ប្រវត្តិ​រាស្ត្រ​ខ្មែរ​រង​ទុក្ខ​សោក​វេទនា​ដោយសារ​សង្គ្រាម​ដណ្ដើម​រាជ្យ​រវាង​ខ្មែរ​និង​ខ្មែរ (ភាគ​៥៦)

ដោយ ជុន ច័ន្ទបុត្រ
2015.09.01

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tabletព្រះ​ឧទ័យ​រាជា​អង្គ​តន់ សោយរាជ្យ​នៅ​ចន្លោះ​ឆ្នាំ​១៧៥៨ ដល់​ឆ្នាំ​១៧៧៥។ ក្នុង​រាជ្យ​របស់​ព្រះអង្គ សង្គ្រាម​ដណ្ដើម​អំណាច​រវាង​ខ្មែរ និង​ខ្មែរ បាន​ធ្វើ​ឲ្យ​រាស្ត្រ​ខ្មែរ​រង​ទុក្ខ​វេទនា និង​ចុះ​ថយ​ចំនួន​ពលរដ្ឋ​យ៉ាង​ច្រើន។

ខាង​ព្រះ​អង្គ​ជា​ស្ដេច​សោយរាជ្យ មាន​យួន ជា​បង្អែក ឯ​ខាង​គូ​សត្រូវ​របស់​ព្រះអង្គ គឺ​អង្គ​នន់​ព្រះ​រៀម មាន​សៀម ជា​បង្អែក។ ក៏ប៉ុន្តែ ដោយ​ព្រះទ័យ​ចង់​បញ្ចប់​សោកនាដកម្ម​របស់​ប្រជារាស្ត្រ​ខ្មែរ​ក្នុង​ពេល​នោះ ព្រះអង្គ​សម្រេច​ព្រះទ័យ​ឈប់​ពឹង​យួន ហើយ​សុខ​ចិត្ត​ដាក់​រាជ្យ រួច​យាង​គូបដិបក្ខ​ព្រះអង្គ​មក​ឲ្យ​សោយរាជ្យ​ជំនួស​វិញ។

គ.៣២ ព្រះ​ឧទ័យ​រាជា​អង្គ​តន់ (ឆ្នាំ​១៧៥៨-ឆ្នាំ​១៧៧៥ ព្រះ​ឧទ័យ​ទី​២)

ក្រោយ​ពី​ច្បាំង​ឈ្នះ​ព្រះ​ញាតិវង្ស​របស់​ខ្លួន​ហើយ ព្រះអង្គ​តន់ បុត្រ​ឧបរាជ​អង្គ​សូ ក៏​បាន​ឡើង​សោយរាជ​បន្ត​ពី​ព្រះអង្គ​ទង ជា​ព្រះ​អយ្យកោ (ជីតា) នៅ​ព្រះរាជវាំង​ឧត្តុង្គ​មានជ័យ នៅ​ឆ្នាំ​ខាល គ.ស.១៧៥៨ ដោយ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​នរាយណ៍​រាជាធិរាជ​រាមា​ធិបតី ព្រះ​ស្រី​សុរិយោ​ពណ៌ បរម​សុរិន្ទ្រា មហា​ចក្រពត្តិ​រាជ។

នៅ​ដើម​រាជ្យ​របស់​ព្រះអង្គ ព្រះ​ឧទ័យ​រាជា​អង្គ​តន់ នេះ ទ្រង់​ចាត់​ឲ្យ​ដង្ហែ​ព្រះ​សព​ព្រះ​អយ្យកោ គឺ​ព្រះអង្គ​ទង ដែល​សុគត​នៅ​ខេត្ត​ពោធិ៍សាត់ មក​ឧត្តុង្គ​មានជ័យ ហើយ​ព្រះរាជា​ប្រទេស​ឡាវ ក៏​បាន​ចាត់​ឲ្យ​ដង្ហែ​ព្រះ​សព​ព្រះ​មហាក្សត្រី ដែល​ជា​ព្រះ​មាតា​របស់​ព្រះអង្គ ដែល​បាន​ទៅ​គង់ ហើយ​សោយ​ទិវង្គត​នៅ​ប្រទេស​លាវ នោះ មក​កម្ពុជា វិញ​ដែរ។ ព្រះអង្គ​ទ្រង់​ប្រារឰ​ធ្វើ​ពិធី​បុណ្យ​សុន្ទរ៍ទាន​ក្សត្រ​ទាំង​ពីរ​អង្គ​តាម​រាជ​ប្រវេណី ហើយ​ទ្រង់​ដង្ហែ​យក​ព្រះ​អដ្ឋិធាតុ​ទៅ​បញ្ចុះ​នៅ​ចេតិយ​ទន្ទឹម​លើ​ភ្នំ​ព្រះរាជ​ទ្រព្យ។

ដល់​ឆ្នាំ​មមែ ព្រះអង្គ​សព្វ​ព្រះទ័យ​ដាក់​រាជ្យ​មួយ​រយៈ ហើយ​ទ្រង់​ចូល​សាង​ផ្នួស​ក្នុង​សំណាក់​ព្រះ​សុគន្ធា​ធិបតី ព្រះ​មាន​ប៉ិម អស់​រយៈ​បី​ខែ ស្ដេច​គង់​ចាំ​ព្រះ​វស្សា​នៅ​ព្រះ​អារាម​កោះ​ចិន។ ក្រោយ​មក ទ្រង់​តែង​តាំង​អ្នក​ព្រះ​ម៉ែ​នាង​មាលា​បុប្ផា​វតី ជា​អគ្គមហេសី​ស្តាំ ព្រះនាម​ជា​ព្រះ​ភគវតី ព្រះ​ឯក​ក្សត្រី។ ស្ដេច​តាំង​ព្រះអង្គ​អី​ក្សត្រី រាជបុត្រី​ព្រះអង្គ​ដួង ដែល​សុគត​ទៅ ជា​មហេសី​ឆ្វេង ព្រះនាម​ព្រះ​ភគវតី ព្រះ​ស្រី​សុជាតា ហើយ​ទ្រង់​តែង​តាំង​ព្រះអង្គ​ធម្ម កូន​ព្រះអង្គ​ដួង ជា​អតីត​សត្រូវ​របស់​ព្រះអង្គ ប៉ុន្តែ​មាន​ព្រះទ័យ​ស្មោះ​ត្រង់​នឹង​ព្រះអង្គ ជា​មហាឧបរាជ។

នៅ​ឆ្នាំ​១៧៦៧ ប្រទេស​ភូមា បាន​លើក​ទ័ព​មក​វាយ​យក​បាន​រាជធានី​ឰយុធ្យា ប្រទេស​សៀម ហើយ​ចាប់​ទាំង​ព្រះមហាក្សត្រ​សៀម យក​ទៅ​ផង។ ព្រះរាជបុត្រ​ស្ដេច​សៀម ព្រះនាម​ចុល​ជា​ស៊ីសាំង លើក​ទ័ព​ត​តាំង​ច្បាំង​នឹង​ភូមា តែ​ចាញ់​ភូមា ទៀត ហើយ​ភៀស​មក​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​ខ្មែរ ដែល​ក្រោយ​មក ព្រះអង្គ​ទ្រង់​សុគត​នៅ​ស្រុក​ខ្មែរ​នេះ​ទៅ។ ឆ្លៀត​ពេល​នោះ កូន​កាត់​ចិន-ថៃ ម្នាក់​ឈ្មោះ ពញា​តាក បាន​លើក​ទ័ព​ដេញ​ពួក​ភូមា ឲ្យ​ចេញ​ផុត​ពី​ប្រទេស​សៀម បាន ហើយ​ឡើង​សោយរាជ្យ ព្រះនាម​ចៅ​តាក​ស៊ីន រួច​ប្ដូរ​ទីក្រុង​ពី​ឰយុធ្យា មក​បឹងកក់ គឺ​បាងកក សព្វថ្ងៃ​ដាក់​ឈ្មោះ​ថា​ក្រុង​ធនបុរី។

ឯកសារ​មហា​បុរស​បាន​រៀបរាប់​ថា ឆ្នាំ​១៧៦៨ ក្រោយ​ពី​បាន​ឡើង​សោយរាជ្យ ព្រះ​ចៅ​តាក​ស៊ីន ប្រទេស​សៀម ក៏​ចាត់​រាជទូត​ឲ្យ​នាម​សារ​មក​ពង្រឹង​ចំណង​ស្ពាន​មេត្រី​ភាព​រវាង​ខ្មែរ និង​សៀម ប៉ុន្តែ​ត្រូវ​បាន​ព្រះ​ឧទ័យ​រាជា​អង្គ​តន់ មហាក្សត្រ​ខ្មែរ​បដិសេធ ដោយ​ទ្រង់​យល់​ថា ព្រះ​ចៅ​តាក​ស៊ីន មិន​មែន​ជា​អំបូរ​ស្ដេច​ផែនដី។

ព្រះ​ចៅ​តាក​ស៊ីន ស្ដេច​សៀម ទ្រង់​ព្រះ​ពិរោធ​ណាស់ ក៏​បញ្ជា​ឲ្យ​លើក​ទ័ព​ចូល​មក​លុក​លុយ​ប្រទេស​ខ្មែរ ប៉ុន្តែ​ជា​ដំបូង ទ័ព​សៀម ត្រូវ​បរាជ័យ​ដក​ថយ​ទៅ​វិញ។ ដល់​ឆ្នាំ​១៧៧១ សៀម លើក​ទ័ព​ជា​ទ្រង់ទ្រាយ​ធំ​មក​ម្តង​ទៀត ដោយ​ចែក​ជា​ពីរ​ផ្លូវ គឺ​ទ័ព​ជើង​គោក​មួយ​ម៉ឺន​នាក់ ដោយ​យាង​ទាំង​ព្រះ​អង្គ​នន់​ព្រះរៀម បុត្រ​ព្រះអង្គ​ស្ងួន ដែល​បាន​ភៀស​ទៅ​ពឹង​សៀម ហើយ​សៀម សន្យា​ថា និង​វាយ​ដណ្ដើម​រាជ្យ​ថ្វាយ​ទៅ​ជាមួយ​ផង និង​ទ័ព​ជើង​ទឹក ១​ម៉ឺន ៥​ពាន់​នាក់ ដឹក​នាំ​បញ្ជា​ដោយ​ព្រះ​ចៅ​តាក​ស៊ីន ផ្ទាល់។

ចំណែក​ខាង​ព្រះ​ឧទ័យ​រាជា​អង្គ​តន់ ព្រះ​រាជា​ខ្មែរ​វិញ កាល​បើ​បាន​ជ្រាប​ថា ទ័ព​សៀម ជិត​ចូល​មក​ដល់​ក្រុង​ឧត្តុង្គ ហើយ ព្រះអង្គ​ក៏​ទ្រង់​ភៀស​ព្រះអង្គ​ទៅ​ខាង​ក្រោម ដើម្បី​សុំ​កម្លាំង​ទ័ព​យួន ឲ្យ​មក​ជួយ។ ព្រះ​ចៅ​ក្រុង​អណ្ណាម ក៏​យល់ព្រម ហើយ​បាន​បញ្ជូន​ទ័ព​រាប់​ម៉ឺន​នាក់​ឲ្យ​មក​រួម​សន្ធប់​ជាមួយ​ទ័ព​ខ្មែរ ច្បាំង​ជាមួយ​នឹង​ទ័ព​សៀម ដែល​ជួយ​ខាង​អង្គ​នន់​ព្រះរៀម។

ក្នុង​សង្គ្រាម​ដណ្ដើម​អំណាច​រវាង​ខ្មែរ និង​ខ្មែរ គឺ​រវាង​ព្រះ​ឧទ័យ​រាជា​អង្គ​តន់ និង​អង្គ​នន់​ព្រះរៀម ដែល​ម្ខាង​មាន​យួន ជា​បង្អែក និង​ម្ខាង​ទៀត​មាន​សៀម ជា​បង្អែក​នេះ បាន​ធ្វើ​ឲ្យ​រាស្ត្រ​ខ្មែរ​រង​ទុក្ខ​វេទនា​វិនាស​ហិនហោច​ខ្លោចផ្សា រំលស់​ចំនួន​ចុះ​ថយ​យ៉ាង​លឿន​ជា​ទីបំផុត។ ណា​ស្លាប់​ដោយ​មុខ​អាវុធ ណា​ស្លាប់​ដោយ​គ្រោះ​ទុរ្ភិក្ស ណា​ស្លាប់​ដោយ​ជំងឺ​តម្កាត់​ដ៏​កាច​សាហាវ មាន​អាសន្ន​រោគ អុត​ធំ គ្រុន​ចាញ់។ល។

ឯកសារ​ភាគ​ច្រើន​បាន​រៀបរាប់​ថា ប្រទេស​ខ្មែរ​សម័យ​នោះ​មាន​សភាព​ស្ងាត់​ជ្រងំ នៅ​តាម​ស្រុក​ខ្លះ​មាន​តែ​មនុស្ស​ចាស់​ជរា និង​កុមារ​តូចៗ​តែ​ប៉ុណ្ណោះ។ សៀម បាន​ចាប់​កេណ្ឌ​ប្រជា​រាស្ត្រ​ខ្មែរ​ច្រើន​ម៉ឺន​គ្រួសារ បង្ខំ​យក​ទៅ​ស្រុក​គេ ដោយ​ប្លន់​រឹប​អូស​យក​ទាំង​សម្បត្តិ​ដ៏​មាន​តម្លៃ​ផ្សេងៗ​ផង។ ចំណែក​ខាង​យួន វិញ ឆ្លៀត​ឱកាស​នេះ​ជំរុល​បញ្ជូន​គ្នា​គេ​ឲ្យ​ចូល​មក​តាំង​ទី​លំនៅ​ក្នុង​ដី​ខ្មែរ ត្រង់​ស្រុក​ឃ្លាំង ព្រះត្រពាំង (ត្រាវិញ) ហើយ​រំលោភ​ចូល​មក​ដល់​ខេត្ត​ផ្សារដែក (សាដិច) កោះតែង (គូឡៅយ៉ាង) និង​ខេត្ត​មាត់ជ្រូក (ចូវដុក) កាន់​តែ​ច្រើន​ទៀត​ផង។

ព្រះ​ឧទ័យ​រាជា​អង្គ​តន់ ជា​ស្ដេច​សោយរាជ្យ កាល​ឃើញ​ទុក្ខ​វេទនា​របស់​រាស្ត្រ​ដូច្នោះ ព្រះអង្គ​ទ្រង់​កើត​ក្តី​សង្វេគ ហើយ​ទ្រង់​ព្រម​ចង​ស្ពាន​មេត្រី​ជាមួយ​សៀម វិញ ដើម្បី​បញ្ចប់​ទុក្ខ​សោក​នេះ ដោយ​បាន​បញ្ជូន​ព្រះ​ញាតិ​ម្នាក់​ឈ្មោះ កែវ​ដួង ឲ្យ​នាំ​ព្រះរាជ​សារ​ទៅ​ធ្វើ​ការ​ចង​ស្ពាន​មេត្រី​នេះ។ ដំបូង ស្ដេច​សៀម មិន​យល់ព្រម​ព្រោះ​មិន​ជឿ ហើយ​ចាប់ កែវ​ដួង ឃុំ​ទុក។ ប៉ុន្តែ​ដល់​ព្រះអង្គ​តន់ ព្រម​បញ្ជូន​បុត្រ​ភរិយា កែវ​ដួង ឲ្យ​ទៅ​ស្ដេច​សៀម ទើប​ព្រះ​ចៅ​តាក​ស៊ីន ជឿ ហើយ​យល់ព្រម​ទទួល​សួយសារ​របស់​ខ្មែរ និង​បញ្ជូន​សួយសារ​របស់​សៀម មក​ថ្វាយ​ព្រះរាជា​ខ្មែរ​វិញ។ ម្យ៉ាង​ទៀត ដោយ​ពេល​នោះ​ទ័ព​ភូមា បាន​លើក​ទ័ព​មក​វាយ​សៀម ម្តង​ទៀត​ផង ព្រះ​ចៅ​តាក​ស៊ីន ក៏​ទ្រង់​បញ្ជា​ឲ្យ​ដក​ទ័ព​សៀម ទៅ​ប្រទេស​សៀម វិញ ទុក​តែ​ទាហាន​មួយ​ចំនួន​ឲ្យ​នៅ​រក្សា​អង្គ​នន់​ព្រះរៀម នៅ​ឧត្តុង្គ តែ​ប៉ុណ្ណោះ។ ឯ​ព្រះ​អង្គ​នន់​ព្រះរៀម ក្រោយ​ពី​ពួក​សៀម ជា​បង្អែក​របស់​ខ្លួន​ដក​ថយ​ទៅ​ហើយ ទ្រង់​មិន​ហ៊ាន​គង់​នៅ​ឧត្តុង្គ ទេ ម្យ៉ាង​ដោយ​ចង់​បាន​រាជ្យសម្បត្តិ ព្រះអង្គ​ទ្រង់​កេណ្ឌ​ទ័ព​សង្កត់​យក​ខេត្ត​ភាគ​ខាង​ត្បូង​បាន​យ៉ាង​ច្រើន។

ចំណែក​ព្រះអង្គ​តន់ ស្ដេច​ផែនដី​វិញ ឆ្នាំ​១៧៧៤ ព្រះអង្គ​ទ្រង់​គង់​នៅ​វាំង​ភាក់ កោះ​ចិន ទ្រង់​ជ្រាប​ហេតុ​ដូច្នេះ ព្រះអង្គ​ក៏​បញ្ជា​ឲ្យ​អុង​យួន វិល​ត្រឡប់​ទៅ​ស្រុក​វិញ ហើយ​ដើម្បី​បញ្ចប់​សោកនាដកម្ម​របស់​ប្រជា​រាស្ត្រ​ខ្មែរ​ក្នុង​ពេល​នោះ នៅ​ឆ្នាំ​១៧៧៥ ព្រះអង្គ​ទ្រង់​យាង​មក​គង់​នៅ​រាជធានី​ឧត្តុង្គ វិញ ហើយ​ចាត់​អស់​សេនាបតី និង​រាជា​គណៈសង្ឃ ឲ្យ​ទៅ​យាង​ព្រះអង្គ​នន់​ព្រះរៀម ដែល​ជា​គូបដិបក្ខ មក​ឲ្យ​សោយរាជ្យ​ជំនួស​ព្រះអង្គ ដែល​ទ្រង់​ព្រម​ដាក់​រាជ្យ ហើយ​ទ្រង់​យក​នាទី​ជា​ព្រះ​ឧបយោរាជ វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។