រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន ចាកចេញពីកម្ពុជា ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក។
ប្រធានបទសំខាន់ នៅឆ្នាំនេះ គឺផ្ដោតអំពី «កិច្ចប្រឹងប្រែងពហុភាគី សម្រាប់ការលុបបំបាត់ភាពក្រីក្រ ការអប់រំប្រកបដោយគុណភាព ការប្រែប្រួលអាកាសធាតុ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត»។
វត្តមានលោក ប្រាក់ សុខុន នៅមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះ គឺជំនួសឱ្យមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ដោយមិនបានបញ្ជាក់ពីមូលហេតុដែលខកខានមិនបានមកចូលរួមក្នុងឆ្នាំនេះ។ ក៏ប៉ុន្តែ កាលពីឆ្នាំ២០១៨ ក្រោយការបោះឆ្នោត ដែលរងការថ្កោលទោសពីសហគមន៍អន្តរជាតិ ថា ជាការបោះឆ្នោតក្លែងក្លាយ លោក ហ៊ុន សែន បានដឹកនាំគណបក្សប្រតិភូលោកប្រមាណ ៤០ នាក់ផ្សេងទៀត រួមមានឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង រដ្ឋមន្ត្រីផង បានមកចូលរួម ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយក។
កាសែតក្នុងស្រុក ផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា ឱ្យដឹងថា តាមការគ្រោងទុក លោក ប្រាក់ សុខុន នឹងធ្វើសេចក្ដីថ្លែងការណ៍ ផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សមិទ្ធផលសំខាន់ៗឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ សហស្សវត្ស និងកិច្ចប្រឹងប្រែងឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពរបស់កម្ពុជា និងសារៈសំខាន់នៃកិច្ចប្រឹងប្រែងរួម ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ភេរវកម្ម ជាដើម។ លោកគ្រោងនឹងថ្លែងនៅមុខកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិនៅចុងសប្តាហ៍នេះ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយ រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៉ី និងរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋឆេកូ។ ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជារំពឹងថា នឹងមានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេស នៃប្រទេសមួយចំនួនផ្សេងទៀត រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
