ស្ថានទូតវៀតណាមប្រចាំកម្ពុជាបានថ្លែងសារ រំឭកឱ្យប្រជាជនខ្មែរដឹងគុណវៀតណាម នៅកៀកខួបទី ៤២ឆ្នាំ នៃថ្ងៃ ៧ មករា។ ពលរដ្ឋ និងក្រុមនិស្សិតខ្មែរមួយចំនួន ចាត់ទុកថ្ងៃ ៧ មករានេះ ជាថ្ងៃដែលប្រទេសវៀតណាមលើកកងទ័ពឈ្លានពានប្រទេសកម្ពុជា និងបំពានច្បាប់អន្តរជាតិ។
ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានបង្ហោះសារក្នុងទំព័រហ្វេសបុករបស់ខ្លួន កាលពីថ្ងៃទី៥ ធ្នូ បង្ហាញពីគុណសម្បត្តិវៀតណាមជាច្រើនមកលើកម្ពុជា នៅរយៈពេល ៤២ឆ្នាំកន្លងទៅនេះ។ ស្ថានទូតអះអាងថា កងទ័ពស្ម័គ្រចិត្តវៀតណាម បានផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដើម្បីរំដោះពលរដ្ឋខ្មែរឱ្យមានសេរីភាព។
ទាក់ទងនឹងការលើកឡើងនេះ និស្សិតបញ្ញវន្ត និងពលរដ្ឋខ្មែរមួយចំនួនពួកគេចាត់ទុកទង្វើរបស់វៀតណាមថា មិនបានជួយកម្ពុជាដោយស្មោះត្រង់នោះទេ។ ផ្ទុយទៅវិញ វៀតណាមបានបញ្ជូនកងទ័ពដាក់អាណានិគមខ្មែររយៈពេល ១០ឆ្នាំ ក្នុងទសវត្សរ៍ទី៨០ និងបានបង្កើតសន្ធិសញ្ញាខុសច្បាប់មួយចំនួន បំណងរំលោភទឹកដីកម្ពុជាតាមព្រំដែន កាត់ឆ្វៀលយកកោះត្រល់ និងចង្កោមកោះក្រចកសេះ តាមរយៈកិច្ចព្រមព្រៀងខុសច្បាប់នានា ស្ដីពីសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្ត្រ ឆ្នាំ១៩៨២។
សមាជិកក្រុមការងារ ១០០រាត្រី លោក ឃីម សុខុម សង្កេតឃើញថា ក្រោយពីកងទ័ពវៀតណាម បានផ្ដួលរំលំរបបខ្មែរក្រហម នៅឆ្នាំ១៩៧៩ វៀតណាម បានបញ្ជូនពលរដ្ឋរបស់ខ្លួនជាច្រើន ចូលមករស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា។ លោកថា ពលរដ្ឋខ្លះចាត់ទុកថ្ងៃ ៧ មករា ជាការឈ្លានពានទឹកដីកម្ពុជា ដោយកងទ័ពវៀតណាម៖ « ប្រសិនជា ការ ចូល មក រំដោះ ប្រទេស កម្ពុជា ដោយ សុចរិត ដោយ ស្មោះត្រង់ មែន អ៊ីចឹង វៀតណាម អត់ ទាមទារ ពី កម្ពុជា វិញ មាន ពី ការ បញ្ចូល ពលរដ្ឋ វៀតណាម មក រស់នៅ កម្ពុជា។ ទាមទារ ឱ្យ បែន សុវណ្ណ ធ្វើ ខ ប៉ុន្មាន ខ ដែល វៀតណាម ទាមទារ ហ្នឹង ទេ។ បើសិនជា ការ ជួយ ហ្នឹង ទៀតសោត ប្រកបដោយ សប្បុរស មែន វា មិនមែន ជា ទាមទារ ចំណុច សំខាន់ៗ ដើម្បី បំផ្លាញ ជាតិ កម្ពុជា ទេ » ។
អ្នកសិក្សាផ្នែកច្បាប់ កញ្ញា ហឿន ស្រីនិច យល់ថា គណបក្សប្រជាជនកម្ពុជា បានរើសយកថ្ងៃទី៧ មករា ជាខួបបុណ្យជាតិជារៀងរាល់ឆ្នាំ មិនឆ្លុះបញ្ចាំងពីស្មារតីឆន្ទៈនយោបាយរួម និងឯកភាពផ្ទៃក្នុងជាតិនោះទេ។ កញ្ញាថា ការសម្រេចឯកតោភាគី របស់បក្សកាន់អំណាចបែបនេះ មិនផ្តល់ផលចម្រើនដល់សង្គមជាតិនោះទេ។ ផ្ទុយទៅវិញ វៀតណាម នៅមានល្បិចឈ្លានពានទឹកកម្ពុជាគ្រប់រូបភាព៖ «លើ រឿង ៧ មករា ហ្នឹង ចំណុច សំខាន់ ត្រូវ សិក្សា ឱ្យជ្រៅ ឬក៏ យល់ ពី ចំណុច ស្នូល សំខាន់ ហ្មង គឺ ទៅលើរបប ប៉ុល ពត។ សួរ ថា មូលហេតុ អី ដែល រដ្ឋាភិបាល យើងមិន ឱ្យតុលាការ ឯករាជ្យអន្តរជាតិ ម្ត៉េចក៏យកមក កាត់ក្នុង ប្រទេស កម្ពុជា ខ្លួនឯង ? ដែល គ្រាន់តែ វាកាត់ ខ្សែស្រឡាយ អន្តរជាតិ បន្តិចបន្តួចគ្រាន់តែ វា កាត់ ខ្សែស្រឡាយ អន្តរជាតិ បន្តិចបន្តួច។ អ៊ីចឹង សួរ សួរ ថា ឃាតក ពិត ប្រាក ជា នរណា គេ ?» ។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និង លោក ឈឹម ផលវរុន ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួល នៅថ្ងៃទី៦ មករា។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ក៏មិនទាន់អាចសុំការឆ្លើយតបបានដែរ ព្រោះទូរស័ព្ទហៅចូល គ្មានអ្នកលើក នៅថ្ងៃដដែលនេះ។ ទោះបីជាយ៉ាងណា កូនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានបង្ហោះសារ ទំព័រហ្វេសប៊ុក Facebook របស់ខ្លួនថា ថ្ងៃទី៧ ខែមករា ជាថ្ងៃកំណើតទីពីរ របស់ប្រជាជាតិកម្ពុជា ហើយក្នុងនាមជាអ្នកបន្តវេន ត្រូវតែចងចាំនូវទំព័រប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ដាស់ស្មារតី កុំឱ្យដើរជាន់ដានប្រវត្តិសាស្ត្រច្រំដែលទៀត។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យនៅថ្ងៃទី៦មករានេះក៏បានជំរុញឱ្យរដ្ឋាភិបាលត្រូវលុបចោលទិវាបុណ្យជាតិថ្ងៃទី៧មករាហើយជំនួសមកវិញទិវាបុណ្យជាតិកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃទី២៣តុលាឆ្នាំ១៩៩១។ចលនានិស្សិតចាត់ទុកថ្ងៃ៧មករាជាថ្ងៃដែលប្រទេសវៀតណាមលើកកងទ័ពប្រមាណ ២០ម៉ឺននាក់ឈ្លានពានប្រទេសកម្ពុជារំលោភច្បាប់អន្តរជាតិ ។
ប្រធានក្រុមប្រឹក្សាភិបាលចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យលោកម៉ែនណាត សង្កេតឃើញថា កងទ័ពវៀតណាមបានដាក់អាណានិគមក្នុងប្រទេសកម្ពុជារយៈ១០ឆ្នាំនិងបង្ខំឱ្យកម្ពុជាចុះហត្ថលេខាទទួលស្គាល់សន្ធិសញ្ញាខុសច្បាប់ជាច្រើនធ្វើឱ្យកម្ពុជាបាត់បង់កោះត្រល់បាត់ទឹកដីតាមព្រំដែននិងចង្កោមកោះក្រចកសេះជាដើម។លោកថារដ្ឋាភិបាលត្រូវតែប្រកាសមោឃភាពសន្ធិសញ្ញាព្រំដែនទាំងអស់ក្នុងទសវត្សរ៍ទី៨០នៅគ្រាដែលកម្ពុជានៅក្រោមការគ្រប់គ្រងដោយកងទ័ពវៀតណាម៖ «របប ក្រុងភ្នំពេញដឹកនាំ ដោយ ហ៊ុន សែន ហេង សំរិន និង ជា ស៊ីម ជំនាន់ ហ្នឹង ថា យួន យក កងទ័ព ប្រទេស វៀតណាម មកត្រួតត្រា ប្រទេស កម្ពុជា ហើយ ឈ្លានពាន កម្ពុជាហើយ បង្ខំ ឱ្យលោក ហ៊ុន សែន ជំនាន់ ហ្នឹងចុះសន្ធិសញ្ញា ដែល មិន ស្របនឹង គោលការណ៍ អន្តរជាតិព្រោះ ក្នុង ឯកសារប្រទេស ណា ក៏ដោយត្រួតត្រាលើ គេ ហើយ បង្ខំ ឱ្យគេ ចុះហត្ថលេខាលើ សន្ធិសញ្ញា និង កិច្ចព្រមព្រៀង នានា វា ផ្ទុយ នឹង ច្បាប់អន្តរជាតិ ហើយ » ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានប្រាប់កាសែតក្នុងស្រុកថាទិវា៧មករា ឆ្នាំ២០២១នេះគណបក្សកាន់អំណាចពុំបានរៀបចំអង្គមិទ្ទិញឱ្យបានធំដុំដូចសព្វដងនោះទេដោយសារតែការរីករាលដាលជំងឺកូវីដ១៩ដែលបន្តពីឆ្នាំមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។