អ្នករាយការណ៍ពិសេស និងតំណាងសហភាពអឺរ៉ុប សុទ្ធតែលើកឡើងអំពីក្តីបារម្ភ អំពីស្ថានការសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលនៅតែធ្លាក់ចុះដុនដាប និងរម្លឹកសាជាថ្មីឲ្យរបបលោក ហ៊ុន សែន ស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
ក្តីកង្វល់ និងសាររម្លឹកជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី២៥ ខែកញ្ញា ក្នុងផ្នែកស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) លើកឡើងអំពីបញ្ហាសិទ្ធិប្រជាពលរដ្ឋ និងសិទ្ធិនយោបាយ ដែលរងការរឹតត្បិត រួមទាំងការរម្លាយគណបក្សសង្គ្រោះជាតិ។ អ្នកស្រីបញ្ជាក់ថា តាមនិយមន័យ ពាក្យថាសិទ្ធិមនុស្ស គឺដើម្បីមនុស្ស មិនមែនដើម្បីនយោបាយទេ។ អ្នកស្រីបន្ថែមថា សន្លឹកឆ្នោត និងសំឡេងប្រជាពលរដ្ឋម្ចាស់ឆ្នោត ៤២ភាគរយ ដែលបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតឃុំសង្កាត់ ត្រូវបានគេបំបាត់ចោល និងមិនទាន់ផ្តល់ឲ្យមកវិញនៅឡើយទេ។
អ្នកស្រីថាពេលនេះ គឺដល់ពេលដែលត្រូវគិតគូរឡើងវិញ អំពីវិធីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសេរីភាពនៅកម្ពុជា ដើម្បីធានាឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ទទួលបានសិទ្ធិទាំងនេះដូចគ្នា។ អ្នកស្រីអំពាវនាវឲ្យរដ្ឋាភិបាល ស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដោយយកប្រជារាស្រ្តជាធំ។
តំណាងប្រទេសជប៉ុន ក៏លើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះដែរ ហើយគាំទ្រអនុសាសន៍របស់អ្នករាយការណ៍ពិសេស ដែលស្នើឲ្យកម្ពុជាផ្លាស់ប្តូរវប្បធម៌នយោបាយ ដោយឈប់យកបញ្ហាបុគ្គលជាធំ ជាងបញ្ហាប្រទេសជាតិ។
តំណាងប្រទេសអង់គ្លេស ក៏លើកឡើងអំពីការព្រួយបារម្ភខ្លាំង ជុំវិញស្ថានភាពធ្លាក់ចុះផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះដែរ និងគាំទ្រអនុសាសន៍របស់អ្នករាយការណ៍ពិសេស ដែលស្នើឲ្យរបបក្រុងភ្នំពេញ ធ្វើយ៉ាងណាស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
សហភាពអឺរ៉ុប ដែលកំពុងត្រៀមរៀបចំបិទបញ្ចប់របាយការណ៍បឋម អំពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មុននឹងសម្រេចព្យួរការអនុគ្រោះពន្ធ EBA នោះ ក៏បានបញ្ជូនតំណាងរបស់ខ្លួនទៅក្នុងកិច្ចប្រជុំនោះដែរ។
តំណាងសហភាពអឺរ៉ុបលោក បេឡា ហ្សំបាទី (Béla Szombati) នៅតែបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរឹតត្បិតសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល និងសេរីភាពផ្នែកនយោបាយនៅកម្ពុជា ជាពិសេស សេរីភាពក្នុងការប្រមូលផ្តុំគ្នាតវ៉ា និងបញ្ចេញមតិ និងភាពខ្វះស្ថាប័នស៊ើបអង្កេតឯករាជ្យ និងមិនលម្អៀង៖ «យើងសូមបញ្ជាក់ជំហររបស់យើងសាជាថ្មី ដោយទាមទារឲ្យដោះលែងប្រធានគណបក្សប្រឆាំងលោក កឹម សុខា និង បើកលំហសេរីភាពឡើងវិញដល់មន្រ្តីជាន់ខ្ពស់បក្សប្រឆាំងទាំង ១១៨ និងស្តារប្រជាធិបតេយ្យឡើងវិញ នៅកម្រិតមូលដ្ឋាន និងថ្នាក់ឃុំសង្កាត់។ ដរាបណាគ្មានលំហសេរីភាព និងការបង្កលក្ខណៈឲ្យពលរដ្ឋគ្រប់រូបចូលរួមក្នុងជីវភាពនយោបាយ និងកិច្ចការសង្គម ដោយស្ម័គ្រចិត្តនោះទេ គ្មានប្រទេសណាមួយអាចបំបាត់ភាពក្រីក្រ និងសម្រេចគោលដៅអវិឌ្ឍដោយចីរភាពបាននោះឡើយ » ។
ប៉ុន្តែ តំណាងរបបក្រុងភ្នំពេញឯណោះ ទំនងជាខកចិត្តនឹងការវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ដោយមើលរម្លងសិទ្ធិដទៃទៀត ដែលគួរតែសំខាន់ដូចគ្នា។ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវលោក ណី សំអុល ថ្លែងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី២៥ ខែកញ្ញាដែរថា ចំណាត់កន្លងមករបស់អាជ្ញាធរកម្ពុជា ទៅលើសំឡេងប្រឆាំង គឺជាពង្រឹងការអនុវត្តច្បាប់តែប៉ុណ្ណោះ៖ «វាជាការគួរឲ្យអស់សំណើច ដែលគេស្នើឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ ប៉ុន្តែ នៅពេលដែលអាជ្ញាធរពាក់ព័ន្ធ ពង្រឹងការអនុវត្តច្បាប់ ស្រាប់តែគេចោទយើង ថារឹតត្បិតសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិទៅវិញ !»។
សហគមន៍អន្តរជាតិ ជាពិសេសប្រទេសប្រជាធិបតេយ្យ នៅតែបន្តព្រួយបារម្ភអំពីស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលនៅតែមិនប្រសើរឡើង ស្របពេលដែលថ្ងៃកំណត់នៃការសម្រេចព្យួរការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប កាន់តែខិតជិតចូលមកដល់។
មន្រ្តីអង្គការសង្គមស៊ីវិល និងអ្នកវិភាគយោបាយ និងសង្គមជាច្រើន យល់ស្របគ្នាថា បើស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នៅតែមិនប្រសើរកម្ពុជានឹងចៀសមិនផុតពីរងទណ្ឌកម្មអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
