តុលាការកំពូលគ្រោងបើកសវនាការជំនុំជម្រះបណ្ដឹងសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី នៅថ្ងៃទី២១ តុលា។
មេធាវីការពារក្ដីឱ្យលោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី១៣ តុលាថា ផ្អែកតាមនីតិវិធីក្នុងសំណុំរឿងព្រហ្មទណ្ឌ តុលាការមិនគួរឃុំខ្លួនកូនក្តីរបស់លោកបន្តទៀតនោះទេ ពីព្រោះកូនក្តីលោកគ្មានលទ្ធភាពបង្កផលប៉ះពាល់ដល់សង្គមឡើយ។ លោករំពឹងថា តុលាការកំពូលនឹងអនុញ្ញាតឱ្យកូនក្តីរបស់លោកបាននៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីឱ្យគាត់បានវិលទៅជួបជុំក្រុមគ្រួសារ និងប្រកបរបរចិញ្ចឹមជីវិតឡើងវិញ។
តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ “ញុះញង់ឱ្យមានការរើសអើង” និងបង់សំណងឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៧០លានរៀល ឬស្មើនឹងជិត ២ម៉ឺនដុល្លារអាមេរិក។ ដើមហេតុនៃរឿងក្ដីក្ដាំនេះ គឺដោយសារលោក រ៉ាត់ រត្នមុនី បានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា “ម្ដាយខ្ញុំ លក់ខ្ញុំ” ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។
គិតត្រឹមពេលនេះ លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេល ១០ខែមកហើយ ក៏ប៉ុន្តែសហគមន៍អន្តរជាតិបានចាត់ទុកករណីថា ជារឿងអយុត្តិធម៌ និងកាន់តែធ្វើឱ្យពលរដ្ឋបាត់ទំនុកចិត្តលើប្រព័ន្ធតុលាការ។ សហគមន៍អន្តរជាតិបានទាមទារឱ្យរបបក្រុងភ្នំពេញដោះលែងសកម្មជនសិទ្ធិការងាររូបនេះវិញជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ បន្ទាប់ពីពិនិត្យឃើញថា រឿងក្តីនេះមានលក្ខណៈបាយឡុកបាយឡ គួរឱ្យអាម៉ាស់ និងគួរឱ្យស្អប់ខ្ពើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
