អង្គការ​សិទ្ធិមនុស្ស​ស្នើ​ចៅក្រម​ស៊ើបសួរ​ទម្លាក់​ចោល​បទ​ចោទ​លើ​មន្ត្រី​អាដហុក និង​សហគមន៍​ព្រៃឈើ

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ស្នើ​យ៉ាង​ទទូច​ដល់​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​រតនគិរី ទម្លាក់​ចោល​បទចោទប្រកាន់​លើ​មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ និង​សហគមន៍​ព្រៃឈើ​មួយ​ចំនួន​ទៀត ដែល​កំពុង​រង​ការចោទប្រកាន់​ពី​បទ​ញុះញង់​។ សំណើ​នេះ ធ្វើឡើង​ដោយសារតែ​ចៅក្រម​បាន​បិទ​ការ​ស៊ើបសួរ​សំណុំ​រឿង​នេះ​តាំង​ពី​ដើម​ខែ​មករា ប៉ុន្តែ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ គិត​ត្រឹម​ដើម​ខែ​ឧសភា​នេះ។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែល​ជាប់ចោទ​ក្នុង​សំណុំ​រឿង​នេះ ថ្លែង​នៅ​ថ្ងៃ​ទី​៧ ឧសភា ថា តុលាការ​មិនទាន់​ជូនដំណឹង​ថា តើ​សំណុំ​រឿង​នេះ​ត្រូវ​ទម្លាក់​ចោល ឬ​ត្រូវ​បញ្ជូន​ទៅ​ជំនុំជម្រះ​នៅឡើយ​ទេ បន្ទាប់ពី​បិទ​ការ​ស៊ើបសួរ​នៅ​ដើមខែ​មករា​នោះ​មក​។ លោក​ឱ្យ​ដឹង​ថា មេធាវី​របស់​លោក និង​ប្រជា​សហគមន៍ បាន​ដាក់​លិខិត​ទៅ​ស្នើសុំ​ទម្លាក់​ចោល​ការចោទប្រកាន់​ទៅ​តុលាការ​រួចហើយ ហើយ​ពួក​លោក​កំពុង​រង់ចាំ​សេចក្ដី​សម្រេច​ពី​ចៅក្រម​ស៊ើបសួរ៖ «វា​ជា​ពេល​មួយ​ដែល​ប្រព័ន្ធ​យុត្តិធម៌​យើង​ត្រូវ​បង្ហាញ​ការពិត​ដើម្បី​ជួយ​ស្រោចស្រង់​បរិស្ថាន​ធម្មជាតិ​ឱ្យ​បាន​គង់វង្ស ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​បទល្មើស​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ មិនមែន​អ្នកការពារ​សិទ្ធិមនុស្ស អ្នកការពារ​ព្រៃឈើ​ក្លាយ​ជា​ចុងចោទ ដើម្បី​ជាប់គុក​ទៅវិញ​នោះ​ទេ»។

លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់​ថា ពួក​លោក​លែង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ទៀតហើយ តាំងពី​សំណុំ​រឿង​នេះ​ត្រូវ​បិទ​ការ​ស៊ើបសួរ​មក​ម្ល៉េះ។ លោក​នៅតែ​អះអាង​ថា ពួក​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ហើយ​រឿង​ក្តី​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ពួក​លោក​នេះ គ្រាន់តែ​ជា​ការ​គំរាមកំហែង​ប៉ុណ្ណោះ។

តុលាការ​ខេត្ត​រតនគិរី​បាន​ចោទ​លោក ប៉ែន ប៊ុណ្ណារ៍ និង​ប្រជា​សហគមន៍​ឃុំ​សេដា ជាច្រើន​នាក់ ពី​បទ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ក្រោយពេល​ពួកគេ​បាន​ប្ដឹង​បរិហារ ក្រុម​មន្ត្រី​ចាប់ពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ថ្នាក់​ខេត្ត ទាក់ទង​នឹង​ករណី​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទ​ល្មើស​កាប់​រាន​ដី​ព្រៃ​អភិរក្ស​ជាង​៨០០ ហិកតារ ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​រតនគិរី។ បណ្ដឹង​បរិហារ​នោះ មិន​ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី​ចាត់ការ​នោះ​ទេ តែ​តុលាការ​បែរជា​ងាក​មក​ចាត់ការ​បណ្ដឹង​របស់​ក្រុម​អាជ្ញាធរ​ដែល​ប្ដឹង​បក​ប្រជា​សហគមន៍ និង​មន្ត្រី​អាដហុក ទាក់ទង​នឹង​អំពើ​ញុះញង់​ទៅវិញ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​ខេត្ត​រតនគិរី​លោក កែវ ពិសុទ្ធ ដើម្បី​សាកសួរ​អំពី​សេចក្តី​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​អំពី​សំណុំ​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី​០៧ ឧសភា ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល។

ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ឱ្យ​ដឹង​ថា អង្គការ​លីកាដូ​បាន​ផ្តល់​មេធាវី​ដើម្បី​ជួយ​ការពារ​ក្តី​ឱ្យ​ប្រជា​សហគមន៍​ឃុំ​សេដា។ លោក​ចាត់​ទុក​ករណី​នេះ ថា​ជា​ការ​បំបាក់​ស្មារតី​មន្ត្រី​សង្គម​ស៊ីវិល និង​សហគមន៍​ព្រៃឈើ​។ លោក​ស្នើ​យ៉ាង​ទទូច​ដល់​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​នេះ ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកការពារ​ព្រៃឈើ៖ «គួរ​ណាស់​តែ​ចៅក្រម​ស៊ើប លោក​ពិនិត្យ និង​ពិចារណា ហើយ​អាច​នឹង​ទម្លាក់​ការចោទប្រកាន់​តាម​ការ​ស្នើសុំ​របស់​មេធាវី​ពួកគាត់​។ ឬក៏​រឿង​ហ្នឹង​បាន​បិទ ហើយ​បញ្ជូន​ទៅ​ជម្រះ សង្ឃឹម​ថា ការ​ជំនុំជម្រះ​នឹង​ធ្វើ​ឡើង​ឆាប់ ហើយ​និង​ទម្លាក់​ចោល​បទចោទប្រកាន់​សម្រាប់​ពួកគាត់ ដើម្បី​ឱ្យ​គាត់​អាច​បំពេញ​ការងារ​ក្នុង​ការ​ជួយ​សង្គមជាតិ ជាពិសេស​ទាក់ទង​នឹង​ការ​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​ហ្នឹង»។

មេធាវី​ការពារ​ក្តី​ឱ្យ​មន្ត្រី​អាដហុក និង​ប្រជា​សហគមន៍​ឃុំ​សេដា លោក សំ ទិត្យសីហា ធ្លាប់​បញ្ជាក់​ថា សំណុំរឿង​ញុះញង់​ប្រឆាំង​នឹង​កូន​ក្តី​របស់​លោក​នេះ គឺជា​រឿង​មិន​ត្រឹមត្រូវ និង​គ្មាន​មូលដ្ឋាន ព្រោះ​ភាគី​ដើម​បណ្ដឹង​បាន​ប្ដឹង​កូន​ក្ដី​លោក​ថា បាន​ញុះញង់​ឱ្យ​ពលរដ្ឋ​ទៅ​កាប់​រាន​ដី​ព្រៃ តែ​ជាក់ស្ដែង​ពួកគេ​គឺជា​អ្នកការពារ​ព្រៃឈើ​ទៅវិញ​ទេ​។ ម្យ៉ាងទៀត ការ​ប្តឹង​បរិហារ​ករណី​កាប់​រាន​ដី​ព្រៃ និង​បទល្មើស​ដទៃ​ទៀត​នោះ គឺជា​សិទ្ធិ​ដែល​មាន​ចែង​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ មាត្រា​៥២៨ និង​៥២៩។

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ អះអាង​ថា ទោះបីជា​ប្រឈម​ការ​ប្ដឹង​បក​ក៏ដោយ ក៏​លោក​នៅតែ​ប្ដេជ្ញា​ដាក់​បណ្ដឹង​បរិហារ​ឱ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ជួយ​ការពារ​ធនធាន​ធម្មជាតិ និង​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។