អ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិស៊ីរី (Syria) ម្នាក់ ត្រូវបានជាប់គាំងការធ្វើដំណើររបស់គាត់នៅព្រលានយន្តហោះរបស់ប្រទេសម៉ាឡេស៊ីអស់រយៈពេលជាងមួយខែ បន្ទាប់ពីអាជ្ញាធរកម្ពុជាហាមមិនឲ្យចូលក្នុងប្រទេសកម្ពុជា។
លោក ហាស្សាន់ អាល់ កុនតា (Hassan Al Kontar) សមាជិកក្រុមជនជាតិឌ្រុស (Druze) មកពីទីក្រុងស្វៃដា (Swaida) ប្រទេសស៊ីរី និយាយថា គាត់បានធ្វើការហោះហើរពីប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី៧ ខែមីនា ប៉ុន្តែលោកត្រូវបានបដិសេធដោយអាជ្ញាធរកម្ពុជាមិនឲ្យចូលប្រទេស ហើយត្រូវបានបញ្ជូនត្រឡប់ទៅកាន់ទីក្រុង គូឡាឡាំពួ (Kuala Lumpur) វិញ ។ រហូតមកទល់ពេលនេះ គឺមានរយៈពេល ៣៦ថ្ងៃហើយ ដែលលោកកំពុងស្ថិតនៅក្នុងព្រលានយន្តហោះរបស់ប្រទេសម៉ាឡេស៊ីដដែល។ កាសែតភ្នំពេញប៉ុស្តិ៍ បានដកស្រង់សំដី លោក លោក ហាស្សាន់ អាល់ កុនតា (Hassan Al Kontar) ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកមិនចង់ក្លាយជាជនខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហេតុដូច្នេះហើយលោកជ្រើសរើសទៅប្រទេសកម្ពុជា។
លោកអះអាងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលជនជាតិស៊ីរី អាចទទួលបានទិដ្ឋាការនៅពេលមកដល់ព្រលានយន្តហោះ ដោយសារកម្ពុជាជាប្រទេសម្ចាស់ហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួន។ ប៉ុន្តែលោក ហាស្សាន់ បញ្ជាក់ថា សមត្ថកិច្ចរបស់កម្ពុជាបានចោទសួរលោកអំពីបញ្ហាហិរញ្ញវត្ថុរបស់លោកទៅវិញ។ លោកបន្តថា សមត្ថកិច្ចកម្ពុជាបានយកលិខិតឆ្លងដែនរបស់លោក ព្រមទាំងបានថតរូបលោកឈរផ្ទប់នឹងជញ្ជាំងដូចជាឧក្រិដ្ឋជន បណ្ដាលឲ្យលោកមានភាពអាម៉ាស់យ៉ាងខ្លាំង។ លោកអះអាងថា មន្ត្រីអន្តោប្រវេសន៍ខ្មែរមិនបានផ្ដល់ហេតុផលច្បាស់លាស់ទេ ចំពោះការបដិសេធលោកមិនអោយចូលប្រទេសកម្ពុជានោះ។
ប៉ុន្តែលោក សុខ វាសនា នាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃឱ្យដឹងថា ពលរដ្ឋស៊ីរីអាចទទួលបានទិដ្ឋាការនៅពេលមកដល់កម្ពុជាពិតមែន ប៉ុន្តែពួកគេនឹងអាចត្រូវបញ្ជូនត្រឡប់ទៅវិញប្រសិនបើពួកគេមិនបំពេញតាមតម្រូវការ របស់អាជ្ញាធរ។ លោកបន្តថា អ្វីដែលសំខាន់គឺចាំបាច់ត្រូវពិនិត្យមើលគោលបំណងនៃការស្នាក់នៅរបស់ពួកគេជាមុនសិន។
លោក ហាស្សាន់ បន្តថា គោលបំណងរបស់លោកគឺស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេលបីថ្ងៃ ទៅមួយសប្ដាហ៍មុនពេលលោកទិញសំបុត្រយន្តហោះធ្វើដំណើរទៅកាន់ប្រទេសអេក្វាទ័រ (Ecuador) ជាទីដែលលោកគ្រោងស្វែងរកសិទ្ធិជ្រកកោននៅទីនោះ។ លោកមានការព្រួយបារម្ភយ៉ាងខ្លាំងថា លោកអាចត្រូវបានរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី និរទេសទៅប្រទេសស៊ីរីវិញ ជាប្រទេសដែលកំពុងមានសង្គ្រាមអស់រយៈពេលប្រាំពីរឆ្នាំមកហើយ ដែលនាំឲ្យបាត់បង់ជីវិតមនុស្សជាង ៤សែននាក់ ហើយ ជាង៥លាននាក់ផ្សេងទៀតកំពុងបង្ខំចិត្តភៀសខ្លួនទៅកាន់ទីមានសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
