គណៈប្រតិភូសង្គមស៊ីវិលអន្តរជាតិ ដែលរួមមានតំណាងបណ្ដាញប្រជាធិបតេយ្យអាស៊ី អង្គការស៊ីវីឃឹស (CIVICUS) អង្គការវេទិកាប្រចាំអាស៊ី និងអង្គការអន្តរជាតិមួយចំនួនផ្សេងទៀត ធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី១០ តុលា។
ពួកគេព្រួយបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសទៅលើការរឹតត្បិតសេរីភាពរបស់ពលរដ្ឋ តាមរយៈការតាក់តែង និងការបង្កើតច្បាប់មួយចំនួនកាលពីពេលថ្មីៗនេះ និងនៅថ្ងៃខាងមុខ។
ថ្លែងក្នុងសន្និសីទកាសែតរយៈពេលជាង១ម៉ោងនៅសណ្ឋាគារអ៊ិមភើរៀល (Imperial Hotel) ដែលមានមនុស្សចូលរួមប្រមាណ ៥០នាក់ តំណាងគណៈប្រតិភូសង្គមស៊ីវិលអន្តរជាតិ កត់សម្គាល់ជារួមថា កម្ពុជា នៅមានបញ្ហាសិទ្ធិមនុស្សដែលត្រូវដោះស្រាយ ហើយច្បាប់ថ្មីៗមួយចំនួន នឹងបន្តរឹតត្បិតទៅលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
ការកត់សម្គាល់ជាទូទៅបែបនេះ ធ្វើឡើងបន្ទាប់ពីពួកគេបានបញ្ចប់ទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនោះ ពួកគេបានជួបជាមួយមន្ត្រីក្រសួងយុត្តិធម៌ សមាជិកព្រឹទ្ធសភា រដ្ឋសភា ភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិលក្នុងស្រុក និងដៃគូអភិវឌ្ឍន៍របស់កម្ពុជា មួយចំនួនទៀត។
ច្បាប់ដែលពួកគេគិតថា អាចនឹងរឹតត្បិតសេរីភាពរបស់ពលរដ្ឋរួមមាន ច្បាប់ស្ដីពីឧក្រិដ្ឋកម្មអ៊ីនធឺណិត ច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីទូរគមនាគមន៍ និងច្បាប់ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្ម ដែលច្បាប់ទាំងនេះកំពុងត្រូវបានរដ្ឋាភិបាលធ្វើសេចក្តីព្រាង។ ក្រៅពីនោះ ក៏មានច្បាប់៣ពាក់ព័ន្ធនឹងតុលាការ ដែលត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា អនុម័តកាលពីខែមិថុនា កន្លងទៅ។
ពួកគេថា ច្បាប់ស្ដីពីឧក្រិដ្ឋកម្មអ៊ីនធឺណិតដែលរដ្ឋាភិបាលអះអាងថា បង្កើតឡើងក្នុងបំណងរារាំងពលរដ្ឋមិនឲ្យផ្សព្វផ្សាយព័ត៌មានមិនពិតនោះ ក៏នឹងធ្វើឲ្យពលរដ្ឋត្រូវផ្ដន្ទាទោសផងដែរ ព្រោះថា មាត្រា២៨នៃសេចក្តីព្រាងច្បាប់នេះចែងផាកពិន័យ និងផ្ដន្ទាទោសឲ្យពលរដ្ឋជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ ប្រសិនបើពួកគេធ្វើឲ្យអាក់ខានដល់អធិបតេយ្យភាព និងបូរណភាពជាតិ។ យ៉ាងណាក៏ដោយ ពួកគេថា ច្បាប់នេះក៏អាចត្រូវបានរដ្ឋាភិបាលប្រើប្រាស់ចាប់ពលរដ្ឋដាក់គុក នៅពេលការបញ្ចេញយោបល់របស់ពួកគេលើបណ្ដាញព័ត៌មានសង្គម មានលក្ខណៈរិះគន់រដ្ឋាភិបាល។
ស្រដៀងគ្នានេះដែរ ពួកគេថា សេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ក៏អាចត្រូវបានរដ្ឋាភិបាលប្រើប្រាស់ ដើម្បីបដិសេធការចុះបញ្ជីរបស់អង្គការទាំងឡាយណាដែលរដ្ឋាភិបាលយល់ថា រិះគន់ទៅលើសកម្មភាពរបស់ខ្លួន។ រីឯសេចក្តីព្រាងច្បាប់ស្ដីពីសហជីពដែលចែងថា ដើម្បីបង្កើតសហជីពមួយបាន លុះណាតែកម្មករអាចប្រមូលគ្នាឲ្យបាន ២០% នៃចំនួនកម្មករសរុបនៅក្នុងក្រុមហ៊ុន ឬរោងចក្រនោះ ក៏វាផ្ទុយទៅនឹងគោលការណ៍របស់អង្គការអន្តរជាតិ ដើម្បីការងារផងដែរ។
លើសពីនេះ ពួកគេថា ច្បាប់ទាំង៣ពាក់ព័ន្ធប្រព័ន្ធតុលាការដែលត្រូវបានអនុម័តរួចនោះ នឹងធ្វើប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ ដោយសារច្បាប់នេះផ្តល់អំណាចឲ្យអង្គការនីតិប្រតិបត្តិ តាមរយៈក្រសួងយុត្តិធម៌ គ្រប់គ្រងទៅលើហិរញ្ញវត្ថុ បុគ្គលិក និងរដ្ឋបាលទូទៅរបស់តុលាការ។
តំណាងអង្គការវេទិកាប្រចាំអាស៊ី លោកសាស្ត្រាចារ្យ ក្វាក់ ណូហ៍ ហ្យុន (Kwak Noh-Hyun) ដែលជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិនទាំងអស់ ៥នាក់ ថ្លែងក្នុងសន្និសីទកាសែតនោះថា ប្រសិនបើច្បាប់ទាំងអស់នេះនឹងត្រូវបានអនុវត្តដោយមិនមានការកែប្រែនោះទេ វានឹងរឹតត្បិតដល់សំឡេងរបស់អ្នកមានទស្សនៈផ្ទុយ និងដាក់ទោសទណ្ឌចំពោះអ្នកដែលទាមទារឲ្យមានយុត្តិធម៌៖ «យើងគិតថាដើម្បីធ្វើឲ្យវិធានការ និងកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយនៅក្នុងសង្គមមួយមានប្រសិទ្ធភាព វាតម្រូវឲ្យមាន ឬត្រូវអាស្រ័យលើសេរីភាពក្នុងការសម្ដែងមតិ និងប្រមូលផ្តុំ ហើយជាពិសេសក្នុងពេលបច្ចុប្បន្ននេះ គឺសេរីភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត ហើយយើងពិតជាបារម្ភអំពីសេចក្តីព្រាងច្បាប់ដែលពេលនេះ កំពុងឋិតនៅក្នុងដៃរបស់រដ្ឋាភិបាល នឹងគំរាមកំហែងដល់សេរីភាពក្នុងការសម្ដែងមតិ ហើយជាលទ្ធផល នឹងធ្វើឲ្យទន់ខ្សោយដល់កិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយនៅកម្ពុជា»។
ពួកគេក៏ឯកភាពដែរថា មុនច្បាប់ទាំងអស់នេះត្រូវបានបង្កើត ច្បាប់ស្ដីពីការទទួលបានព័ត៌មាន គួរតែជាច្បាប់អាទិភាព។ មួយវិញទៀត គ្រប់ការតាក់តែងច្បាប់ទាំងអស់ សាធារណជនគួរត្រូវបានផ្តល់ឱកាសឲ្យចូលរួមផ្តល់យោបល់ផងដែរ។
ចំពោះការបារម្ភនេះ ទីប្រឹក្សារដ្ឋាភិបាល និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា មានប្រសាសន៍ថា ទោះជារដ្ឋាភិបាលធ្វើអ្វីក៏ដោយ ក៏មិនត្រូវចិត្តមជ្ឈដ្ឋានខាងក្រៅមួយចំនួននោះដែរ។ លោកថា ព្រោះតែអ្នកទាំងអស់នោះមាននិន្នាការប្រឆាំងជ្រុលពេក។ ចំពោះការតាក់តែងច្បាប់នានាវិញ លោក ទិត្យ សុធា ថ្លែងថា តែងមានការចូលរួមពីសង្គមស៊ីវិលពាក់ព័ន្ធ និងអ្នកជំនាញផ្នែកច្បាប់៖ «មានច្បាប់ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពលរដ្ឋកម្ពុជា ដែលត្រូវការនេះ គឺយើងគួរតែចូលរួមដោយស្មោះស។ ខ្ញុំយល់ថា មតិរបស់ក្រុមអ្នករិះគន់មួយចំនួន គឺមិនបានឈរទៅលើអព្យាក្រឹត្យភាពនៃការវាយតម្លៃរបស់ខ្លួននោះទេ។ ការពិតទៅ កម្ពុជា ពិតជាត្រូវការច្បាប់ ហើយច្បាប់ទាំងនោះ គឺដើម្បីយកមកប្រើប្រាស់ឲ្យស្របទៅតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនទេ មិនមែនឲ្យមានច្បាប់ ដើម្បីជាការបំបិទសិទ្ធិសេរីភាពនោះទេ ក៏ប៉ុន្តែសិទ្ធិសេរីភាពក៏ស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់ដែរ»។
ទោះជាយ៉ាងណាក៏ដោយ សង្គមស៊ីវិលតែងរអ៊ូរទាំថា ពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលរួមពេញលេញក្នុងដំណើរការតាក់តែងច្បាប់នោះទេ។ កុំថាឡើយដល់អនុញ្ញាតឲ្យចូលរួម សូម្បីតែសេចក្តីព្រាងច្បាប់ ក៏ពួកគេពិបាកទទួលបានពីរដ្ឋាភិបាលដែរ។ ជាក់ស្តែងក្នុងការតាក់តែងច្បាប់ទាំង៣ពាក់ព័ន្ធប្រព័ន្ធតុលាការ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានសម្ដែងការបារម្ភ និងផ្តល់អនុសាសន៍ជាច្រើនឲ្យរដ្ឋាភិបាលពិចារណា។ ប៉ុន្តែច្បាប់ទាំងនោះ ត្រូវបានរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិអនុម័តយ៉ាងឆាប់រហ័ស។
ក្រុមប្រតិភូអង្គការអន្តរជាតិអះអាងថា ក្រសួងយុត្តិធម៌ នឹងធ្វើសិក្ខាសាលាផ្សព្វផ្សាយពីការអនុវត្តច្បាប់ប្រព័ន្ធតុលាការទាំង៣នៅចុងឆ្នាំនេះ។ ពួកគេថា ក្រសួងយុត្តិធម៌សន្យាថានឹងផ្តល់ឱកាសឲ្យមានការស្នើនូវមតិយោបល់ ដើម្បីធ្វើវិសោធនកម្មច្បាប់ទាំងនេះ។ កត្តានេះហើយដែលពួកគេសង្ឃឹមថា រដ្ឋាភិបាលនឹងពិនិត្យមើលច្បាប់នេះឡើងវិញ មុននឹងដាក់ឲ្យអនុវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។