មន្ត្រី​ហ៊្វុនស៊ិនប៉ិច ថា​សមាជិក​បក្ស​សមរង្ស៊ី​និង​សិទ្ធិ​មនុស្ស​ចូល​រួម​ជាមួយ​បក្ស​ខ្លួន

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច អះអាង​ថា មាន​សមាជិក​គណ​បក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ជាង​១ពាន់​នាក់ បាន​សម្រេច​បោះ​បង់​ចោល​គណបក្ស​របស់​ខ្លួន ដើម្បី​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។

0:00 / 0:00

អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា ថា គណបក្ស​របស់​លោក​នឹង​ធ្វើ​ពិធី​ទទួល​ថ្នាក់​ដឹកនាំ​សំខាន់ៗ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​ចាក​ចេញ​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា។ លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា សមាជិក​ថ្មី​ទាំង​នេះ គឺ​ធ្លាប់​ជា​សមាជិក​ចាស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​អ្នក​ដែល​ស្រឡាញ់​រាជា​និយម ហើយ​ការ​ត្រឡប់​មកវិញ​នេះ គឺ​នៅ​ក្រោយ​ពេល​ដែល​មាន​ព័ត៌មាន​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម អតីត​គណបក្ស នរោត្តម រណឫទ្ធិ។

លោក ញឹក ប៊ុនឆៃ រំពឹង​ថា ចំនួន​អ្នក​ដែល​នឹង​ទៅ​ចូល​រួម​ជា​មួយ​គណបក្ស​រាជា​និយម អាច​នឹង​មាន​កើន​ឡើង​ទៀត៖ «មែន​ទែន​ពួក​នោះ​សុទ្ធ​តែ​ហ៊្វុនស៊ិនប៉ិច ខ្ញុំ​តាំង​ពី​មុន​តើ។ ដល់​ពេល​ដែល​ហ៊្វុនស៊ិនប៉ិច វា​បែក​បាក់​គ្នា​អី​ទៅ​ណេះ​ទៅណោះ​ទៅ គាត់​ក៏​ទៅ​នេះ​ទៅ​នោះ ទៅ​ខាង​សិទ្ធិ​មនុស្ស ទៅ​ខាង សម រង្ស៊ី អី​ទៅ។ ដល់​ទៅ​អ៊ីចឹង គាត់​ត្រឡប់​មក​វិញ ពួក​នោះ​ដល់​ទៅ​ឃើញ​ខ្ញុំ​រួបរួម​គ្នា​អី​ទៅ គាត់​ក៏​ត្រឡប់​មក​វិញ»

ការ​អះអាង​ពី​ការ​ចុះ​ចូល​របស់​សមាជិក​ជាង​១ពាន់​នាក់ នៃ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ទៅ​ចូល​រួម​ជា​មួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​កើត​ឡើង​នៅ​មួយ​សប្ដាហ៍​ក្រោយ​ពី​មាន​ការ​អះអាង​ថា សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​ខេត្ត​កំពត ជា​ច្រើន​នាក់ បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​រួបរួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។