ILO បង្ហាញ​របាយការណ៍​កម្មករ​ខ្វះ​គ្រាប់​ឈាម​ក្រហម​និង​បញ្ហា​អាហារ​ពុំ​មាន​សុវត្ថិភាព

ដោយ សុ ជីវី
2014.10.01
កម្មករ​តវ៉ា​ប្រាក់ខែ ៦២០ កម្មការិនី​លើក​បដា​មាន​គូរ​រូប​បង្ហាញ​ពី​ជីវភាព​កម្មករ ដើម្បី​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៣។
Photo: RFA

គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា អាយឡូ (ILO) បង្ហាញ​លទ្ធផល​បឋម​នៃ​ការ​សិក្សា​ថ្មី​មួយ​របស់​ខ្លួន ដែល​រក​ឃើញ​ថា កម្មករ​ជាង ៤០% នៃ​អ្នក​ដែល​ចូលរួម​ក្នុង​គម្រោង​ទទួល​ផល​ប៉ះពាល់ ដោយសារ​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម និង​ជាង ១៥% មាន​ទម្ងន់​តិច ដែល​មិន​សមាមាត្រ​នឹង​រូប​រាង​កាយ។

បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម​នេះ បណ្ដាល​អោយ​កម្មករ​គ្មាន​កម្លាំង​បំពេញ​ការងារ​បាន​ខ្លាំង ហើយ​លទ្ធភាព​ក្នុង​ការ​ផលិត​របស់​កម្មករ​មាន​កម្រិត​ទាប។

លទ្ធផល​បឋម​នៃ​ការ​សិក្សា​របស់​អង្គការ អាយឡូ បញ្ជាក់​ថា ស្រប​ពេល​ដែល​រក​ឃើញ​ថា មាន​បញ្ហា​ខ្វះ​គ្រាប់​ឈាម​នេះ ក្នុង​ចំណោម​ក្រុម​កម្មករ​រោងចក្រ​កាត់​ដេរ ក៏​កំពុង​ជួប​បញ្ហា​អាហារ​ដែល​ពុំ​មាន​សុវត្ថិភាព​ដែរ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ អាយឡូ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា អោយ​ដឹង​ថា ការ​សិក្សា​ថ្មី​នេះ អង្គការ​បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​ប្រទេស​បារាំង (AFD) ព្រម​ទាំង​អង្គការ​ស្រាវជ្រាវ និង​ផ្ដល់​ប្រឹក្សា ឈ្មោះ អិលធីឌី (LTD)។ លទ្ធផល​នេះ បង្ហាញ​បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ជាមួយ​កម្មករ​ជិត ៤​ពាន់​នាក់ (៣.៨៩០​នាក់)។ គម្រោង​នេះ នឹង​សិក្សា​ធ្វើ​នៅ​ក្នុង​រោងចក្រ​ចំនួន​១០ ដែល​មាន​កម្មករ​បម្រើ​ការងារ​ជាង ១៣.៣០០​នាក់ ជា​ការ​ស្ទាបស្ទង់​ពី​ផល​ប៉ះពាល់​លើ​របប​ចំណី​អាហារ ផលិត​ផល និង​សុខភាព។

លទ្ធផល​បឋម​រក​ឃើញ​ថា កម្មករ​និយោជិត​ចំនួន ៤៣,២% ដែល​ចូលរួម​ក្នុង​ការ​សិក្សា មាន​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម និង​ចំនួន ១៥,៧% មាន​ទម្ងន់​តិច បើ​ប្រៀបធៀប​នឹង​ស្តង់ដារ​គណនា​របស់​អាស៊ាន (BMI)។ ក្នុង​នោះ កម្មករ​និយោជិត​បាន​ចំណាយ​ប្រាក់​ចំនួន ៩​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ ឬ​ស្មើ​នឹង ១,៣​ដុល្លារ ដែល​ប្រហែល​នឹង​ជាង ៥.០០០​រៀល​ក្នុង​មួយ​ថ្ងៃ ទៅ​លើ​ចំណី​អាហារ​ប្រចាំ​ថ្ងៃ។

ស្រប​គ្នា​នេះ មាន​កម្មករ​ប្រមាណ ២​ភាគ​៣ ពុំ​ទទួល​បាន​អាហារ​ដែល​មាន​សុវត្ថិភាព និង​មួយ​ចំនួន​ទៀត ប្រឈម​នឹង​អាហារ​ដែល​ពុំ​មាន​សុវត្ថិភាព​ធ្ងន់ធ្ងរ។

ប្រធាន​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា នៃ​អង្គការ​អាយឡូ អ្នកស្រី ជាល តាក់កឺ (Jill Tucker) បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ដែល​ត្រូវ​ប្រែ​សម្រួល​ដូច្នេះ​ថា៖ «ខ្វះ​ឈាម​ក្រហម និង​ចំណី​អាហារ​ដែល​ពុំ​មាន​សុវត្ថិភាព អាច​នាំ​អោយ​មាន​បញ្ហា​សុខភាព​ដ៏​រ៉ាំរ៉ៃ ដែល​ពិបាក​នឹង​ផ្ដោត​លើ​ការ​បំពេញ​ការងារ ដែល​នឹង​ផ្ដល់​ផលិតផល​ទាប។ ការ​ដោះស្រាយ​បញ្ហា​ខ្វះ​គ្រាប់​ឈាម​ក្រហម​នេះ នឹង​មាន​ភាព​ស្មុគស្មាញ ប៉ុន្តែ​វា​ជា​គន្លឹះ​សំខាន់​សម្រាប់​ការ​ពង្រីក​ផលិតផល និង​លទ្ធផល​ជំនួញ​ក្នុង​វិស័យ​កាត់​ដេរ។ ដំណាក់​កាល​នៃ​កាល​បន្តបន្ទាប់​នៃ​ការ​ស្រាវជ្រាវ នឹង​ជួយ​ពន្យល់​ពី​កិច្ច​អន្តរាគមន៍​ទាំង​ឡាយ​ណា ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ពង្រឹង​សុខភាព និង​ផលិតផល​របស់​កម្មករ។ ប៉ុន្តែ​ខាង​រោងចក្រ អាច​វាស់វែង ដើម្បី​កាត់​បន្ថយ​ការ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ឥឡូវ​នេះ»

ឆ្លើយ​តប​នឹង​ការ​រក​ឃើញ​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក (GMAC) លោក ជាតិ ខេមរា មាន​ប្រសាសន៍​ថា ជាទូទៅ​ចំណី​អាហារ​ដែល​កម្មករ​ទទួល​ទាន គឺ​មិន​ខុស​ពី​ចំណី​អាហារ​របស់​ក្រុម​គ្រួសារ​ពួក​គេ ឬ​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែរ។ លោក​ថា អាយឡូ គួរ​តែ​រក​អោយ​ឃើញ​បញ្ហា​នោះ​អោយ​ជាក់​លាក់​ជាង​នេះ ដែល​អាច​អោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ដោះស្រាយ៖ «ប្រសិន​បើ​វា​មាន​ហេតុការណ៍​ហ្នឹង​កើត​ឡើង គឺ​គួរ​តែ​មាន​សិក្ខា​សាលា​មួយ ណែនាំ​កម្មករ​និយោជិត​អោយ​គាត់​ហូប​ចំណី​ចំណុក​បែប​ណា សម្រាប់​ទ្រទ្រង់​គ្រាប់​ឈាម​ហ្នឹង​អោយ​គាត់​បាន​គ្រាប់​ឈាម​ក្រហម​វិញ។ សារធាតុ​អី​ខ្លះ? ចំណី​អី​ខ្លះ? ពាក់ព័ន្ធ​នេះ។ ប៉ុន្តែ បើ​យើង​បង្រៀន​គាត់ តែ​គាត់​មិន​ហូប ហើយ​គាត់​នៅ​តែ​ហូប​ម្ដេញ ហូប​អី​ពេល​បាយ​ហើយ​ហ្នឹង ហី​ស្វាយ​ត្រាំ​ស្វាយ​អី​ហ្នឹង ចឹង​វា​មិន​អាច​ឡើង​បាន អាស្រ័យ​លើ​ការ​ចូលរួម​ដែរ ថា​តើ​គាត់​ចង់​ចូលរួម​អត់?»

ទោះ​យ៉ាង​ណា នេះ​គ្រាន់​តែ​ជា​លទ្ធផល​ជំហាន​ដំបូង​ដែល​អង្គការ អាយឡូ នឹង​បន្ត​ការ​សិក្សា​របស់​ខ្លួន ដែល​នឹង​ចំណាយ​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​សិក្សា​បឋម ដែល​អាច​នឹង​បញ្ចប់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៥។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ក្រសួង​ការងារ បាន​បញ្ជាក់​ថា កន្លង​មក ក្រុម​ជំនាញ​របស់​ក្រសួង​បាន​ចុះ​ទៅ​តាម​រោងចក្រ​នានា និង​ជួយ​ពន្យល់​ណែនាំ​ដល់​កម្មករ អោយ​ប្រុង​ប្រយ័ត្ន​បញ្ហា​ចំណី​អាហារ និង​ត្រូវ​សម្រាក​អោយ​បាន​គ្រប់គ្រាន់។ លើស​ពី​នេះ ក្រសួង​សុខាភិបាល ក៏​មាន​គម្រោង​បង្គ្រប់​គ្រាប់​ឈាម​ក្រហម ដោយ​ការ​ផ្ដល់​ថ្នាំ​ជាតិ​ដែក​ទៅ​ដល់​កម្មការិនី​ក្នុង​វ័យ​បន្ត​ពូជ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ។ លើស​ពី​នេះ ក្រសួង​ការងារ គ្រោង​នឹង​បង្កើត​អោយ​មាន​អនុក្រឹត្យ​ថ្មី​ចំនួន​៣​ទៀត ដែល​នឹង​ជួយ​ទៅ​ដល់​សុខភាព​កម្មករ ក្នុង​នោះ​នឹង​ផ្ដោត​លើ​ចំណុច ៣​សំខាន់ គឺ​អាហារដ្ឋាន​សម្រាប់​កម្មករ កន្លែង​ស្នាក់​នៅ និង​កន្លែង​ថែ​ទាំ​កុមារ​តូច។

ប្រធាន​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ចាត់​ទុក​ការ​លើក​ឡើង​របស់​និយោជក និង​សកម្មភាព​របស់​ក្រសួង​ពាក់ព័ន្ធ ថា​ពុំ​បាន​ចូល​ទៅ​អោយ​ចំ​បញ្ហា។ លោក​ថា បញ្ហា​ចម្បង គឺ​កម្មករ​ព្យាយាម​ចំណាយ​តិច ប៉ុន្តែ​ធ្វើ​ការងារ​ច្រើន​ម៉ោង ដើម្បី​បំពេញ​តម្រូវ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ដ្បិត​ប្រាក់​ចំណូល​គាត់​ទាប៖ «មើល​អោយ​ជាក់ស្តែង ៤ ទៅ ៥.០០០​រៀល​ក្នុង​មួយ​ថ្ងៃ គឺ​មិន​អាច​យក​ទៅ​ទទួល​បាន​ម្ហូប​ណា​ដែល​មាន​សុខភាព មាន​កាល់ឡូរី​គ្រប់គ្រាន់ ដែល​ត្រូវ​ការ ៣.០០០​កាល់ឡូរី​នោះ​ទេ។ ទី​២ ស្ថានភាព​ដែល​គាត់​ធ្វើ​ការ​នៅ​ក្នុង​បរិយាកាស​ហប់ ហើយ​ត្រូវ​សម្រាក​ក្នុង​បរិយាកាស​ដែល​ហប់ ឬ​ក៏​ជិះ​ឡាន​គាត់ បើ​គាត់​មិន​ជួល​ផ្ទះ​គេ ក៏​គាត់​ជិះ​ឡាន​ក៏​ចង្អៀត​ណែន​ណាស់។ សំណួរ​ថា តើ​អ្នក​ណា​ដែល​ចង់​ធ្វើ​បែប​ហ្នឹង ខ្ញុំ​ជឿ​ថា ពុំ​មាន​កម្មករ​ណា​ម្នាក់​ដែល​ចង់​ម្ហូប​ដែល​អត់​ឆ្ងាញ់​ទេ បើ​សិន​ជា​គេ​មាន​លុយ​នោះ»

ទាក់ទង​នឹង​លទ្ធភាព​ក្នុង​ការ​ផលិត​របស់​កម្មករ​មាន​កម្រិត​ទាប តំណាង​និយោជក លោក ជាតិ ខេមរា ថ្លែង​ថា កម្មករ​នៅ​ប្រកាន់​ឥរិយាបថ​ទម្លាប់​ចាស់ ដែល​មិន​ទាន់​អាច​ផ្លាស់​ប្ដូរ​បាន៖ «ខ្មែរ​យើង​និយាយ​ទៅ យើង​នៅ​ក្នុង​តំបន់​ហ្នឹង យើង​ចេញ​ពី​ប្រភព​កសិករ ទម្លាប់​របស់​យើង​ជា​ទម្លាប់​ជា​កសិករ មិន​មែន​ជា​ទម្លាប់​អ្នក​ឧស្សាហកម្ម​ទេ។ ដល់​ចឹង​ទៅ ការងារ​ខ្លះ​វា​ហាក់​ដូចជា​មិន​ខំ​ប្រឹងប្រែង​ទេ មាន​មួយ​ចំនួន​ធំ។ ជួន​កាល​គាត់​គិត​តែ​ពី​រឿង​ដែល​គាត់​ចង់​បាន​កម្រិត​ខ្ពស់ ទាល់​តែ​ប្រាក់​ខ្ពស់​បាន​ធ្វើ​ហើយ អារម្មណ៍​អស់​ហ្នឹង​វា​នៅ​តែ​ដិត​ក្នុង​អារម្មណ៍​កម្មករ​របស់​យើង​ស្ទើរ​តែ​ទាំងអស់​ទៅ​ហើយ»

យ៉ាង​ណា លោក មឿន តុលា បញ្ជាក់​ថា នៅ​ក្នុង​ការ​សិក្សា​នា​ពេល​កន្លង​ទៅ​របស់​អង្គការ​លោក រក​ឃើញ​ដែរ​ថា កម្មករ​ជាច្រើន​និយាយ​ថា ពួក​គេ​ចង់​អោយ​មាន​ហូប​គ្រប់គ្រាន់​ដែល​អាច​អោយ​ពួក​គាត់​បំពេញ​ការងារ​បាន​ពេញ​លេញ។

ដូច​គ្នា​នេះ​ដែរ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ លើក​ឡើង​ថា ចំណុច​អាទិភាព គឺ​ត្រូវ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ដែល​អាច​អោយ​ពួក​គាត់​រស់​នៅ​បាន​សមរម្យ៖ «ព្រោះ​ប្រាក់​ឈ្នួល ១៧០​ដុល្លារ ជា​ប្រាក់​ឈ្នួល​ដែល​រដ្ឋាភិបាល​បាន​រក​ឃើញ​ហើយ សហជីព​ខ្លួន​ឯង​ក៏​រក​ឃើញ ក្រសួង​ក៏​ទទួល​ស្គាល់ និយោជក​ខ្លួន​ឯង​ក៏​ទទួល​ស្គាល់។ អ៊ីចឹង​ហេតុ​អី​អត់​ព្រម​ដំឡើង​អោយ គឺ​ត្រូវ​តែ​ដំឡើង​អោយ​បាន ១៧០​ដុល្លារ​ហ្នឹង​ទៅ ដើម្បី​អោយ​កម្មករ​មាន​ការ​ចាយ​វាយ​បាន​គ្រប់គ្រាន់។ ខ្ញុំ​គិត​ថា ផលិត​ភាព​របស់​ក្រុមហ៊ុន​ក៏​កាន់​តែ​កើន​ឡើង​ដែរ»

អ្នកស្រី យ៉ាង សុភ័ណ្ឌ ក៏​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា កម្មករ​ខ្មែរ​នៅ​មាន​ទម្លាប់​ចាស់​ដែល​មិន​អាច​អោយ​លទ្ធភាព​ផលិត​របស់​ពួក​គេ​នៅ​ទាប៖ «មាន​ពេល​ខ្លះ ចិន ឬ​ក៏​ក្រុមហ៊ុន​ខ្លួន​ឯង​ហ្នឹង​ទទួល​ស្គាល់​ថា កម្មករ​ខ្មែរ​យើង​ធ្វើ​បាន​ផលិតផល​ច្រើន​ជាង​ប្រសើរ​ជាង​ចិន ដែល​ជួល​មក​ពី​ខាង​ក្រៅ ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ជាង​កម្មករ​ទៅ​ទៀត»

ទាក់ទង​នឹង​ចំណី​អាហារ​ប្រចាំ​ថ្ងៃ​នេះ កម្មករ​ជាច្រើន​ធ្លាប់​អះអាង​ថា ពួក​គេ​តែង​សន្សំ​សំចៃ និង​ត្បិតត្បៀត​ខ្លាំង ដើម្បី​បាន​សល់​ប្រាក់​ខ្លះ​ដោះស្រាយ​បញ្ហា​ផ្សេង​ទៀត​ក្នុង​ជីវភាព​រស់​នៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។