អ្នក​ភូមិ​ឆ្វាំង​ស្រុក​ថាឡាបរិវ៉ាត់​បារម្ភ​ពី​បញ្ហា​សុខភាព​ដោយសារ​ទឹក​អូរ​ប្រែ​កខ្វក់

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ទឹក​អូរ​មាន​សារសំខាន់​ណាស់​សម្រាប់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ អាស្រ័យ​ផល​ដូចជា ការ​ស្រោចស្រព​ដំណាំ ចម្អិន​អាហារ មុជ​ទឹក និង​ការ​នេសាទ ជាដើម ក៏ប៉ុន្តែ​នៅ​បច្ចុប្បន្ន អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​អះអាង​ថា ទឹក​អូរ​កំពុង​បង្ក​ការ​លំបាក​ដល់​ការ​អាស្រ័យ​ផល​របស់​អ្នក​ភូមិ​នៅ​តំបន់​នោះ ដែល​មាន​សភាព​ប្រែ​ជា​ល្អក់​ខុស​ប្រក្រតី។

ពលរដ្ឋ​ចាត់​ទុក​ថា កត្តា​ដែល​នាំ​ឲ្យ​ទឹក​អូរ​ល្អក់​កខ្វក់​នេះ បង្ក​ជា​គុណ​វិបត្តិ​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​ទឹក​អូរ​នោះ ថែម​ទាំង​អាច​បង្ក​ជំងឺ​ស្បែក​ដល់​កុមារ​នៅ​ក្នុង​ភូមិ ជាដើម។

តើ​មាន​កត្តា​អ្វី​ខ្លះ ទើប​បណ្ដាល​ឲ្យ​ទឹក​អូរ​ដែល​ធ្លាប់​ថ្លា​ឆ្វង់ ប្រែ​ជា​ល្អក់​កខ្វក់​បែប​នេះ?

អូរ​ស្វាយ គឺ​ជា​ឈ្មោះ​អូរ​មួយ​ឋិត​នៅ​ឃុំ​សំអាង ភ្ជាប់​នឹង​អូរ​ល្ពៅ និង​អូរ​ត្រែល ឃុំ​ថាឡាបរិវ៉ាត់ មាន​សភាព​បត់​បែន និង​ហូរ​ចូល​ទន្លេ​មេគង្គ​មាន​ប្រវែង​ប្រហែល​ជាង ៦០​គីឡូ​ម៉ែត្រ ចាប់​ពី​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ ឲ្យ​ដឹង​ថា ទឹក​អូរ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​ស្រុក​យ៉ាង​ច្រើន តាំង​ពី​ដើម​រហូត​មក ដូចជា ការ​ស្រោចស្រព​ដំណាំ​កសិកម្ម ការ​ចម្អិន​ម្ហូប​អាហារ និង​ទទួល​ទាន ជាដើម។ តែ​អ្វី​ដែល​អ្នក​ភូមិ​បារម្ភ គឺ​ទឹក​អូរ​នៅ​បច្ចុប្បន្ន​ដែល​ធ្លាប់​តែ​ថ្លា​ឆ្វង់​មក​ជា​ល្អក់ ប្រែ​ពណ៌​ខុស​ធម្មតា​មិន​អាច​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​បាន​ដូច​មុន​ឡើយ។ អ្នក​ភូមិ​រក​ឃើញ​ថា មូលហេតុ​ចម្បង​ដែល​បង្ក​ឲ្យ​ទឹក​អូរ​ស្វាយ​នេះ ប្រែ​ជា​ល្អក់​កខ្វក់ គឺ​បណ្ដាល​មក​ពី​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​នៅ​ក្នុង​មូលដ្ឋាន ដែល​បាន​បង្ហូរ​កាក​សំណល់ និង​កម្ទេច​អាចម៍​រណារ​ចូល​ក្នុង​ទឹក​អូរ។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ឃុំ​សំអាង ដែល​មាន​ផ្ទះ​ជិត​មាត់​អូរ​ស្វាយ គឺ​លោក ចាន សុខ។ លោក​រៀបរាប់​នៅ​ថ្ងៃ​ទី​៨ កញ្ញា ថា បច្ចុប្បន្ន ទឹក​អូរ​ស្វាយ​នៅ​ក្បែរ​ផ្ទះ​លោក​មិន​អាច​ប្រើប្រាស់​បាន​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ទឹក​អូរ​នេះ​ប្រែ​ជា​ល្អក់​កខ្វក់​ខុស​ប្រក្រតី គឺ​បណ្ដាល​មក​ពី​កម្ទេច​កាក​សំណល់​សិប្បកម្ម ត្រូវ​បាន​គេ​បង្ហូរ​ចូល​អូរ​នេះ​នៅ​ផ្នែក​ខាង​លើ​ជាប់​ផ្លូវ​ជាតិ។ លោក​អង្កេត​ឃើញ​ថា កម្ទេច​រណារ​ដែល​គេ​បាន​ចាក់​ចោល​ចូល​ក្នុង​ទឹក​អូរ​នេះ អាច​មាន​ជាតិ​គីមី ព្រោះ​មាន​ឈើ​ប្រណីត​ជាច្រើន​ប្រភេទ​ដែល​បង្កប់​ដោយ​ជ័រ​អាច​មាន​ជាតិ​ពុល ដូចជា​ប្រភេទ​ឈើ​ធ្នង់ កកោះ ឈើ​បេង និង​ឈើ​នាងនួន ជាដើម។

លោក​ថា ចាប់​តាំង​ពី​សិប្បកម្ម​នេះ​ដំណើរ​ការ​តាំង​ពី​ដើម​ឆ្នាំ​២០១៥ រហូត​ដល់​បច្ចុប្បន្ន អ្នក​ភូមិ​មិន​អាច​អាស្រ័យ​ផល​ទឹក​អូរ​នោះ​បាន​ដូច​ធម្មតា​ឡើយ ព្រោះ​មាន​ក្លិន​ស្អុយ​ខុស​ធម្មតា ទឹក​ប្រែ​ជា​ល្អក់​កខ្វក់។ ចំណែក​ធនធាន​ធម្មជាតិ​ដែល​អ្នក​ភូមិ​ធ្លាប់​អាស្រ័យ​ផល ដូចជា ត្រី និង​ក្តាម ខ្យង ជាដើម ត្រូវ​ងាប់​ស្ទើរ​តែ​ផុត​ពូជ។ មូលហេតុ​បណ្ដាល​ឲ្យ​ត្រី​សាច់ និង​ក្តាម​ត្រូវ​ងាប់​បែប​នេះ លោក​រក​ឃើញ​ថា គឺ​អាច​បណ្ដាល​មក​ពី​ពុល​កម្ទេច​រណារ​ឈើ​ចេញ​ពី​សិប្បកម្ម៖ «ទឹក​វា​ល្អក់​ណាស់ ហើយ​វា​មិន​មែន​ល្អ​ដូច​កាល​ពី​មុនៗ គេ​ហៅ​ថា​ទឹក​ខុស​ពី​ធម្មតា ហ្នឹង​ហើយ​និយាយ​ទៅ គឺ​វា​ស្មោកគ្រោក វា​មិន​ល្អ​ទេ មិន​ដែល​បាន​រក​ទេ ព្រោះ​ត្រី​វា​ពាយ​ដែរ វា​អត់​សូវ​កើត​ដូច​កាល​ពី​មុនៗ ដែល​អាច​រក​ស៊ី​បាន ទោះ​បី​ជា​ដាក់​បង្កៃ ដាក់​មង ក៏​មិន​បាន​ដែរ»

ពលរដ្ឋ​ម្នាក់​ទៀត​ជា​ជនជាតិ​ដើម​ភាគ​តិច​កួយ សម្បុរ​ខ្មៅ​ស្រអែម កំពុង​អង្គុយ​ក្រោម​ផ្ទះ គឺ​អ្នកស្រី នួន រឹម។ អ្នកស្រី​និយាយ​ថា កូន​ស្រី​អ្នកស្រី​ទើប​តែ​អាយុ ១៣​ឆ្នាំ​មាន​ជំងឺ​រមាស់​ស្បែក។ អ្នកស្រី​សង្ស័យ​ថា មូលហេតុ​បណ្ដាល​ឲ្យ​កូន​ស្រី​គាត់​មាន​ជំងឺ​ស្បែក ដូច្នេះ​អាច​បណ្ដាល​មក​ពី​មុជ​ទឹក​អូរ​នោះ។ ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​ភូមិ​នៅ​មាន​កុមារ​ជាច្រើន​ក៏​មាន​ជំងឺ​ស្បែក​ដូច​កូន​អ្នកស្រី​ដែរ នៅ​ពេល​ដែល​ពួក​គាត់​ឧស្សាហ៍​លេង​ទឹក​អូរ។ អ្នកស្រី​កត់​សម្គាល់​ថា នឹង​មាន​កុមារ​ជាច្រើន​ក្នុង​ភូមិ​កើត​ជំងឺ​ស្បែក​ជា​បន្តបន្ទាប់ ប្រសិន​បើ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ មិន​ដោះស្រាយ​ករណី​នេះ​ទេ៖ «វា​កើត​ចេញ​តាម​ខ្លួន​វា ដូច​មូស​ខាំ កូន​ខ្ញុំ​បាន​កើត​រមាស់​ចេញ​មក ខ្ញុំ​យក​កំបោរ​ទៅ​លាប​ទៅ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ម្ចាស់​សិប្បកម្ម លោក មឹង រដ្ឋា ដើម្បី​សុំ​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​បាន​ទេ​នៅ​ថ្ងៃ​ទី​៨ កញ្ញា។

ដោយឡែក​កុមារ​ម្នាក់​ឋិត​ក្នុង​ចំណោម​កុមារ​ជាច្រើន​ដែល​កំពុង​លេង​ទឹក​អូរ ហាក់​ដូចជា​មិន​បារម្ភ​ពី​ការ​កើត​ជំងឺ​ស្បែក ដោយសារ​ការ​លេង​ទឹក​អូរ​នេះ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ជានិច្ចកាល គាត់​ចូល​ចិត្ត​មុជ​ទឹក​អូរ​នេះ​ជាមួយ​មិត្តភ័ក្ដិ​ក្នុង​ភូមិ​ក្នុង ១​ថ្ងៃ​ពីរ​ដង ជួន​កាល​ក្នុង ១​ថ្ងៃ ៣​ដង​ក៏​មាន។ កុមារី​កត់​សម្គាល់​ថា សព្វថ្ងៃ​មិន​ថា​តែ​កុមារ​មុជ​ទឹក​អូរ​នេះ​ប៉ុណ្ណោះ​ទេ ក៏​មាន​មនុស្ស​វ័យ​ចំណាស់​ជាច្រើន​ក្នុង​ភូមិ​មក​មុជ​ទឹក​នៅ​អូរ​នេះ​ដែរ៖ «គេ​ដូចជា​ដង​ទៅ​ស្រោច​ជី ដូចជា​មុជ​ទឹក មុជ​ទឹក​ច្រើន»

ក្រុម​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ ដែល​ធ្លាប់​អាស្រ័យ​ផល​នៅ​ទឹក​អូរ​ស្វាយ ដូចជា នេសាទ​ត្រី រក​ខ្យង និង​ក្តាម ជាដើម មិន​អាច​រក​បាន​ដូច​ឆ្នាំ​មុន​ឡើយ ពោល​គឺ​ស្ទើរ​តែ​ដាច់​ពូជ​នៅ​ឆ្នាំ​នេះ។ អ្នក​ភូមិ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ជំនាញ មេត្តា​យក​ចិត្ត​ទុក​ដាក់​ការពារ​សុវត្ថិភាព​ធនធាន​ធម្មជាតិ​ក្នុង​មូលដ្ឋាន ដែល​កំពុង​រង​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ៖ «ដំណាំ​ខ្ញុំ អាង​ទឹក​ក្នុង​អូរ​ហ្នឹង ដូចជា​ដំណាំ​អី​ហ្នឹង ចា៎​ហ្នឹង​ហើយ​តាំង​ពី​គេ​ចាប់​ធ្វើ​ហ្នឹង​មក​ទឹក​ល្អក់​រហូត»

អាជ្ញាធរ​ឃុំ​សំអាង ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ពលរដ្ឋ​អាស្រ័យ​ផល​លើ​ទឹក​អូរ​នេះ​មាន​តិចតួច​ណាស់ ព្រោះ​តែ​អ្នក​ភូមិ​មាន​ទឹក​អណ្ដូង​ស្នប់​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ​ធម្មតា។ ចំណែក​ពលរដ្ឋ​រស់នៅ​តាម​អូរ​ភាគ​ច្រើន ក៏​មិន​សូវ​ប្រើប្រាស់​ទឹក​អូរ​សម្រាប់​ដាំ​បាយ និង​បរិភោគ​ដូច​ឆ្នាំ​មុន​ដែរ។

ទឹក​អូរ​ស្វាយ ក្នុង​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ រូបថត​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥
ទឹក​អូរ​ស្វាយ ក្នុង​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ រូបថត​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥ (RFA/Men Sothyr)

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ លោក ញៀន ផុន ទទួល​ស្គាល់​ថា ពិត​ជា​មាន​សិប្បកម្ម​នៅ​តាម​មូលដ្ឋាន​បង្ហូរ​កាក​សំណល់ និង​កម្ទេច​ឈើ​ចូល​ក្នុង​ទឹក​អូរ​ពិត​ប្រាកដ​មែន ក៏ប៉ុន្តែ​លោក​បាន​ណែនាំ​ម្ចាស់​សិប្បកម្ម ព្រម​ទាំង​តម្រូវ​ឲ្យ​កាយ​កម្ទេច​រណារ​ចេញ​ពី​ក្នុង​អូរ​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ម្ចាស់​សិប្បកម្ម​មិន​អនុវត្ត​នូវ​សេចក្តី​ណែនាំ​របស់​អាជ្ញាធរ​ឃុំ​នោះ​ទេ លោក​នឹង​មាន​វិធានការ​ជា​បន្ត​ទៀត។ លោក​ថា ទឹក​អូរ​ស្វាយ​នេះ​កាល​ពី​ដើម​ឡើយ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​កួយ ពឹង​អាស្រ័យ​ផល​ស្ទើរ​តែ ១០០​ភាគរយ ព្រោះ​តែ​កាល​ពី​មុន​មិន​ទាន់​មាន​ទឹក​អណ្ដូង​ស្នប់ តែ​បច្ចុប្បន្ន អ្នក​ភូមិ​ភាគ​ច្រើន​បាន​ប្ដូរ​ឥរិយាបថ​ប្រើប្រាស់​ទឹក​អណ្ដូង សម្រាប់​ទទួល​ទាន​វិញ៖ «ខ្ញុំ​បាន​បទបញ្ជា​ឲ្យ​គេ​កាយ​ហើយ កាយ​ជា​អន្លង់ អណ្ដូង​លូ កាយ​ជា​ស្រះ ហើយ​ចោល​អាចម៍​សំរាម​ហ្នឹង​ហើយ​តើ។ ខ្ញុំ​បាន​រៀបចំ​អ៊ីចឹង​ហើយ កុំ​វា​អាចម៍​រណារ​វា​ហូរ​ទៅ​វា​ប៉ះពាល់​រុក្ខជាតិ​ខាង​ក្រោម​ផង ប៉ះពាល់​ដល់​ត្រី​ផង និង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ផង»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ផ្តល់​ទស្សនៈ​ថា ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ ដើម្បី​ចូលរួម​ចំណែក​ផ្តល់​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់ នៅ​ពេល​ដែល​ឃើញ​កើត​មាន​ករណី​បង្ហូរ​កាក​សំណល់​កម្ទេច​ឈើ​ចូល​ក្នុង​ទឹក​អូរ​នេះ ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា ចៀសវាង​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​កាន់​តែ​ច្រើន។ លោក​កត់​សម្គាល់​ថា អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ ហាក់​ដូចជា​មិន​ចុះ​សម្រុង និង​ស៊ី​សង្វាក់​គ្នា​ទាក់ទង​ការ​ចូលរួម​ការពារ​បរិស្ថាន​ធម្មជាតិ និង​ដើម្បី​ទប់ស្កាត់​ភាព​អសកម្ម​ក្នុង​សង្គម។ លោក​ថា ទុក្ខ​កង្វល់​ពលរដ្ឋ គឺ​ជា​មូលដ្ឋាន​ចម្បង​ដែល​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ។ លោក​បញ្ជាក់​ថា ការ​បណ្ដែត​បណ្តោយ​ឲ្យ​មាន​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត បង្ហូរ​កម្ទេច​រណារ និង​កាក​សំណល់​ចូល​ក្នុង​អូរ គឺ​ជា​ដើម​ចម​បង្ក​ជា​គុណ​វិបត្តិ​ធ្ងន់ធ្ងរ អាច​នឹង​ប៉ះពាល់​សុខភាព​ពលរដ្ឋ ជាពិសេស​កុមារ៖ «គាត់​បាន​ដឹង​ហើយ នៅ​តែ​ព្រងើយ​កន្តើយ។ គាត់​មិន​ធ្វើ​ការ​ដោះស្រាយ ឬ​មួយ​ក៏​បញ្ឈប់​ទៅ​លើ​សិប្បកម្ម​ហ្នឹង​ទេ មាន​ន័យ​វា​ការ​ទទួល​ខុស​ត្រូវ គឺ​ធ្លាក់​ទៅ​លើ​គាត់។ ប្រជាពលរដ្ឋ​ហ្នឹង​គាត់​ទៅ​ហាម​ឃាត់​សិប្បកម្ម​ហ្នឹង ក៏​មាន​ការ​ពិបាក​ដែរ។ អ៊ីចឹង​មាន​តែ​អាជ្ញាធរ​ទេ ដែល​គ្រប់គ្រង​ទៅ​លើ​ប្រជាពលរដ្ឋ​អស់​ហ្នឹង ដូចជា​សិប្បកម្ម​ហ្នឹង​ជាដើម»

អាជ្ញាធរ​ឃុំ​សំអាង ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ឃុំ​សំអាង មាន​ពលរដ្ឋ​រស់នៅ​ចំនួន​ជាង ៩០០​គ្រួសារ ក្នុង​នោះ​មាន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ រស់នៅ​ប្រហែល ៧០​ភាគរយ និង​មាន​ពលរដ្ឋ​ចំណាក​ស្រុក​សម្រុក​មក​រស់នៅ​ជា​បណ្ដើរៗ​ប្រហែល​ជា ១០ ទៅ ២០​ភាគរយ។ ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ មាន​ចម្ងាយ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង ជាង ៥០​គីឡូ​ម៉ែត្រ ឆ្លង​កាត់​ស្ពាន​មេគង្គ។ ដោយឡែក​អ្នក​ភូមិ​ភាគ​ច្រើន​ប្រកប​របរ​កសិកម្ម ចូល​ព្រៃ​កាប់​ឈើ និង​ជាង​កែច្នៃ​គ្រឿង​សង្ហារិម ជាដើម។ អ្នក​ភូមិ​ឲ្យ​ដឹង​ថា ទឹក​អូរ​ស្វាយ​ភ្ជាប់​អូរ​ល្ពៅ និង​អូរ​ត្រែល ស្រុក​ថាឡាបរិវ៉ាត់ មាន​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​អាស្រ័យ​ផល​លើ​ទឹក​អូរ​ផ្នែក​ខាង​ក្រោម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។