ព្រះមហាក្សត្រ​ពីរ​អង្គ​គ្រង​រាជ្យ​ក្នុង​ពេល​តែ​មួយ​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​១១ (ភាគ​១៣)

ដោយ ជុន ច័ន្ទបុត្រ
2014-05-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ថ្វី​ត្បិត​តែ​គេ​តែង​ចាត់​ទុក​ថា សម័យ​អង្គរ ជា​ដំណាក់​កាល​រុងរឿង​មួយ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក៏ដោយ ក៏​មេ​ដឹក​នាំ​ខ្លះ​នា​សម័យ​នោះ ច្បាំង​គ្នា​ដណ្ដើម​អំណាច​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ពេល​ខ្លះ ដោយ​ច្បាំង​ដណ្ដើម​អំណាច​កណ្ដាល​មិន​បាន​ទាំង​ស្រុង ព្រះរាជា​ទាំង​នោះ​ពុះ​ចែក​ប្រទេស​ជា​ចម្រៀក ដើម្បី​កាន់​កាប់​ថែម​ទៀត​ផង។ រីឯ​មន្ត្រី​ធំៗ​ក្នុង​ជួរ​អ្នក​ដឹក​នាំ​វិញ បោះ​បង់​ការ​ស្មោះ​ស្ម័គ្រ​នឹង​ព្រះរាជា​មួយ​អង្គ ហើយ​រត់​ទៅ​ចុះ​ចូល​ជាមួយ​ព្រះរាជា​មួយ​អង្គ​ទៀត មិន​ខុស​គ្នា​ពី​សម័យ​បច្ចុប្បន្ន​នេះ​ប៉ុន្មាន​ឡើយ។

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​នូវ​ប្រវត្តិសាស្ត្រ​ខ្មែរ​នា​ពាក់​កណ្ដាល​ទី​ពីរ​នៃ​សតវត្ស​ទី​១១ ដែល​មាន​ព្រះមហាក្សត្រ​ពីរ​អង្គ​គ្រង​រាជ្យ​ក្នុង​ពេល​តែ​មួយ៖

ក​១៤. ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី២ (១០៥០-១០៦៦) និង​អង្គរ​ទី​២

បើ​តាម​ឯកសារ លោក ត្រឹង ងា ក្រោយ​ពី​ព្រះបាទ​សូរ្យវរ្ម័នទី១ ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះរាជ​បុត្រ​ច្បង​របស់​ព្រះអង្គ ព្រះនាម​ឧទ័យាទិត្យាវរ្ម័នទី២ ទ្រង់​ឡើង​គ្រង​រាជ្យ​ស្នង​ព្រះ​បិតា។ ក៏ប៉ុន្តែ បើ​តាម​ឯកសារ លោក ដូហ្វាំង មើនីម៉េ (Dauphin Meunier) និង​ឯកសារ​របស់ លោក ម៉ូរីស គ្លេស (Maurice Glaize) បញ្ជាក់​ថា ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី២ នោះ​មិន​មែន​ជា​ព្រះរាជ​បុត្រ​របស់​ព្រះបាទ​សូរ្យវរ្ម័នទី១ ទេ តែ​ជា​ចៅ​ក្មួយ​របស់​ព្រះអង្គ​ទៅ​វិញ។

ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី២ ទ្រង់​បាន​សាង​ប្រាសាទ​ភ្នំ​ថ្មី​មួយ គឺ​ប្រាសាទ​បាពួន ដែល​ជា​ស្នូល​នៃ​ក្រុង​អង្គរ​ទី​២ ហើយ​ដែល​គេ​តម្កល់​លិង្គ​ទេវរាជ​ធ្វើ​អំពី​មាស។ ក្រុង​ថ្មី គឺ​អង្គរ​ទី​២​នេះ​មាន​កំពែង​ដី​ព័ទ្ធ​ជុំវិញ ហើយ​មាន​ទីតាំង​ប្រហាក់​ប្រហែល​នឹង​ក្រុង​អង្គរ​ទី​៣​របស់​ព្រះបាទ​ជ័យវរ្ម័នទី៧។ នៅ​ខាង​លិច​ក្រុង​ថ្មី​នេះ ព្រះអង្គ​បាន​ជីក​បារាយណ៍​មួយ​ធំ​ជាង​បារាយណ៍​មុនៗ គឺ​បារាយណ៍​ខាង​លិច ឬ​បារាយណ៍​ទឹក​ថ្លា ដែល​មាន​បណ្តោយ​ប្រវែង ៨​គីឡូម៉ែត្រ និង​ទទឹង​ប្រវែង ២.២០០​ម៉ែត្រ ដែល​មិន​មែន​គ្រាន់​តែ​បម្រើ​បំណង​ខាង​សាសនា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​មាន​សារសំខាន់​បំផុត​សម្រាប់​សេដ្ឋកិច្ច​ជាតិ។ នៅ​ចំ​កណ្ដាល​បារាយណ៍ មាន​កូន​កោះ​តូច​មួយ​ដែល​ព្រះអង្គ​ទ្រង់​បាន​សាង​ប្រាសាទ​មួយ​មាន​ឈ្មោះ​ថា ប្រាសាទ​មេ​បុណ្យ​ខាង​លិច។

នៅ​ទី​នោះ​មាន​តម្កល់​បដិមា​ព្រះ​វិស្ណុ កំពុង​ផ្ទំ​ដ៏​ធំ​សម្បើម​មួយ​ធ្វើ​អំពី​លង្ហិន។ បច្ចុប្បន្ន រូប​បដិមា​ព្រះ​វិស្ណុ នេះ ត្រូវ​គេ​យក​មក​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​ក្រុង​ភ្នំពេញ។ ក្នុង​រាជ្យ​ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី២ មាន​ការ​បះបោរ​ធំៗ​បី​លើក។ លើក​ទី​១ នៅ​ឆ្នាំ​១០៥២ គឺ​ជា​ការ​បះបោរ​របស់​រាស្ត្រ​ទាំង​ឡាយ​នៅ​ខេត្ត​ភាគ​ខាង​ត្បូង ក្រោម​ការ​ដឹក​នាំ​របស់​អរៈវិន្ឋៈរតៈ ដែល​ដំបូង​បាន​ទទួល​ជោគជ័យ តែ​ទី​បំផុត​ត្រូវ​បរាជ័យ​ដោយ​ការ​វាយ​បង្ក្រាប​របស់​មេ​ទ័ព​ឈ្មោះ​សង្គ្រាមា ហើយ​អ្នក​ដឹក​នាំ​ចលនា​បះបោរ​ទាំង​នេះ ត្រូវ​រត់​ភៀស​ខ្លួន​ទៅ​ចំប៉ា។

លើក​ទី​ពីរ នៅ​ឆ្នាំ​១០៦៥ នាយ​ទាហាន​ម្នាក់​ឈ្មោះ​កំវ៉ៅ នាំ​ទ័ព​របស់​ខ្លួន​រត់​ចេញ​ពី​រាជធានី ឈប់​ទទួល​ស្គាល់​អំណាច​គ្រប់គ្រង​របស់​ព្រះរាជា ហើយ​នាំ​គ្នា​វាយ​កម្ទេច​សិវលិង្គ និង​ទេវ​បដិមា​នៅ​គ្រប់​ទិសទី តែ​ត្រូវ​មេ​ទ័ព​សង្គ្រាមា តាម​ទាន់ ហើយ​សម្លាប់​បាន ក្រោយ​ពី​កំវ៉ៅ មេ​បះបោរ​បាន​ធ្វើ​អោយ​មេ​ទ័ព​ព្រះរាជា​សង្គ្រាមា មាន​របួស​ត្រង់​ថ្គាម។

លើក​ទី​បី គឺ​ជា​ការ​បះបោរ​នៅ​ខេត្ត​ទាំង​ឡាយ​ភាគ​ខាង​កើត ដឹក​នាំ​ដោយ​បង​ប្អូន​ពីរ​នាក់​ឈ្មោះ ស្លូត និង​សិទ្ធិករ ដែល​រួម​គ្នា​ជាមួយ​មេ​ម្នាក់​ទៀត​ឈ្មោះ ស្ថាន្តិភូវ័ន ក៏ប៉ុន្តែ​ចលនា​នេះ​ក៏​ត្រូវ​បាន​មេ​ទ័ព​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះរាជា គឺ​សង្គ្រាមា កម្ទេច​អោយ​រលាយ​សូន្យ។

ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី២ ទ្រង់​ឡើង​គ្រង​រាជ្យ​ពី​ឆ្នាំ​១០៥០ ហើយ​ទ្រង់​សោយ​ទិវង្គត​ក្នុង​ឆ្នាំ​១០៦៦ ក៏ប៉ុន្តែ​គេ​មិន​បាន​ដឹង​ព្រះ​មរណនាម​របស់​ព្រះអង្គ​ឡើយ។

ក​១៥. ព្រះបាទ​ហស៌វរ្ម័នទី៣ (១០៦៦-១០៨០)

ក្រោយ​ពេល​ដែល​ព្រះបាទ​ឧទ័យាទិត្យាវរ្ម័នទី២ ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះអនុជ​បន្ទាប់​របស់​ព្រះអង្គ​ទ្រង់​បាន​ឡើង​សោយរាជ្យ​ស្នង​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះបាទ​ហស៌វរ្ម័នទី៣។ នៅ​ពេល​ឡើង​គ្រង​រាជ្យ​ភ្លាម ព្រះអង្គ​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​នឹង​ការ​កសាង​ជាតិ​ណាស់។ ព្រះអង្គ​ទ្រង់​បាន​ជួសជុល​ឡើង​វិញ​នូវ​បូជនីយដ្ឋាន​នានា និង​បដិមា​ដែល​ខូចខាត​ក្នុង​ពេល​ដែល​កើត​ចលាចល​ជ្រួល​ច្របល់​ក្នុង​រាជ្យ​មុន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ព្រះបាទ​ហស៌វរ្ម័នទី៣ បាន​ខំ​រៀប​ចំ​អោយ​មាន​សន្តិសុខ​ផ្ទៃ​ក្នុង​ថែម​ទៀត​ផង។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្តី នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះអង្គ​ត្រូវ​ចូល​រួម​ក្នុង​សង្គ្រាម​ពីរ​លើក គឺ​មួយ​លើក​ច្បាំង​នឹង​នគរ​ចំប៉ា ហើយ​និង​មួយ​លើក​ទៀត ច្បាំង​នឹង​យួន​ដៃ​វៀត។

ចាម បាន​ចូល​រុក​រាន​ទន្ទ្រាន​ព្រំដែន​ខ្មែរ​សាជាថ្មី​នៅ​ឆ្នាំ​១០៧៤។ ទ័ព​របស់​ប្រទេស​ចំប៉ា ដែល​ដឹក​នាំ​ដោយ​ព្រះអង្គ​ម្ចាស់​ប៉ាង ប្អូន​ព្រះរាជា​នគរ​ចំប៉ា បាន​វាយ​លុក​ឡើង​តាម​ទន្លេ​មេគង្គ​មក​ដល់​ក្រុង​ចាស់​សម្ភុបុរៈ គឺ​សម្បូរ ស្ថិត​លើ​ដង​ទន្លេ​មេគង្គ​នេះ ហើយ​បាន​ប្លន់​យក​របស់​របរ​មាន​តម្លៃ​ផ្សេងៗ ព្រម​ទាំង​បាន​វាយ​កម្ទេច​ដុត​បំផ្លាញ​បូជនីយដ្ឋាន​នានា​នៃ​រាជធានី​ចាស់​នេះ ហើយ​កៀរ​ប្រជារាស្ត្រ​ខ្មែរ​នាំ​យក​ទៅ​ជា​ឈ្លើយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ផង។

នៅ​ឆ្នាំ​១០៧៦ ទ័ព​ខ្មែរ​ត្រូវ​ចិន ប្រទាញ​អោយ​សហការ​ជាមួយ​ខ្លួន និង​ទ័ព​ចាម ដើម្បី​ជួយ​វាយ​យួន​ដៃ​វៀត។ ពេល​នោះ ទ័ព​ចិន នៃ​រាជ្យ​វង្ស​សុង បាន​លើក​ពី​ឡានសឺង សំដៅ​ចុះ​មក​ហាណូយ ឯ​ទ័ព​ខ្មែរ និង​ចាម វាយ​ចូល​តំបន់​ងេអាន។ ប៉ុន្តែ​ក្រោយ​មក ដោយ​មាន​ការ​ចរចា ហើយ​ស្រុះស្រួល​មួយ ចិន ក៏​ព្រម​ដក​ទ័ព​ថយ​ចេញ​ទៅ​វិញ ដែល​ជា​ហេតុ​ជំរុញ​អោយ​ទ័ព​សម្ព័ន្ធ​មិត្ត​របស់​ចិន គឺ​ខ្មែរ និង​ចាម ដក​ថយ​ចេញ​ដែរ។ ព្រះបាទ​ហស៌វរ្ម័នទី៣ ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​១០៨០ ឬ​ឆ្នាំ​១០៨២ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា សទាសិវបទ។

ក​១៦. ព្រះបាទ​នឫទិន្ទ្រវរ្ម័ន (ឆ្នាំ​១០៨២-ឆ្នាំ​១១១៣)

នៅ​ចុង​រាជ្យ​ព្រះបាទ​ហស៌វរ្ម័នទី៣ មាន​ការ​បះបោរ​នៅ​ទិស​ខាង​លិច​នៃ​ប្រទេស គឺ​នៅ​ក្រុង​មហិធរៈបុរៈ ដែល​ប្រហែល​ជា​ស្ថិត​នៅ​ខាង​ជើង​ឆៀង​ខាង​លិច​វាល​ទំនាប​ខាង​លើ​នៃ​ទន្លេ​មូន ក្នុង​ប្រទេស​ថៃ សព្វថ្ងៃ។ នៅ​ឆ្នាំ​១០៨២ មាន​ស្ដេច​មួយ​អង្គ ប្រកាស​ឡើង​សោយរាជ្យ​ដោយ​យក​ក្រុង​មហិធរៈបុរៈ នេះ​ជា​រាជធានី។ ស្ដេច​អង្គ​នេះ​មាន​ព្រះនាម​ថា ជ័យវរ្ម័នទី៦។ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ឯ​រាជធានី​អង្គរ​ឯណោះ​វិញ ព្រះរាជា​ដែល​ឡើង​សោយរាជ្យ​ស្រប​ច្បាប់​បន្ត​ពី​ព្រះបាទ​ហស៌វរ្ម័នទី៣ គឺ​ព្រះបាទ​នឫទិន្ទ្រវរ្ម័ន ដែល​ត្រូវ​បាន​រៀប​ចំ​អភិសេក ក្រោយ​ពី​ពេល​ដែល​ព្រះបាទ​ហស៌វរ្ម័នទី៣ សោយ​ទិវង្គត​ទៅ។

ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះបាទ​នឫទិន្ទ្រវរ្ម័ន ទ្រង់​បាន​ទទួល​ច្បាំង​ជាមួយ​ព្រះបាទ​ជ័យវរ្ម័នទី៦ ដែល​បាន​សោយរាជ្យ​នៅ​ខាង​លិច​នៃ​ប្រទេស។ ថ្វី​ត្បិត​តែ​ព្រះបាទ​ជ័យវរ្ម័នទី៦ អាច​វាយ​ទន្ទ្រាន​យក​បាន​ខេត្ត​ទាំង​ឡាយ​ភាគ​ខាង​ជើង និង​ភាគ​ខាង​កើត​ក្តី ក៏ប៉ុន្តែ​តំបន់​អង្គរ ខេត្ត​ទាំង​ឡាយ​ភាគ​ខាង​លិច និង​ខាង​ត្បូង​បឹង​ទន្លេសាប នៅ​តែ​ស្មោះ​ត្រង់​នឹង​ព្រះរាជា​ក្រុង​អង្គរ​ដដែល។

ព្រះបាទ​នឫទិន្ទ្រវរ្ម័ន ទ្រង់​សោយរាជ្យ​នៅ​រាជធានី​អង្គរ មាន​រយៈពេល​ស្មើ​គ្នា និង​រាជ្យ​មហាក្សត្រ​ពីរ​អង្គ​ទៀត នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស គឺ​ព្រះបាទ​ជ័យវរ្ម័នទី៦ និង​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ គឺ​រហូត​ដល់​ឆ្នាំ​១១១៣ ក្រោយ​ពេល​ដែល​ព្រះបាទ​សូរ្យវរ្ម័នទី២ បាន​ក្រោក​បះបោរ​ឡើង ហើយ​ធ្វើ​គត់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ជា​ស្ដេច​ភាគ​ខាង​លិច​បាន រួច​បន្ត​លើក​ទ័ព​មក​ច្បាំង​ជាមួយ​ព្រះអង្គ​ជា​ស្ដេច​សោយរាជ្យ​នៅ​អង្គរ​នេះ។ ទី​បំផុត ព្រះបាទ​នឫទិន្ទ្រវរ្ម័ន ត្រូវ​ព្រះបាទ​សូរ្យវរ្ម័នទី២ ធ្វើ​គត់​បាន ហើយ​បង្រួប​បង្រួម​ទឹក​ដី​ខ្មែរ​អោយ​ចូល​គ្នា​ឡើង​វិញ​នៅ​ឆ្នាំ​១១១៣ នៃ​គ្រិស្ដសករាជ​នោះ។

ក​១៧. ព្រះបាទ​ជ័យវរ្ម័នទី៦ (ឆ្នាំ​១០៨២-ឆ្នាំ​១១០៧ រាជធានី​មហិធរៈបុរៈ)

ព្រះបាទ​ជ័យវរ្ម័នទី៦ ដែល​គ្រងរាជ្យ​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស ប្រហែល​ជា​មាន​ប្រភព​ចេញ​មក​ពី​វង្ស​ស្ដេច​ត្រាញ់​មួយ។ ព្រះអង្គ​បាន​ក្រោក​បះបោរ​តាំង​ពី​ចុង​រាជ្យ​របស់​ព្រះបាទ​ហស៌វរ្ម័នទី៣ ហើយ​វាយ​សង្កត់​យក​ខេត្ត​ភាគ​ខាង​លិច​នៃ​ប្រទេស។ ព្រះបាទ​ជ័យវរ្ម័នទី៦ ប្រកាស​ឡើង​សោយរាជ្យ​ក្នុង​ឆ្នាំ​១០៨២ ក្នុង​រាជធានី​មហិធុរៈបុរៈ ដែល​ប្រហែល​ជា​ស្ថិត​នៅ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ត្រង់​វាល​ទំនាប​ខាង​លើ​នៃ​ទន្លេ​មូន (សព្វថ្ងៃ​ស្ថិត​ក្នុង​ប្រទេស​ថៃ)។ ព្រះបាទ​ជ័យវរ្ម័នទី៦ ត្រូវ​បាន​រៀប​ចំ​ពិធី​រាជាភិសេក​ដោយ​ព្រះ​គ្រូ​ព្រាហ្មណ៍​បុរោហិត របស់​ព្រះបាទ​ហស៌វរ្ម័នទី៣ ឈ្មោះ ទិវាករ​បណ្ឌិត ដែល​ប្រហែល​ជា​មាន​ហេតុ​កើត​ទំនាស់​អ្វី​ជាមួយ​ព្រះរាជា​ក្រុង​អង្គរ ឬ​ដោយ​ប្រាថ្នា​លាភសក្ការៈ រួច​ចាក​ចោល​ក្រុង​អង្គរ ទៅ​បម្រើ​រាជវង្ស​ថ្មី​នេះ។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះបាទ​ជ័យវរ្ម័នទី៦ បាន​ខិតខំ​ច្បាំង​ដណ្ដើម​រាជ្យ​ពី​ព្រះបាទ​នឫទិន្ទ្រវរ្ម័ន នៃ​ក្រុង​អង្គរ ក៏ប៉ុន្តែ​មិន​បាន​សម្រេច ហើយ​ព្រះអង្គ​អាច​ត្រួតត្រា​បាន​តែ​ខេត្ត​ភាគ​ខាង​ជើង និង​ខាង​កើត​នៃ​ប្រទេស។ ចំណែក​តំបន់​អង្គរ ខេត្ត​ទាំង​ឡាយ​ប៉ែក​ខាង​លិច និង​ខាង​ត្បូង​បឹង​ទន្លេសាប នៅ​តែ​ស្មោះ​ត្រង់​នឹង​ព្រះរាជា​ក្រុង​អង្គរ​ដដែល។ ដើម្បី​ពង្រីក​អានុភាព​អាទិទេព គឺ​អំណាច​របស់​ព្រះអង្គ​ព្រះបាទ​ជ័យវរ្ម័នទី៦ ទ្រង់​បាន​កសាង​បូជនីយដ្ឋាន​ជាច្រើន ឧទ្ទិស​ចំពោះ​ព្រះពុទ្ធ​ផង និង​ចំពោះ​ព្រះ​ឥសូរ ផង ដូច​ជា បាន​បន្ត​ការ​កសាង​នៅ​ភ្នំ​សណ្ដក នៅ​ភ្នំ​ព្រះវិហារ នៅ​វត្ត​ភូ និង​ភិម៉ៃ ជាដើម។

ព្រះបាទ​ជ័យវរ្ម័នទី៦ ទ្រង់​សោយ​ទិវង្គត​ក្នុង​ឆ្នាំ​១១០៧ ដោយ​មាន​ព្រះ​មរណនាម​ថា បរមកៃវល្យបទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល