ប្រវត្តិសង្គ្រាមផ្ទៃក្នុងរវាងព្រះញាតិវង្សក្នុងរាជ្យលើកទីពីរព្រះអង្គទង (ភាគ៥៥)
2015.08.25
សម្ដេចព្រះរាមាធិបតីព្រះអង្គទង បានឡើងសោយរាជ្យជាលើកទី២ ពីឆ្នាំ១៧៥៦ ដល់ឆ្នាំ១៧៥៧។ ក្នុងរាជ្យលើកទីពីរនេះ សង្គ្រាមផ្ទៃក្នុងរវាងព្រះញាតិវង្ស រវាងជីតាជាស្ដេចសោយរាជ្យ និងចៅរបស់ខ្លួននៅតែបន្ត។ ទីបំផុត ព្រះអង្គតន់ ជាចៅឈ្នះសង្គ្រាម ហើយឡើងសោយរាជ្យបន្តពីជីតា។
គ.៣១-២ សម្ដេចព្រះរាមាធិបតីព្រះអង្គទង (ឆ្នាំ១៧៥៦-ឆ្នាំ១៧៥៧ រាជ្យលើកទី២)
ព្រះរាមាធិបតីព្រះអង្គទង ដែលជាបុត្រព្រះអង្គយ៉ង បានឡើងសោយរាជ្យជាលើកទី២ បន្តពីព្រះស្រីជ័យជេដ្ឋឫទ្ធិរាជ ដែលត្រូវជាក្មួយព្រះអង្គ នៅរាជធានីឧដុង្គក្នុងឆ្នាំ១៧៥៦។ ក្នុងរាជ្យលើកទី២ របស់សម្ដេចរាមាធិបតីព្រះអង្គទង នេះ មិនខុសពីរាជ្យលើកទី១ ឡើយ គឺពោរពេញទៅដោយភាពកលិយុគ វឹកវរ កោលាហល ជ្រួលច្របល់ ឈ្លោះទាស់ទែងកាប់សម្លាប់តែព្រះញាតិវង្សឯងផ្ទាល់។
យ៉ាងណាមិញ ព្រះអង្គហ៊ីង ត្រូវជាបុត្រសុណិសាព្រះអង្គទង ដែលធ្លាប់បានធ្វើគត់ព្រះស្រីធម្មរាជាអង្គអឹម ជាបង ហើយក្នុងរាជ្យព្រះស្រីជ័យជេដ្ឋអង្គស្ងួន បានទទួលងារជាមហាឧបរាជនោះ ក្នុងរាជ្យនេះបានកើតវិវាទជាមួយព្រះឧទ័យរាជាអង្គតន់ បុត្រឧទ័យរាជាអង្គសូ និងត្រូវជាចៅរបស់ព្រះអង្គទង ដែរនោះ ដោយព្រះអង្គហ៊ីង បានប្រើស្ម័គ្របក្ខពួកទៅលបលុកព្រះឧទ័យរាជាអង្គតន់ ទាំងពេលយប់។ ប៉ុន្តែព្រះឧទ័យអង្គតន់ បានដឹងមុន ក៏ទ្រង់ភៀសព្រះអង្គទៅខេត្តបន្ទាយមាស ជាមួយនាម៉ឺនជំនិតរបស់ព្រះអង្គមួយចំនួន។
ពេលទៅដល់ខេត្តបន្ទាយមាស ដោយមានជំនួយពីព្រះសុទាត់ (ជាតិចិន) ជាចៅហ្វាយស្រុកខេត្តពាមបន្ទាយមាស ដែលជាបិតាធម៌របស់ព្រះអង្គផង ព្រះឧទ័យរាជាអង្គតន់ ក៏បានបញ្ចុះបញ្ចូលរាស្ត្រខេត្តភាគខាងត្បូង មានកំពត ទ្រាំង បន្ទាយមាស បាទី ព្រៃកប្បាស បានជាទ័ពយ៉ាងធំ ហើយលើកទ័ពទៅច្បាំងគ្នាជាមួយទ័ពព្រះអង្គហ៊ីង ដែលមានទីតាំងនៅឧដុង្គ។
ទ័ពទាំងពីរ បានច្បាំងគ្នានៅដំបូកមានលក្ខណ៍។ ទីបំផុត ព្រះអង្គហ៊ីង ចាញ់ ក៏ភៀសព្រះអង្គទៅជ្រកនៅព្រៃក្តី តែត្រូវគេចាប់ខ្លួនបាន ហើយប្រហារជីវិតនៅកំពង់ឆ្នាំង។ ឯប្អូនអង្គហ៊ីង ឈ្មោះអង្គដួង ដែលបានចូលដៃជាមួយអង្គហ៊ីង ប្រឆាំងនឹងព្រះឧទ័យរាជាអង្គតន់ ហើយបានក្លែងជាអ្នកបួសក្នុងវត្តស្បែង នោះ ក៏ត្រូវចាប់បាន រួចផ្សឹក ហើយយកមកសម្រេចទោសប្រហារជីវិតផងដែរនៅវត្តប្រក់ក្ដារ។
ក្រោយមក ព្រះអនុជជាតិក្សត្រីជាមហេសីព្រះអង្គហ៊ីង ដែលត្រូវធ្វើគត់ទៅ បាននាំមន្ត្រីជំនិតបញ្ចុះបញ្ចូលរាស្ត្របានជាច្រើនកជាទ័ព ដើម្បីសងសឹកប៉ងធ្វើគត់ព្រះឧទ័យរាជាអង្គតន់ តែត្រូវព្រះអង្គតន់ ដឹងមុន ហើយប្រមូលទ័ពច្បាំងជាមួយបណ្ដាលឲ្យទ័ពព្រះអនុជជាតិក្សត្រី បរាជ័យបាក់ទ័ពរត់ខ្ចាត់ខ្ចាយអស់។
ព្រះរាមាធិបតីព្រះអង្គទង ជាស្ដេចផែនដី កាលបើជ្រាបថា ទ័ពព្រះអនុជជាតិក្សត្រី ជាបុត្រីព្រះអង្គចាញ់ទ័ពព្រះឧទ័យរាជាអង្គតន់ ជាចៅរបស់ព្រះអង្គដូច្នោះ ក៏នាំព្រះអនុជជាតិក្សត្រី និងព្រះញាតិវង្សទាំងអស់ ភៀសចេញពីឧដុង្គទៅគង់នៅខេត្តពោធិ៍សាត់។ ប៉ុន្តែមិនបានយូរប៉ុន្មាន គឺបើគិតជារាជ្យលើកទី២ នេះ ទ្រង់សោយរាជ្យបានប្រមាណពីរឆ្នាំ គឺដល់ឆ្នាំ១៧៥៧ ព្រះអង្គទ្រង់ប្រឈួន ហើយសុគតនៅខេត្តពោធិ៍សាត់ នោះទៅ។ ព្រះអដ្ឋិធាតុ ត្រូវគេដង្ហែយកមកបញ្ចុះនៅព្រះចេតិយទន្ទឹម លើភ្នំព្រះរាជទ្រព្យ។
ចំណែកខាងព្រះឧទ័យរាជាអង្គតន់ វិញ ពេលទទួលបានជោគជ័យហើយ ព្រះអង្គទ្រង់យាងចូលក្នុងរាជវាំងឧដុង្គ ហើយបញ្ជាឲ្យតាមចាប់ពពួកស្ដេច និងមន្ត្រីធំៗទាំងអស់ដែលប្រឆាំងនឹងព្រះអង្គ ក្នុងនោះមានទាំងសម្ដេចព្រះអនុជជាតិក្សត្រីផង ដែលទ្រង់បញ្ជាឲ្យនាំយកទៅប្រហារជីវិតបង់។ ឯព្រះអង្គនន់ ព្រះរៀម និងព្រះអង្គជី បុត្រព្រះស្រីជ័យជេដ្ឋឫទ្ធិរាជអង្គស្ងួន ដែលបានភៀសទៅខេត្តកំពង់ស្វាយ ហើយលើកទ័ពមកច្បាំងនឹងទ័ពព្រះឧទ័យរាជាអង្គតន់ ដែរនោះ ត្រូវគេចាប់បាន ដាក់ទ្រុងនាំយកទៅក្រុងឧដុង្គ។ ប៉ុន្តែនៅតាមផ្លូវពេលមកដល់កំពង់ព្រះស្រូវ មានមន្ត្រីដែលមានចិត្តភក្តី បានហែកទ្រុងលួចរំដោះព្រះអង្គតន់ នាំភៀសទៅក្រុងឰយុធ្យា ប្រទេសសៀម បាន។ ព្រះអង្គជី ត្រូវជម្រះទោសប្រហារជីវិត។
ក្រោយពីសង្គ្រាមរវាងគ្នាឯងជាព្រះញាតិវង្សរួមលោហិតនេះ បានស្ងប់រម្ងាប់ទៅ ពួកសេនាបតីមន្ត្រីតូចធំ ព្រះរាជាគណៈសង្ឃ ក៏បានយាងព្រះអង្គតន់ ដែលជាអ្នកឈ្នះសង្គ្រាម ឲ្យឡើងសោយរាជ្យបន្តពីសម្ដេចព្រះរាមាធិបតីព្រះអង្គទង ដែលត្រូវជាព្រះអយ្យកោ (ជីតា) តទៅ៕