ក្រុម​សហជីព​ស្នើ​ក្រសួង​ការងារ​ពន្លឿន​ឆ្លើយតប​សំណើ​ផ្ដល់​ប័ណ្ណ​ប.ស.ស​ឱ្យ​ដល់​កម្មករ​គ្រប់​វិស័យ

0:00 / 0:00

មន្ត្រី​សហជីព និង​អង្គការ​សង្គម​ស៊ីវិល ស្នើ​សុំ​ឱ្យ​ក្រសួង​ការងារ​ពន្លឿន​ការ​ឆ្លើយតប​ចំពោះ​សំណើ​ស្នើ​ឱ្យ​ក្រសួង​បង្កើត​គោលការណ៍ និង​ពង្រឹង​ការ​អនុវត្ត​សេវា​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម ឬ​ហៅថា ប.ស.ស ទៅដល់​កម្មករ​គ្រប់​វិស័យ​។ មន្ត្រី​សហជីព​យល់​ឃើញ​ថា ក្រសួង​ការងារ​គួរតែ​យកចិត្តទុកដាក់​ផ្ដល់​ប័ណ្ណ​ប.ស.ស​ជូន​កម្មករ​ដើម្បី​អាច​ឱ្យ​ពួកគាត់​មានលទ្ធភាព​ព្យាបាល​ជំងឺ និង​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ។

មន្ត្រី​អង្គការ និង​សហជីព ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​កំពុង​កើត​មាន​នៅក្នុង​វិស័យ​ការងារ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ចុះ​បញ្ជិកា​របស់​សហជីព និង​ផ្ដល់​ប័ណ្ណ ប.ស.ស ដល់​កម្មករ​គ្រប់​វិស័យ រួម​ទាំង​អ្នក​រកស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យ លោក រី សិទ្ធីណែត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៩ ខែ ធ្នូ ថា មក ទល់​ពេល​នេះ​ក្រសួង​ការងារ​នៅ​មិនទាន់​ឆ្លើយតប​ចំពោះ​សំណើ​របស់​ក្រុម​មន្ត្រី​សហជីព​នៅឡើយ​ទេ បន្ទាប់ពី​ពួកគាត់ បាន​ដាក់​សំណើ​ជូន​ក្រសួង កាល​ពី​ថ្ងៃទី​២៧ ធ្នូ ។ លោក​កត់សំគាល់​ថា កម្មករ​នៅ​តាម​បណ្ដា​រោងចក្រ​សហគ្រាស​មួយចំនួន​រង​ការរំលោភ​សិទ្ធិ​ការងារ ពោល​គឺ​ថៅកែ​បើកប្រាក់​ឱ្យ​មិន​គ្រប់​ចំនួន ហើយ​ថៅកែ​ខ្លះ​យក​លេស​រោងចក្រ​ជួប​បញ្ហា​សេដ្ឋកិច្ច​មិន​បង់ប្រាក់​ទៅ​មន្ត្រី​បេឡា​សន្តិសុខ​ជាតិ​ជាដើម។

លោក រី សិទ្ធីណែត៖ «ជាទូទៅ​យើង​មើល​ឃើញ​ថា ថៅកែ​តែងតែ​គេចវេះ ឥឡូវ​នេះ​រោងចក្រ​មួយចំនួន​ពួកគាត់​អត់​ធ្វើការ​ព្យួរការងារ​ទេ ប៉ុន្តែ​គាត់​ឱ្យ​កម្មករ​ឈប់​ឬក៏​ឱ្យ​កម្មករ​គាត់​ដាក់​ច្បាប់​ឈប់ ឬក៏​ចេញ​សេចក្ដីប្រកាស​ឱ្យ​កម្មករ​ឈប់​ហើយ​កាត់​លុយ​យក​តែ​ម្ដង ដូច​ថ្មីៗ​នេះ​យើង​មើល​ឃើញ​រោងចក្រ​Apple​មួយ ដែល​គាត់​បានឱ្យ​កម្មករ​ឈប់​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ភ្ជាប់​ជាមួយ​បុណ្យអុំទូក ហើយនឹង​នៅ​ថ្ងៃទី​២៩ អ៊ីចឹង​ថ្ងៃទី​២៥ គាត់​ឱ្យ​ប្រាក់ខែ​ពេញ​មួយថ្ងៃ​ប៉ុន្តែ​គាត់​កាត់​លុយ​បាយ​ថ្ងៃត្រង់​របស់​កម្មករ ហើយ​សម្រាប់​ថ្ងៃទី​២៩ រោងចក្រ​គាត់​ឱ្យ​កម្មករ​ឈប់​ដូចគ្នា ប៉ុន្តែ​គាត់​លុយ​ថ្ងៃ​ហើយ​កាត់​លុយ​បាយ​កម្មករ»។

កាលពី​ថ្ងៃទី​២៧ ខែធ្នូ មន្ត្រី​អង្គការ សមាគម និង​មន្ត្រី​សហជីព​ជិត​២០ ស្ថាប័ន (១៧) រួមគ្នា​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ ដើម្បី​បង្ហាញ​ពី​បញ្ហា​ប្រឈម និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​កម្មករ និង​សហជីព​ដែល​ក្រសួង​តែង​មើល​រំលង។ សំណើ​ដាក់​ទៅ​ក្រសួង​ការងារ​មាន​២២​ចំណុច រួមមាន ចំណុច​ទី​១ ស្នើ​ឱ្យ​ក្រសួង​ការងារ​ចុះ​អធិការកិច្ច​ចុះបញ្ជី​សមាជិក​ដល់​ក្រុមហ៊ុន​ម៉ៅការ​បន្ត ដូចជា វិស័យ​សំណង់ កសិកម្ម សេវាកម្ម សិប្បកម្ម​កែច្នៃ​ដែក និង​ឡឥដ្ឋ​ជាដើម ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​អត្ថប្រយោជន៍​ពី​កន្លែងធ្វើការ​។ ចំណុច​ទី​២ ប​.​ស​.​ស ត្រូវ​សហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​អន្តរក្រសួង​ដើម្បី​ពង្រឹងគុណភាព​នៃ​ការ​ផ្ដល់​សេវា​ព្យាបាល​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​។ ករណី​ថៅកែ​ក្រុមហ៊ុន សហគ្រាស និង​រោងចក្រ​គេចវេះ​មិន​ព្រម​ចុះបញ្ជី​កម្មករ​ឱ្យ​ក្លាយជា​សមាជិក ប​.ស.ស រដ្ឋាភិបាល​ត្រូវ​ផាកពិន័យ និង​ដាក់ទោស​ព្រហ្មទណ្ឌ​លើ​ថៅកែ​ទាំងនោះ​។ ជាង​នេះ​ទៀត ប.ស.ស ត្រូវ​រៀបចំ​ឱ្យ​មាន​កិច្ច​សន្ទនា​រវាង​សហជីព​ឯករាជ្យ រដ្ឋាភិបាល និង​ថៅកែ ដើម្បី​ស្វែងយល់​អំពី​ការ​វិវឌ្ឍ​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម ជាពិសេស ប​.​ស​.​ស គួរតែ​ចេញ​បញ្ជី​កំណត់​ប្រភេទ​ជំងឺ​ឱ្យ​បាន​ច្បាស់លាស់​នៅក្នុង​វិស័យ​ការងារ រួម​ទាំង​ចំណុច​សំខាន់​ផ្សេងៗ​មួយ​ចំនួន​ទៀត។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៩ ខែធ្នូ។

ប៉ុន្តែ​កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា កន្លងទៅ​ក្រសួង​ការងារ​បាន​ដាក់​ដំណើរ​សេវា​សង្គម​ថ្មី​មួយ​ជូន​ដល់​អ្នក​រកស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដូចជា អាជីវករ អ្នក​រត់​ម៉ូតូ​ឌុប រត់​កង់​បី និង​ពលរដ្ឋ​អ្នក​រក​ចំណូល​ផ្ទាល់ខ្លួន​គ្រប់​ប្រភេទ គឺ​អាច​ស្នើសុំ​ធ្វើ​ប័ណ្ណ ប.ស.ស បាន​តាមរយៈ​បង់​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​។ បើ​ទោះ​បី​ជា​ក្រសួង​ការងារ​អះអាង​ថា ជា​ការ​បង់​វិភាគទាន​ស្ម័គ្រចិត្ត តែ​ក្រសួង​បែរជា​កំណត់​ឱ្យ​ពួកគាត់​បង់ប្រាក់​ចំនួន​ជាង ១​ម៉ឺន ៥​ពាន់​រៀល (១៥.៦០០ រៀល​) ក្នុង​មួយ​ខែ​ទៅវិញ។

ជុំវិញ​បញ្ហា​នេះ​ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា លោក រស់ សុដ្ឋា មាន​ប្រសាសន៍​ថា ក្រសួង​ការងារ​គួរតែ​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ជូន​ពលរដ្ឋ​ដើម្បី​សម្រួល​ដល់​ការ​រស់នៅ និង​ការ​បន្ថយ​ការ​ចំណាយ​របស់​ពួកគាត់​ទៅលើ​សេវា​ថែទាំ​សុខភាព​។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព​ពីព្រោះ​កម្មករ​មួយចំនួន​ពុំ​ទទួល​បាន​សំណង​សមរម្យ​នោះ​ទេ នៅ​ពេល​ពួកគាត់​មាន​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ។

លោក រស់ សុដ្ឋា៖ «សព្វថ្ងៃ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ទាន់​មាន​លុយ​សន្សំ​នៅក្នុង​ធនាគារ​ជា​ចំនួន​ច្រើន​ទេ​ដូច្នេះហើយ​កាលដែល​មាន​របប​សន្តិ​សុខ​សង្គម​ឱ្យ​ពលរដ្ឋ​ជាទូទៅ​មានការ​ល្អ​ណាស់​ដែល​រដ្ឋ​មាន​ប្រាក់ចំណូល​ពី​ការ​ទទួល​ពន្ធ​ពី​ពលរដ្ឋ​ត្រូវតែ​មាន​ការ​រួមចំណែក​មួយ​ចំណែក​យ៉ាង​ហោច​ក៏​៥០​ភាគរយ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​ដើម្បី​ឱ្យ​ពលរដ្ឋ​ធានា​បាន​នូវ​មាន​ស្ថិរភាព សុខភាព សុវត្ថិភាព​និង​ជីវភាព​ការងារ»។

របាយការណ៍​របស់​ក្រសួង​ការងារ​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បង្ហាញ​ថា គិត​ត្រឹម​ឆ្នាំ​២០២២ ប.ស.ស បាន​ចុះ​បញ្ជិកា​ឱ្យ​សហគ្រាស គ្រឹះស្ថាន ស្ថាប័ន​ក្នុង និង​ក្រៅ​ប្រព័ន្ធ​សរុប​ជាង​២​ម៉ឺន (២១.៤៣០) សហគ្រាស ដែល​មាន​សមាជិក​ចំនួន​ជាង ៣​លាន​នាក់ (៣.១២០.២០៨) ក្នុង​នោះ​ស្រី​ប្រមាណ​ជិត ២​លាន​នាក់ (១.៧៩៨.៥១០)​។ មន្ត្រី​សហជីព​ទទូច​ឱ្យ​ក្រសួង​ការងារ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​កម្មករ​គ្រប់​វិស័យ​ដើម្បី​ធានា​ឱ្យ​ពួកគាត់​ទទួល​បាន​សេវា​គាំពារ​សុខភាព​ដោយ​មិន​គិតថ្លៃ និង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​នៅពេល​សម្រាលកូន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។