាន់​ខ្ពស់​​រដ្ឋាភិបាល ​និង​រដ្ឋសភា ​ជា​ច្រើន​នាក់​​​ មាន​ដូច​ជា​ ​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន អនុប្រធាន​រដ្ឋសភាទី១ លោក ងួន ញ៉ិល​ និង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​នាក់​ទៀត​ កំពុងបន្ត​​​​ធ្វើ​ចត្តាឡឺស័ក​​ បន្ទាប់​​​​ពី​​មន្ត្រី​ទាំង​នោះ​បាន​​ប៉ះពាល់​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល​ជាមួយ​អគ្គនាយក​នៃ​អគ្គ​​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក ឆែម សាវុធ ដែល​កំពុង​មាន​ផ្ទុក​ជំងឺកូវីដ-១៩ ។

ជុំវិញការ​កើន​ឡើង​ជា​លំដាប់​នៃ​ចំនួន​អ្នក​ឆ្លង​រាល​ដាល​ក្នុងសហគមន៍នេះ ប្រជាពលរដ្ឋ​សម្តែង​ក្តី​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​សុវត្ថិភាព ជីវភាព​របស់​ពួកគាត់​ដែល​កំពុង​ជួប​ការ​លំបាក។

អាជីវករ នៅ​សង្កាត់​កាកាប ខណ្ឌពោធិ៍សែនជ័យ លោក​ស្រី ហែម សិរីសោភា បារម្មណ៍​ថា ការ​ចម្លង​ចូល​សហគមន៍​​អាច​នឹង​រីករាល​ដាល​ខ្លាំង​ជាង​នេះ ហើយ​កាន់​តែ​អសុវត្ថិ​ភាព​ក្នុង​ការ​ចេញ​ពី​ផ្ទះ ប្រកប​មុខ​របរ ហើយ​កូនៗ លោកស្រី​ក៏​ត្រូវ​ផ្អាក​ការ​សិក្សា​មួយ​រយៈ ដោយ​សារ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​នេះ។​ ។ លោកស្រី​ត្អូញត្អែរ​ថា លោក​ស្រី​ជំពាក់​បំណុល​ធនាគារ​ និង​ការ​ចំណាយ​ផ្សេងៗ ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ផ្ទះ ដែល​ធ្វើ​ឲ្យ​លោក​ស្រី​ពុំមាន​លទ្ធ​ភាព​​គ្រប់​គ្រាន់​ក្នុង​ការ​សង​ត្រឡប់ ឬ​ចាយ​វាយ​នោះ​ទេ ប្រសិន​បើ​វិបត្តិ​ជំងឺ​កូវីដ-១៩នេះ អូស​បន្លាយ​រយៈ​ពេល​យូរ៖ «អា​រឿង​អស់​ហ្នឹង​បង តែង​តែ​គិត តែងតែ​ខ្លាច​ហើយ តែ​រោង​ចក្រ​បិទ​អី​អញ្ចឹង​អ្នក​រក​ស៊ី​ក៏​ពិបាក អត់​មាន​អី​ត្រូវ​រកស៊ី អត់មាន​អី​ត្រូវ​លក់​ដាច់​ឲ្យ​ទៅ​ខាង​ណា​ខាង​ណី​ទេ។ អ៊ីចឹង​អា​ហ្នឹង​សុទ្ធ​តែ​ការ​ព្រួយ​បារម្ភ​ហើយ។ សង្ឃឹម​ថា អា​យើង​បារម្ភ​ហ្នឹង ​វា​អត់​អាច​កើត​ឡើង​ទេ​ណា​បង។ ចេញ​ក្រៅ​គឺ​ខ្ញុំ​ពាក់​ម៉ាស់ មាន​អាល់កុល មាន​ជែល​អី​នៅ​ជាប់​ខ្លួន​រហូត ប៉ុន្តែ​អត់​សូវ​ចេញ​ក្រៅ​ទេ អត់​ទៅ​ផ្សារ​ទេ ហើយ​អ្វី​ដែល​អត់​សំខាន់​អត់​ចាំ​បាច់​ក៏​ខ្ញុំ​អត់​ចេញ​ទៅ​ដែរ​អ៊ីចឹង​ហ្អាស៎! តែ​គ្រាន់​តែ​វា​ពិបាក​នៅ​ក្នុង​ផ្ទះ​ហ្នឹង​រហូត ​ដោយសារ​តែ​ឥឡូវ​វា​រាង​ខ្លាំង ចាំ​ថា​វា​រាង​ស្ងប់​ស្ងាត់​បន្តិច ​បាន​ខ្ញុំ​ចេញ​រក​ស៊ី​វិញ​ដែរ​អ៊ីចឹង​ណា​បង»​​

ចំណែក ពលរដ្ឋ នៅ​ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ លោកស្រី ទឹម បុប្ផា រៀប​រាប់​អំពី​ទុក្ខ​លំបាក​ថា បញ្ហា​ជំងឺកូវីដ-១៩ ​ដែល​អូសបន្លាយ​ជាយូរ​មក​ហើយ​នេះ ធ្វើ​ឲ្យ​​លោកស្រី​បាត់​បង់​ការងារ ដោយសារ​ក្រុម​ហ៊ុន​ក្ស័យ​ធន់ និង​ជួបការ​លំបាក​ក្នុង​ជីវភាព​គ្រួសារ​ជា​ខ្លាំង។ លោកស្រី​លើក​ឡើង​ថា ការ​រីក​រាល​ដាល​ចូល​ដល់​ក្នុង​សហគមន៍​នេះ លោកស្រី​ពុំ​ហ៊ាន​ចេញ​ទៅ​ណា​មក​ណា​បាន​ដោយ​សេរី​ដូច​មុន​នោះ​ទេ គឺ​លោកស្រី​ប្រយ័ត្ន​ជានិច្ច ដោយ​ប្រើ​ប្រាស់​ម៉ាស់ ទឹក​អាល់​កុល​លាង​ដៃ ឬជែល​ជាដើម។ លោកស្រី​បារម្ភ​ថា ក្រសួង​ការងារ​អាច​នឹង​ប្រកាស​បិទ​ដំណើរ​ការ​ក្រុមហ៊ុន សហគ្រាស រោង​ចក្រ​មួយ​ចំនួន​ទៀត ប្រសិន​បើ​មាន​ការ​ឆ្លង​រីករាល​ដាល​ខ្លាំង​ជាង​នេះ ហើយ​កម្មករ​ជាច្រើន​ទៀត​នឹង​ជួប​ការ​លំបាក បាត់​បង់​ការងារ​ជាដើម។ លោកស្រី​ស្នើ​សុំ​ឲ្យ​ក្រសួង​ការងារ​ចាត់​វិធាន​ការ​ឲ្យ​បាន​តឹងរឹង​ជាង​នេះ​បន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​ស្ថាន​ការណ៍​កុំ​ឲ្យ​ធ្ងន់ធ្ងរ​ជាង​នេះ៖ «ខ្ញុំ​រាល់​ថ្ងៃ​ការពារ​រហូត​ដែរ​ហ្នឹង ពាក់​ម៉ាស់ បាញ់​ទឹក​អាល់​កុល បារម្ភ​តែ​រាល​ដាល​ខ្លាច​តែ​មក​ដល់​ម្តុំ​ខ្ញុំ ព្រោះ​អីវា​នៅ​កៀកៗ​ដែរ​ហើយ។ ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ទេ​លោក​អើយ ក្រោយ​ពិបាក ពិបាក​រក​ការងារ​ហើយ​ពិបាក​រក​ស៊ី​អី​ទៀត។ ស្ងាត់​អស់​ហើយ​ហ្នឹង ឥឡូវ​អត់​សូវ​មាន​អ្នក​ដើរ​ទេ។ ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា​ជួយ​ការពារ​ទាំង​អស់​គ្នា​ទៅ កុំ​ឲ្យ​ថា មើល​ងាយ​អ៊ីចឹង​ទៅ​ណា៎!ឲ្យ​វា​ឆាប់​បាត់​ទៅ​វិញ​ឲ្យ​ឆាប់ៗ​ ហ្នឹង​ទៅ ​វា​ក៏​ល្អ​ទាំង​អស់​គ្នា​ដែរ»

ទាក់​ទង​រឿង​នេះ ប្រធាន​​មជ្ឈ​​មណ្ឌល​​ប្រជា​ពល​រដ្ឋ​ ដើម្បី​​អភិ​វឌ្ឍន៍ ​និង​​សន្តិភាព លោក យង់ គឹមអេង មាន​ប្រសាសន៍​ថា បញ្ហា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៃ​ការ​ចម្លង​ចូល​សហគមន៍​នេះ គឺ​ជា​ក្តី​បារម្ភ​មួយ​យ៉ាង​ធំ ហើយ​មិន​អាច​កំណត់​បាន​ថា វា​នឹង​​វិវត្ត​ដល់​កំ​រឹត​ណា​ទៀត​នោះ​ទេ។ លោក​បន្តថា រដ្ឋាភិបាល​គួរ​ចាត់​វិធាន​ការ​បន្ថែម​ទៀត​ ដើម្បី​ទប់​ស្កាត់​ជំងឺ​នេះ និង​គួរ​ណែនាំ​ចំពោះ​មន្ត្រី​រដ្ឋា​ភិបាល​ឲ្យ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ​។ លោក​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​​មាន​ការ​ប្រុង​ប្រយ័ត្ន​ ថែរក្សា​អនាម័យ​ឲ្យ​បាន​ខ្ពស់ និង​ត្រូវ​ពាក់​ម៉ាស់​ឲ្យ​បាន​ជាប់​ជានិច្ច​មុន​នឹង​ចេញ​ទៅ​ណា​មក​ណា៖ «មន្ត្រី​រដ្ឋាភិបាល​ជា​ទូទៅ​លោក​មាន​ទំនាក់​ទំនង​ជាមួយ​ហ្នឹង​មនុស្ស​ជា​ច្រើន ទាំង​ជាតិ និង​អន្តរ​ជាតិ​នៅ​ក្នុង​កិច្ច​ប្រជុំ ហើយ​ក៏​ដូច​គ្នា​ដែរ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ឬ​ក៏​ទៅ​កំសាន្ត​អី​ផ្សេងៗ វា​ទាំង​អស់​ហ្នឹង​ហើយ​ដែល​ពួក​គាត់​ហ្នឹង​គឺ​មាន​ហានិភ័យ​ខ្ពស់​ទាំង​ប្រជា​ពលរដ្ឋ​ដែល​គាត់​នៅ​ក្នុង​ចំណោម​សហគមន៍​ធម្មតា​ដែល​គាត់​គ្រាន់​តែ​ប្រកប​របរ​រកស៊ី​ធម្មតា​ក្នុង​ការ​ធ្វើ​ស្រែ​ធ្វើ​ចំការ​ហ្នឹង។ ចឹង​បើ​សិន​ជា​កាល​ដែល​មន្ត្រី​ក៏​គាត់​គួរតែ​ទទួល​ការ​ណែនាំ ការ​រឹត​បន្តឹង​ក្នុង​ការ​ពាក់​ម៉ាស់ ក៏​ដូចជា​ការ​ធ្វើ​អនាម័យ​ផ្សេងៗ»

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៣ ខែធ្នូ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ សរុប​ចំនួន ៣៣១នាក់ ក្នុង​នោះ​អ្នក​បាន​ជា​សះ​ស្បើយ​មាន​ចំនួន ៣០៤នាក់ និង​អ្នក​កំពុង​នៅ​សម្រាក​ព្យាបាល​មាន​ចំនួន ២៧នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល