អង្គការសិទ្ធិមនុស្សអន្តរជាតិចំនួន ១២ ស្ថាប័នធំៗ អំពាវនាវដល់រដ្ឋាភិបាលឲ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារមកលើសេរីភាពនៃការបញ្ចេញមតិ និងអ្នកសារព័ត៌មាននៅក្នុងបរិបទជំងឺកូវីដ១៩។ មន្ត្រីរដ្ឋាភិបាល ថ្លែងការពារថា ពុំមានការរារាំង ឬការគំរាមកំហែងដល់សេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានោះទេ តែវិធានការរបស់រដ្ឋាភិបាលកន្លងមក គឺជាការអនុវត្តច្បាប់ និងដើម្បីការពារកុំឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
អង្គការសិទ្ធិមនុស្សអន្តរជាតិទាំង ១២ ស្ថាប័ននេះ រួមមាន អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស APHR អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders, RSF) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ជាដើម។
ក្នុងសេចក្តីថ្លែងការណ៍រួមផ្សាយនៅថ្ងៃទី២៥ ខែឧសភា អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងនេះបានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលបានព្រមានចំពោះការរិះគន់ជាសាធារណៈទៅលើវិធានការរបស់ខ្លួន។ រដ្ឋាភិបាល បានរារាំងមិនឲ្យអ្នកកាសែតឯករាជ្យរាយការណ៍ពីករណីឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងបានផ្ដន្ទាទោសអ្នកទាំងឡាយណា ដែលបានរិះគន់យុទ្ធនាការចាក់វ៉ាក់សាំង។ លើសពីនេះទៀត រដ្ឋាភិបាលក៏បានគំរាមចាត់វិធានការផ្លូវច្បាប់លើក្រុមអ្នកកាសែត និងក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម ក្រោមហេតុផលថា ពួកគេញុះញង់ឲ្យមាន «ចលាចលធ្ងន់ធ្ងរក្នុងសង្គម»។

ឆ្លើយតបនឹងការអំពាវនាវរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងនេះ មិនខុសពីលើកមុនៗ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ថ្លែងការពារថា ពុំមានការគំរាមកំហែងទៅលើសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាដូចការលើកឡើងរបស់អង្គការអន្តរជាតិទាំងនោះទេ តែវិធានការកន្លងមករបស់រដ្ឋាភិបាល គឺជាការអនុវត្តច្បាប់៖ « នៅប្រទេសកម្ពុជាយើង ពុំមានការរារាំង ឬមួយការគំរាមកំហែងចំពោះសេរីភាពនៃការបញ្ចេញមតិនោះទេ ទោះបីជានៅក្នុងដំណាក់កាលកូវីដនេះក្តី ឬមួយក៏ដំណាក់កាលផ្សេងៗក្តី។ អ្វីដែលជាបញ្ហាយល់ច្រឡំពីអង្គការទាំងនោះទៅលើការប្រើប្រាស់សេរីភាពបញ្ចេញមតិ។ ដូច្នេះ សេរីភាពបញ្ចេញមតិមានន័យថា យើងប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួននៅក្នុងការបញ្ចេញមតិដោយសេរី ប៉ុន្តែនៅក្នុងក្របខ័ណ្ឌច្បាប់និងសិទ្ធិសេរីភាពអ្នកដទៃដូចធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ »។
លោកបន្តថា ករណីមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មានក្នុងតំបន់បិទខ្ទប់ គឺជាវិធានការដើម្បីបង្ការកុំឲ្យអ្នកសារព័ត៌មានឆ្លងជំងឺកូវីដ១៩ពីពលរដ្ឋនៅក្នុងតំបន់នោះ ឬកុំឲ្យអ្នកសារព័ត៌មានចម្លងជំងឺកូវីដ១៩ទៅពលរដ្ឋ។

ផ្ទុយពីការអះអាងនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងនេះ សង្កត់ធ្ងន់ថា ចំណាត់ការទាំងនេះរបស់រដ្ឋាភិបាលឆ្លុះបញ្ចាំងឲ្យឃើញពីការបង្ក្រាបជាប្រព័ន្ធ និងឥតស្រាកស្រានមកលើសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការទទួលបានព័ត៌មាន ដែលបានកើតមានឡើងនៅកម្ពុជាតាំងតែពីនៅមុនពេលផ្ទុះជំងឺរាតត្បាតសាកលកូវីដ១៩ មកម៉្លេះ។ អង្គការទាំងនេះថា ការកើនឡើងករណីបង្ក្រាបចុងក្រោយនេះ បង្ហាញឲ្យឃើញពីយុទ្ធនាការកាន់តែខ្លាំងក្លាជាងមុនរបស់រដ្ឋាភិបាលក្នុងការបំបិទមាត់រាល់សំឡេងរិះគន់ទាំងអស់ឲ្យអស់ចេញពីកម្ពុជាតែម្តង។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា យល់ថា ចំណាត់ការរបស់អាជ្ញាធររដ្ឋាភិបាលមកលើសំឡេងរិះគន់នារយៈពេលចុងក្រោយនេះ កំពុងតែធ្វើឲ្យពលរដ្ឋរឹតត្បិតសិទ្ធិសេរីភាពខ្លួនឯងក្នុងការបញ្ចេញមតិលើបញ្ហាសង្គម ហើយស្ទើតែធ្វើឲ្យពលរដ្ឋលែងហ៊ាននិយាយរិះគន់តែម្តង។ លោកថា បញ្ហានេះនឹងជះឥទ្ធិពលអវិជ្ជមានទៅដល់ការគ្រប់គ្រងប្រទេសរបស់រដ្ឋាភិបាលទៅវិញទេ៖ « បញ្ហាគឺរដ្ឋាភិបាលអាចនឹងបាត់បង់នូវព័ត៌មានដែលពាក់ព័ន្ធនឹងការពិតពាក់ព័ន្ធនឹងបញ្ហាជីវភាព ឬក៏សុខភាពសាធារណៈ គឺអាចធ្វើឲ្យបាត់នូវព័ត៌មានទាំងអស់ហ្នុង ហើយរដ្ឋាភិបាលពិបាកក្នុងការកំណត់ជាបញ្ហាដើម្បីរកការដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់។ បញ្ហាប្រឈមបន្តទៀតនោះគឺ អាចឲ្យខាងសហគមន៍អន្តរជាតិដែលគេកំពុងតែឃ្លាំមើលតាមដានមកលើស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា អាចជាការយកនូវបញ្ហាហ្នុងដាក់កម្ពុជានៅក្នុងសម្ពាធផ្សេងៗដែលអាចនឹងធ្វើឲ្យលំបាកដល់កម្ពុជា »។

បើតាមអង្គការសិទ្ធិមនុស្សអន្តរជាតិទាំងនេះ មានពលរដ្ឋមិនតិចជាង ៣០ នាក់ទេ ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនដោយសារតែពួកគេបានបញ្ចេញមតិរិះគន់ចំពោះវិធានការរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្នុងនោះក៏រួមមានអ្នកកាសែតជនជាតិចិនម្នាក់ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនបណ្តេញចេញពីប្រទេសកម្ពុជាក្រោយពីបានរាយការណ៍ថាមានករណីលក់វ៉ាក់សាំងចិនស៊ីណូហ្វាម (Snopharm)។
អង្គការសិទ្ធិមនុស្សអន្តរជាតិទាំង ១២ ស្ថាប័នធំៗនេះ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់នូវរាល់ការធ្វើទុក្ខបុកម្នេញដល់អ្នកកាសែតឯករាជ្យដែលរាយការណ៍ពីជំងឺកូវីដ១៩ និងបុគ្គលទាំងឡាយដែលបញ្ចេញមតិរិះគន់ ឬបង្ហាញពីការភ័យខ្លាចរបស់ពួកគេជុំវិញជំងឺកូវីដ១៩ នៅតាមបណ្តាញសង្គម។ អង្គការទាំងនេះ ក៏អំពាវនាវដល់រដ្ឋាភិបាលឲ្យចាត់វិធានការនានាក្នុងការធានាឲ្យមាននូវបរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលមានលក្ខណៈចម្រុះ និងឯករាជ្យ។ ពួកគេក៏ជំរុញឲ្យអាជ្ញាធរកម្ពុជាធ្វើវិសោធនកម្មលើច្បាប់ថ្មីស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងច្បាប់ទាំងឡាយណាដែលមានលក្ខណៈប្រឆាំងនឹងការគោរពសិទ្ធិមនុស្សផងដែរ។ អង្គការទាំងនេះថា រដ្ឋាភិបាលកម្ពុជាគួរតែលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ រួមទាំងសេរីភាពនៃការស្វែងរក ទទួលបាន និងចែករំលែកព័ត៌មាន ជាជាងប្រើប្រាស់វិបត្តិសុខភាពសាធារណៈយកមកធ្វើជាលេសក្នុងការកម្ចាត់ចោលសំឡេងរិះគន់នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។