ខុទ្ទកាល័យ​លោក ហ៊ុន សែន បដិសេធ​ទទួល​ញត្តិ​សុំ​ដោះលែង​អ្នកស្រី​ទេព វន្នី នៅ​ថ្ងៃ​ចូលឆ្នាំ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​បឹងកក់ និង​គ្រួសារ​របស់​អ្នកស្រី ទេព វន្នី នៅ​ថ្ងៃ​ទី​១១ ខែ​មេសា នាំគ្នា​ដាក់​ញត្តិ ជូន​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកស្រី ទេព វន្នី ឱ្យ​មាន​សេរីភាព​វិញ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ។ ប៉ុន្តែ​ត្រូវ​បាន​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី បដិសេធ​ទទួល​យក​ញត្តិ និង​ថែមទាំង​ស្ដីបន្ទោស​ដល់​ពួកគាត់​ទៀត​ផង។

ក្រុម​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បឹងកក់ និង​គ្រួសារ​របស់​អ្នកស្រី ទេព វន្នី សម្ដែង​ការ​ខកចិត្ត​ចំពោះ​មន្ត្រី​ប្រចាំការ​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី នៅ​ក្រោម​ដើម​ពោធិ៍ មុខ​វត្តបទុមវតី ដែល​មិន​ទទួល​យក​ញត្តិ​របស់​ពួកគាត់ និង​ថែមទាំង​ស្ដីបន្ទោស​ខ្លាំងៗ ហើយ​បណ្ដេញ​ពួកគាត់​ចេញ​ថែមទៀត បើ ទោះបីជា​ពួកគាត់​លុត​ជង្គង់​សុំ​អង្វរ​យ៉ាង​ណា​ក្ដី។

សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី បូ ឆវី រៀបរាប់​ថា មូលហេតុ​ដែល​ពួកគាត់​និង​ម្ដាយ​អ្នកស្រី ទេព វន្នី នាំគ្នា​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ ព្រោះ​ពួកគាត់​ចង់​ស្នើសុំ ឲ្យ​លោក​ហ៊ុន សែន ផ្ដល់​ក្ដី​មេត្តា​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកស្រី ទេព វន្នី ឲ្យ​បាន​ជួបជុំ​ក្រុម​គ្រួសារ ក្នុង ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ឡើងវិញ។

អ្នកស្រី បូ ឆវី បន្ត​ថា គ្រួសារ​អ្នកស្រី ទេព វន្នី ពិតជា​មាន​អារម្មណ៍​ឈឺចាប់ ដែល​មិន​បាន​ជួបជុំគ្នា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ ដូច​គ្រួសារ​ខ្មែរ​ដទៃ​ទៀត។ អ្នកស្រី​បន្ថែម​ថា មាន​រយៈពេល​ជិត​២​ឆ្នាំ​ហើយ ដែល​អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​នៃ​របប​លោក ហ៊ុន សែន កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ព្រាត់ ប្រាស់​ម្ដាយ​ចាស់ជរា និង​កូនៗ​ទាំងពីរ​នាក់​របស់​គាត់ ដែល​កំពុង​ជួប​ទុក្ខ​លំបាក​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​មិន​មាន​អ្នក​ថែទាំ​បាន​ដិតដល់។ «»

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​ព័ត៌មាន​ក្នុង​បណ្ដាញ សង្គម​ថា គណៈកម្មការ​ជាតិ​បាន​ពិនិត្យ និង​សម្រេច​ស្នើសុំ​ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប ៥០​រូប (ស្ត្រី ៦​រូប​) ក្នុង​នោះ​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន ៤២​រូប និង​លើកលែងទោស​ដល់ ទណ្ឌិត​ចំនួន​៨​រូប សម្រាប់​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខាងមុខ​នេះ ក្នុង​ចំណោម​បញ្ជី​ដែល​បាន ស្នើសុំ​ពី​គណៈកម្មការ​ក្រសួង​មហាផ្ទៃ និង​គណៈកម្មការ​រាជធានី​ខេត្ត​ចំនួន ៣២១​រូប។ ក្នុង​តារាង​បញ្ជី​ឈ្មោះ​អ្នកទោស​ទាំងនេះ មិន​មាន​បញ្ជាក់​ថា អ្នកណា​មាន​តួនាទី​អ្វី​នោះ​ទេ ប៉ុន្តែ​មិន​ឃើញ​មាន​ឈ្មោះ​អ្នកទោស​មនសិការ​ដូច​ជា​អ្នកស្រី ទេព វន្នី ឡើយ។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា ថ្លែង​ថា សំណុំ រឿង​អ្នកស្រី ទេព វន្នី ត្រូវ​បញ្ចប់​រួចហើយ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល ដូច្នេះ អ្នកស្រី ទេព វន្នី មាន​លក្ខខណ្ឌ​សាក​សម​ដែល​គួរ​ទទួល​បាន​ការ​លើកលែង​ទោស។ លើស​ពី​នេះ លោក​ជឿ​ថា លោកនាយក​រដ្ឋមន្ត្រី​អាច​ធ្វើ​សំណើសុំ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ប្រោស​ព្រះរាជទាន​ការ​លើកលែងទោស​ដល់​សកម្ម​ជន​ដីធ្លី​រូប​នេះ។ «»

កាល​ពី​ដើម​ខែ​កុម្ភៈ កន្លង​ទៅ តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល ចំពោះ​ការ​ផ្ដន្ទាទោស​អ្នកស្រី ទេព វន្នី ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ​កន្លះ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ហិង្សា​លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ ក្បែរ​ផ្ទះ​នាយករដ្ឋមន្ត្រី កាលពី​ឆ្នាំ ២០១៣ កន្លងទៅ។

ដោយឡែក​សាក្សី​ជាច្រើន​នាក់ និង​អ្នកស្រី ទេព វន្នី បាន​ប្រាប់​តុលាការ​ម្ដង​ហើយ​ម្ដង​ទៀត​ថា គាត់​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ។ ពួកគាត់​ជា​ស្ត្រី​ទៅ​ទាមទារ​តវ៉ា​មាន​គ្នា​ប្រមាណ ៣០​នាក់ និង​មាន​ត្រឹម​តែ​បដា និង​ផ្កាឈូក​ប៉ុណ្ណោះ គ្មាន​ដុំ​ថ្ម ហើយក៏​មិនបាន​ប្រើ​ហិង្សា​លើ​ក្រុម​សន្តិសុខ​ឡើយ មានតែ​ក្រុម​សន្តិសុខ​ទេ​ដែល​ប្រព្រឹត្ត​ហិង្សា​លើ​ពួកគេ​រហូត​ធ្វើ​ឲ្យ​បាតុករ​បាក់​ដៃ បាក់ធ្មេញ និង​របួស​ជាដើម នៅ​ក្នុង​ហេតុការណ៍​នោះ។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន កាលពី​ខែ​សីហា ឆ្នាំ​២០១៦ ខណៈ​ដែល​អ្នក​ស្ត្រី​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប រួម​ទាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វែក​មុខ​រក​អ្នក​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់ លោក កែម ឡី។ គិត​ត្រឹម​ខែ​មីនា ឆ្នាំ ២០១៨ នេះ អ្នកស្រី​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ ១ ឆ្នាំ ៨​ខែ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។