អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) អំពាវនាវដល់រដ្ឋាភិបាលប្រទេសនានា រួមទាំងកម្ពុជាផង ឱ្យបញ្ឈប់ការបំភិតបំភ័យ និងការប្រឆាំងរារាំងក្រុមអ្នកចូលរួមធ្វើការងារជាមួយអង្គការសហប្រជាជាតិ។ រីឯមន្ត្រីរដ្ឋាភិបាល លើកឡើងថា រដ្ឋាភិបាល នឹងទទួលយកអនុសាសន៍ណាដែលមានចេតនាលើកកម្ពស់សិទ្ធិមនុស្ស ប៉ុន្តែបដិសេធដាច់ខាតចំពោះអនុសាសន៍ណាដែលប៉ះពាល់ដល់អធិបតេយ្យកម្ពុជា និងមិនឆ្លុះបញ្ចាំអំពីស្ថានភាពពិតនៅកម្ពុជា។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បង្ហោះសារនៅលើទំព័រហ្វេសប៊ុក (Facebook) ថា អគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅថ្ងៃទី៣០ ខែកញ្ញា នឹងធ្វើបទបង្ហាញអំពីរបាយការណ៍ប្រចាំឆ្នាំរបស់លោក ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សស្តីពីការបំភិតបំភ័យ និងការសងសឹកដែលបានធ្វើឡើងប្រឆាំងនឹងអ្នកដែលបានសហការជាមួយអង្គការសហប្រជាជាតិ តំណាង និងយន្តការរបស់ខ្លួននៅក្នុងវិស័យសិទ្ធិមនុស្ស ដែលកើតមាន នៅក្នុងប្រទេសមួយចំនួនរួមទាំងកម្ពុជាផងដែរ។
នៅប្រទេសកម្ពុជា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ថា មានការសងសឹក ការបំភិតបំភ័យ និងការជ្រៀតជ្រែកសកម្មភាព បំពេញការងារជាច្រើនរបស់អង្គការសហប្រជាជាតិ ដែលធ្វើឡើងដោយមន្ត្រីសន្តិសុខ និងប៉ូលិស នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០។ របាយការណ៍នោះ បង្ហាញថា ការសងសឹក ការបំភិតបំភ័យនិងការជ្រៀតជ្រែកទាំងនោះ មានដូចជា មន្ត្រីប៉ូលិសរដ្ឋាភិបាលកម្ពុជា បានចូលទៅក្នុងកម្មវិធី នានា ដោយគ្មានការអញ្ជើញ ដូចជា កម្មវិធីកិច្ចប្រជុំ និងវគ្គបណ្ដុះបណ្ដាល ផ្សេងៗ ហើយប៉ូលិសទាំងនោះ បានចូលថតរូប និងសួរនាំជាច្រើនអំពីអ្នករៀបចំ និងអ្នកចូលរួមកម្មវិធី ព្រមទាំងទាមទារព័ត៌មាននិងរបៀបវារៈនៃកិច្ចប្រជុំជាដើម។ ទន្ទឹមគ្នានេះ តំណាងអង្គការសង្គមស៊ីវិលជាច្រើន រួមទាំង ក្រុមគ្រួសាររបស់ពួកគេផងដែរ ត្រូវបានអាជ្ញាធររដ្ឋតាមដានឃ្លាំមើលយ៉ាងដិតដល់បំផុត។ លើសពីនេះ សូម្បី តែអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក៏ត្រូវបានអាជ្ញាធររដ្ឋាភិបាល បដិសេធម្ដងហើយម្ដងទៀត មិនអនុញ្ញាតឲ្យអ្នកស្រី បានជួបសម្ភាសន៍សម្ងាត់ជាមួយអ្នកជាប់ឃុំនោះឡើយ។ អ្នកស្រី រ៉ូណា ស្មីត បញ្ជាក់ថា តាមពិតទៅ អ្នកស្រី គួរតែអាចទៅទស្សនាកន្លែងឃុំឃាំងណាមួយ និងជួបជាមួយនរណាម្នាក់ដោយ គ្មានការរារាំង ដែលជាផ្នែកមួយនៃអាណត្តិការងាររបស់អ្នកស្រី។
ក្នុងរបាយការណ៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញនូវព័ត៌មានគ្រប់ជ្រុងជ្រោយលើករណីដែលត្រូវបានចោទប្រកាន់អំពីការសងសឹក និងការបំភិតបំភ័យសម្រាប់ក្រុមអ្នកមានកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ។
ជាថ្មីម្ដងទៀត អគ្គលេខាធិការអង្គការសហប្រជាជាតិ លើកទឹកចិត្តដល់រដ្ឋជាសមាជិកទាំងឡាយឲ្យសម្ដែងជាសាធារណៈនូវការគាំទ្រដោយច្បាស់លាស់ ចំពោះសិទ្ធិ និងការប្រាស្រ័យទាក់ទងទាំងអស់ជាមួយស្ថាប័នអន្តរជាតិដោយមិនមានការរារាំង។ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ក៏អំពាវនាវដល់រដ្ឋជាសមាជិកឲ្យយកចិត្តទុកដាក់លើមន្ត្រីសាធារណៈ និងតួអង្គរដ្ឋដទៃទៀតអំពីការសងសឹក និងការបំភិតបំភ័យ តាមរយៈការបណ្ដុះបណ្ដាល និងចេញសេចក្ដីណែនាំផ្ទៃក្នុង។
ឆ្លើយតបចំពោះករណីនេះ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន មានប្រសាសន៍ថា អ្នកស្រី រ៉ូណា ស្មីត មានតួនាទីរាយការណ៍អំពីបញ្ហាសិទ្ធិមនុស្សទៅតាមអាណត្តិរបស់ខ្លួន ប៉ុន្តែលោក យល់ថា នៅក្នុងរបាយការណ៍នោះ អាចមានការយល់ច្រឡំ និងមិនមានតម្លាភាព ដោយសារផ្អែកលើព័ត៌មាន និងយោបល់របស់ភាគីមួយដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែង ហើយត្រូវបានធ្វើឡើងដោយគ្មានការសហការស្រាវជ្រាវពីភាគីពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងអង្គហេតុនោះទេ។ លោកបន្តការពារថា រដ្ឋាភិបាល បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើឲ្យប្រសើរឡើងនូវវិស័យសិទ្ធិមនុស្សនៅកម្ពុជា៖ « ដូច្នេះហើយតំណាងកម្ពុជានៅទីក្រុងហ្សឺណែវនឹងចូលរួមស្ដាប់ និង មានប្រតិកម្មតបវិញនៅពេលនោះ តែខ្ញុំយល់ថា រាល់ការលើកឡើងគឺយើងត្រូវមានមូលដ្ឋានច្បាស់ យើងត្រូវមានឯករាជភាពនៅក្នុងនាមជាអ្នករាយការណ៍ពិសេស ហើយត្រូវនិយាយអំពីការពិត ហើយការពិតនេះ វាត្រូវឲ្យមានការប្រមូលទិន្នន័យ ប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ ធ្វើការស៊ើប អង្កេត ការថ្លឹងថ្លែងត្រឹមត្រូវ ប៉ុន្តែបើសន្និដ្ឋានដោយតក់ក្រហល់ដោយគ្មានមូលដ្ឋាននោះ គឺមិនបានផ្តល់តម្លៃដល់រដ្ឋឯករាជ្យមួយត្រឹមត្រូវទេ » ។
ទោះជាយ៉ាងណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ជឿជាក់ និងគាំទ្រចំពោះរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រោះឈរលើគោលការណ៍សិទ្ធិមនុស្ស និងមានមូលដ្ឋានច្បាស់លាស់ ឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅកម្ពុជា ដោយសារអង្គការសហប្រជាជាតិមានការិយាល័យតំណាងនិងមានមន្ត្រីជំនាញជាច្រើននៅកម្ពុជា។ លោកបន្តថា អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ក៏មើលឃើញ និងលើកឡើងពីករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជាដែរ ប៉ុន្តែជារឿងសោកស្ដាយដែលរដ្ឋាភិបាល នៅតែមិនទទួលស្គាល់ការពិត៖ « មិនត្រឹមតែខាងឧត្ដមស្នងការអង្គការសហប្រជាជាតិទេ សូម្បីតែខាង អង្គការសង្គមស៊ីវិលជាតិយើងទាំងសកម្មជន រួមទាំងសហគមន៍មួយចំនួន ក៏ប្រឈមដូចមានការ លើកឡើងពីអង្គការសហប្រជាជាតិដូច្នេះដែរ ។យើងមានតឹកតាងយ៉ាងច្បាស់បញ្ជាក់អំពីស្ថានភាព សិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជាយើង ហើយចំពោះបញ្ហាដែលយើងព្រួយបារម្ភវិញនោះ គឺយើងឃើញថា រដ្ឋាភិបាលទៅវិញទេ ដែលតែងតែច្រានចោលជាបន្តបន្ទាប់ ទោះបីថារបាយការណ៍ទាំងអស់នោះបានធ្វើឡើយដោយមានអ្នកជំនាញច្បាស់លាស់ពីឧត្ដមស្នងការអង្គការសហប្រជាជាតិក៏ដោយ » ។
លោក បន្តថា ប្រសិនបើរដ្ឋាភិបាល នៅតែបន្តរកលេសដោះសាដោយមិនព្រមកែប្រែឥរិយាបថរបស់ខ្លួនទេ គឺគ្មានផលចំណេញសម្រាប់ប្រជាជាតិកម្ពុជាឡើយ។ លោក យល់ថា រដ្ឋាភិបាលគួរតែធ្វើឲ្យប្រសើរឡើងវិញតាមអនុសាសន៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បើពុំនោះទេ លោកព្រួយបារម្ភថា កម្ពុជា នឹងអាចទទួលរងទណ្ឌកម្មផ្សេងៗ ជាបន្តបន្ទាប់ទៀតពីប្រទេសសេរីធំៗ ដោយសារអង្គការសហប្រជាជាតិ មានឥទ្ធិពលខ្លាំងទៅលើប្រទេសជាសមាជិកទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។