ព្រះសង្ឃខ្មែរក្រោមស្នើឱ្យស្ថាប័នអប់រំព្រះពុទ្ធសាសនានៅកម្ពុជាទទួលស្គាល់សញ្ញាប័ត្រពីកម្ពុជាក្រោម
2020.07.29
ព្រះសង្ឃខ្មែរកម្ពុជាក្រោមដែលកំពុងស្នាក់នៅរៀនសូត្រនៅក្នុងប្រទេសកម្ពុជា និងថៃ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យទទួលស្គាល់សញ្ញាប័ត្រគ្រប់កម្រិតរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោមដែលបានខិតខំសិក្សានៅដែនដីកម្ពុជាក្រោម ដើម្បីផ្តល់ឱកាសឱ្យសមណសិស្សនិស្សិតខ្មែរក្រោមបានចូលរៀនបន្តដោយស្របច្បាប់នៅតាមសាលាពុទ្ធិកនានា ដូចព្រះសង្ឃនៅកម្ពុជាដែរ។
ការអំពាវនាវរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម ដូច្នេះដោយសារជាង ៣០ឆ្នាំកន្លងទៅនេះ វិស័យពុទ្ធិកសិក្សាកម្ពុជាមិនបានទទួលស្គាល់សញ្ញាប័ត្ររបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោមនោះឡើយ ដែលធ្វើឲ្យព្រះសង្ឃខ្មែរកម្ពុជាក្រោមភាគច្រើន ជួបការលំបាកក្នុងការបន្តសិក្សា។ សមណនិស្សិត ព្រះតេជព្រះគុណ យឿង វិជ័យ ដែលនិមន្តមកពីកម្ពុជាក្រោម មានថេរដីកាថា ព្រះអង្គនិងព្រះសង្ឃខ្មែរក្រោមផ្សេងទៀត កំពុងជួបប្រទះបញ្ហា ស្វែងរកសាលារៀន។ ព្រះតេជព្រះគុណបញ្ជាក់ថា បច្ចុប្បន្នព្រះអង្គដែលបានចូលរៀននៅសកលវិទ្យាល័យឯកជនមួយបាន ដោយសារការអនុគ្រោះពីថ្នាក់ដឹកនាំសាលា មិនមែនដោយសារសញ្ញាប័ត្រដែលព្រះអង្គនាំមកពីកម្ពុជាក្រោមឡើយ។ ព្រះអង្គស្នើសុំឲ្យថ្នាក់ដឹកនាំវិស័យពុទ្ធិកសិក្សាឲ្យទទួលស្គាល់សញ្ញាប័ត្ររបស់ព្រះសង្ឃ ខ្មែរក្រោម និងអនុញ្ញាតឲ្យព្រះសង្ឃខ្មែរកម្ពុជាក្រោម បានបន្តការសិក្សាតាមក្ដីប្រាថ្នារបស់ខ្លួន៖ «ខ្ញុំព្រះករុណាអាត្មាភាព ស្នើឲ្យក្រសួងធម្មការ និងកិច្ចការសាសនា អនុញ្ញាតឲ្យព្រះសង្ឃខ្មែរកម្ពុជាក្រោមដែលលោកមានសញ្ញាប័ត្រគរុកោសល្យ សូមក្រសួងធម្មការ និងសាសនា អនុញ្ញាតឲ្យលោក បានចូលរៀននៅសាកលវិទ្យាល័យផង ពីព្រោះសញ្ញាប័ត្រគរុកោសល្យ បើយើងវាយតម្លៃស្មើនឹងថ្នាក់ទី១២ ដែរ»។
ចំណែកសមណនិស្សិតខ្មែរក្រោមមួយអង្គទៀត ដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិតសង្គមសាស្ត្រ នៅសកលវិទ្យាល័យថៃ ព្រះភិក្ខុ ថាច់ រក្សា មានថេរដីកាថា ដំបូងឡើយព្រះអង្គមានគោលបំណងចង់បន្តការសិក្សានៅកម្ពុជា ប៉ុន្តែដោយសារតែកម្ពុជាមិនទទួលស្គាល់សញ្ញាប័ត្ររបស់ព្រះអង្គ ទើបព្រះអង្គ សម្រេចបន្តដំណើរទៅរៀនដល់ប្រទេសថៃ ដែលមានការទទួលស្គាល់សញ្ញាប័ត្ររបស់ព្រះសង្ឃខ្មែរក្រោម៖ «បើសម្រាប់យើងប្រៀបធៀបសញ្ញាប័ត្រនៅកម្ពុជាក្រោមយើង យើងមិននិយាយអីនៅខ្មែរទេ ដោយឡែកនៅកម្ពុជាក្រោមយើង យើងអាចយកមកប្រៀបធៀបនៅប្រទេសថៃ គេអាចទទួលយកជាផ្លូវការបាន។ ព្រោះអីនៅប្រទេសថៃ គឺជាប្រទេសមួយផ្ដល់ឱកាស ឬមួយជាប្រទេសមួយលើកតម្កើង លើកស្ទួយព្រះពុទ្ធសាសនា ឲ្យកាន់តែល្អប្រសើរ ឲ្យកាន់តែរុងរឿងខ្លាំងណាស់»។
ព្រះភិក្ខុ ថាច់ រក្សា បានអំពាវនាវដល់ក្រសួងធម្មការ និងសាសនា ព្រមទាំងស្ថាប័នពាក់ព័ន្ធ ពិចារណាឡើងវិញ ហើយគួរទទួលស្គាល់នូវសញ្ញាប័ត្ររបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រោះប្រទេសថៃដែលជឿនលឿនជាងកម្ពុជាផងនោះ ប្រទេសនេះ បានទទួលស្គាល់កម្រិតសិក្សារបស់ព្រះសង្ឃនៅកម្ពុជាក្រោមថា មានលក្ខណៈគ្រប់គ្រាន់ហើយ៖ «ប្រទេសថៃរៀនមានការបែងចែកការសិក្សា មានពីរកម្រិតដូចគ្នា មួយបរិយត្តិ ដូចនៅខ្មែរ ដូចនៅកម្ពុជាក្រោមយើង ប៉ុន្តែមុខវិជ្ជាដែលប្រទេសថៃរៀន គឺតិចជាងមុខវិជ្ជាដែលយើងសិក្សានៅកម្ពុជាក្រោម ដូចជា ធ្លាប់ដឹងហើយ នៅកម្ពុជាក្រោមយើង រៀនមួយថ្នាក់អ៊ីចឹងមិនមែនតិចឯណា យ៉ាងតិចបំផុត ១២មុខវិជ្ជាដែរ ហើយរៀនធ្ងន់មែនទែន រៀនធ្ងន់ជាងនៅថៃនេះផង»។
ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បដិសេធមិនឆ្លើយតបសំណួរអាស៊ីសេរីនោះទេ ហើយបានបង្វែរសំណួរទៅសួរ សកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះតេជគុណ ឃី សុវណ្ណរតនា ដែលទទួលបន្ទុកការងារនេះ ប៉ុន្តែព្រះអង្គបដិសេធមិនឆ្លើយនឹងសំណួរអាស៊ីសេរី។
រីឯអតីតប្រធានសម្ព័ន្ធសមណនិស្សិតខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅកម្ពុជា ព្រះតេជគុណ សឺន សុផារិន្ទ ឲ្យដឹងថា វិស័យពុទ្ធិកសិក្សានៅកម្ពុជា មិនទទួលស្គាល់សញ្ញាប័ត្ររបស់ព្រះសង្ឃកម្ពុជាក្រោមនោះ ដោយលើកហេតុផលថា សមាគមព្រះសង្ឃខ្មែរក្រោមតាមខេត្តនិមួយៗ បើកសាលាដោយខ្លួនឯង ដែលមិននៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរវៀតណាម ហើយមិនទាន់គ្រប់លក្ខណៈ ដែលកម្ពុជាអាចទទួលយកបាន។
ព្រះតេជគុណ សឺន សុផារិន្ទ បន្តថា ទោះយ៉ាងណា កម្ពុជាទទួលស្គាល់សញ្ញាប័ត្ររបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម ចេញដោយគ្រឹះស្ថានសិក្សាចំនួនពីរ ដែលគ្រប់គង់ដោយអាជ្ញាធរវៀតណាម គឺពុទ្ធិកសាកលវិទ្យាល័យនៅខេត្តឃ្លាំង និងវិទ្យាស្ថានពុទ្ធសាសនាខ្មែរក្រោម ដែលវៀតណាមហៅថាខ្មែរ ណាមបូ (Nam Bo) នៅទីក្រុងព្រែកឫស្សី។ ប៉ុន្តែព្រះសង្ឃខ្មែរមិនសូវចង់សិក្សានៅសាលាទាំងពីរនេះទេ ព្រោះបង្រៀនតែទ្រឹស្ដីកុម្មុយនិស្តរបស់មេដឹកនាំវៀតណាម និងមានភាសាខ្មែរតិចតូចប៉ុណ្ណោះ។
ព្រះតេជព្រះគុណ សឺន សុផារិន្ទ មានថេរដីកាបន្តទៀតថា អង្គការសមាគមខ្មែរកម្ពុជាក្រោម តែងតែសុំការអនុគ្រោះពីវិស័យពុទ្ធិកសិក្សាកម្ពុជា ព្រោះព្រះសង្ឃកម្ពុជាក្រោមយល់ថា ការសិក្សារបស់ខ្លួនគ្រប់លក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវតាមស្តង់ដារ៖ «មានការស្នើទាំងពីសម័យព្រះតេជគុណ ត្រឹង យន់លោកធ្វើជាមេគុណខេត្តត្រាវិញម្ល៉េះ កាលហ្នុងសម័យគ្រូ ចៅ សាង អីម្ល៉េះ ហើយខាងយើងឯណោះទទួលយកលក្ខខណ្ឌរបស់គេអត់បាន ហើយដល់ទទួលយកអត់បានអីចឹងយើងមិនអាចទៅសុំអន្តរាគមន៍ ឲ្យគេទទួលស្គាល់នូវសញ្ញាប័ត្ររបស់យើងបានទេ ។ លក្ខខណ្ឌហ្នឹងគេចង់តម្រូវឲ្យយើងរៀនចំណេះដឹងទូទៅឲ្យបានដូចថ្នាក់ទី១០ ទី១១ ទី១២ អីចឹងដែរ»។
គណៈកម្មការអន្តរសាសនាសហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យដឹងថា សព្វថ្ងៃមានមានសមណនិស្សិតខ្មែរកម្ពុជាក្រោមជាង ១០០អង្គ កំពុងសិក្សានៅកម្ពុជា និងប្រមាណជាង ២០០អង្គទៀត កំពុងសិក្សានៅប្រទេសថៃ។ ប្រទេសថៃ ទទួលស្គាល់ការសិក្សាអប់រំរបស់ព្រះសង្ឃនៅដែនដីកម្ពុជាក្រោមថា មានលក្ខណៈគ្រប់គ្រាន់អាចទទួលយកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។