ប្រវត្តិព្រះមហាក្សត្រខ្មែរបីព្រះអង្គគ្រងរាជ្យនៅចន្លោះឆ្នាំ១៧៣៨-១៧៤៩ (ភាគ៥៣)
2015.08.11
ប្រវត្តិសាស្ត្រខ្មែរក្នុងការគ្រងរាជ្យរបស់ព្រះមហាក្សត្រខ្មែរបីព្រះអង្គ គឺព្រះស្រីធម្មរាជា ព្រះស្រីធម្មរាជាអង្គអឹម និងសម្ដេចព្រះរាមាធិបតីព្រះអង្គទង។
គ.២៧-៣ ព្រះស្រីធម្មរាជា (ឆ្នាំ១៧៣៨-ឆ្នាំ១៧៤៧ រាជ្យលើកទី៣)
ព្រះស្រីធម្មរាជា ជាបុត្រារបស់ព្រះជ័យចេស្ដាអង្គស៊ូ។ ព្រះអង្គទ្រង់ឡើងសោយរាជ្យលើកទី១ ពីឆ្នាំ១៧០២ ដល់ឆ្នាំ១៧០៣ ឬឆ្នាំ១៧០៦ ប៉ុន្តែដោយពេលនោះព្រះអង្គទ្រង់ស្ថិតក្នុងវ័យក្មេងពេក ព្រះអង្គក៏ដាក់រាជ្យថ្វាយទៅព្រះបិតាព្រះអង្គវិញ។ ដល់ឆ្នាំ១៧០៦ ព្រះអង្គក៏ទ្រង់ឡើងសោយរាជ្យម្តងទៀតជារាជ្យលើកទី២ បន្តពីព្រះបិតាព្រះអង្គ រហូតមកដល់ឆ្នាំ១៧១០ ពេលដែលព្រះកែវហ្វាអង្គអឹម ជាបងថ្លៃ បានក្រោកវាយដណ្ដើមរាជ្យព្រះអង្គ ហើយព្រះអង្គភៀសទៅស្រុកសៀម ជាមួយព្រះអង្គទង ជាព្រះអនុជ និងព្រះអង្គអឹម រាជបុត្រារបស់ព្រះអង្គ ដែលទ្រង់បានប្ដូរឈ្មោះជាព្រះស្រីធម្មរាជា ដូចព្រះអង្គដែរនោះ។
ដល់ឆ្នាំ១៧៣៨ ក្រោយពីព្រះសត្ថាធិរាជ ឬសត្ថាទី២ បុត្រព្រះកែវហ្វាអង្គអឹម ជាក្មួយទ្រង់ចាញ់សង្គ្រាម ក្សត្រទាំង ៤អង្គ គឺព្រះក្សត្រីស្រីសុជាតា ប្អូនព្រះស្រីធម្មរាជា ព្រះអង្គសូ បុត្រព្រះអង្គទង អង្គស្ងួន និងអង្គច័ន្ទ បុត្រព្រះស្រីធម្មរាជា ហើយភៀសព្រះអង្គទៅស្រុកយួន ទៅនោះ ព្រះរាជវង្សានុវង្សក៏សុំយាងព្រះអង្គពីស្រុកសៀម មកវិញ ហើយទ្រង់ឡើងសោយរាជ្យសម្បត្តិជាលើកទី៣ នៅឆ្នាំ១៧៣៨ នៅរាជធានីឧដុង្គមានជ័យ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះជេដ្ឋាធិរាជ រាមាធិបតី សិរីសុរិយោពណ៌ ធម្មិកវរោត្តម។
ទ្រង់លើកព្រះជាតិក្សត្រីជាព្រះអគ្គមហេសី។ ទ្រង់តែងតាំងព្រះអង្គទង ជាព្រះអនុជ ជាមហាឧបយោរាជ ហើយទ្រង់តែងតាំងបុត្រព្រះអង្គទង ព្រះនាមអង្គសូ ជាមហាឧបរាជ។ ឯព្រះអង្គអឹម ឬព្រះស្រីធម្មរាជា បុត្រព្រះអង្គ ត្រូវបានឯកសារខ្លះបញ្ជាក់ថា ទ្រង់តាំងងារជាព្រះកែវហ្វា។
ព្រះស្រីធម្មរាជា ទ្រង់សោយរាជ្យជាគម្រប់លើកទី៣ នេះ ដោយសុខសន្តិភាពបានប្រមាណជិត ១០ឆ្នាំ ព្រះអង្គទ្រង់អាពាធជាទម្ងន់ ហើយចូលទិវង្គតទៅ ប៉ុន្តែឯកសារខ្លះបាននិយាយផ្ទុយទៅវិញថា នៅក្នុងរាជ្យទី៣ របស់ព្រះអង្គនេះ នៅឆ្នាំ១៧៣៩ ព្រះអង្គបានបញ្ជាទ័ពឲ្យវាយបណ្ដេញពួកយួន ដែលបានបញ្ជូនគ្នាទាំងស៊ីវិល ទាំងទាហាន ទាំងមន្ត្រី មកទន្ទ្រានវាតយកដីខ្មែរត្រង់ខេត្តពាម របស់ខ្មែរនោះយ៉ាងស្វិតស្វាញបំផុត។
ក្រោយពីព្រះអង្គសុគតទៅនៅឆ្នាំ១៧៤៧ នៃគ.ស. ព្រះរាជបុត្រាបុត្រី ព្រះញាតិវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី ប្រារព្ធពិធីបុណ្យសុន្ទរ៍ទានតាមរាជប្រវេណី ហើយដង្ហែព្រះអដ្ឋិធាតុឡើងទៅបញ្ចុះក្នុងព្រះចេតិយត្រៃត្រិង្ស លើកំពូលភ្នំព្រះរាជទ្រព្យឧដុង្គមានជ័យ នោះទៅ។
គ.២៩ ព្រះស្រីធម្មរាជាអង្គអឹម (ឆ្នាំ១៧៤៧)
ក្រោយពីព្រះស្រីធម្មរាជា ទ្រង់សោយទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះស្រីធម្មរាជាអង្គអឹម ទ្រង់ឡើងសោយរាជ្យស្នងព្រះបិតានៅរាជធានីឧដុង្គមានជ័យ ដដែល នៅឆ្នាំ១៧៤៧ នៃគ.ស។ ព្រះស្រីធម្មរាជាអង្គអឹម នេះ គឺជាព្រះរាជបុត្រកម្សត់ដែលបានភៀសខ្លួននៅស្រុកសៀម ជាមួយព្រះបិតាព្រះអង្គ ក្នុងឱកាសដែលព្រះកែវហ្វាអង្គអឹម វាយដណ្ដើមរាជ្យសម្បត្តិនោះ។
ព្រះស្រីធម្មរាជាអង្គអឹម ទ្រង់សោយរាជ្យបានតែប្រមាណមួយឆ្នាំប៉ុណ្ណោះ ព្រះអង្គត្រូវព្រះអនុជរួមបិតា ព្រះនាមអង្គអឹង (ឯកសារខ្លះថា នាមអង្គហ៊ីង) ហើយត្រូវព្រះបិតាប្ដូរព្រះនាមជាព្រះស្រីសុរិយោពណ៌អង្គហ៊ីង ដែលមានមាតាជាជាតិសៀម លោភលន់ចង់បានរាជបល្ល័ង្គ បានបញ្ចុះបញ្ចូលស្ម័គ្របក្ខពួករបស់ខ្លួនឲ្យលបលុកធ្វើគត់ព្រះអង្គ សុគតក្នុងឆ្នាំដដែលនោះទៅ។
ព្រះរាជា គណៈសង្ឃ រាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី ព្រាហ្មណ៍បុរោហិត ក៏នាំគ្នាប្រារព្ធពិធីបុណ្យសុន្ទរ៍ទាន បូជាព្រះសពតាមរាជប្រវេណី ហើយដង្ហែព្រះអដ្ឋិធាតុយកទៅតម្កល់ក្នុងចេតិយទន្ទឹមលើភ្នំព្រះរាជទ្រព្យ គឺភ្នំឧដុង្គសព្វថ្ងៃនេះ។ ម្យ៉ាងទៀត ដោយព្រះរាជវង្សានុវង្ស រាជគណៈសង្ឃ ព្រាហ្មណ៍បុរោហិត នាម៉ឺនសព្វមន្ត្រី មិនពេញចិត្តនឹងព្រះអង្គហ៊ីង ដែលមានចិត្តលោភលន់ ហើយប្រព្រឹត្តអំពើឧក្រិដ្ឋនោះ ទាំងអស់គ្នាមិនព្រមថ្វាយរាជ្យទៅព្រះអង្គហ៊ីង នេះទេ ប៉ុន្តែបានថ្វាយរាជ្យសម្បត្តិនេះទៅព្រះអង្គទង មហាឧបយោរាជ ជាព្រះបិតុលារបស់ព្រះស្រីធម្មរាជាអង្គអឹម ឲ្យឡើងសោយរាជ្យជំនួសវិញ។
គ.៣០-១ សម្ដេចព្រះរាមាធិបតីព្រះអង្គទង (ឆ្នាំ១៧៤៧-ឆ្នាំ១៧៤៩ រាជ្យលើកទី១)
ក្រោយពីព្រះស្រីធម្មរាជាអង្គអឹម ត្រូវព្រះអង្គហ៊ីង ជាប្អូនប្រើស្ម័គ្របក្ខពួក លបលុកធ្វើគត់ទៅ ពួកព្រាហ្មណ៍បុរោហិត រាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី ក៏យាងព្រះអង្គទង ជាព្រះបិតុលារបស់ព្រះអង្គ ឲ្យឡើងសោយរាជ្យស្នងនៅរាជធានីឧដុង្គមានជ័យ ដោយមានព្រះនាមថា សម្ដេចព្រះរាមាធិបតីព្រះអង្គទង។
នៅដើមរាជ្យរបស់ព្រះអង្គក្នុងឆ្នាំ១៧៤៧ ចៅហ្វាយស្រុកខេត្តបាសាក់ ឈ្មោះឧកញ៉ានរេន្ទ្រតុក ដែលឃើញពួកយួន ចេះតែរំលោភលើទឹកដីរបស់ខេត្តលោក លោកបានលើកទ័ពទៅវាយកម្ចាត់ពួកយួន ឈ្លានពាននេះយ៉ាងស្វិតស្វាញ ហើយពួកយួន ទាំងនោះ បានទៅជ្រកនៅកោះហោង ពាមមេស។
នៅពេលដែលសម្ដេចព្រះរាមាធិបតីព្រះអង្គទង សោយរាជ្យបានប្រមាណពីរឆ្នាំ នៅឆ្នាំ១៧៤៧ ព្រះចៅយួនអណ្ណាមកុក បានបញ្ជូនទ័ពយួន ជាង ១ម៉ឺននាក់ ជួយព្រះសត្ថាធិរាជ ឬសត្ថាទី២ ដែលបានភៀសខ្លួនទៅនៅស្រុកយួន នោះប្រមាណពី ១០ឆ្នាំមុន ឲ្យវិលមកច្បាំងដណ្ដើមរាជ្យវិញ។ ជាដំបូង យួន បានវាយយកបានខេត្តជាច្រើនតាមដងទន្លេ រួចមកបានមកបោះបន្ទាយយ៉ាងមាំនៅល្វាឯម ជ្រោយចង្វារ និងភ្នំពេញ រួចបន្តដំណើរឆ្ពោះទៅរាជធានីឧដុង្គ។
សម្ដេចព្រះរាមាធិបតីព្រះអង្គទង ជាស្ដេចផែនដី កាលបើឃើញទ័ពខ្មែរទន់ដៃចាញ់ទ័ពយួនច្រើនអន្លើ ព្រះអង្គក៏ទ្រង់នាំព្រះរាជវង្សានុវង្សភៀសព្រះអង្គទៅប្រទេសសៀម។ ទ័ពយួន ក៏វាយយកបានរាជធានីឧដុង្គ ហើយនាំព្រះសត្ថាធិរាជ ទៅគង់នៅទីនោះ។ ប៉ុន្តែបានតែមួយរយៈខ្លីបំផុតប៉ុណ្ណោះ ព្រោះទ័ពខ្មែរដែលដឹកនាំដោយឧកញ៉ាក្រឡាហោមអុក និងឧកញ៉ាសួគាលោកអុក បានវាយកម្ចាត់ទ័ពយួន ឲ្យបរាជ័យយ៉ាងដំណំតាំងពីវាលស្រាបអង្កាម ខេត្តកំពង់ឆ្នាំង រៀងមក ដោយសម្លាប់បានទាំងមេទ័ពយួន ផង ហើយធ្វើដំណើរយ៉ាងលឿនជម្រុលមកវាយក្រុងឧដុង្គ ទៀត។
ព្រះសត្ថាធិរាជ ទ្រង់ជ្រាបថាទ័ពយួនចាញ់ ហើយបាក់ទ័ពរត់ខ្ចាត់ខ្ចាយដូច្នេះ ក៏ទ្រង់យាងដោះខ្លួនចេញពីឧដុង្គ ត្រឡប់ទៅស្រុកយួន វិញ។ ដោយតូចព្រះទ័យនឹងបរាជ័យដ៏ធ្ងន់ធ្ងរនេះ ព្រះសត្ថាធិរាជ ឬសត្ថាទី២ ក៏ធ្លាក់ខ្លួនឈឺ ហើយទ្រង់សុគតនៅកណ្ដាលផ្លូវនោះទៅ។
ឧកញ៉ាទាំងពីរកាលទ័ពបានជ័យជម្នះលើទ័ពយួន ហើយ ក៏ថ្វាយដំណឹងនេះទៅដល់ព្រះរាមាធិបតីព្រះអង្គទង ដែលទ្រង់ភៀសព្រះអង្គទៅក្រុងឰយុធ្យា ស្រុកសៀម នោះតាមដំណើរ រួចទូលព្រះចៅសៀម សុំអនុញ្ញាតឲ្យព្រះអង្គស្ងួន ដែលជាព្រះរាជបុត្រព្រះស្រីធម្មរាជា និងត្រូវជាក្មួយព្រះអង្គទង យាងមកសោយរាជ្យសម្បត្តិនៅប្រទេសកម្ពុជា តទៅ។ ព្រះចៅសៀម ក៏យល់ព្រមតាមការស្នើសុំ៕