សង្គមស៊ីវិលចូលរួមប្រារព្ធទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា
2014.05.17
ក្រុមអង្គការសង្គមស៊ីវិល នៅកម្ពុជា ចូលរួមប្រារព្ធទិវាអន្តរជាតិ ប្រឆាំងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្ដូរភេទថ្ងៃទី១៧ ឧសភា។
មន្ត្រីសម្របសម្រួលគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក នួន ស៊ីដារ៉ា ដែលអង្គការរបស់លោកបានចូលរួមផ្តល់ជំនួយបច្ចេកទេស និងថវិកាឲ្យអង្គការមួយចំនួន ដើម្បីប្រារព្ធទិវានេះ។ លោកឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ថា គោលបំណងនៃការប្រារព្ធទិវានេះ គឺដើម្បីបង្ហាញឲ្យសាធារណជនដឹងអំពីសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា ហើយក៏ដើម្បីរម្លឹកដល់ថ្ងៃដែលអង្គការសុខភាពពិភពលោក ចាត់ទុកថា ការស្រឡាញ់ភេទដូចគ្នា មិនមែនជាជំងឺផ្លូវចិត្តឡើយ។ ក្រៅពីនេះ វាក៏មានបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកស្រឡាញ់ភេទផ្ទុយគ្នា នៅក្នុងគ្រួសារសង្គមតែមួយ។
ទាក់ទងនឹងស្ថានភាពអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា វិញ លោក នួន ស៊ីដារ៉ា កត់សម្គាល់ថា ទោះជាមានការរីកចម្រើនមួយចំនួននៅក្នុងការគោរពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏នៅមានការងារជាច្រើន ដែលរដ្ឋាភិបាលត្រូវធ្វើបន្ថែមទៀត។ លោកថា ការរើសអើងនៅក្នុងគ្រប់វិស័យនៃសង្គមកម្ពុជា នៅតែកើតមាន ហើយនិន្នាការនេះមិនអាចបញ្ឈប់បានទេ ដរាបណារដ្ឋាភិបាលមិនចាប់ផ្ដើមចាត់វិធានការឲ្យច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
លោក នួន ស៊ីដារ៉ា៖ «ការងារជាច្រើនទាក់ទងជាផ្លូវច្បាប់ គឺយើងអត់ទាន់មានការថ្លែងរបស់នាយករដ្ឋមន្ត្រី ការថ្លែងរបស់អតីតព្រះមហាក្សត្រ ហើយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន ដែលគាត់ថា បញ្ហាអ្នកស្រឡាញ់ភេទដូចគ្នា គាត់មិនចាត់ទុកថា ជាបញ្ហាខុសច្បាប់ទេ ប៉ុន្តែអ្វីដែលយើងចង់បាន គឺចង់ឲ្យគាត់និន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ចូលទៅក្នុងផែនការការអភិវឌ្ឍជាតិ បើមិនទាន់បានជាច្បាប់ ក៏ចូលក្នុងគោលនយោបាយដែរ»។
ក្នុងទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្ដូរភេទនេះដែរ អង្គការសហប្រជាជាតិ អំពាវនាវឲ្យគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក បញ្ចប់ការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្ដូរភេទ និងត្រូវដោះស្រាយបញ្ហាទាំងឡាយទាក់ទងការរំលោភបំពានចំពោះពួកគេ និងចំពោះអ្នកដែលការពារសិទ្ធិរបស់ពួកគេផងដែរ៕