អ្នកឃ្លាំមើល​សង្គម ថា​ជោគជ័យ​នៃការ​ចាក់​វ៉ាក់សាំង​ចិន អាច​មក​ពី​ការ​បង្ខិត​បង្ខំ និង​ភាព​គ្មាន​ជម្រើស​

0:00 / 0:00

ប្រទេស​កម្ពុជា​ឈាន​មុខ​គេ​ទាំង​ក្នុង​តំបន់​ ​និង​នៅ​លើ​ពិភពលោក​ ​ក្នុង​ការ​សម្រុក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ ​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​។​ ​គិត​មក​ត្រឹម​ថ្ងៃ​ទី​ ​០៥​ ​ខែ​ ​តុលា​ ​បើ​តាម ​សេចក្តីជូនដំណឹង​របស់​​​ក្រសួងសុខាភិបាល​ ​ពលរដ្ឋ​ជាង​ ​៩៤​% ​ដែល​គ្រប់​អាយុ​ចាក់​វ៉ាក់សាំង​ ​អាយុ​ចាប់ពី​ ​៦​ ​ឆ្នាំ​ឡើង​ទៅ​ ​បាន​ចាក់​វ៉ាក់សាំង​ពីរ​ដូស​ ​និង​ជិត​ ​១​ ​លាន​នាក់​ ​បាន​ចាក់​ដូស​ទីបី​ ​ដែល​ជា​ដូស​ជំរុញ​ទៅទៀត​។​ ​ភាគច្រើន​លើសលុប​ ​នៃ​វ៉ាក់សាំង​ទាំងនេះ​ ​គឺជា​វ៉ាក់សាំង​ចិន​ ​ដែល​រង​ការរិះគន់​ថា​មានគុណ​ភាព​ទាប​។​

តើ ជោគជ័យ នៃ ការ ចាក់ វ៉ាក់សាំង ចិន ​ ​ បាន មក ដោយ សុទ្ធចិត្ត ​ ​ ដោយ បង្ខិតបង្ខំ ​ ​ ដោយ កត្តា នយោបាយ ​?

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​សម្រុក​ធ្វើ​អស់​រយៈពេល​ ​៨​ ​ខែ​ ​គិត​ពីដើម​ខែ​ ​កុម្ភៈ​មក​នោះ​ ​ធ្វើឲ្យ​ពលរដ្ឋ​ជាង​ ​១​៣​,​៤​ ​លាន​នាក់​ ​ក្នុងចំណោម​ពលរដ្ឋ​ជិត​ ​១​៤​ ​លាន​នាក់​ ​ដែល​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ ​បាន​ចាក់​វ៉ាក់សាំង​រួច​។​ ​ចំនួន​នេះ​ ​គឺ​វ៉ា​ដាច់​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​។​

​តួលេខ​ដ៏​ច្រើន​សន្ធឹក​នៃ​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​នេះ​ ​ធ្វើឲ្យ​ស្ថាប័ន​អន្តរជាតិ​ធំៗ​ពីរ​ ​គឺ​ អង្គការសុខភាព​ពិភពលោក​ (​WHO​) ​និង​ អង្គការសហប្រជាជាតិ​(UN)​ផង​ ​សាទរ​ ​និង​កោតសរសើរ​។​ ​ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​អង្គការ​ទាំងនេះ​ ​សាទរ​និង​កោតសរសើរ​តែ​បរិមាណ​ប៉ុណ្ណោះ​។​ ​ប៉ុន្តែ​មិនបាន​លើក​និយាយ​អំពី​គុណភាព​ ​និង​មធ្យោបាយ​ ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ទាំងនេះ​ ​នោះ​ឡើយ​។​

កន្លងមក​មាន​សេចក្តីរាយការណ៍​ជាច្រើន​របស់​សារ​ព័ត៌មាន​អន្តរជាតិ​ ​ដែល​ចុះផ្សាយ​អំពី​ប្រជាពលរដ្ឋ​នៅ​ប្រទេស​ជាច្រើន​ ​ដែល​អល់អែក​ ​ឬ​ជំទាស់​ទៅ​នឹង​ការ​ចាក់​វ៉ាក់សាំង​ចិន​ ​ដែល​មានគុណ​ភាព​ទាប​។​ ​ពួកគាត់​ ​ចង់​ចាក់​វ៉ាក់សាំង​អង់គ្លេស​ ​និង​អាមេរិក​។​

នៅក្នុងចំណោម​វ៉ាក់សាំង​ជាង​ ​ ៣៥​,​៥​ ​លាន​ដូស​ ​ដែល​កម្ពុជា​ទិញ​ ​និង​ទទួល​បាន​ជាអំណោយ​ ​ភាគច្រើន​លើ​សលុប​ជា​វ៉ាក់សាំង​ចិន​។​ ​ក្នុង​នោះ​កម្ពុជា​ចំណាយ​ប្រាក់​ជិត​ ​៣០០​ ​លាន​ដុល្លារ​ ​ទិញ​វ៉ាក់សាំង​ចិន​ទាំងនោះ​។​ ​កម្ពុជា​ចាក់​វ៉ាក់សាំង​ចិន​ជូន​ពលរដ្ឋ​ខ្លួនឯង​ ​តាំងពី​អង្គការសុខភាព​ពិភពលោក​ ​មិនទាន់​ទទួលស្គាល់​គុណភាព​ជា​ផ្លូវការ​មក​ម្ល៉េះ​។​ ​ជាង​នេះ​ទៅទៀត​ ​ថ្មីៗ​នេះ​ ​កម្ពុជា​ឈាន​មុខ​គេ​ក្នុង​ការ​យក​វ៉ាក់សាំង​ចិន​ ​មក​ចាក់​ជូន​យុវជន​អាយុ​ក្រោម​ ​១​៧​ ​ឆ្នាំ​ ​និង​កុមារ​អាយុ​ពី​ ​៦​ឆ្នាំ​ដល់​ ​១​២​ឆ្នាំ​ ​ក្នុងពេលដែល​អង្គការសុខភាព​ពិភពលោក​ ​មិនទាន់​ប្រកាស​ថា​ ​មាន​សុវត្ថិភាព​សម្រាប់​ក្មេង​វ័យ​នេះ​ ​នៅឡើយ​។

​តើ​កត្តា​អ្វីខ្លះ​ ​ដែល​ធ្វើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ​នៅតែ​អាច​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ចិន​ ​បាន​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​? ​តើ​នេះ​អាចមក​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ទៅលើ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ឬក៏​យ៉ាងណា​?

បើ​យើង​ងាក​ទៅ​ក្រោយ​បន្តិច​ ​នៅពេលដែល​ជំងឺ​កូវីដ-១៩​ ​ទើប​ចាប់ផ្តើម​ផ្ទុះ​រីក​រាលដាល​នៅ​កម្ពុជា​ ​កាលពីដើម​ឆ្នាំ​ ​២០២០​នោះ​ ​លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​មិន​ត្រឹមតែ​មើលស្រាល​ជំងឺ​នេះ​ទេ​ ​គឺ​លោក​មើលស្រាល​ ​និង​ប្រមាថ​ជីវិត​ប្រជាពលរដ្ឋ​មួយ​នគរ​ថែមទៀត​ផង​ ​ព្រោះ​លោក​នៅតែ​បើកចំហ​រ​ជើងមេឃ​ជាមួយ​ប្រទេស​ចិន​ ​ជាពិសេស​ការ​បន្ត​បើកឲ្យ​ពលរដ្ឋ​ចិន​ ​ធ្វើដំណើរ​តាមយន្តហោះ​ពី​ទីក្រុង​វូហាន​ (​Wuhan) ​នៃ​ខេត្ត​ហ៊ូបេ​ (​Hubei) ​មក​ប្រទេស​កម្ពុជា​។​

ជាង​នេះ​ទៅទៀត​ ​លោក​បាន​គម្រាម​ដេញ​អ្នកកាសែត​ ​ដែល​ហ៊ាន​ពាក់​ម៉ាស់​ចូល​សាលសន្និសីទ​ ​«​នៅ​ក្នុង​ហ្នឹង​ ​បើ​សិន​មាន​នរ​ណាមួយ​ពាក់​ម៉ាស់​ ​ខ្ញុំ​ដេញចេញ​! ​មាន​នរណា​ពាក់​ម៉ាស់​ឬទេ​? ​បើ​ពាក់​ម៉ាស់​ដេញចេញ​! ​នាយក​រដ្ឋ​​មន្រ្តី​អត់​ទាំង​ពាក់​ម៉ាស់​ផង​។​ ​រួចមក​ពាក់​ម៉ាស់​ស្អី​ ​នៅ​ក្នុង​កន្លែង​ហ្នឹង​? ​នេះ​អត់មាន​អ្នកណា​ពាក់​ម៉ាស់​ទេ​។​ ​បើសិនជា​ពាក់​ម៉ាស់​ខ្ញុំ​ដេញចេញ​។​ ​អត់ឲ្យ​នៅ​ហ្នឹង​ទេ​! ​អ្ហែង​ទៅ​ស៊ី​ជាមួយ​ម៉ាស់​! ​ទៅ​នៅ​ជាមួយ​ម៉ាស់​ទៅ​! ​ខ្លា​មិន​ខ្លាច​ទៅ​ខ្លាច​អាចម៍​ខ្លា​! ​វា​ឆ្ងល់​រឿង​កន្លែង​ហ្នឹង​! ​អត់​ទាន់​ងាប់​ម្នាក់​ផង​»​។​

មិនតែប៉ុណ្ណោះ​ ​លោក​បញ្ចេញ​ព័ត៌មាន​ឲ្យ​មាន​ការភាន់ច្រឡំ​ ​ដោយ​ប្រាប់​ពលរដ្ឋ​ថា​ ​ទាល់តែ​សេះ​ដុះ​ស្នែង​ ​ទើប​មាន​ជំងឺ​កូវីដ-១៩​ ​នៅ​កម្ពុជា​ <<​ប្រហែល​ទាល់តែដល់​ថ្ងៃ​ ​៣១​ ​ខែ​ ​ពីរ​ឯណោះ​ ​ទើប​មាន​ជំងឺ​ហ្នឹង​កើតឡើង​>>​។​

រួចហើយ​លោក​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​បរទេស​មួយ​កប៉ាល់​ ​the Westerdam ​ដែល​មាន​ភ្ញៀវ​ខ្លះ​ផ្ទុក​ជំងឺ​កូវីដ-១៩ ​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះ​សីហនុ ​ទោះបី​ប្រទេស​ចំនួន​ ​៦​ ​នៅ​ក្នុង​តំបន់​ ​មិន​ហ៊ាន​ឲ្យ​កាប៉ាល់​នេះ​ចូល​ចត​នៅ​ក្នុង​ប្រទេស​គេ​ ​ព្រោះ​គេ​ខ្លាច​ឆ្លង​ជំងឺ​នេះ​ដល់​ពលរដ្ឋ​របស់​គេ​។​

ដោយសារ​ការ​បើកចំហ​រ​ជើងមេឃ​ពី​តំបន់​ផ្ទុះ​ជំងឺ​កូវីដ-១៩ ​នៅ​ប្រទេស​ចិន​ ​មកកាន់​កម្ពុជា​ ​នៅ​ចុងខែ​ ​មករា​ ​ឆ្នាំ​ ​២០២០​ ​អ្នកដំណើរ​ម្នាក់​ជា​ជនជាតិ​ចិន​ ​ធ្វើដំណើរ​ដោយ​ត្រង់​ពី​ទីក្រុង​វូហាន​ ​មក​ក្រុង​ព្រះ​សីហនុ​នោះ​ ​ត្រូវ​ក្រសួងសុខាភិបាល​រក​ឃើញ​ផ្ទុក​ជំងឺ​កូវីដ-១៩​ ​ជាលើកដំបូង​ ​នៅ​កម្ពុជា​។​

ក្រោយៗ​មក​ទៀត​ ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​នេះ​ ​ចាប់ផ្តើម​រីក​ធំ​ជាលំដាប់​ ​រហូតដល់​ផ្ទុះ​ករណី​ចម្លង​ក្នុង​សហគមន៍​ ​ដោយសារ​ជនជាតិ​ចិន​ចំនួន​បួន​នាក់​ ​បាន​លួច​ចេញពី​មណ្ឌល​ចត្តាឡី​ស័ក​ ​ទៅលេង​ក្លិប​កំសាន្ត​នៅ​ក្រុងភ្នំពេញ​ ​រហូត​ចម្លង​ជំងឺ​នេះ​ពាសវាលពាសកាល​។​

ស្រប​ពេល​ជាមួយគ្នា​នោះ​ ​ប្រទេស​ចិន​ក៏​កំពុង​សាកល្បង​ ​និង​ពិសោធន៍​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ ​របស់​ខ្លួន​នៅ​ប្រទេស​ជាច្រើន​។​ ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​មួយ​ ​ដែល​ទទួល​បាន​វ៉ាក់សាំង​ពិសោធន៍​នេះ​ ​ព្រោះ​អង្គការសុខភាព​ពិភពលោក​ ​មិនទាន់​ទទួលស្គាល់​នៅឡើយ​។​

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​នេះ​ ​បាន​ចាប់ផ្តើម​ពីដើម​ខែ​ ​កុម្ភៈ​។​ ​ពលរដ្ឋ​ច្រើន​ណាស់​បង្ហាញ​ជំហរ​មិន​ចង់​ចាក់​វ៉ាក់សាំង​ចិន​។​ ​សូម្បីតែ​លោក​ ​ហ៊ុន​ ​សែន​ ​ផ្ទាល់​ក៏​មិនព្រម​ចាក់​វ៉ាក់សាំង​ចិន​នេះ​ដែរ​ ​ដោយ​លោក​យកលេស​ថា​លោក​លើស​អាយុ​។​ ​តែ​តាមការពិត​វ៉ាក់សាំង​ចិន​អា​ចចាក់​ពលរដ្ឋ​ក្នុង​វ័យ​លោក​បាន​។​

សន្ទុះ​នៃ​ការ​ចាក់​វ៉ាក់សាំង​ចិន​នេះ​ ​ប្រព្រឹត្តទៅ​គើមៗ​យឺត​ដូច​ខ្យង​ ​ព្រោះ​មិនសូវ​មានការ​គាំទ្រ​ពីរ​ប្រជាពលរដ្ឋ​ទូទៅ​។​ ​ក្នុងពេលជាមួយគ្នា​នោះ​ ​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​ ​ចេះតែ​កើន​ឡើង​ជាលំដាប់​។​

ស្ថានភាព​នេះ​ ​ធ្វើឲ្យ​លោក​ ​ហ៊ុន​ ​សែន​ ​ចាប់ផ្តើម​ផ្លាស់ប្តូរ​ឥរិយា​បទ​ ​ដោយ​ប្តូរ​ពី​ការប្រមាថ​ជំងឺ​កូវីដ-១៩​ ​មក​ជា​ការ​សម្រុក​យុទ្ធនាការ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ចិន​នេះ​ ​ឲ្យបាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​ ​ប៉ុន្តែ​ខុស​ពី​ប្រទេស​ដទៃ​ ​រដ្ឋាភិបាល​កម្ពុជា​បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ចាក់​វ៉ាក់សាំង​ ​ដោយ​ចេញ​អនុក្រឹត្យ​កំណត់​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង​នេះ​ ​និង​ធ្វើ​ច្បាប់​ផាក​ពិន័យ​ ​និង​ដាក់ទោស​ទណ្ឌ​ប្រជាពលរដ្ឋ​ ​ដែល​ល្មើស​វិធានការ​បង្ការ​ជំងឺ​កូវីដ-១៩​ ​ដែល​រួម​មានការ​គេច​វេស​មិនព្រម​ចាក់​វ៉ាក់សាំង​នេះ​ផង​ ​«​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ ​ជាពិសេស​អភិបាល​ខេត្ត​ ​អភិបាលស្រុក​ ​ត្រូវតែ​ពិនិត្យ​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ ​គ្រប់​បណ្ដា​មន្ទីរ​ជុំវិញ​ខេត្ត​ ​ត្រូវតែ​ត្រួតពិនិត្យ​ថា​តើ​មន្រ្តី​ណាខ្លះ​មិនបាន​ចាក់​ ​ដើម្បី​ចៀសវាង​ការ​គេច​វេស​ណាមួយ​ចំពោះ​វ៉ាក់សាំង​។​ ​ក្នុង​ករណី​ដែល​មានការ​ខកខាន​ ​ដោយចេតនា​មិនបាន​ចាក់​វ៉ាក់សាំង​ ​គឺ​យើង​មិន​គួរគប្បី​អញ្ជើញ​ពួកគាត់​ ​ឲ្យ​មក​ធ្វើការ​នោះ​ទេ​។​ ​យើង​សុខចិត្ត​ឲ្យ​ពួកគាត់​នៅផ្ទះ​។​ ​យើង​សុខចិត្ត​ឲ្យ​ពួកគាត់​ចាកចេញ​ពី​ការងារ​ ​ហើយ​យើង​សុខចិត្ត​ជ្រើសរើស​មន្រ្តី​ថ្មី​ចូល​ធ្វើការ​ជំនួស​វិញ​»​។​

អ្នកវិភាគ​នយោបាយ​ ​លោក​ ​គឹម​ ​សុខ​ ​ថា​ការ​បង្ខំ​ក្នុង​រូបភាព​កាតព្វកិច្ច​ ​និង​ការ​ដាក់ទោស​ទណ្ឌ​នេះឯង​ ​ដែល​ធ្វើឲ្យ​ពលរដ្ឋ​គ្មាន​ជម្រើស​អ្វី​ ​ក្រៅពី​បង្ខំ​ចិត្ត​ធ្វើតាម​រដ្ឋាភិបាល​។​ ​លោក​ថាបើ​ពលរដ្ឋ​មិន​ចាក់​វ៉ាក់សាំង​ ​គឺ​មិន​អាច​ធ្វើ​កិច្ចការ​ផ្សេងៗ​ ​ក្នុង​ទំនាក់ទំនង​សង្គម​ ​ដូចជា​ការ​បំពេញការ​ងារ​ ​និង​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​បាន​ឡើយ​<<​បើ​សិស្ស​វិញ​មិន​អាច​ទៅ​ចូល​សាលារៀន​។​ ​ដូច្នេះ​ហើយ​ទើប​ពួកគាត់​ ​គឺ​ប្រជាពលរដ្ឋ​ត្រូវ​បង្ខំចិត្ត​ចាក់​វ៉ាក់សាំង​ ​តាមដែល​គេ​ប្រាប់​>>​។​

ម្យ៉ាង​វិញទៀត​លោក​ ​គឹម​ ​សុខ​ ​យល់ថា​វិធី​បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ចាក់​វ៉ាក់សាំង​នេះ​ ​គឺជា​មធ្យោបាយ​ក្នុង​ការ​ព្យាយាម​លុប​លាងកំហុស​ពីដើម​ទី​របស់​លោក​ ​ហ៊ុន​ ​សែន​​ដែល​ប្រកាស​ថា​មិន​ខ្លាច​ជំងឺ​កូវីដ-១៩​នោះ​។​ ​លោក​ថា​ ​ដល់ពេល​ជំងឺ​នេះ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ ​ជួប​វិនាសកម្ម​ជីវិត​របស់​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ ​លោក​ ​ហ៊ុន​ ​សែន​ ​ត្រូវ​បង្ខំចិត្ត​ចាក់​វ៉ាក់សាំង​ចិន​នេះ​ ​បើ​ទោះបីជា​ជួយ​ប្រជាពលរដ្ឋ​បាន​តិច​ក៏ដោយ​។​

​លោក​ ​គឹម​ ​សុខ​ ​ថា​ការ​ធ្វើ​ដូច្នេះ​ ​លោក​ ​ហ៊ុន​ ​សែន​ ​មានហេតុ​ផល​ប្រាប់​ពលរដ្ឋ​ថា​ ​គាត់​បាន​ប្រឹងប្រែង​ឲ្យ​មាន​វ៉ាក់សាំង​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩​ ​ដែល​នេះ​គឺជា​នយោបាយ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ជាជាង​ការ​គិត​គូ​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ <<​ចំណាត់​ការ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​លាយឡំ​នឹង​នយោបាយ​។​ ​មិនមែន​ពាក់ព័ន្ធ​នឹង​សុខភាព​ ​១០០​% ​ទេ​។​ ​យើង​ដឹង​ស្រាប់​តាំងពី​ដំបូង​ ​ថា​ចិន​មាន​នយោបាយ​សាកល្បង​គុណភាព​វ៉ាក់សាំង​របស់​គេ​។​ ​ដូច្នេះ​ហើយ​មានតែ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ចិន​ជិត​ស្និត​ ​រដ្ឋាភិបាល​ដែល​នៅ​ជាមួយ​ចិន​ ​១០០​% ​ដូច​លោក​ ​ហ៊ុន​ ​សែន​ទេ​ ​ដែល​អាច​​​យក​វ៉ាក់សាំង​ចិន​មក​សាកល្បង​លើ​ប្រជា​ពល​ល​រដ្ឋ​ប្រទេស​ទាំង​អស់ហ្នឹង​។​ ​ដូច្នេះ​ហើយ​វា​ជា​នយោបាយ​សាកល្បង​គុណភាព​វ៉ាក់សាំង​ចិន​ ​ដោយ​ប្រើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ​>>​។​

អ្នកឯកទេស​ផ្នែក​វេជ្ជ​សាស្រ្ត ​យល់ថា​ការ​ចាក់​វ៉ាក់សាំង​ចិន​បាន​ច្រើន​ភ្លូក​ទឹក​ភ្លូក​ដី​នេះ​ ​អាចម​ក​ពី​កត្តា​នៃ​ការ​ខ្វះ​ព័ត៌មាន​ពិត​ ​និង​ឯករាជ្យ​ពី​អ្នកជំនាញ​ផ្នែក​វេជ្ជ​សាស្រ្ត ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើការ​សម្រេច​ចិត្ត​ ​និង​ការ​ធ្វើតាម​គ្នា​។​

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​ ​លោក​ ​អ៊ូច​ ​វុទ្ធី​ ​ការ​ធ្វើតាម​គ្នា​នេះ​ ​ធ្វើឲ្យ​អ្នកខ្លះ​អួត​សម្ញែញ​បណ្ណ​ចាក់​វ៉ាក់សាំង​ ​ទាំង​មិន​ដឹង​ថា​វ៉ាក់សាំង​នោះ​មានគុណ​ភាព​ឬ​យ៉ាងណា​នោះ​ផង​ <<​យើង​គិត​មើល​ចាក់​ដំបូង​ជួរ​ទីមួយ​ ​យើង​គិត​ហើយ​សុទ្ធតែ​ទាហាន​ប៉ូលិស​ ​និង​ពេទ្យ​មួយ​ចំនួន​ទៅ​ចាក់​ ​ក្រោយមក​ឈឺ​គ្រប់គ្នា​ ​ជួនកាល​អ្នកខ្លះ​រហូត​ដល់ស្លាប់​ ​មាន​ទាំង​ដុកទ័រ​។​ ​គេ​ហៅ​ជោរ​តាម​គ្នា​។​ ​ទៅ​ចាក់​ទៅ​អី​តាម​គ្នា​ ​មិន​គិតថា​យើង​ចេះដឹង​ប៉ុណ្ណឹង​ដែរ​ ​យើង​ត្រូវ​សិក្សា​ខ្លួន​យើង​ ​តើ​ខ្លួន​យើង​វា​មាន​អ្វីខ្លះ​នៅ​ក្នុង​ខ្លួន​ ​មាន​ជំងឺ​អ្វីខ្លះ​? ​គេ​ហៅ​ប្រព័ន្ធ​ការពារ​ខ្លួន​យើង​វា​មាន​កម្រិត​ប៉ុនណា​ ​ហើយ​ទៅ​ចាក់​វ៉ាក់សាំង​ហ្នឹង​>>​។​

អ្នកឯកទេស​ផ្នែក​វេជ្ជ​សាស្រ្ត​រូប​នេះ​ ​អំពាវនាវ​ឲ្យ​មន្រ្តីឯកទេស​និង​ជំនាញ​ផ្សេងៗ​ ​ហ៊ាន​និយាយ​ការពិត​ ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ដឹង​អំពី​វ៉ាក់សាំង​ ​និង​ផល​ប៉ះពាល់​របស់​វា​ ​ដើម្បី​ជួយ​ដល់​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​របស់​ប្រជាពលរដ្ឋ​។​

អ្នក​សិក្សា​ ​និង​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​វិញ​ ​លោក​យល់ថា​ ​ពលរដ្ឋ​អាច​គ្មាន​ជម្រើស​ដែរ​ ​ក្នុង​ការ​ទទួលយក​វ៉ាក់សាំង​ចិន​នេះ​ ​ព្រោះ​ពួកគាត់​ឆាប់​ភ័យខ្លាច​ ​ក្រោយ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ ​កាន់តែ​កើន​ឡើង​។​

លោក​បណ្ឌិត​ ​មាស​ ​នី​ ​សម្ពាធ​ច្បាប់​ ​និង​អនុក្រឹត្យ​ដែល​កំណត់​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង​ ​និង​ភាព​ភ័យខ្លាច​ឆ្លង​ជំងឺ​ ​និង​ខ្លាច​ស្លាប់​ផង​នោះ​ ​ទើប​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ច្រើនយ៉ាង​នេះ​ <<​ដោយសារតែ​យើង​អាច​ថា​មកពី​មិន​មាន​ជម្រើស​ផង​ ​និង​ដោយសារតែ​ឃើញ​ស្លាប់​ជាក់ស្តែង​ពេក​ ​ដូច្នេះ​ក៏​នាំគ្នា​មក​ចាក់ថ្នាំ​ទៅ​ ​ហើយ​ក្រោយមក​ក៏​ក្លាយទៅជា​រឿង​ធម្មតា​ដាស់តឿន​គ្នា​ទៅ​ចាក់ថ្នាំ​។​ ​ប៉ុន្តែ​ ​មែនទែន​ទៅ​ខ្ញុំ​និយាយ​ដោយ​យុត្តិធម៌​ទៅ​ ​គឺ​ការ​ចាក់​វ៉ាក់សាំង​នេះ​ ​មិន​ឃើញ​មានការ​បង្ខំ​អ្វី​ឲ្យ​ថា​អ្នកឯង​ត្រូវតែ​ទៅ​ចាក់​ ​ឬ​តាម​ដឹក​តាមអី​ ​ដូច​អត់មាន​ទេ​>>​។​

ក្រៅពី​ច្បាប់​ ​និង​អនុក្រឹត្យ​ស្តីពី​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង​ ​ឥឡូវនេះ​រដ្ឋបាល​ក្រុងភ្នំពេញ​ ​ចាប់ផ្តើម​ឈានមួយជំហាន​ទៀត​ ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​ ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យបាន​គ្រប់គ្នា​ ​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​

ចាប់ពី​ថ្ងៃ​ទី​ ​០៥​ ​ខែ​ ​តុលា​ ​តទៅ​ ​នៅ​ក្រុងភ្នំពេញ​ ​ប្រជាពលរដ្ឋ​ណា​ដែល​គ្មាន​បណ្ណ​ចាក់​វ៉ាក់សាំង​ ​នឹង​មិន​អាច​ចូល​សាលារៀន​ ​ទីផ្សារ​ ​និង​ទីតាំង​អាជីវកម្ម​នានា​ក្នុង​ក្រុងភ្នំពេញ​បាន​ទៀត​ឡើយ​។​ ​សេចក្តីណែនាំ​របស់​រដ្ឋបាល​ក្រុងភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​ ​០៥​ ​ខែ​ ​តុលា​ ​បុគ្គល​ដែល​មាន​អាយុ​ចាប់ពី​ ​១៨​ ​ឆ្នាំ​ឡើង​ទៅ​ ​ត្រូវ​មាន​កាតព្វកិច្ច​បង្ហាញ​​បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ ​រាល់​ពេល​ចេញចូល​ទីតាំង​ ​ឬ​ទីកន្លែង​ដូចជា​ ​គ្រឹះស្ថានសិក្សា​ ​ផ្សារ​រដ្ឋ​ ​ផ្សារ​ឯកជន​ ​ផ្សារ​ម៉ា​ត​ ​ភោជនីយដ្ឋាន​ ​អាហារដ្ឋាន​ ​ហាង​កាហ្វេ​ ​និង​ទីតាំង​ផ្សេងទៀត​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​។​ ​ចំពោះ​ក្មេង​អាយុ​ក្រោម​ ​១៨​ ​ឆ្នាំ​ ​រហូតដល់​ ​៦​ ​ឆ្នាំ​ ​គឺ​តម្រូវ​ឲ្យ​អាណាព្យាបាល​ ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​ជំនួស​ពួកគេ​ ​បើ​ចង់​ចូល​ទីកន្លែង​ទាំងនោះ​។​

​នេះ​អាច​ជា​កត្តា​បង្ខំ​មួយទៀត​ ​ដែល​ធ្វើឲ្យ​ពលរដ្ឋ​ដែល​អល់អែក​រឿង​វ៉ាក់សាំង​ចិន​ ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​នេះ​ ​ដើម្បី​សម្រួល​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​។​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ​លោក​ ​សន​ ​ជ័យ​ ​យល់ស្រប​ថា​ ​លក្ខខណ្ឌ​ ​កាតព្វកិច្ច​ ​និង​ច្បាប់​កូវីដ-១៩​ ​មាន​ភាព​តឹងរឹង​ ​និង​ជា​កត្តា​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ ​មិន​អាច​ប្រកែក​រឿង​វ៉ាក់សាំង​នេះ​បាន​។​ ​ប៉ុន្តែ​ ​លោក​ថា​កត្តា​នៃ​ការ​ផ្ទុះ​រីក​រាលដាល​លឿន​នៃ​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ ឌែលតា (Delta) ​ក៏​ធ្វើឲ្យ​ពលរដ្ឋ​ភ័យខ្លាច​ ​និង​ប្រញាប់​រក​អ្វី​ដើម្បី​ការពារ​ខ្លួន​ដែរ​។​

វិទ្យុ​អាស៊ីសេរី​ ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​គឺ​លោក​ ​ផៃ​ ​ស៊ីផា​ន​ ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ​។​ ​ប៉ុន្តែ​មន្រ្តី​នាំពាក្យ​ក្រសួងយុត្តិធម៌​លោក​ ​ជិន​ ​ម៉ា​លីន​ ​ធ្លាប់​ការពារ​ជំហរ​របស់​រដ្ឋាភិបាល​ ​ក្នុង​ការកំណត់​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង​នេះ​ ​ដោយ​លោក​អះអាង​ ​ថា​ការ​យកចិត្តទុកដាក់​លើ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ ​គឺ​វា​សំខាន់​ជាង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជ្រើសរើស​ថា​ចាក់​វ៉ាក់សាំង​ ​ឬ​មិន​ចាក់​វ៉ាក់សាំង​។​

បើ​ទោះបីជា​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ស្ទើរ​ ​១០០​% ​យ៉ាងណាក្ដី​ ​ក៏​អត្រា​នៃ​អ្នក​ស្លាប់​ ​និង​ឆ្លង​ជំងឺ​នេះ​ ​នៅតែ​មាន​អត្រា​ខ្ពស់​ ​គឺ​ជាមធ្យម​ ​២៥​ ​នាក់​ក្នុងមួយថ្ងៃ​ ​និង​ឆ្លង​ប្រមាណ​ ​៨០០​ ​នាក់​ក្នុងមួយថ្ងៃ​។​ ​តួលេខ​អ្នក​ឆ្លង​ទើប​តែ​ថយ​ចុះ​ ​ក្នុងរយៈពេល​បួន​ថ្ងៃ​ដើមខែ​ ​តុលា​នេះ​ ​ក្រោយ​លោក​ ​ហ៊ុន​ ​សែន​ ​ប្រកាស​ឲ្យ​ឈប់​ធ្វើ​តេស្ត​រហ័ស​ ​រក​អ្នក​ផ្ទុក​ជំងឺ​កូវីដ-១៩​ ​តែប៉ុណ្ណោះ​។​ ​ជាង​នេះ​ទៅទៀត​ ​លោក​ ​ហ៊ុន​ ​សែន​ ​ថា​ក្នុងចំណោម​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ ​មាន​ជាង​ ​៣០​% ​ជា​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​។​

​ក្នុង​ស្ថានភាព​បែប​នេះ​ ​អង្គការសុខភាព​ពិភពលោក​ ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​នៅតែ​បន្ត​អនុវត្ត​វិធានការ​បង្ការ​សំខាន់​ៗ​ ​ដូចជា​ពាក់​ម៉ាស់​ ​លាងដៃ​ឲ្យបាន​ញឹកញាប់​ ​រក្សា​គម្លាត​បុគ្គល​ ​និង​ចៀសវាង​កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​ជាដើម​។​

ជាមួយគ្នា​ដែរ​អង្គការ​អន្តរជាតិ​នេះ​ ​ធ្លាប់​បាន​បញ្ជាក់​ថា​វ៉ាក់សាំង​ទាំងអស់​ ​ដែល​អង្គការ​នេះ​ទទួលស្គាល់​ ​រួម​ទាំង​វ៉ាក់សាំង​ចិន​ផង​ ​ទោះ​មានគុណ​ភាព​ទាប​ ​ក៏​នៅតែ​អាច​ជួយ​បាន​ច្រើន​ ​កុំឲ្យ​ប្រជា​ប្រជាពលរដ្ឋ​ ​ធ្លាក់ខ្លួន​ឈឺធ្ងន់​ ​ឬ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ ​ពេល​ឆ្លង​ជំងឺ កូវីដ-១៩​នេះ​៕