កម្មករកម្មការិនីនៃរោងចក្រដេរសំលៀកបំពាក់មួយចំនួន ក្នុងតំបន់សេដ្ឋកិច្ចពិសេស សេវិន.អេនជី (7NG) ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានពុលសន្លប់ជាបន្តបន្ទាប់។ កម្មកររងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកព្រែកតាមាក់ និងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ចំណែកកម្មកររាប់ពាន់នាក់ផ្សេងទៀត ត្រូវបានថៅកែរោងចក្រ និងមន្ត្រីជំនាញពីក្រសួងការងារឲ្យផ្អាកធ្វើការមួយរយៈ រង់ចាំការកែលំអបរិយាកាសសិន។
ក្រសួងការងារបានដាក់រោងចក្រមួយចំនួនក្នុងតំបន់សេដ្ឋកិច្ចពិសេស សេវិន.អេនជី ក្នុងឃុំវិហារសួគ៌ ខេត្តកណ្ដាល ឲ្យស្ថិតនៅក្រោមការឃ្លាំមើល បន្ទាប់ពីមានកម្មករជាច្រើននាក់ពុលសន្លប់រយៈពេល ២ថ្ងៃជាប់គ្នា។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍នៅថ្ងៃទី២០ ខែវិច្ឆិកា ថា មូលហេតុដែលបណ្ដាលឲ្យមានការពុលសន្លប់នេះ ក្រុមការងារជំនាញបានធ្វើសេចក្ដីសន្និដ្ឋានជាជំហានដំបូងថា គឺមកពីក្លិនថ្នាំគីមីជាសារធាតុពុលដែលប្រជាពលរដ្ឋធ្វើស្រែក្បែររោងចក្រ បានប្រើប្រាស់សម្រាប់បាញ់ដាក់ក្នុងស្រូវ។
លោក ហេង សួរ បញ្ជាក់ថា ជាវិធានការ មន្ត្រីពេទ្យនៃក្រសួងការងារ និងមន្ត្រីផ្នែកសុវត្ថិភាព បានពិនិត្យមើលឡើងវិញនូវខ្យល់អាកាស និងបរិយាកាស៖ «យើងក៏ដាក់រោងចក្រហ្នឹងឲ្យស្ថិតនៅក្រោមការឃ្លាំមើល កែសម្រួលនូវបរិយាកាសមួយចំនួន។ ជាទូទៅយើងបានដឹងហើយថា នៅពេលដែលមានមួយកន្លែងកើតឡើងវាអាចនៅមានការបារម្ភអ៊ីចឹង។ អ្វីដែលយើងពិនិត្យមើលទៅគឺអាចប៉ះពាល់មកពីនៅក្បែរនោះ អាចមានបងប្អូនប្រជាកសិករយើងនៅជិតហ្នឹងគាត់បាញ់ថ្នាំស្រូវទៅវាអាចជះក្លិននោះចូលមកដល់បរិវេណហ្នឹង វាមិនមែនមកពីបរិយាកាសមកពីរោងចក្រហ្នឹងទេ ប៉ុន្តែវានៅក្បែរហ្នឹង»។
ទោះជាយ៉ាងណា លោក ហេង សួរ ពុំបានបញ្ជាក់ពីចំនួនកម្មករពុលសន្លប់នោះថា មានប៉ុន្មាននោះទេ។ កម្មករកម្មការិនីនៅរោងចក្រមួយចំនួនដូចជា រោងចក្រ ដំបូលស អាគារទី១ អាគារទី៣ អាគារទី៤ អាគារទី៧ រោងចក្រ ញូអឹសសេន អ៊ីនធឺណេសិនណល និងរោងចក្រស្ដារឡៃ (Star Light) ដែលជារោងចក្រស្ថិតក្នុងតំបន់ក្រុមហ៊ុន សេវិន.អេនជី បានពុលសន្លប់រយៈពេល ២ថ្ងៃជាប់គ្នា នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា។
កម្មការិនីម្នាក់ក្នុងចំណោមកម្មករពុលដែលគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលគាត់មានផ្ទៃពោះផង លោកស្រី មួយ សាម័យ ថ្លែងថា ក្នុងពេលបំពេញការងារនាងមានធុំក្លិនម្យ៉ាងដែលនាងគិតថា ដូចផ្លែត្របែកទុំ និងលាយឡំដោយក្លិនល្វីង ដែលភ្លាមៗនោះ ធ្វើឲ្យពួកគាត់មានអាការៈមិនស្រួលខ្លួន ឈឺក្បាល រឹងថ្គាម ក្អួតចង្អោរ ហើយសន្លប់ជាបន្តបន្ទាប់៖ «ចូលក្នុងរោងចក្រធ្វើការប្រហែលជាបាន ២ម៉ោង ចាប់បានចាប់បានម្នាក់ៗ ថ្ងូរថាធុំក្លិនៗ ឈួល ថាមកពីណា ក្លិននោះពិបាកនិយាយ។ ពេលដែលចុះពីលើឡានដំបូងពេលព្រលឹមឡើងអត់មាននរណាលឺថា ធុំក្លិនអីទេ ដល់ពេលដល់រោងចក្រចាប់ផ្ដើមកណ្ដឹងរោទ៍ប្រជុំហើយបានធ្វើការធុំក្លិនប្លែកខុសពីធម្មតា»។
ទាក់ទងទៅនឹងសេចក្ដីរាយការណ៍នៃការពុលសន្លប់នេះ វេជ្ជបណ្ឌិត ឆ ណារ៉េត នៃមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា កម្មករចំនួន ៥៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ។ លោកថា តាមរយៈការពិនិត្យព្យាបាល គ្រូពេទ្យមិនបានរកឃើញថា មានស្ថានភាពពុលដោយអ្វីមួយពិតប្រាកដនោះទេ។
លោកឃើញថា អ្នកជំងឺមានអាការៈអស់កម្លាំង ថប់ដង្ហើម និងមានអារម្មណ៍តានតឹង ហើយពួកគេកំពុងស្ថិតនៅក្នុងការព្យាបាល ប៉ុន្តែពុំមាននរណាម្នាក់មានសភាពធ្ងន់ធ្ងរនោះដែរ៖ «និយាយជារួមដើម្បីបញ្ជាក់ថា ស្អីមួយដែលប៉ះពាល់ច្បាស់យើងដឹងហើយ វាមានដដែលៗមកច្រើនសា។ បញ្ហាវាមានអ្វីមួយហើយខុសពីធម្មតានៅកន្លែងគាត់បានឲ្យគាត់ធ្វើទុកអ៊ីចឹង។ ប៉ុន្តែក្រុមគ្រូពេទ្យការងារ ក្រុមគ្រូពេទ្យនៅខាងក្រសួងសុខាភិបាលគេនឹងចុះទៅពិនិត្យហើយគេមកយកព័ត៌មានពីជំងឺមួយៗពីគ្រូពេទ្យទៅ ហើយគេឯកភាពទៅហើយគេអាចធ្វើការសន្និដ្ឋានទៅលើអ្វីមួយច្បាស់»។
សេចក្ដីរាយការណ៍ពីកម្មករមួយចំនួនទៀត បានឲ្យដឹងថា ក្នុងមួយរោងចក្រពួកគេបានឃើញកម្មករប្រមាណពី ៤០ ទៅ ៥០នាក់ បានដួលសន្លប់។ ថៅកែរោងចក្របានអនុញ្ញាតឲ្យពួកគេឈប់សម្រាករយៈពេលកន្លះថ្ងៃ គឺថ្ងៃទី២០ វិច្ឆិកា។ ប៉ុន្តែមន្ត្រីសហជីពប្រចាំរោងចក្របានឲ្យដឹងថា កម្មករនឹងចូលធ្វើការវិញនៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។