ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ៣នាក់​ទៀត ជា​ករណី​មក​ពី​បរទេស

ដោយ ទីន ហ្សាការីយ៉ា
2020.12.01
ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ៣នាក់​ទៀត ជា​ករណី​មក​ពី​បរទេស សកម្មភាព​រង់ចាំ​ធ្វើតេស្ត​រក​ជំងឺ​កូវីដ-១៩ កាល​ពី​ពេល​កន្លង​ទៅ។
រូប​ពី​ហ្វេសប៊ុក

ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​កូវីដ១៩ ករណី​ថ្មី ៣នាក់​ទៀត ដែល​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស ខណៈ​អ្នក​ឆ្លង​នៅ​ក្នុង​សហគមន៍​មិន​ទាន់​​មាន​​ករណី​ថ្មី​នៅ​ឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​២ ​ធ្នូ។​​ មន្ត្រី​សង្គម​ស៊ីវិល​ នៅ​តែ​​ព្រួយបារម្ភ​ថា​ ជំងឺ​កូវីដ​អាច​នឹង​ផ្ទុះ​ឡើង​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​សហគមន៍​ប្រសិន​បើ​ប្រជា​ពលរដ្ឋ​មិន​បាន​ការពារ​ខ្លួន​ឱ្យ​បាន​ត្រឹម​ត្រូវ។

ក្រសួងសុខាភិបាល​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី២ ធ្នូ​ថា អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ករណី​ទាំង ៣នាក់​នោះ ជា​ជនជាតិ​ខ្មែរ​ទាំង ៣នាក់ រួម​មាន​បុរស​អាយុ ២៦ឆ្នាំ​រស់​នៅ​ខេត្ត​កំពត និង​​បុរស​ម្នាក់​ទៀត​អាយុ ៤៦ឆ្នាំ​រស់​នៅ​ខេត្ត​កណ្ដាល ដោយ​ពួកគេ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ប្រទេស​ជប៉ុន ​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា និង​ស្ត្រី​ម្នាក់​អាយុ ៣៥ឆ្នាំ​មាន​អាសយដ្ឋាន​នៅ​ខេត្ត​កំពត បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​មក​ពី​ប្រទេស​ចិន​ មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី១៨ វិច្ឆិកា។ បច្ចុប្បន្ន​ពួក​គេ​ទាំង ៣នាក់ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ។

​​​​​​​​ដោយ​ឡែក ករណី​ចម្លង​ក្នុង​សហគមន៍​វិញ ក្រសួង​សុខាភិបាល​រក​មិន​ទាន់​ឃើញ​ករណី​ថ្មី​ទៀត​នៅ​ឡើយ​ទេ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២ ធ្នូ។ ក្រសួង​ឱ្យ​ដឹង​ទៀត​ថា គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី២៩ វិច្ឆិកា ដល់​ថ្ងៃ​ទី១ ធ្នូ ក្រសួង​បាន​ធ្វើតេស្ត​សំណាក​វិភាគ​របស់​មនុស្ស ៨.២១២​នាក់​ហើយ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការ​រីក​រាល​ដាល​ក្នុង​សហគមន៍ ២៨ ខែវិច្ឆិកា ក្នុង​នោះ​រក​ឃើញ ១៧នាក់ កើត​ជំងឺ​កូវីដ-១៩។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​រដ្ឋសភា​ជា​ច្រើន​នាក់ មាន​ដូច​ជា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ប្រធាន​រដ្ឋសភា លោក ហេង សំរិន អនុប្រធាន​រដ្ឋសភា​ទី១ លោក ងួន ញ៉ិល និង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​នាក់​ទៀត​កំពុង​ធ្វើ​ចត្តាឡីស័ក​បន្ទាប់​ពី​មន្ត្រី​ទាំង​នោះ​បាន​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក ឆែម សាវុធ ដែល​កំពុង​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩។

ទោះ​ជា​យ៉ាង​ណា រហូត​មក​ដល់​ថ្ងៃ​ទី២ ធ្នូ ក្រសួង​សុខាភិបាល​នៅ​មិន​ទាន់​រក​ឃើញ​ប្រភព​ដើម ដែល​បណ្ដាល​ឱ្យ​មាន​ការ​ឆ្លង​ចូល​ទៅ​ក្នុង​សហគមន៍​នៅ​ឡើយ​ទេ។ ប៉ុន្តែ ក្រសួង​សុខាភិបាល​បាន​សម្រេច​បើក​ដំណើរ​ការ​ផ្សារ​ទំនើប​អ៊ីអន១ (AEON) ទី​ដែល​អ្នក​ជំងឺ​ម្នាក់​បាន​ទៅ​ញ៉ាំ​អាហារ និង​ទិញ​អីវ៉ាន់ នោះ​ឡើង​វិញ​ហើយ​នៅ​ថ្ងៃ​ទី២ ធ្នូ ក្រោយ​ពី​ធ្វើ​តេស្ដ​លើ​មនុស្ស​ជាង ៣ពាន់​នាក់ តែ​មិន​មាន​អ្នក​ឆ្លង។ ផ្សារ​មួយ​នេះ​បាន​ផ្អាក​ដំណើរ​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៨ វិច្ឆិកា។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ្នក​ស្រី ឱ វណ្ណឌីន ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២ ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ១៩ ចូល​ក្នុង​សហគមន៍​មក ក្រសួង​សុខាភិបាល​មិន​ទាន់​បាន​ធ្វើ​សន្និសីទ​កាសែត អំពី​ការ​វិវឌ្ឍ​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ ដូច​ដែល​ក្រសួង​ធ្លាប់​ធ្វើ​កាល​ពី​ផ្ទុះ​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​ភ្លាមៗ នោះ​ទេ។ ក្រសួង​បាន​ត្រឹម​តែ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ដែល​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន និង​សាធារណជន​ទទួល​បាន​ព័ត៌មាន​តិច​តួច​អំពី​ការ​វិវឌ្ឍ​នៃ​ស្ថានភាព​ជំងឺ​រលាក​សួត​ថ្មី​នេះ។ បន្ថែម​ពី​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ក៏​មិន​សូវ​លើក​ទូរស័ព្ទ​របស់​អ្នក​សារព័ត៌មាន​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៅកាន់​ប្រជាពលរដ្ឋ មាន​កាន់​តែ​តិច និង​មិន​គ្រប់​ជ្រុង​ជ្រោយ។

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា (TIC) លោក ប៉ិច ពិសី យល់​ថា ការ​មិន​បើក​ទូលាយ​ព័ត៌មាន​ជា​ហានិភ័យ​មួយ​ដល់​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ ពីព្រោះ​លោក​ថា ពលរដ្ឋ​មួយ​ចំនួន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ដោយសារ​ពួក​គេ​មិន​ដឹង​​​អ្នក​ឆ្លង​ជំងឺ​កូវីដ​មាន​នៅ​កន្លែង​ណា​ខ្លះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ព័ត៌មាន​ទាំង​នេះ ក្រសួង​សុខាភិបាល​គួរ​ធ្វើ​សន្និសីទ​កាសែត​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ឱ្យ​បាន​ជា​រៀង​ថ្ងៃ និង​ស្វែង​រក​ប្រភព​ចម្លង​ជំងឺ​កូវីដ​ចូល​ក្នុង​សហគមន៍​ឱ្យ​ឆាប់​បំផុត ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​និង​នាំ​គ្នា​ការពារ​ខ្លួន​បាន​ទាន់​ពេល​វេលា៖ «បាន​ន័យ​ថា ប្រជាពលរដ្ឋ​គាត់​អាច​ដឹង​ពី​ការ​វិវត្តន៍​ហ្នឹង​ ហើយ​គាត់​អាច​ដឹង​ពី​វិធាន​ការ​​ការពារ​ខ្លួន និង​វិធានការ​ផ្សេងៗ ដែល​ខាង​ក្រសួង​ក្ដី​ខាង​​អង្គការ​សុខភាព​ពិភពលោក​ក្ដី​ផ្ដល់​ជូន ហើយ​ជា​ពិសេស​ហ្នឹង គឺ​ការ​ស្វែង​រក​អ្នក ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ករណី​ថ្មីៗ ហ្នឹង ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​បន្ថែម ជា​ពិសេស នៅ​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​ហ្នឹង​ ដើម្បី​ឱ្យ​គាត់​បញ្ចៀស​ហើយ​ធ្វើ​ឱ្យ​គាត់​ត្រៀមខ្លួន​ក្នុង​ការ​ចូល​រួម​ចំណែក​ទប់​ស្កាត់​ការពារ​មិន​ឱ្យ​មាន​ការ​រីក​រាល​ដាល​កាន់​តែ​ធំ»

ជាង​នេះ​ទៅ​ទៀត លោក ប៉ិច ពិសី ព្រួយបារម្ភ​ថា ជំងឺ​កូវីដ១៩ អាច​នឹង​ផ្ទុះ​ឡើង​ទ្រង់ទ្រាយ​ចូល​ក្នុង​សហគមន៍​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​ប្រជាពលរដ្ឋ​នៅ​តែ​មិន​សូវ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សង្គម​ឱ្យ​បាន​ត្រឹមត្រូវ​នោះ។ មន្ត្រី​ស៊ីវិល​រូប​នេះ ក៏​អំពាវនាវ​ដល់​ក្រសួង​សុខាភិបាល​ពង្រីក​ការ​ធ្វើ​តេស្ដ​អ្នក​ដែល​ពាក់ព័ន្ធ​ជា​មួយ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២ ខែ​ធ្នូ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ១៩ សរុប​ចំនួន ៣២៩នាក់ ក្នុង​នោះ​អ្នក​បាន​ជា​សះ​ស្បើយ មាន​ចំនួន ៣០៤នាក់ និង​អ្នក​កំពុង​នៅ​សម្រាក​ព្យាបាល​មាន​ចំនួន ២៥នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។